គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ គឺសំដៅលើអន្តរអំពើរវាងមនុស្ស ជាមួយនឹងមហាសមុទ្រ។ ជាពិសេស វាមានគោលបំណងដើម្បីអភិរក្ស និងគ្រប់គ្រងការប្រើប្រាស់នៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។1 មហាសន្និបាតអង្គការសហប្រជាជាតិអំពាវនាវឱ្យមានសកម្មភាព ដែលត្រូវបានប្រើដើម្បីបញ្ជាក់យ៉ាងច្បាស់នូវគោលបំណង និងហេតុផលសម្រាប់គោលដៅនេះ។2 មហាសមុទ្រគ្របដណ្តប់ប្រហែល ៧១ ភាគរយ នៃផ្ទៃផែនដី និងរក្សាប្រតិបត្តិការនៃប្រព័ន្ធធាតុអាកាស និងអាកាសធាតុសកល។ ហេតុដូចនេះហើយ បានជាការរស់នៅរបស់ភាវៈទាំងអស់ មិនថាសូម្បីតែពួកគេរស់នៅលើដីគោកនោះទេ ក៏ត្រូវបានរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរនៃលំនាំទឹកភ្លៀង និងសីតុណ្ហភាពដែរ។ គោលដៅនេះទទួលស្គាល់ថា មហាសមុទ្រមានអត្ថប្រយោជន៍ដល់ផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គម ហួសពីព្រំដែនជាតិ និងតំបន់ឆ្នេរទៅទៀត។3
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ មានចំណុចដៅចំនួន ១០ និងសូចនាករចំនួន ១០។ ក្នុងចំណោមចំណុចដៅទាំងនោះ មានចំណុចដៅចំនួនប្រាំពីរ ជាចំណុចដៅធម្មតា និងរួមបញ្ចូលទាំង៖
- កាត់បន្ថយការបំពុលនៅក្នុងសមុទ្រ (១៤.១)
- ការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរសមុទ្រ (១៤.២)
- ដោះស្រាយផលប៉ះពាល់នៃអាស៊ីតកម្មសមុទ្រ (១៤.៣)
- គ្រប់គ្រងការប្រមូលផលពីមហាសមុទ្រ និងបញ្ចប់ការនេសាទត្រីហួសកម្រិត (១៤.៤)
- អភិរក្សយ៉ាងហោចណាស់ ១០ ភាគរយ នៃតំបន់ឆ្នេរសមុទ្រ និងសមុទ្រ (១៤.៥)
- ហាមឃាត់ការឧបត្ថម្ភធនលើការនេសាទមួយចំនួន (១៤.៦)
- បង្កើនអត្ថប្រយោជន៍នានាដល់រដ្ឋដែនកោះតូចៗ ដែលកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច (១៤.៧)។
នៅមានចំណុចដៅចំនួន ៣ ផ្សេងទៀតនៃ “មធ្យោបាយនៃការអភិវឌ្ឍ” ដែលមានគោលបំណងផ្តល់លទ្ធភាពឱ្យប្រទេសទាំងអស់មានធនធាន ដើម្បីបំពេញតាមគោលដៅដែលត្រូវបានពិពណ៌នាដូចខាងក្រោម។4
ការផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទៅកាន់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៤ នៅក្នុងប្រទេសកម្ពុជា
ក្នុងអំឡុងពេលនៃរបៀបវារៈគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ចំណុចដៅតែមួយគត់ដែលទាក់ទងទៅនឹងអន្តរអំពើររបស់មនុស្សជាមួយមហាសមុទ្រ គឺចំណុចដៅ ៧B ដែលទាក់ទងទៅនឹងការកាត់បន្ថយនៃការបាត់បង់ជីវចម្រុះ។ អ្វីដែលជាប់ពាក់ព័ន្ធជាក់លាក់ជាងនេះទៅទៀតគឺ សូចនាករ ៧.៤ ដែលវាស់ស្ទង់សមាមាត្រនៃស្តុកត្រី នៅក្នុងដែនកំណត់ជីវសាស្ត្រសុវត្ថិភាព និងសូចនាករ ៧.៦ ដែលវាស់ស្ទង់សមាមាត្រនៃតំបន់សមុទ្រ (និងនៅលើដី) បានការពារនៅក្នុងប្រទេស។5 ចំពោះគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា (គ.អ.ស.ក) សូចនាករ ៧.៤ ជាសូចនាករសកលដែលផ្តោតតែទៅលើវិស័យជលផលសមុទ្រនោះ មិនត្រូវបានយកមកត្រួតពិនិត្យនៅកម្រិតប្រទេសនោះទេ។6 វាក៏មានភាពខ្វះចន្លោះផ្នែកសមត្ថភាពសំខាន់ៗ ដែលកំណត់ពីការអភិវឌ្ឍតំបន់ការពារសមុទ្រផងដែរ។7
ជាលទ្ធផល គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ត្រូវបានកែប្រែ។ ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានកម្រិតទាបបំផុត (២៤ ភាគរយ) នៃប្រជាជនដែលរស់នៅក្នុងចម្ងាយ ១០០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៅក្នុងតំបន់មេគង្គ លើកលែងតែប្រទេសឡាវដែលជាប្រទេសមិនស្ថិតនៅជាប់នឹងសមុទ្រ។8 ដោយសារទន្លេសាប បឹងទន្លេសាប ទន្លេ និងតំបន់លិចទឹកដ៏ធំទូលាយនៅក្នុងប្រទេសកម្ពុជា ជលផលទឹកសាបមានផលិតកម្មសំខាន់ជាងធនធានមហាសមុទ្រ។9
យ៉ាងណាមិញ ផលិតកម្មនៃជលផលទឹកសាបបានកំពុងថយចុះដោយសារតែការនេសាទហួសប្រមាណ ដូច្នេះទើបយើងចាំបាច់ត្រូវមានការធ្វើកំណែទម្រង់។ ហេតុដូចនេះហើយ ទើបការធ្វើមូលដ្ឋានីយដ្ឋានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា មានគោលបំណងដើម្បី៖
- បង្កើនចំនួនឡូតិ៍នេសាទ (ដែនទឹកសមុទ្រ និងដែនទឹកសាប) ដល់សហគមន៍មូលដ្ឋាន (ពី ៥៦ ភាគរយ ដល់ ៦០ ភាគរយ – នៅក្នុង គ.អ.ស.ក ៧.៦)
- ធ្វើឱ្យកើនឡើងច្រើនជាងពីរដងនៃចំនួនជលផលសហគមន៍ (ពី ២៦៤ ដល់ ៥៨៩ – គ.អ.ស.ក ៧.៧)
- ធ្វើឱ្យកើនឡើងច្រើនជាងពីរដងនៃតំបន់ផ្ទៃទឹកដែលជាជម្រកត្រី (ពី ២៦៤.៥០០ ហិកតា ទៅ ៥៨០.៨០០ ហិកតា – គ.អ.ស.ក ៧.៨)។10
ដ្យាក្រាមបង្ហាញពីការប្រៀបធៀបផលិតកម្មជលផលក្នុងដែនដីគោក និងដែនសមុទ្រ 11
ឡូតិ៍នេសាទឯកជនត្រូវបានលុបបំបាត់ចោលនៅទន្លេសាបក្នុងឆ្នាំ ២០១២12 សហគមន៍នេសាទចំនួន ៥១៦ ត្រូវបានបង្កើតឡើង (៤៧៥ ជលផលទឹកសាប និង ៤១ ជលផលទឹកសមុទ្រ)13 ហើយក្នុងឆ្នាំ ២០១០ មានទំហំផ្ទៃដីចំនួន ៤៦៦.០០០ ហិកតា ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចតំបន់ដែនជម្រកដែលគ្រោងទុក។14
ចំណុចផ្តោតរបស់ចំណុចដៅ SDGs គឺហួសពីការយកចិត្តទុកដាក់លើជីវៈចម្រុះ ដើម្បីពិចារណាពីរបៀបផ្សេងៗដែលមនុស្សមានទំនាក់ទំនងជាមួយនឹងមហាសមុទ្រ។ នេះរាប់បញ្ចូលទាំងផលប៉ះពាល់ដោយផ្ទាល់ពីធនធានតំបន់ឆ្នេរ និងសមុទ្រដោយការបំផ្លាញទីជម្រក ឬការនេសាទហួសប្រមាណ និងផលប៉ះពាល់ដោយប្រយោល ដូចជាការបំពុលដោយផ្លាស្ទិកពីខ្សែទឹកទន្លេខាងលើ និងកម្រិតខ្ពស់នៃការបំភាយឧស្ម័នកាបូនិចដែលនាំឱ្យមានអាស៊ីតកម្មមហាសមុទ្រ។ វាក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការបែងចែកប្រកបដោយសមធម៌នៃធនធានតំបន់សមុទ្រ និងតំបន់ឆ្នេរ។15
ខណៈដែលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) មិនត្រូវបានរំពឹងថា នឹងត្រូវបានចេញផ្សាយរហូតដល់ពាក់កណ្តាលឆ្នាំ ២០១៨16 មានការចង្អុលបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជានឹងពង្រីកការយកចិត្តទុកដាក់របស់ខ្លួនដើម្បីរួមបញ្ចូលគោលដៅទាំងនោះ។ ឧទាហរណ៍ នៅក្នុងឆ្នាំ ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះហត្ថលេខាលើប្រកាសស្ដីពីតំបន់គ្រប់គ្រងជលផលសមុទ្រ (MFMA) ដែលមានទំហំ ៤០៥ គម២ នៅជុំវិញកោះរ៉ុង និងកោះរ៉ុងសន្លឹមជិតខេត្តព្រះសីហនុ។17
ការធ្វើមូលដ្ឋានីយកម្មនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៤ នៅក្នុងប្រទេសកម្ពុជា
ការវាយតម្លៃរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័សត្រូវបានពិនិត្យលើឯកសារគោលនយោបាយថ្នាក់ជាតិជាច្រើនរបស់កម្ពុជា ដើម្បីវាយតម្លៃពីកម្រិតដែលប្រទេសនេះបានត្រៀមខ្លួនអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទាក់ទងទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ឯកសាររួមមាន៖
- ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៤-២០១៨18
- ផែនការសកម្មភាព និងយុទ្ធសាស្ត្រជីវចម្រុះជាតិ ឆ្នាំ២០១៦ ដែលមានប្រធានបទជាក់លាក់មួយ (ប្រធានបទទី ១០) ទាក់ទងនឹងការតាមដាន និងការការពារ តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាចំនួន ៤៣៥ គីឡូម៉ែត្រ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខសមុទ្រចំនួន ៥០០.០០០ គីឡូម៉ែត្រការ៉េ19
- ផែនការយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង (២០១៣-២០២០) ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចខៀវ និងចីរភាព20
- ក៏ដូចជាផែនការតាមវិស័យដែលពាក់ព័ន្ធផ្សេងទៀត។21
នៅក្នុងការវាយតម្លៃ ចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ទាំងអស់ត្រូវបានដោះស្រាយតាមរយៈឯកសារគោលនយោបាយជាតិនានា លើកលែងតែ ចំណុចដៅ ១៤.៦។ នៅក្នុងផ.យ.អ.ជ. (២០១៤-២០១៨) មានសេចក្តីថ្លែងការណ៍ទូលំទូលាយតែមួយប៉ុណ្ណោះ ដែលទាក់ទងទៅនឹងការលុបបំបាត់ ឬកំណែទម្រង់នៃការឧបត្ថម្ភធន សម្រាប់ការប្រើប្រាស់ទឹកនៅក្នុងវិស័យកសិកម្ម តែមិនមានការលើកឡើងច្បាស់លាស់អំពីការលុបបំបាត់ការឧបត្ថម្ភធន ដែលរួមចំណែកដល់ការនេសាទហួសកម្រិត។ ការវាយតម្លៃនេះបានណែនាំថា ដោយសារតែមូលហេតុទាំងនេះហើយ ទើបចំណុចដៅ ១៤.៦ ត្រូវបានដោះស្រាយតែផ្នែកខ្លះនៅក្នុងផែនការរបស់ប្រទេសកម្ពុជា។22 នៅពេល គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ត្រូវបានដាក់បញ្ចូលទៅក្នុង ផ.យ.អ.ជ. ឆ្នាំ ២០១៩-២០២៣ ចំណុចដៅ ១៤.៦ គួរតែត្រូវបានដោះស្រាយ។ យើងប្រហែលអាចនឹងឃើញ ការនេសាទទឹកសាបត្រូវបានត្រួតពិនិត្យម្តងទៀត ដែលជាការធ្វើមូលដ្ឋានីយកម្មដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ត្រូវបានគេពណ៌នាថា មានតួនាទីជាច្រើនសម្រាប់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ចីរភាពទាំងមូល។ ការចាត់វិធានការដើម្បីឆ្លើយតបទៅនឹងចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ទាំងអស់ ទំនងជានឹងជួយអោយសម្រេចដល់គោលដៅផ្សេងទៀត ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចដូចជាប្រទេសកម្ពុជា និងរដ្ឋដែនកោះតូចៗកំពុងអភិវឌ្ឍន៍។23 ការសិក្សារបស់អង្គការសហប្រជាជាតិមួយបានផ្តល់អនុសាសន៍ថា ប្រទេសនីមួយៗគួរតែពិចារណាពីរបៀបដែល គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ត្រូវបានផ្សារភ្ជាប់ជាមួយ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១,២, ៣, ៨, ៩, ១២, ១៣, ១៥ និង ១៦ ជាពិសេស នៅពេលដែលការផ្សារភ្ជាប់គ្នារវាងគោលដៅទាំងនេះ ត្រូវបានជឿជាក់ថាមានភាពរឹងមាំ។24
មធ្យោបាយនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៤ នៅក្នុងប្រទេសកម្ពុជា
សូចនាករទាំង ៣ នៃ “មធ្យោបាយនៃការអភិវឌ្ឍ” សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ផ្តល់ឱ្យកម្ពុជានូវឱកាស ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋជាមួយនឹងធនធានសមុទ្រ និងឆ្នេរសមុទ្រ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទ្រព្យសម្បត្តិជាតិទាំងនេះ។
ឧទាហរណ៍៖
- ចំណុចដៅ ១៤.A នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តោតលើការបង្កើនសមត្ថភាពស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងរបៀបដែលការផ្ទេរបច្ចេកវិទ្យាមានសក្តានុពលធ្វើអោយប្រសើរឡើងនូវអត្ថប្រយោជន៍របស់ប្រទេសកម្ពុជាពីធនធានសមុទ្ររបស់ខ្លួន។ ខណៈពេលដែលមានភាពច្បាស់លាស់ថា ទំហំនៃការនេសាទត្រីបានបន្តកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មានទិន្នន័យតិចតួចណាស់អំពីបរិមាណផលិតកម្មជាក់ស្តែងសម្រាប់ការនេសាទត្រី និងចំនួនបរិមាណដែលពួកគេផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច។ មានការអះអាងថា ផលិតកម្មត្រីសមុទ្ររហូតដល់ ២៥ភាគរយ នៅក្នុងដែនទឹកកម្ពុជាមិនបានហែលទៅដល់ច្រាំងសមុទ្ររបស់ប្រទេសកម្ពុជាឡើយ។25 ប្រព័ន្ធអេកូឡូស៊ីសមុទ្រធំ នៅតំបន់ឈូងសមុទ្រថៃ (LME) ដែលមានព្រំដែនជាប់ប្រទេសម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាមត្រូវបានចាត់ចំណាត់ថ្នាក់ ដោយកម្មវិធីវាយតម្លៃពីទឹកសមុទ្រឆ្លងដែនដែលហៅកាត់ថា (TWAP) ស្ថិតនៅក្រោមកម្រិតខ្ពស់បំផុតនៃហានិភ័យរួម និងទទួលបានពិន្ទុទាបចំពោះសន្ទស្សន៍សុខភាពមហាសមុទ្រ (OHI)។26 គំនិតផ្តួចផ្តើមសេដ្ឋកិច្ចពណ៌ខៀវ ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍ “មហាសមុទ្រ និងតំបន់ឆ្នេររបស់រដ្ឋ” ថ្នាក់តំបន់ និងថ្នាក់ជាតិដែលត្រូវបានគាំទ្រដោយជំនួយបច្ចេកទេស នឹងត្រូវបានទាមទារដោយប្រទេសកម្ពុជា ដែលជាប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការឆ្លើយតបទៅនឹងហានិភ័យទាំងនេះ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិ។27
ផែនទីបង្ហាញអំពីតំបន់ឆ្នេរ និងដែនសមុទ្ររបស់ប្រទេសកម្ពុជា នៅក្នុងឈូងសមុទ្រថៃ
- ចំណុចដៅ ១៤.B នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មានគោលបំណងផ្តល់លទ្ធភាពដល់អ្នកនេសាទខ្នាតតូច ក្នុងការប្រើប្រាស់ធនធានសមុទ្រ និងទីផ្សារ និងជាប់ពាក់ព័ន្ធខ្លាំងជាមួយនឹងកម្ពុជា ដែលភាគច្រើននៃអ្នកនេសាទខ្នាតតូចៗនៅតាមតំបន់ឆ្នេរសមុទ្រ ក៏ដូចជាអ្នកនេសាទនៅតាមដងទន្លេ គឺជាអ្នកក្រ ហើយអាជីវកម្មរបស់ពួកគាត់មិនទទួលបានផលចំណេញច្រើនឡើយ។ ចំនែកឯអ្នកនេសាទនៅតាមតំបន់ឆ្នេរវិញ សកម្មភាពរបស់ពួកគាត់ភាគច្រើនមិនត្រូវបានត្រួតពិនិត្យទេ ហើយមានទិន្នន័យតិចតួចណាស់ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនានា ក្នុងការបង្កើនចីរភាពរបស់មុខរបរពួកគាត់។ អ្នកនេសាទខ្នាតតូចជាច្រើន ខ្វះសមត្ថភាពក្នុងការនេសាទផលសមុទ្រដែលត្រូវការ ហើយអាស្រ័យលើផលសមុទ្រប្រភេទផ្សេងៗទៀត ដែលបង្កើតប្រាក់ចំណូលទាប និងមានផលប៉ះពាល់អវិជ្ជមានលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ។28
- ចំណុចដៅ ១៤.C នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានគោលបំណងលើកកម្ពស់ការអភិរក្ស និងការប្រើប្រាស់សមុទ្រ និងធនធានសមុទ្រប្រកបដោយចីរភាព តាមរយៈច្បាប់អន្តរជាតិ អាចនឹងជម្រុញកម្ពុជាឱ្យធ្វើសច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលបានចុះហត្ថលេខារួចហើយ។ នេះអាចឱ្យប្រទេសកម្ពុជាមានលទ្ធភាពទទួលបានយន្តការច្បាប់ផ្លូវការ ដើម្បីដោះស្រាយបញ្ហាដូចជា ការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនបានចុះត្រួតពិនិត្យ (IUU) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ដោយមិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។29
ការត្រួតពិនិត្យ និងវាយតម្លៃលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១៤ នៅក្នុងប្រទេសកម្ពុជា
នៅពេលអង្គការសហប្រជាជាតិកំពុងបានបង្កើតចំណុចដៅ និងសូចនាករសម្រាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ពួកគេបានធ្វើការសម្រេចចិត្តថា មិនយកចិត្តទុកដាក់ខ្លាំងលើទិន្នន័យ ដែលមានស្រាប់ និងជំនួសដោយផ្តោតលើអ្វីដែលពួកគាត់ចង់សម្រេចបានពីគោលដៅនេះ ទោះបីជាព័ត៌មាននេះមិនទាន់ចេញផ្សាយក៏ដោយ។ នេះមានន័យថា ៨០ ភាគរយនៃសូចនាករសម្រាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ដែលមិនទាន់ចេញផ្សាយនៅឆ្នាំ២០១៧ បើប្រៀបធៀបទៅនឹង ៥៨ ភាគរយ សម្រាប់សូចនាករនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមបញ្ចូលគ្នាទាំងអស់។30
ជាមួយគ្នានេះដែរ ដំណើរការដែលរដ្ឋាភិបាលកំពុងប្រើប្រាស់ ដើម្បីសម្រេចថា តើប្រទេសកម្ពុជានឹងសម្របខ្លួនទៅនឹងរបៀបវារៈអភិវឌ្ឍន៍ចីរភាព ក្នុងការអភិវឌ្ឍ CSDG ដែលនៅមិនទាន់ត្រូវបានបញ្ចប់។ ការធ្វើបែបនេះនឹងរួមបញ្ចូលទាំងមូលដ្ឋានីយកម្មលើចំណុចដៅ និងសូចនាករ ក្នុងលក្ខខណ្ឌណាមួយ ដែលនៅតែអាចឱ្យសេដ្ឋកិច្ចកម្ពុជាអាចប្រកួតប្រជែងបាននៅក្នុងតំបន់ និងទូទាំងពិភពលោក។31 បន្ទាប់មក CSDGs នឹងត្រូវដាក់បញ្ចូលឱ្យស្របជាមួយនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិថ្មី (២០១៩-២០២៣) នៅពេលដែលចេញផ្សាយនៅឆ្នាំបន្ទាប់។32
ក្នុងពាក់កណ្តាលឆ្នាំ២០១៦ នៅកម្រិតសកលលោក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ គឺជាគោលដៅតែមួយគត់ ដែលមិនមានទិន្នន័យចេញផ្សាយជាសាធារណៈ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ យើងអាចរកបាននូវទិន្នន័យរបស់សូចនាករ ១៤.៥ (ការគ្របដណ្តប់លើតំបន់ការពារ ដែលមានទំនាក់ទំនងទៅនឹងតំបន់សមុទ្រ)។ ទោះបីជាយ៉ាងណាក៏ដោយ ការកែលម្អនៅតែបន្តមាន ចំពោះការដែលសូចនាករនេះត្រូវបានត្រួតពិនិត្យ។33
សូចនាករ ១៤.៤ ទិន្នន័យទាក់ទងនឹងសមាមាត្រនៃផលស្តុកត្រី នៅក្នុងដែនកំណត់ជីវសាស្ត្រសុវត្ថិភាព អាចរកបានតែនៅកម្រិតសកលលោកប៉ុណ្ណោះ ហើយខណៈពេលដែលវាអាចរកបាន34 ទិន្នន័យទំនងជាស្ថិតនៅក្នុងកម្រិតដដែលនេះ រហូតទាល់តែបញ្ហាទាក់ទងនឹងការបម្លាស់ទីត្រី សមត្ថភាពបច្ចេកទេស និងភាពរសើបផ្នែកនយោបាយដែលទាក់ទងនឹងព្រំដែនមហាសមុទ្រ ត្រូវបានដោះស្រាយ។35
នេះមានន័យថា ប្រទេសកម្ពុជាទំនងជានឹងត្រូវសហការគ្នាជាមួយប្រទេសនៅក្នុងតំបន់ ដើម្បីដោះស្រាយការនេសាទសមុទ្រ ហួសប្រមាណ និងមានសហប្រតិបត្តិការនៅក្នុងប្រទេសផ្ទាល់ និងជាមួយបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាការនេសាទទឹកសាប ហួសប្រមាណ។ សូចនាករសកលមួយទៀតគឺ សូចនាករ ១៤.៣ ស្តីពីការធ្វើអាស៊ីដកម្មសមុទ្រ ដែលបណា្តលមកពីការសាយភាយឧស្ម័នកាបូនិច ដែលមិនអាចស្ថិតនៅក្នុងព្រំដែនជាតិ។ សូចនាករផ្សេងៗទៀតទាក់ទងនឹងកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ ត្រូវការ ការបញ្ជាក់បន្ថែម មុននឹងអាចចែករំលែកទិន្នន័យ សម្រាប់ការត្រួតពិនិត្យជាសាធារណៈលើដំណើរការរបស់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការណ៍នេះនឹងកើតមានឡើងពេលណាមួយ នៅពេលដែលការងារលើ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅគ្រប់កម្រិតកំពុងរីកចម្រើន។36
ប្រធានបទពាក់ព័ន្ធ
ឯកសារយោង
- 1. វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ, «HLPF ឆ្នាំ២០១៧ ការពិនិត្យឡើងវិញតាមប្រធានបទនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៤៖ អភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
- 2. មហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ២០១៧, «មហាសមុទ្ររបស់យើង អនាគតរបស់យើង៖ អំពាវនាវឱ្យមានសកម្មភាព»។ ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
- 3. វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ, «HLPF ឆ្នាំ២០១៧ ការពិនិត្យឡើងវិញតាមប្រធានបទនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៤៖ អភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
- 4. វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៤៖ អភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
- 5. អង្គការមូលនិធិសង្គ្រោះបន្ទាន់សម្រាប់កុមារអន្តរជាតិ (Unicef) ឆ្នាំ២០១០។ «ចំណុចដៅ និងសូចនាករគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍»។ ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
- 6. Luara Recuero Virto, «របាយការណ៍៖ ការវាយតម្លៃបឋមនៃសូចនាករសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៤ ស្តីពី “មហាសមុទ្រ”,» អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច, ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
- 7. Boon P.Y., Mulligan, B., Benbow, S.L.P., Thorne, B.V., Leng P. & Longhurst, K.«ការបែងចែកតំបន់គ្រប់គ្រងជលផលសមុទ្រជាលើកដំបូងនៅកម្ពុជា,» ទិនានុប្បវត្តិកម្ពុជានៃប្រវត្តិសាស្រ្តធម្មជាតិ (២០១៤), ៥៥-៦៥។ ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
- 8. ភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសម្រាប់សមុទ្រអាស៊ីខាងកើត (PEMSEA), «យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សមុទ្រអាស៊ីខាងកើត,» (ទីក្រុង Quezon, ប្រទេសហ្វីលីពិន, PEMSEA, ២០១៥)។ ចូលអានថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៨។
- 9. Baran, E. និង G. Gallego, «វិស័យជលផលប្រទេសកម្ពុជា៖ ទសវត្សរ៍នៃការផ្លាស់ប្តូរ និងវិវត្តន៍,» Catch and Culture (២០១៥), ២១ (៣): ៣០-៣៣។ ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
- 10. ក្រសួងផែនការ, «របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ៖ ការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍,» ភ្នំពេញ, ខែធ្នូ ឆ្នាំ២០១៣។ ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
- 11. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,«របាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០១៧ និងទិសដៅអនុវត្តបន្ត,» ភ្នំពេញ, ខែមករា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៨។
- 12. អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ, «ការអភិរក្សជលផល និងអភិបាលកិច្ចនៅទន្លេសាប»។ ចូលអានថ្ងៃទី ១១ខែមិថុនា ឆ្នាំ២០១៨។
- 13. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, «របាយការណ៍បូកសរុប ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១៦-២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ ២០១៧-២០១៨,» សន្និសីទក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ខែមេសា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 14. រាជរដ្ឋាភិបាលកម្ពុជា, «របាយការណ៍ថ្នាក់ជាតិលើអនុសញ្ញាស្តីពីជីវៈចម្រុះលើកទី៥,» ឆ្នាំ២០១៤។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 15. វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ, «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៤៖ អភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 16. ប៉ូច សុវណ្ណឌី, «ការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងបរិបទកម្ពុជា៖ វឌ្ឍនភាព ក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃ និងជំហានបន្ទាប់,» បទបង្ហាញរៀបចំសម្រាប់កិច្ចប្រជុំឆ្លុះបញ្ចាំងក្រុមការងារបច្ចេកទេសឆ្នាំ ២០១៧, (រាជធានីភ្នំពេញ, ខែកុម្ភៈ ឆ្នាំ ២០១៧)។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 17. អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ, «សេចក្តីប្រកាសរួម៖ តំបន់អភិរក្សសមុទ្រធំទី១ នៅកម្ពុជាបានប្រកាសឱ្យទៅប្រជុំកោះរ៉ុង,» ២០១៦។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 18. រាជរដ្ឋាភិបាលកម្ពុជា, «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤ - ២០១៨,» ភ្នំពេញ, ខែកក្កដា ឆ្នាំ២០១៤។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 19. ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, «ផែនការសកម្មភាព និងយុទ្ធសាស្ត្រជីវចម្រុះជាតិ ឆ្នាំ២០១៦,» ខែកុម្ភៈ ឆ្នាំ២០១៦។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 20. ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង, «ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍបៃតង ២០១៣ - ២០២០,» ខែកុម្ភៈ ឆ្នាំ២០១៦។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 21. កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNDP), «ការវាយតម្លៃរួមបញ្ចូលគ្នាឆាប់រហ័ស - គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា,» (អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា). ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 22. កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNDP). “ការវាយតម្លៃរួមបញ្ចូលគ្នាឆាប់រហ័ស - ប័ណ្ណពិន្ទុគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា,” (អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា)។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 23. វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ, «HLPF ឆ្នាំ២០១៧ ការពិនិត្យឡើងវិញតាមប្រធានបទនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៤៖ អភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 24. Le Blanc, D., C. Friere និង M. Vierros, «ការគូសពីទំនាក់ទំនងរវាងមហាសមុទ្រ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពផ្សេងៗ៖ ការរុករកបឋម,» ឯកសារពិភាក្សានៃនាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិលេខ ១៤៩, ខែកុម្ភៈ ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 25. UNIDO, FiA & MAFF, «ការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃសកម្មភាពពាក់ព័ន្ធនឹងជលផលសមុទ្រនៅកម្ពុជា,» របាយការណ៍រៀបចំឡើងសម្រាប់រាជរដ្ឋាភិបាលកម្ពុជា, ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៥។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 26. បណ្តុំទិន្នន័យនៃកម្មវិធីសិក្សាវាយតម្លៃទឹកឆ្លងព្រំប្រទល់ (TWAP), «ប្រព័ន្ធអេកូឡូស៊ីសមុទ្រធំ ៣៥ – ឈូងសមុទ្រថៃ,» គេហទំព័រ One Shared Ocean, ២០១៥។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 27. Corazon, M. និង M. Ebarvia, «របាយការណ៍ថ្នាក់តំបន់ និងថ្នាក់ជាតិនៃមហាសមុទ្រ និងតំបន់ឆ្នេរ,» បទបង្ហាញរៀបចំឡើងសម្រាប់វេទិកាសេដ្ឋកិច្ចពណ៌ខៀវ ២០១៧។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 28. UNIDO, FiA & MAFF, «ការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃសកម្មភាពពាក់ព័ន្ធនឹងជលផលសមុទ្រនៅកម្ពុជា,» របាយការណ៍រៀបចំឡើងសម្រាប់រាជរដ្ឋាភិបាលកម្ពុជា, ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៥។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 29. ចាប សុធារិទ្ធ, «សន្តិសុខដែនសមុទ្រនៅកម្ពុជា៖ ការវាយតម្លៃសំខាន់,» ឯកសារពិភាក្សានៃវិទ្យាស្ថានខ្មែរ សំរាប់សហប្រតិបត្តិការ និងសន្តិភាពលេខ ២១, ខែវិច្ឆិកា ឆ្នាំ២០០៧។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 30. អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំ២០១៧។ «របាយការណ៍៖ ការវាយតម្លៃបឋមសូចនាករសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៤ ស្តីពី “មហាសមុទ្រ”»។ ចូលអានខែមេសា ឆ្នាំ២០១៨។
- 31. ប៉ូច សុវណ្ណឌី, «ការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងបរិបទកម្ពុជា៖ វឌ្ឍនភាព ក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃ និងជំហានបន្ទាប់,» បទបង្ហាញរៀបចំសម្រាប់កិច្ចប្រជុំឆ្លុះបញ្ចាំងក្រុមការងារបច្ចេកទេសឆ្នាំ ២០១៧, (រាជធានីភ្នំពេញ, ខែកុម្ភៈ ឆ្នាំ ២០១៧)។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 32. ប៉ូច សុវណ្ណឌី, «ការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងបរិបទកម្ពុជា និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអនុវត្ត,» ទីក្រុង Incheon, សាធារណៈរដ្ឋកូរ៉េ, ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 33. អង្គការសហប្រជាជាតិ, «ឃ្លាំងទិន្នន័យមេនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 34. ដូចឯកសារយោងខាងលើ។
- 35. Le Blanc, D., C. Friere និង M. Vierros, «ការគូសពីទំនាក់ទំនងរវាងមហាសមុទ្រ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពផ្សេងៗ៖ ការរុករកបឋម,» ឯកសារពិភាក្សានៃនាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិលេខ ១៤៩, ខែកុម្ភៈ ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨។
- 36. ដូចឯកសារយោងខាងលើ។