គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​ ស្តី​ពី​ការ​ “​ធ្វើ​ឱ្យ​ទីក្រុង​ និង​ទីកន្លែង​តាំងទី​លំនៅ​ថ្មី​សម្រាប់​ប្រជាជន​ មាន​លក្ខណៈ​ បរិ​យា​ប័ន្ន​ សុវត្ថិភាព​ ធន់​ និង​មាន​ចីរភាព​”​ មាន​គោលបំណង​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​លំនៅ​ដ្ឋា​ន​ ការ​ដឹក​ជញ្ជូន​ កន្លែង​សាធារណៈ​ និង​បរិស្ថាន​ទីក្រុង​ និង​ពង្រឹង​ភាព​ធន់​ទៅ​នឹង​គ្រោះ​មហន្តរាយ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​គោលដៅ​នេះ​មាន​ចំណុច​ដៅ​ចំនួន​ ៧​ ដែល​គ្របដណ្តប់​លើ​ចំណុច​ជាក់លាក់​ជា​ច្រើន​ និង​មធ្យោបាយ​នៃ​ការ​អនុវត្ត​ចំនួន​ ៣​។​1

​ចំណុច​ដៅ​ និង​សូចនាករ​ភាគច្រើន​ គឺ​ជាក់ស្តែង​ស្ថិត​ក្នុង​វិស័យ​នានា​ដែល​ប្រទេស​នីមួយៗ​មានការ​គ្រប់គ្រង​ខ្លះ​តែ​ប៉ុណ្ណោះ​។​ មធ្យោបាយ​នៃ​ការ​អនុវត្ត​មួយ​ចុង​ក្រោយ​នៃ​គោលដៅ​នេះ​ គឺ​ ១១.C​ ដែល​ គាំទ្រ​បណ្តា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ រួម​ទាំង​ជំនួយ​តាម​រយៈ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ក្នុង​ការ​កសាង​អគារ​ប្រកបដោយ​ចីរ​ភាព​ និង​ភាព​ធន់​ដោយ​ប្រើ​សម្ភារៈ​ក្នុង​តំបន់​។ ​​ហើយ​វា​ក៏​ពឹងផ្អែក​លើ​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​ជា​ច្រើន​ផង​ដែរ​ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​។​

​ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​ នៅ​កម្ពុជា​

​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​សកល​មិន​មាន​គោលដៅ​ណាមួយ​ដែល​បាន​ផ្តោត​សំខាន់​លើ​ទីក្រុង​ឡើយ​។​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​គិត​អំពី​បញ្ហា​ជា​ទូទៅ​នៃ​ភាព​ក្រីក្រ​និង​ភាព​អត់ឃ្លាន​ ការ​អប់រំ​ សមភាព​យេ​ន​ឌ័​រ​ បញ្ហា​សុខភាព​ និង​ចីរភាព​របស់​បរិស្ថាន​។​ របាយការណ៍​ឆ្នាំ​ ២០១៥​ របស់​អង្គការសហប្រជាជាតិ​ បាន​ពណ៌នា​ថា​ ប្រទេស​កម្ពុជា​គឺ​ “​អ្នក​សម្រេច​បាន​លឿន​”​ ជា​ពិសេស​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​នៃ​ភាព​ក្រីក្រ​។​2

​កម្ពុជា​បាន​បង្កើត​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​ខ្លួន​ចេញពី​គោលដៅ​សកល​។​ គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​របស់​កម្ពុជា​ រួម​មាន​ចំណុច​ដៅ​ដែល​ផ្តោត​ជា​ពិសេស​លើ​បញ្ហា​ទីក្រុង​ ជាក់ស្តែង​ដូច​ជា​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទី​៧​ ដែល​ធានា​ចីរភាព​របស់​បរិស្ថាន​។​ គោលដៅ​ទី​ ៧.b​ គឺ​ស្តី​ពី​ការ​ “​បង្កើន​សមាមាត្រ​នៃ​ប្រជាជន​ដែល​មាន​លទ្ធភាព​ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនាម័យ​”​ ហើយ​ចំណុច​ដៅ​នេះ​មាន​សូចនាករ​ច្បាស់លាស់​សម្រាប់​វាស់វែង​លើ​ប្រជាជន​នៅ​ទី​ជនបទ​ និង​ទីក្រុង​។​ ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​លទ្ធផល​ទៅ​លើ​ប្រជាជន​នៅ​តាម​ទីប្រជុំជន​ដូច​បង្ហាញ​នៅ​ក្នុង​តារាង​ខាងក្រោម​។​

ចំណុច​ដៅ​ដែល​ផ្តោត​លើ​ទីប្រជុំជន​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​៧3

ល.រ.

សូចនាករ

ឯកតា

២០០០

២០០៥

២០១០

២០១៥ ជាក់ស្តែង

១៤

សមាមាត្រប្រជាជននៅតំបន់ទីប្រជុំជន ដែលទទួលបានទឹកស្អាតប្រើប្រាស់

%

៦០,០ (១៩៩៨)

៨០,៥

៨០,៧ (២០១៤)

១៦

សមាមាត្រប្រជាជននៅតំបន់ទីប្រជុំជន ដែលទទួលបានសេវាអនាម័យ

%

៤៩,០ (១៩៩៨)

៨៦,៦

៨៩,០ (២០១៤)


​នៅ​ពេល​ដែល​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​ កម្មវិធី​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​ (UNDP)​ បាន​ធ្វើការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​យ៉ាង​ឆាប់រហ័ស​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨​ របស់​កម្ពុជា​ និង​ផែនការ​និង​យុទ្ធសាស្ត្រ​ ដែល​ទាក់ទង​នឹង​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​4​ សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​នេះ​ វា​បាន​រក​ឃើញ​ចំណុច​ដៅ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ដោយ​ផ្នែក​ នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធសាស្ត្រ​តាម​វិស័យ​ ដូច​ជា​៖

  • ១១.២​ “​នៅ​ឆ្នាំ​ ២០៣០​ ផ្តល់​លទ្ធភាព​ទទួល​បាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដែល​មាន​សុវត្ថិភាព​ សមរម្យ​ អាច​ចូល​ដំណើរការ​បាន​ និង​មាន​ចីរភាព​សម្រាប់​ទាំងអស់​គ្នា​ ដើម្បី​លើកកំពស់​សុវត្ថិភាព​ចរាចរណ៍​ ជា​ពិសេស​តាម​រយៈ​ការ​ពង្រីក​ការ​ដឹក​ជញ្ជូន​សាធារណៈ​ ដោយ​យកចិត្តទុកដាក់​ជា​ពិសេស​ទៅ​លើ​ តម្រូវការ​របស់​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​ដូច​ជា​ ស្ត្រី​ កុមារ​ ជន​ពិការ​ និង​ មនុស្ស​ចាស់​”​។​ UNDP​ បាន​រក​ឃើញ​ថា​ ខណៈ​ពេល​ដែល​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​គឺជា​អាទិភាព​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (NSDP)​ តែ​វា​មិន​មានការ​លើក​ឡើង​ពី​ការ​បំពេញតម្រូវការ​របស់​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​ទាំងនោះ​។​
  • ១១.៦​ “​នៅ​ឆ្នាំ​ ២០៣០​ កាត់​បន្ថយ​ផល​ប៉ះពាល់​បរិ​សា្ថ​ន​ដែល​ប៉ះពាល់​ដល់ទី​ក្រុង​ ដោយ​រាប់​បញ្ចូល​ការ​យកចិត្តទុកដាក់​ជា​ពិសេស​ទៅ​លើ​គុណភាព​ខ្យល់​ និង​ការ​គ្រប់គ្រង​កាក​សំណល់​ក្រុង​ និង​កាក​សំណល់​ផ្សេងៗ​ទៀត​”​។​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​មិន​បាន​បញ្ជាក់​ពី​សកម្មភាព​ច្បាស់លាស់​ណាមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​គុណភាព​ខ្យល់​នៅ​ក្នុង​ទីក្រុង​នោះ​ទេ​។​ (​ទោះជា​យ៉ាងណា​ក៏​ដោយ​ កម្ពុជា​បាន​សំរេចចិត្ត​ដោះស្រាយ​គុណភាព​ខ្យល់​ ជា​ពិសេស​នៅ​ក្នុង​ការ​ធ្វើ​មូលដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នានា​របស់​ខ្លួន​ ដែល​នឹង​ត្រូវ​បាន​រៀបរាប់​បន្ថែម​ទៀត​នៅ​ទំព័រ​ខាងក្រោម​។​)

UNDP​ បាន​កត់​សម្គាល់ថា​ វិស័យ​នានា​ចាំបាច់​ត្រូវ​មាន​ទំនាក់ទំនង​គ្នា​ ដើម្បី​ឱ្យ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​។​ “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ១១.៥​ ១១.៦​ និង​ ១១.៧​ ដែល​ទាក់ទង​នឹង​ការ​ធ្វើ​ឱ្យទីប្រជុំជន​និង​ការ​តាំងទី​លំនៅ​ មាន​បរិ​យា​បន្ន​ មាន​សុវត្ថិភាព​ មាន​ភាព​ធន់​ និង​មាន​ចីរភាព​ ក៏​ប្រហែលជា​ត្រូវ​ដោះស្រាយ​ដោយ​វិស័យ​បរិស្ថាន​ផង​ដែរ​”​។​5

​តារាង​ស​ន្ទ​ស្សន៍​ និង​ផ្ទាំង​ផ្សាយ​របស់​របាយការណ៍​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០១៨​ បង្ហាញ​ថា​ នៅ​ក្នុង​ចំណុច​ចំនួន​៣​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​របស់​ប្រទេស​កម្ពុជា​ ចំណុច​មួយ​ត្រូវ​បាន​កែ​លម្អ​ តែ​ចំណុច​ពីរ​ទៀត​កំពុង​តែ​ចុះ​ខ្សោយ​ទៅៗ​។​6​ របាយការណ៍​ដដែល​នេះ​ក៏​បាន​រក​ឃើញ​ថា​ ប្រជាជន​នៅ​ទីក្រុង​ចំនួន​ ៧១,៨%​ មាន​លទ្ធភាព​ទទួល​បាន​ប្រភព​ទឹក​ដែល​ល្អ​ជាង​មុន​ ហើយ​ស្ថានភាព​ក៏​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ (​ការ​ផ្គត់ផ្គង់​ទឹក​ត្រូវ​បាន​ផ្តល់​ដោយរ​ដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ទទួល​បាន​ជោគជ័យ​​)។​ ប៉ុន្តែ​ការ​បំពុលបរិយាកាស​ និង​ការ​ពេញចិត្ត​ចំពោះ​ការ​ដឹក​ជញ្ជូន​សាធារណៈ​ត្រូវ​បាន​ថយ​ចុះ​។​

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​១១​ នៅ​ក្នុង​ប្រទេស​កម្ពុជា​


​ក្នុង​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ កម្ពុជា​បាន​ជ្រើសរើស​ចំណុច​ដៅ​និង​សូចនាករ​សកល​សម្រាប់​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​ តិច​ជាង​គោលដៅ​ផ្សេង​ទៀត​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១១​ មាន​គោលដៅ​តែ​ ១​ និង​សូចនាករ​ចំនួន​ ៤ ​ប៉ុណ្ណោះ​7​ បើ​ប្រៀបធៀប​ទៅ​នឹង​ចំណុច​ដៅ​ចំនួន​ ១០​ និង​សូចនាករ​ចំនួន​ ១២​ សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សកល​ទី​១១​។​ ចំណុច​ដៅ​របស់​កម្ពុជា​​ផ្តោត​សំខាន់​តែ​ទៅ​លើ​ការ​កាត់​បន្ថយ​កាក​សំណល់​រឹង​ និង​ការ​បំពុល​ខ្យល់​។​

​ចំណុច​ដៅ​ និង​សូចនាករ​សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១១8

ចំណុចដៅ

សូចនាករ

២០១៩

២០២០

២០២៥

២០២៩

១១.៦  ត្រឹមឆ្នាំ២០៣០ កាត់​បន្ថយការបំពុល​បរិ​ស្ថាន​ក្នុង​មនុស្ស​ម្នាក់នៅទីក្រុង រួម​ទាំង​តាម​រយៈ​ការផ្តោតការ​យកចិត្ត​ទុកដាក់លើ គុណ​ភាព​ខ្យល់ និងការគ្រប់គ្រង​សំណល់នៅ​ទីក្រុង និង​តំបន់ផ្សេងទៀត។ 

 

១១.៦.១ បរិមាណសម្រាមសំណល់រឹងដែល​បាន​ប្រមូលបាន​ជាប្រចាំនៅ​តំបន់​ទីប្រជុំជន ទីក្រុង និង​ត្រូវ​បាន​​បញ្ចេញចោល ​ក្នុងតំបន់ទីប្រជុំជន​ និងនៅតាមទីក្រុង។ (លានតោន)

១,៣៣

១,៣៥

១,៤៣

១,៥០

១១.៦.២ ភាគរយនៃការកាត់​បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិច​។ (%)

២០,០

២០,០

៣០,០

៣០,០

១១.៦.៣ ភាគរយនៃសំ​ណល់ ​រឹ​ង​ត្រូវបានគ្រប់គ្រងតាមគោលការណ៍បច្ចេកទេស។ (%)

៥៥,០

៥៥,០

៧០,០

៧៥,០

១១.៦.៤ កម្រិតជាមធ្យមប្រចាំឆ្នាំនៃប៉ារ៉ាម៉ែត្ររបស់ CO NO2 SO2 TSP PM2.5 និង PM10 (%)

៤,០

៥,០

១០,០

១០,០


​ដំណើរការ​មួយ​ចំនួន​ត្រូវ​បាន​អនុវត្ត​រួច​ហើយ​ក្នុង​ការ​កែ​លម្អ​បរិស្ថាន​ និង​សេវាកម្ម​ទីក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​កាក​សំណល់​រឹង​។​ ឧទាហរណ៍​ នៅ​ខែមេសា​ ឆ្នាំ​២០១៨​ រដ្ឋាភិបាល​បាន​ចាត់វិធានការ​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កដោយ​តម្រូវ​ឱ្យ​ផ្សារ​ទំនើប​ និង​ហាង​ទូទៅ​យក​ថ្លៃ​ ៤០០​រៀល​ (០,១​ដុល្លារ​)​ សម្រាប់​ថង់​ប្លា​ស្ទិ​កមួយ​។​

​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ អនុក្រឹត្យ​ថ្មី​មួយ​ស្តី​ពី​ការ​គ្រប់គ្រង​កាក​សំណល់​ បាន​ដាក់​ពិន័យ​ជា​ទឹកប្រាក់​ពី​ ១​ម៉ឺន​ ទៅ​ ២​សែន​ រៀល​ (​ប្រហែល​ ២,៥០​ដុល្លារ​ ទៅ​ ៥០​ដុល្លារ​)​ សម្រាប់​បុគ្គល​ឬ​អាជីវកម្ម​ដែល​ត្រូវ​បាន​រក​ឃើញ​ចាក់​ឬ​ដុត​សំរាម​នៅ​តាម​សាធារណៈ​។​

​ការ​គ្រប់គ្រង​កាក​សំណល់​រឹង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រសួងបរិស្ថាន​នៅ​ថ្នាក់​ជាតិ​ និង​ជាមួយ​អ្នកគ្រប់គ្រង​ទីក្រុង​នៅ​កម្រិត​ក្រុង​។​ ក្នុង​ឆ្នាំ​២០០២​ រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ ស៊ី​ន​ទ្រី​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តាច់មុខ​រយៈពេល​ ៤៩​ឆ្នាំ​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​សេវាកម្ម​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ប្រជាជន​និង​អ្នក​ធ្វើ​អាជីវកម្ម​នានា​ត្រូវ​បង់ថ្លៃ​សេវា​នេះ​តាម​រយៈ​តម្លៃ​ដែល​បាន​រួម​បញ្ចូល​នៅ​ក្នុង​វិ​ក័យ​ប័ត្រ​ភ្លើង​របស់​គេ​។​ រាជធានី​ភ្នំពេញ​ បាន​បង្កើត​យុទ្ធសាស្ត្រ​គ្រប់គ្រង​កាក​សំណល់​សម្រាប់​ឆ្នាំ​ ២០១៨-២០៣៥​។​9

​របាយការណ៍​របស់​ធនាគារពិភពលោក​ឆ្នាំ​២០១៧​ បាន​រក​ឃើញ​ថា “​កាក​សំណល់​រឹង​ពី​ ១០០​ទៅ​២០០​ តោន​ ជា​រៀងរាល់ថ្ងៃ​នៅ​តែ​មិន​ត្រូវ​បាន​ប្រមូល​នៅ​រាជធានី​ភ្នំពេញ​ ដោយ​វា​ត្រូវ​បាន​ដុត​បំផ្លាញ​ កប់​ ឬ​ទុក​ចោល​តាម​ផ្លូវ​…​ “​។10 ជាក់ស្តែង​ ការ​បង្កើន​បរិមាណ​ក្នុង​ការ​ប្រមូល​កាក​សំណល់​ គឺជា​គោលដៅ​មួយ​ដែល​សម​ស្រប​នឹង​ទទួលយក​។​

​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​មធ្យោបាយ​នៃ​ការ​អនុវត្ត​ចំនួន​២​ដំបូង​ នៃ​កំណែ​សកល​របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​ ក៏​អាច​អនុវត្ត​បាន​ផង​ដែរ​ នៅ​ក្នុង​ការ​យកចិត្តទុកដាក់​របស់​កម្ពុជា​លើ​កាក​សំណល់​និង​ការ​បំពុល​ខ្យល់អាកាស​៖

  • ១១.A​ “​ការ​ពង្រឹង​ផែនការអភិវឌ្ឍន៍​ថ្នាក់​ជាតិ​និង​ថ្នាក់​តំបន់​”​ គឺជា​អ្វី​ដែល​រាជរដ្ឋាភិបាល​ទទួលស្គាល់​ថា​ ត្រូវ​តែ​ធ្វើ​ឡើង​។​
  • ១១.B​ “​ទីក្រុង​ជា​ច្រើន​ទៀត​ទទួលយក​ផែនការ​និង​គោលនយោបាយ​រួម​”​ នៅ​ជុំវិញ​ចំណុច​ដែល​រួម​បញ្ចូល​ទាំង​ប្រសិទ្ធ​ផល​ធនធាន​។​

​ប្រទេស​កម្ពុជា​កំពុងធ្វើការ​ដើម្បី​រួម​បញ្ចូល​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ទៅ​ក្នុង​គោលនយោបាយ​និង​ផែនការ​របស់​ខ្លួន​អោយ​បាន​ទូលំទូលាយ​ជាង​មុន​ ជា​ពិសេស​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩-២០២៣​ (​ត្រូវ​ចេញផ្សាយ​នៅ​ខែមេសា​ឆ្នាំ​ ២០១៩)​។​

​គោលនយោបាយ​និង​ផែនការ​សំខាន់ៗ​ដទៃ​ទៀត​ដែល​មាន​ផល​ប៉ះពាល់​ទៅ​លើ​ចំណុច​ដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ជា​ពិសេស​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១១​ រួម​មាន​៖

  • ផែនការ​គោល​រាជធានី​ភ្នំពេញ​ ឆ្នាំ​២០៣៥​។​ ផែនការ​នេះ​ “​ផ្តល់​នូវ​ទិស​ដៅ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ ប៉ុន្តែ​មិន​បាន​លម្អិត​ពី​ការ​ការ​ប្រើប្រាស់​ដី​ ឬ​ផែនការ​ជា​ដំណាក់កាល​សម្រាប់​ការ​អនុវត្ត​ …”​។11
  • ផែនការ​យុ​ទ្ឋ​សាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​បៃតង​ (២០១៨-២០៣០)​ (​វិទ្យាស្ថាន​លូតលាស់​បៃតង​ និង​រាជរដ្ឋាភិបាល​កម្ពុជា​)
  • ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ទីក្រុង​បៃតង​ (​រួម​គ្នា​ជាមួយ​វិទ្យាស្ថាន​លូតលាស់​បៃតង​សកល​)
  • ផែនការ​យុទ្ធសាស្ត្រ​ទីក្រុង​ភ្នំពេញ​បៃតង​ ឆ្នាំ​២០១៧-២០២៦
  • ផែនការ​យុទ្ធសាស្ត្រ​ទីក្រុង​ប្រកបដោយ​ចីរភាព​ ឆ្នាំ​២០១៨-២០៣០

​ធនាគារពិភពលោក​ បាន​កំណត់​បញ្ហា​គ​ន្លឹះ​ចំនួន​បី​ ដែល​កំពុង​រារាំង​ការ​ធ្វើ​នគរូបនីយកម្ម​ប្រកបដោយ​ប្រសិទ្ធ​ផល​នៅ​កម្ពុជា​៖

  • កង្វះ​ភាព​ច្បាស់លាស់​នៃ​តួនាទី​និង​ទំនួល​ខុស​ត្រូវ​
  • ការ​អនុវត្ត​ផែនការ​តិចតួច​ /​ កង្វះ​សមត្ថភាព​នៃ​ស្ថាប័ន​
  • ហិរញ្ញប្បទាន​ដែល​គ្មាន​ចីរ​ភាព​។​12

​បញ្ហា​ប្រឈម​នេះ​នាំ​ឱ្យ​មានការ​អភិវឌ្ឍ​ “​ក្នុង​លក្ខណៈ​បែងចែក​និង​មិន​មានការ​សម្របសម្រួល​ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​កើនឡើង​នៃសម្ពាធ​ ការ​កើនឡើង​នៃការប្រប្រាស់ដីធ្លីនិង​ការ​កកស្ទះ​ ការ​កើនឡើង​នៃ​ភាព​ងាយ​រង​គ្រោះ​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បរិយាកាស​ទីក្រុង​ដែល​មិនសូវ​ល្អ​”​។​13

​មាន​ព័ត៌មាន​លម្អិត​តិចតួច​ណាស់​ ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​ អំពី​ជំហាន​ជាក់លាក់​ ដែល​រដ្ឋាភិបាល​នឹង​អនុវត្ត​ធ្វើ ដើម្បី​ធានា​ឱ្យ​មានដំណើរ​ការ​អនុវត្ត​ចំណុច​ដៅ​ ១១.៦​ នៃ​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​។​ រដ្ឋាភិបាល​ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​ ក្រសួង​និង​ស្ថាប័ន​នានា​ នឹង​ត្រូវ​បាន​ផ្តល់​ការ​គាំទ្រ​ ដើម្បី​ពង្រឹងសមត្ថភាព​ និង​ប្រព័ន្ធ​ទិន្នន័យ​របស់​ពួក​គេ​ សម្រាប់​ការ​វាស់វែង​ និង​ការ​រាយការណ៍​អំពី​ដំណើរការ​អនុវត្ត​។​

​ការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១១​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ក្រសួងផែនការ​ មាន​ទំនួល​ខុស​ត្រូវជា​ទូទៅ​ សម្រាប់​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ និង​ការ​វាយតម្លៃ​ និង​រក្សា​ទិន្នន័យ​របស់​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​។​ ការ​ទទួលខុសត្រូវ​សម្រាប់​សូចនាករ​ជាក់លាក់​ គឺ​ស្ថិត​នៅ​ក្រោម​ក្រសួង​ពាក់ព័ន្ធ​ និង​ស្ថាប័ន​រដ្ឋាភិបាល​ ដែល​ត្រូវ​រំពឹង​ថា​ នឹង​ផ្តល់​ការ​វាយតម្លៃ​លម្អិត​អំពី​ការ​ដំណើរការ​ ក៏​ដូច​ជា​ការ​ផ្តល់​ស្ថិតិនៅរៀងរាល់​ចុងឆ្នាំ​។​

​សម្រាប់​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១១​ ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ចំពោះ​សូចនាករ​ពាក់ព័ន្ធ​នឹង​សំណល់​រឹង​ គឺ​ក្រសួងបរិស្ថាន​ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ក្រសួងមហាផ្ទៃ​ សាលាក្រុង​ភ្នំពេញ​ និង​សាលាខេត្ត​/​ក្រុង​ផ្សេងៗ​ទៀត​។​ ទាំងនេះ​ក៏​ជា​ប្រភព​ទិន្នន័យ​ ដែល​ចូលរួម​ដោយ​ ទីភ្នាក់ងារការពារបរិស្ថាន (EPA)​។ សូចនាករ​ទាក់ទង​នឹង​គុណភាព​ខ្យល់​ ត្រូវ​ទទួលខុសត្រូវ​ដោយ​ក្រសួងបរិស្ថាន​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​ ទាំងនេះ​ក៏​ជា​ប្រភព​ទិន្នន័យ​រួម​គ្នា​ជាមួយ​ EPA​ ។​

​សូចនាករ​សម្រាប់​ សំណល់​រឹង​ និង​ការ​បំពុលបរិយាកាស​ បាន​ដាក់​បង្ហាញ​នៅ​តារាង​ខាងលើ​។​

​ភ្នំពេញ​ ដែល​ជា​រាជធានី​ដែល​មាន​ប្រជាជន​រស់នៅ​ជិត​ ២​លាន​នាក់​ នឹង​ក្លាយជា​ចំណុច​ផ្តោត​ សម្រាប់​គោលដៅ​ទី​១១14​ គោលដៅ​នេះ​ គួរតែ​អនុវត្ត​ផង​ដែរ​សម្រាប់​ខេត្តបាត់ដំបង​ និង​ ក្រុងព្រះសីហនុ​ ដែល​កំពុង​តែ​អភិវឌ្ឍន៍​ខ្លាំង​ ព្រមទាំង​តំបន់​ទីក្រុង​ផ្សេងៗ​ទៀត​។​

ប្រធានបទពាក់ព័ន្ធ​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VEBnS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!