គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៣​ មាន​គោលបំណង​ចាត់វិធានការ​ជា​បន្ទាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​អភិវឌ្ឍ​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​អាកាសធាតុ​ និងការបន្ស៊ាំ។​ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ រដ្ឋ​ដែន​កោះ​តូចៗ​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ថា​ត្រូវការ​ ការ​គាំទ្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​។​ ជា​រឿយៗ​ ពួក​គេ​មាន​សមត្ថភាព​តិចតួច​ណាស់​ក្នុង​ការ​បន្ស៊ាំ​ខ្លួន​ និង​ទទួល​រង​ផល​ប៉ះពាល់​ច្រើន។1

ចំណុច​ដៅ​នីមួយៗ​ នៃ​គោលដៅ​ទី​ ១៣​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជម្រុញ​សកម្មភាព​រួម​គ្នា​ ដើម្បី​កម្រិត​សីតុណ្ហភាព​មធ្យម​លើ​ពិភពលោក​ ដែល​កើនឡើង​ដល់​ ២℃​ លើស​ពី​កម្រិត​នៅ​ក្នុង​សម័យ​មុន​បដិវត្ត​ឧស្សាហកម្ម​។​ វិធីសាស្ត្រ​សកល​រួម​ គឺ​មាន​សារៈសំខាន់​ណាស់​ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ មាន​ហួស​ពី​កម្រិត​ព្រំដែន​ប្រទេស​នីមួយៗ​ ដែល​ភាគច្រើន​បង្ក​ជា​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​។​ វា​ក៏​កំណត់​នូវ​សមត្ថភាព​របស់​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ផ្សេងៗ​ទៀត​ឱ្យ​ទទួល​បានការ​ជោគជ័យ​ផង​ដែរ​។​​2







​​ចំណុច​ដៅ​ចំនួន​ បី​ ដំបូង​បង្អស់​នៃ​គោលដៅ​ទី​ ១៣​ មាន​គោលបំណង​ពង្រឹង​ភាព​ធន់​ និង​សមត្ថភាព​បន្ស៊ាំ​ ដាក់​បញ្ចូល​សកម្មភាព​ការ​ប្រែប្រួល​អាកាសធាតុ​ ទៅ​ក្នុង​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ និង​បង្កើន​ការ​យល់​ដឹង​។​ ចំណែកឯ​ចំណុច​ដៅ​ចំនួន​ ២​ ចុង​ក្រោយ​ គឺជា​មធ្យោបាយ​នៃ​ការ​អភិវឌ្ឍ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​គាំទ្រ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ស្រប​តាម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ (UNFCCC)​។​3

​ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

ការ​ប្រែប្រួល​អាកាសធាតុ​មិន​ត្រូវ​បាន​លើក​ឡើង​ជាក់លាក់​ ថា​ជា​ផ្នែក​ណាមួយ​នៃ​គោលដៅ​​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ (MDGs)​ នោះ​ទេ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ សូចនាករ​ចំនួន​ បី​ ដំបូង​ របស់​ចំណុច​ដៅ​ ៧.B​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ដែល​រួមចំណែក​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​4 ដូច​ជា​គម្រប​ព្រៃឈើ​ (​សូចនាករ​ ៧.១)​ ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ (សូចនាករ​ ៧.២)​ និង​ការ​ប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់អូសូន​ (សូចនាករ​ ៧.៣)។​

​ការ​ប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់អូសូន​ ត្រូវ​បាន​កាត់​បន្ថយ​រហូត​ដល់​ ៩០,៤ ភាគរយ​ រវាង​ឆ្នាំ​ ២០០២​ និង​ឆ្នាំ​ ២០០៨​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ 5​ ទោះជា​យ៉ាងណា​ក៏​ដោយ​ មាន​សូចនាករ​ផ្សេងៗ​ទៀត​ ដែលជា​អាទិភាព​ទាប​សម្រាប់​ប្រទេស​កម្ពុជា​ ជា​ជាង​គោលដៅ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​ នេះ​រួម​បញ្ចូល​ទាំង​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ ដែល​កើនឡើង​ពី​ ០,១៦​ ទៅ​ ០,៤៣៨​ Metric​ តោន​ សម្រាប់​មនុស្ស​ម្នាក់ៗ6​ និង​គម្រប​ព្រៃឈើ​ ដែល​តួលេខ​ធ្លាក់​ចុះ​ជា​ផ្លូវការ​គឺ​ ៥៣ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​។​7 ប្រភព​មួយ​ចំនួន​ទៀត​ ដែល​ប្រើ​ការ​វិភាគ​ដោយ​កម្មវិធី​ជី​អាយ​អេស​ បាន​បង្ហាញ​ថា​ គម្រប​ព្រៃឈើ​មាន​ចំនួន​ទាប​ ដែល​នៅ​សេសសល់​ត្រឹមតែ​ ៤៨ ភាគរយ​ ប៉ុណ្ណោះ​។8​ សូចនាករ​ប្រយោល​មួយ​ ដែល​ជម្រុញ​ការ​ពឹងផ្អែក​លើ​ឈើ​ឥន្ធនៈ​ឱ្យ​កើនឡើង​ដល់​ ៥២ ភាគរយ ក៏​មិន​អាច​សម្រេច​បាន​ផង​ដែរ​ ដោយ​ការ​ដុត​អុស​ និង​ធ្យូង​នៅ​តែ​មាន​កម្រិត​ខ្ពស់​រហូត​ដល់​ ៧៣,៩ ភាគរយ និង​ ៨,១ ភាគរយ។9

​ចំណុច​ដៅ​នៃ​គោលដៅ​ទី​ ១៣​ ត្រូវ​បាន​រៀបចំ​ឡើង​ខុសៗ​គ្នា​។​ កត្តា​ដែល​បណ្តាល​ឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​ ត្រូវ​បាន​ទុក​នៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ផ្សេងៗ​ទៀត​។​ ផ្ទុយ​ទៅ​វិញ​ ការ​ផ្តោត​លើ​ការ​បង្កើត​បរិយាកាស​សម​ស្រប​ ដើម្បី​បង្កើត​ឱ្យ​មានការ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ការ​កាត់​បន្ថយ​ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ តាម​រយៈ​គោលនយោបាយ​ជាតិ​ ដែល​លើកកម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ ជា​ពិសេស​ សហគមន៍​អ្នកទន់ខ្សោយ​ ក្នុង​កា​រប​ន្ស៊ាំខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​10

យុវជន​កម្ពុជា​ធ្វើសកម្មភាព​ដើម្បី​ដោះស្រាយ​ការប្រែប្រួលអាកាសធាតុនៅខេត្ត​តាកែវ និង​សៀមរាប។ រូបភាព ដោយ 350.org, ១២ តុលា ២០១០។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ប្រទេស​កម្ពុជា​ បាន​រួមចំណែក​តិចតួច​ណាស់​ ចំពោះ​កត្តា​នាំ​ឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​ ទោះបីជា​ កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ភាព​ងាយ​រង​គ្រោះ​បំផុត​ក៏​ដោយ11​ ទាំង​នៅ​ក្នុង​ហានិភ័យ​នៃ​ជីវិត​មនុស្ស​ និង​សេដ្ឋកិច្ច​។12

ជា​ឧទាហរណ៍​៖​ ប្រទេស​កម្ពុជា​ តែងតែ​ទទួល​រង​នូវ​គ្រោះ​ទឹកជំនន់​ និង​ភាពរាំងស្ងួត​យ៉ាងធ្ងន់ធ្ងរ​ ដោយមួយ​ភាគ​ធំ​នៃ​កម្លាំង​ពលកម្ម​ (៥៨ ភាគរយ ក្នុង​ឆ្នាំ​ ២០១៣)​ ប្រកបការងារ​ក្នុង​វិស័យ​កសិកម្ម​ ហើយ​ស្ទើរតែ​ ៨០ ភាគរយ​ អាស្រ័យ​លើ​របរ​កសិកម្ម​ពឹង​ទឹកភ្លៀង​។​13 ការ​ផ្លាស់​ប្តូរ​ដែល​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ មានដូច​ជា​កម្រិត​ទឹកភ្លៀង​ សីតុណ្ហភាព​ និង​កម្រិត​ទឹកសមុទ្រ​។ ការ​ប្រែប្រួលទាំងនេះអាចនឹង​មាន​ផល​ប៉ះពាល់​ដូច​ជា​ ការ​កាត់​បន្ថយ​ទិន្នផល​កសិកម្ម​ ការរងខូចខាតផ្នែករចនាសម្ព័ន្ធ និង​ការ​ជន់​លិច​នៃ​តំបន់​ទំនាប​ឆ្នេរ​ធំៗ​ នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​។​

​មាន​ចំនួន​រហូត​ដល់​ ៤៣ ភាគរយ នៃ​ឃុំ​ទាំងអស់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា​ មាន​ភាព​ងាយ​រង​គ្រោះ​បំផុត​ ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​មាន​តួលេខ​ខ្ពស់​នៃ​ចំនួន​ប្រជាជន​ដែល​រស់នៅ​មិន​ឆ្ងាយ​ពី​ខ្សែបន្ទាត់​នៃ​ភាព​ក្រីក្រ​។​ ការប្រែប្រួលអាកាសធាតុ​ ត្រូវ​បាន​គេ​កំណត់​ថា​ នឹងមាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​ទៅ​លើ​ស្ត្រី​ ដោយសារ​តែ​ពួក​គាត់​មានការ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​កសិកម្ម​ និង​ធនធានធម្មជាតិ​។​14

​ខណៈ​ដែល​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​ឆាប់រហ័ស​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​ ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​ ២០១៦​ បាន​កំណត់​ថា​ ប្រទេស​កម្ពុជា​បាន​បញ្ចូល​ចំណុច​ដៅ​នៃ​គោលដៅ​ទី​ ១៣​ បាន​ល្អ​រួច​ជា​ស្រេច​នោះ15​ ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​លើ​ចំណុច​ដៅ​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៣​ ត្រូវ​តែ​ពិនិត្យ​មើល​បរិបទថ្នាក់ជាតិ​ទាំងនេះ​។​

អាទិភាព​ក្នុងស្រុក​របស់​ចំណុច​ដៅ​ ១៣.១​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ត្រូវ​បាន​ដើរ​ស្របគ្នា​ទៅ​នឹង​គោលដៅ​អាទិភាព​ទាំង​ បួន​ របស់​ក្របខ័ណ្ឌ​សេនដាយសម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ (SFDRR)​។16​ ប៉ុន្តែ ការងារនៅតែតម្រូវឱ្យមាន​៖

  • ទិន្នន័យ​មិន​ទាន់​ត្រូវ​បាន​គេ​បែងចែក​ដើម្បី​កំណត់​ពី​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ ដែល​ទាក់ទង​នឹង​អាកាសធាតុ​ទៅ​លើ​មនុស្ស​ចាស់​ និង​កុមារ​ ជន​ពិការ​ និង​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប​។​
  • ​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ ដោយសារ​ការ​ខូចខាត​លំនៅ​ដ្ឋា​ន​ ទ្រព្យសម្បត្តិ​សម្រាប់​ធ្វើ​កសិកម្ម​ និង​ធនធានធម្មជាតិ​ដូច​ជា​ ព្រៃឈើ​ និង​ជលផល​ នា​ពេល​បច្ចុប្បន្ន​ គឺ​មិន​ត្រូវ​បាន​ត្រួតពិនិត្យ​នោះ​ទេ​។​
  • ​ការ​គ្របដណ្តប់​ផ្នែក​ការ​ត្រួតពិនិត្យ​ ប្រព័ន្ធ​ប្រកាស​អាសន្ន​ និង​ផែនការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ដរាយ​ មិន​បាន​ពង្រីក​ដល់​គ្រប់​តំបន់​ដែល​ងាយ​រង​គ្រោះ​នោះ​ទេ​។​17

​ការ​អភិវឌ្ឍ​នៃ​ក្របខ័ណ្ឌ​ត្រួតពិនិត្យ​ និង​ការ​វាយតម្លៃ​ថ្មី​ សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ​ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទាំងនេះ18​ នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ នូវ​ការ​ទទួលខុសត្រូវ​របស់​ស្ថាប័ន​ និង​ក្របខ័ណ្ឌ​អភិបាលកិច្ច​ ជា​ពិសេស​ នៅ​តាម​ថ្នាក់​មូលដ្ឋាន​ តាម​រយៈ​ការ​បញ្ចប់​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​។​19

​ការ​វិនិយោគ​ និង​ជំនួយ​អភិវឌ្ឍន៍​ ក៏ផ្តោតសំខាន់លើការប្រែប្រួលអាកាសធាតុ​ផង​ដែរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ជា​ឧទាហរណ៍​៖​ ផែនការ​សកម្មភាព​ជាតិ​សម្រាប់​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ (NAP-DRR)​ ឆ្នាំ​ ២០១៤-២០១៨​ ដែល​មាន​តម្លៃ​ $១៦៦​ លាន​ដុល្លារ​អា​មេ​រិ​ក20​ គឺ​ផ្តោត​ទៅ​លើ​ការ​កាត់​បន្ថយ​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ លើ​ការ​ខូ​ត​ខាត​លំនៅ​ដ្ឋា​ន​ ជីវភាព​រស់នៅ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​។ បច្ចុប្បន្ន​ នៅក្នុងតំបន់ទាំងនេះ ​ពុំ​មាន​ផែនការ​តាម​មូលដ្ឋាន​ ឬ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​អំពី​ការ​បាត់បង់​មហន្តរាយ​ឡើយ​។​ នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​អាច​សន្សំ​ថវិកា​បាន​ចំនួន​ ១,៧​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​ការ​បញ្ច្រាស​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ខាង​មុខ​ទៀត​។​21

​ចំពោះ​ចំណុច​ដៅ​ ១៣.២​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ប្រទេស​កម្ពុជា​បាន​តម្រង់​ជំហរ​របស់​ខ្លួន​ ស្តី​ពី​ការ​រួម​បញ្ចូល​ការ​ប្រែប្រួល​អាកាសធាតុ​ ជាមួយនឹង​ផែនការ​ និង​គោលនយោបាយ​ជាតិ​ ជាមួយ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ និង​ក្រុម​ប្រទេស​ G៧៧​ និង​ចិន​។​22

​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​ ទទួលស្គាល់ថា ការ​ប្រែប្រួល​អាកាសធាតុ​ ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្ដរាយ​ និង​យេ​ន​ឌ័​រ​ ជា​បញ្ហា​ដែល​មាន​ទំនាក់ទំនង​គ្នា​។23​ ផែនការ​យុ​ទ្ឋ​សាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ (CCCSP)​ ឆ្នាំ​ ២០១៤-២០២៣​ គឺជា​ផែនការ​ដ៏​ក្បោះក្បាយ​មួយ​ ដែល​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​សម្រេច​តាម​ចំណុច​ដៅ​ ១៣.២​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ផែនការ​នេះ​ត្រូវ​បាន​គាំទ្រ​ ដោយ​ផែនការ​សកម្មភាព​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ថ្នាក់​ជាតិ​ ដើម្បី​ជួយ​ប្រមូល​ធនធាន​ សម្រាប់​ការ​ចាត់វិធានការ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​។​ លើស​ពី​នេះ​ទៀត​ ផែនការ​យុ​ទ្ឋ​សាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​បៃតង​ (២០១៣-២០៣០)24​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​គាំទ្រកំណើន​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កម្រិត​ទាប​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​25

ការ​ដាក់​ស្នើ​គោលនយោបាយ​ចូលរួម​ចំណែក​របស់​កម្ពុជា​ ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ (INDC)​ ទៅ​កាន់​លេខ​ធិ​ការដ្ឋាន​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ (UNFCCC)​ បាន​កែសម្រួល​បន្ថែម​ទៀត​លើ​ចំណុច​ដៅ​ ១៣.២​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ដើម្បី​ឱ្យ​សម​ស្រប​នឹង​បរិបទ​កម្ពុជា។26 គោលដៅបំភាយឧស្ម័នដោយស្ម័គ្រចិត្តរបស់កម្ពុជា​រួម​មាន​៖​

  • ការ​កាត់​បន្ថយ​ចំនួន​ ២៧ ភាគរយ​ (ឬស្មើនឹង​ ៣១០០​ Gg​ CO2eq)​ នៃ​ការ​គ្រោងទុក​ឆ្នាំ​ ២០៣០​ នៃ​ ១១.៦០០​ Gg​ CO2eq​ នៅ​ក្នុង​វិស័យ​ថាមពល​ ការ​ផលិត​ និង​ដឹក​ជញ្ជូន​។​
  • ​ការ​រក្សា​គម្រប​ព្រៃឈើឱ្យឈានដល់​ចំនួន​ ៦០ភាគរយ នៃ​ផ្ទៃដី​សរុប​ ដោយត្រូវបាន​ព្យាករណ៍​ថា​ នឹង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ចំនួន​ ៤.៧​ tCO2eq/​ហិ​កតា​ ក្នុងមួយឆ្នាំ​បើប្រៀបធៀបទៅនឹងករណីដែលនឹងកើតឡើង ប្រសិនបើមានការកាប់បំផ្លាញព្រៃឈើកាន់តែច្រើន។
  • ​កំណត់​ការ​កាត់​បន្ថយ​នូវ​បរិមាណ​បំ​ភាយ​ឧស្ម័ន​ នៅ​កម្ពុជា​ ក្នុង​បរិមាណ​អប្បបរមា​ ៧.៨៩៧​ GgCO2​ ក្នុង​ឆ្នាំ​ ២០៣០​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ប៉ាន់​ប្រមាណ​នៃសក្កានុពលនៃ​ការ​ស្រូប​ទុក​កាបូនចំនួន​ ១៨,៤៩២​ GgCO2​ នៅ​ក្នុង​ឆ្នាំ​ ២០១០​។

​ផែនការ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ និង​ពង្រឹង​សមត្ថភាព​របស់​ស្ថាប័ន​ ដែលធ្វើការទាក់ទង​ទៅ​នឹង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុការ​បន្ស៊ាំ​ខ្លួន​ ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ (​ចំណុច​ដៅ​ ១៣.៣​ របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​)​ ក៏មានរួម​បញ្ចូល​ទាំង​កម្ម​វី​ធី​សកម្មភាព​ជាតិ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ (២០០៦)​​ផងដែរ។27

យ៉ាងណា​ក៏​ដោយ​ នៅ​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​ ភាព​ជោគជ័យ​នៃ​ផែនការ​ទាំងនេះ​ ជា​រឿយៗ​ អាច​ត្រូវ​បាន​រារាំង​ ដោយ​សមត្ថភាព​នៃ​ស្ថាប័នដែលចូលរួម​ និង​/​ឬ​ ដោយសារអភិបាលកិច្ច​ទន់ខ្សោយ​ ជា​ពិសេស​នៅ​តាម​ថ្នាក់​មូលដ្ឋាន​។28​ ការ​ទទួល​បាន​ព័ត៌មាន​ប្រកបដោយ​តម្លាភាព​ គាំទ្រ​ដោយ​ធនធាន​គ្រប់គ្រាន់​ និង​កិច្ច​សហប្រតិបត្តិការ​ពី​ថ្នាក់​មូលដ្ឋាន​ ជាកត្តាចាំបាច់​ ដើម្បីឆ្លើយតបទៅនឹងចំណុច​ដៅ​ ១៣.៣​។​29

វី​ដេ​អូ​បង្ហាញ​អំពី​ការ​សិក្សា​ស្វែង​យល់​ទស្សនៈ​សាធារណជន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ដែល​ផលិត​ឡើង​ដោយ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ និង​ក្រសួងបរិស្ថាន​

​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

ចំណុច​ដៅ​ ១៣.A​ ត្រូវ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្តជា​សកល​ របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ដើម្បី​ផ្តល់​យ៉ាង​ហោច​ណាស់​ ១០០​ ពាន់​លាន​ដុល្លារ​ ជា​រៀង​រាល់​ឆ្នាំ​ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដើម្បី​ជួយ​ដល់​ផែនការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​ត្រឹម​ឆ្នាំ​ ២០២០។30​ ជោគជ័យ​របស់​ប្រទេស​កម្ពុជា​នឹង​ពឹងផ្អែក​យ៉ាង​ខ្លាំង​ លើ​ការ​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ខាងក្រៅ​ដូច​ជា​ មូលនិធិ​អាកាសធាតុ​បៃតង​ ដែល​បាន​បង្កើត​ឡើង​ថ្មីៗ​នេះ​ ដោយសារ​តែ​ថវិកាជាតិ​មិន​គ្រប់គ្រាន់​។31​ ដើម្បី​ធ្វើ​ឱ្យ​មានភាព​ងាយស្រួល​ កម្ពុជា​បាន​ផ្តល់​អាទិភាព​ដល់​សកម្មភាព​ ការ​ប្រែប្រួល​អាកាសធាតុ​ចំនួន​ ៤០​ ផ្សេងៗ​គ្នា​ តាម​រយៈ​ផែនការ​សកម្មភាព​ជាតិ​ថ្មី​សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ​។​32

​ប្រទេស​កម្ពុជា​ មាន​គោលបំណង​ដើម្បី​បង្ហាញ​ថា​ ខ្លួន​បាន​រៀបចំ​ផែនការ​សកម្មភាព​ ដោយ​ពឹងផ្អែក​លើ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​អាច​វាស់វែង​បាន​ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ដែល​ងាយ​ទទួល​រង​ផល​ប៉ះពាល់​ទាំងនេះ​។​ ឧទាហរណ៍​ ការ​វាយតម្លៃ​ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ (VRA)​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា​ ស្ត្រី​នៅ​ក្នុង​ក្រុម​សហគមន៍ទន់ខ្សោយ ងាយ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ខណៈ​ពេល​ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​សង្គម​ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​។​33

​ផែនការ​សកម្មភាព​យេ​ន​ឌ័​រ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ (GCCAP)​ ចំនួន​ពីរ​ នឹង​ត្រូវ​បាន​ផលិត​ឡើងជា​ផ្នែក​មួយ​នៃ​ដំណើរការ​ផែនការ​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​របស់​ CCCSP​ (២០១៤-២០២៣)​ ដើម្បី​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ និង​យុវវ័យថ្នាក់មូលដ្ឋាន​។​ GCCAP​ (២០១៤-២០១៨)​ មាន​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​ បី​ រួម​មាន​៖

  • ​ជំរុញ​ការ​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ ជា​ពិសេស​នៅ​ថ្នាក់​ក្រោម​ជាតិ​ តាម​រយៈ​វិធីសាស្ត្រ​ឆ្លើយ​តប​យេ​ន​ឌ័​រ​ ដូច​ជា​ថវិកា​ផ្អែក​លើ​យេ​ន​ឌ័​រ​ ជាដើម​។​
  • ​ការ​ទទួល​បាន​ព័ត៌មាន​ល្អៗ​ អំពី​ផល​ប៉ះពាល់​ខុសៗ​គ្នា​ នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​លើ​ស្ត្រី​ និង​បុរស​ ក៏​ដូច​ជា​តួនាទី​ផ្សេងៗ​គ្នា​ ក្នុង​ការ​កាត់​បន្ថយ​ និង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​
  • ​ការ​អភិវឌ្ឍ​គម្រោង​ ដែល​ទាក់ទង​នឹង​យេ​ន​ឌ័​រ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​កាត់​បន្ថយ​ ជាមួយ​ស្ត្រី​ជួប​ការ​លំបាក​ និង​ក្រុម​ដទៃ​ទៀត​។​34

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ខណៈ​ពេល​ដែល​ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ ផ្នែក​យេ​ន​ឌ័​រ​​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ គឺជា​គោលដៅ​ដ៏​សំខាន់​មួយ​នៃ​ CCCSP​ (២០១៤-២០២៣)​35​ កម្ពុជា​ មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ ៤០ ភាគរយ​ នៃ​ប្រទេស​ដែល​បាន​លើក​ឡើង​ពី​ស្ត្រី​ និង​/​ឬ​ យេ​ន​ឌ័​រ​ នៅ​ក្នុង​បរិបទ​នៃ​ INDC​ និង​អាទិភាព​ រួម​ទាំង​ការ​ប្ដេជ្ញា​ របស់​បណ្ដា​ប្រទេស​នោះ​ សម្រាប់​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ឡើយ​។​36

​ការ​ត្រួតពិនិត្យ​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ភាគច្រើន​នៃ​សូចនាករ​ របស់​គោលដៅ​​ទី​ ១៣​ ត្រូវ​បាន​គេ​វាស់វែង​ នៅ​កម្រិត​ជាស​កល។​ ប្រទេស​អភិវឌ្ឍន៍​នឹងគាំទ្រ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ រដ្ឋ​ដែន​កោះ​តូចៗ​ ដើម្បី​ឆ្លើយ​តប​នឹង​សមូហភាព​ ជា​ជាង​ចំណុចដៅ​ជាក់លាក់​របស់​ប្រទេស​ណាមួយ​។​ លើស​ពី​នេះ​ទៅ​ទៀត​ សូចនាករ​ជា​ច្រើន​ត្រូវ​បាន​គេ​តាមដាន​ ស្រប​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ ២០២០​ ដោយ​ផ្អែក​លើ​ការ​ចូលរួម​វិភាគទាន​ដែល​បាន​ឯកភាព​ពី​មុន​។​

​ព័ត៌មាន​នៃ​ការ​បាត់បង់​គ្រោះ​មហន្តរាយ​ សម្រាប់​សូចនាករ​ ១៣.១.១​ ត្រូវ​បាន​ប្រមូល​ដាក់​ចូល​ទៅ​ក្នុង​បណ្ដុំ​ទិន្នន័យ​មួយ​ ដែល​គ្រប់គ្រង​ដោយ​ UNISDR​។​37 សូចនាករ​សម្រាប់​គោលដៅ​ ១៣.១​ ទាំងមូល​ ត្រូវ​បាន​តម្រឹម​ជាមួយនឹង​គោលដៅ​ចំនួន​ ប្រាំពីរ​ របស់​ SFDRR​ ហើយ​ការ​ត្រៀម​រៀបចំ​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុង​ត្រូវ​បាន​អនុវត្ត​ ដើម្បី​កែ​លម្អ​ការ​ប្រមូល​ទិន្នន័យ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ទាំង​ការ​បែងចែក​ព័ត៌មាន​ ដែល​ទាក់ទង​ទៅ​នឹង​សហគមន៍​ដែល​ងាយ​រង​គ្រោះ។38​ លទ្ធផល​នៅ​កំឡុង​ឆ្នាំ​ ២០០៥​ និង​ឆ្នាំ​ ២០១៥​ នឹង​ត្រូវ​បាន​ប្រៀបធៀប​ ជាមួយ​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (២០២០-២០៣០)​ រយៈពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ។39​ យើង​អាច​រកបាន​នូវ​ព័ត៌មាន​បន្ថែម​ ដែល​ទាក់ទង​នឹង​សូចនាករ​ របស់​គោលដៅ​ទី​ ១៣​ នៅ​ពេល​ដែល​គោលដៅ​នេះ​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ នៅ​វេទិកា​នយោបាយ​ជាន់ខ្ពស់​នៅ​ឆ្នាំ​ ២០១៩​។​40

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. «​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣៖​ ចាត់វិធានការ​ជា​បន្ទាន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ផល​ប៉ះពាល់​របស់​វា​,»​ វេទិកា​ចំណេះដឹង​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (Sustainable​ Development​ Knowledge​ Platform),​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​។​
  2. 2. «​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣៖​ ចាត់វិធានការ​ជា​បន្ទាន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ផល​ប៉ះពាល់​របស់​វា​,»​ SDG​ Compass,​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​។
  3. 3. «​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣៖​ ចាត់វិធានការ​ជា​បន្ទាន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ផល​ប៉ះពាល់​របស់​វា​,»​ វេទិកា​ចំណេះដឹង​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (Sustainable​ Development​ Knowledge​ Platform),​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​។
  4. 4. «​ចំណុចដៅ​ និង​សូចនាករ​ នៃគោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​,»​ UN​ NGLS,​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​។
  5. 5. «​ការ​ប្រើប្រាស់​សារធាតុបំផ្លាញស្រទាប់អូសូន (ODS)​,»​ United Nations Statistics Division,​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា ឆ្នាំ​២០១៨​។
  6. 6. «ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច (Metric តោន សម្រាប់មនុស្សម្នាក់),» ធនាគារពិភពលោក, ចូលអាន​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨។
  7. 7. «​តំបន់​ព្រៃឈើ​ (%​ នៃ​ផ្ទៃដី​),»​ ​ធនាគារពិភពលោក​,​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​។
  8. 8. «​គម្រប​ព្រៃឈើ,»​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ ចូល​អានខែឧសភា​ ឆ្នាំ​២០១៨​។​
  9. 9. វិទ្យាស្ថាន​ស្ថិតិ​ជាតិ​, របាយការណ៍​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ឆ្នាំ២០១៥​ (​ភ្នំពេញ​ ២០១៦),​ ១៤​។
  10. 10. «​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣៖​ ចាត់វិធានការ​ជា​បន្ទាន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ផល​ប៉ះពាល់​របស់​វា​,»​ វេទិកា​ចំណេះដឹង​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (Sustainable​ Development​ Knowledge​ Platform),​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨។
  11. 11. ក្រសួងបរិស្ថាន​ (​នាយកដ្ឋាន​ការ​ប្រែប្រួល​អាកាសធាតុ​), របាយការណ៍​ជាតិ​លើក​ទី​២​ស្តី​ពី​ ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​ដាក់​ជូន​អគ្គលេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​​ (​ភ្នំពេញ​,​ ២០១៥),​ ៣។
  12. 12. David​ Eckstein,​ Vera​ Künzel,​ Laura​ Schäfer,​ ស​ន្ទ​ស្សន៍​អាកាសធាតុ​ពិភពលោក​ ២០១៨៖​ តើ​អ្នក​ណា​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​បាតុភូត​អាកាសធាតុ​អាក្រក់​?​ ការ​បាត់បង់​ដោយសារ​បាតុភូត​ធាតុ​អាក្រក់​ ឆ្នាំ​២០១៦​ និង​ពី​ឆ្នាំ​ ១៩៩៧​ ដល់​ ២០១៦​ (Germanwatch​ e.V.,​ ២០១៧),​ ៣១​។​
  13. 13. ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​ការប្រែប្រួលអាកាសធាតុ,​ ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ ២០១៤-២០២៣ (​ភ្នំពេញ​, ២០១៣),​ ៧​។​
  14. 14. ដូច​ឯកសារយោង​ខាងលើ​
  15. 15. អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា, ​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នាឆាប់រហ័ស​៖ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា,​ ២៤-២៧។
  16. 16. អង្គការសហប្រជាជាតិ​, កែសម្រួល​ដោយ​ អគ្គលេខាធិការដ្ឋាន​គណកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ,​ ក្របខ័ណ្ឌ​ការងារ​សេន​ដាយ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ ឆ្នាំ២០១៥-២០៣០​ (​លេខាធិការដ្ឋាន​ នៃ​យុទ្ធសាស្ត្រ​អន្តរជាតិ​សម្រាប់​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ សហប្រជាជាតិ​ (UNISDR),​ ២០១៥),​ ១៩​។
  17. 17. រាជរដ្ឋាភិបាល​កម្ពុជា​,​ កម្ពុជា​៖​ ការ​ពិនិត្យ​លើ​ភាព​រួចរាល់​របស់​ទិន្នន័យ​នៃ​ក្របខ័ណ្ឌ​ការងារ​សេន​ដាយ​ (២០១៧)​, ៥៦-៥៨។​
  18. 18. នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ, ក្របខ័ណ្ឌជាតិ​សម្រាប់​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ (ភ្នំពេញ, ២០១៦)​។
  19. 19. រាជរដ្ឋាភិបាលកម្ពុជា​, ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ (​ភ្នំពេញ​,​ ២០១៥)។
  20. 20. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ ផែនការ​សកម្មភាព​ជាតិ​សម្រាប់​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ (NAP-DRR)​ ឆ្នាំ​២០១៤-២០១៨​ (​ភ្នំពេញ​,​ ២០១៣)​។
  21. 21. ដូច​ឯកសារយោង​ខាងលើ​។​
  22. 22. ​ច័ន្ទ​សទ្ធា​ ម៉ា​,​ «​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​កម្ពុជា​»​ (​បទ​បង្ហាញ​ នៅទីក្រុង​ម៉ា​នី​ឡា​,​ ប្រទេស​ហ្វី​លី​ពី​ន​,​ ថ្ងៃ​ទី​ ២០-២១​ ខែឧសភា​ ឆ្នាំ​២០១៥)​។
  23. 23. ដូច​ឯកសារយោង​ខាងលើ​។​
  24. 24. ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង,​ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​ការ​អភិវឌ្ឍ​បៃតង​ ឆ្នាំ​ ២០១៣-២០៣០​ (​ភ្នំពេញ,​ ២០១៣)​។​
  25. 25. ​សេរី​ ដា​ញ់​,​ «អភិវឌ្ឍន៍​បៃតង​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​ (​បទ​បង្ហាញ​​ នៅទីក្រុង​ប៊ូ​ហ្គួ​រ​ (Bogor),​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​,​ ថ្ងៃ​ទី​ ០៣-០៤,​ ខែមិថុនា​ ឆ្នាំ​២០១៣)​។
  26. 26. «​ប្រទេស​កម្ពុជា​ដាក់​ផែនការ​សកម្មភាព​អាកាសធាតុ​របស់​ខ្លួន​ មុន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ឆ្នាំ​ ២០១៥,»​ United​ Nations​ Climate​ Change,​ ចូល​អាន​ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​។
  27. 27. រាជរដ្ឋាភិបាល​កម្ពុជា​,​ កម្ម​វី​ធី​សកម្មភាព​ជាតិ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ (​ភ្នំពេញ​,​ ២០០៦),​ ៤​។
  28. 28. ដា​នី​ វ៉ា​,​ Kathryn​ J.​ Bowen​ និង​ Fiona​ Miller,​ «វាយតម្លៃ​សមត្ថភាព​ស្ថាប័ន​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​៖​ គម្រោង​សិក្សា​មួយ​ ស្ដី​ពី​វិស័យ​សុខភាព​ និង​ទឹក​នៅ​កម្ពុជា​,»​ គោលនយោបាយ​អាកាសធាតុ​ (Climate​ Policy)​ ១៥,​ ល​.៣​ (២០១៥):​ ៣៨៨-៤០៩,​ doi:​ ១០.១០៨០/១៤៦៩៣០៦២.២០១៤.៩៣៧៣៨៥​។​
  29. 29. ស៊ុន​ថា​រ័​ត្ន​ អ៊ុ​ក​ និង​ Alessandro​ Marazzi​ Sassoon,​ «​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ពី​ផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះអាសន្ន​។​»​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​
  30. 30. «​កម្ពុជា​ត្រូវ​ឆ្លៀត​ចាប់​យក​ឱកាស​ក្នុង​ហិរញ្ញប្បទាន​វិស័យ​អាកាសធាតុ,»​ យូ​អិន​ឌី​ភី​ ប្រចាំ​កម្ពុជា​ (UNDP​ Cambodia),​ ចូល​អាន​ខែមិថុនា​ ឆ្នាំ​២០១៨។
  31. 31. «​គម្រោង​ ADB​ នៅ​ប្រទេស​កម្ពុជា​ ម៉ុង​ហ្គោ​លី​ តាជី​គី​ស្ថាន​ ទទួល​បាន​មូលនិធិ​ GCF,»​ ធនាគារអភិវឌ្ឍន៍អាស៊ី​,​ ចូល​អាន​ខែមិថុនា​ ឆ្នាំ​២០១៨​។​
  32. 32. អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​,​ ផែនការ​សកម្មភាព​ជាតិ​កម្ពុជា​ ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ និង​ផែនការ​អនុវត្ត​ (​ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​,​ ឆ្នាំ​២០១៧)។
  33. 33. «​ស្ត្រី​នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​៖​ កម្លាំង​ជម្រុញ​សម្រាប់​ដំណោះស្រាយ​ណាមួយ​,»​ យូ​អិន​ឌី​ភី​ ប្រចាំ​កម្ពុជា​ (UNDP​ Cambodia),​ ចូល​អាន​ខែឧសភា​ ឆ្នាំ​២០១៨​។
  34. 34. គណៈកម្មាធិការ​យេ​ន​ឌ័​រ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ (GCCC)​ និង​ក្រសួង​កិច្ចការ​នារី​,​ ផែនការ​សកម្មភាព​យេ​ន​ឌ័​រ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ (GCCAP)​ ឆ្នាំ​២០១៤-២០១៨​ (​ភ្នំពេញ​,​ ២០១៤),​ ៩​។​
  35. 35. ​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​,​ របាយការណ៍​ត្រៀម​ចូលរួម​ចំណែក​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ (​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ (UNFCCC),​ ២០១៥),​ ១៣​។
  36. 36. ធនាគារអភិវឌ្ឍន៍អាស៊ី​,​ ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​ទៅ​ក្នុង​សកម្មភាព​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ (​ទីក្រុង​ម៉ា​ន​ដា​លូ​យ៉ុ​ង​ (Mandaluyong)៖​ ធនាគារអភិវឌ្ឍន៍អាស៊ី​,​ ២០១៦)​។​
  37. 37. «ទិន្នន័យ​ការ​បាត់បង់​ និង​ការ​ខូចខាត​ដោយ​គ្រោះ​មហន្តរាយ​នៅ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​,»​ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ការ​បាត់បង់​ និង​ការ​ខូចខាត​ដោយ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​ (CamDi),​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨។
  38. 38. រាជរដ្ឋាភិបាល​កម្ពុជា​,​ កម្ពុជា​៖​ ការ​ពិនិត្យ​លើ​ភាព​រួចរាល់​របស់​ទិន្នន័យ​នៃ​ក្របខ័ណ្ឌ​ការងារ​សេន​ដាយ​ (២០១៧)​។
  39. 39. ​អង្គការសហប្រជាជាតិ​,​ កែសម្រួល​ដោយ​ អគ្គលេខាធិការដ្ឋាន​គណកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ, ក្របខ័ណ្ឌ​ការងារ​សេន​ដាយ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ ២០១៥-២០៣០​ (លេខាធិការដ្ឋាន​ នៃ​យុទ្ធសាស្ត្រ​អន្តរជាតិ​សម្រាប់​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ សហប្រជាជាតិ​ UNISDR,​ ២០១៥),​ ១៥។
  40. 40. «​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៣៖​ ចាត់វិធានការ​ជា​បន្ទាន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ផល​ប៉ះពាល់​របស់​វា​,»​ វេទិកា​ចំណេះដឹង​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (Sustainable​ Development​ Knowledge​ Platform),​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HzV7A
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!