វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

IMG_7559

និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។

ប្រទេស​កម្ពុជា​ សម្រេច​បាន​នូវ​ការ​រីក​ចំរើន​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ នា​ប៉ុន្មាន​ទស្ស​វត្ស​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ទៅ​លើ​ចំណេះដឹង​ជា​មូលដ្ឋាន​ កម្ពុជា​មិនសូវ​មានការ​វិវឌ្ឍន៍​ខ្លាំង​ទេ​ បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ជិតខាង​។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការ​ផ្លាស់​ប្តូរ​ កំពុង​កើត​មាន​ឡើង​ទាំង​ក្នុង​កម្រិត​រដ្ឋាភិបាល​—​ចំពោះ​ការ​ដាក់​ចេញ​នូវ​ឯកសារ​ផែនការ​សំខាន់​ស្តី​ពី​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​—​និង​ទាំង​កម្រិត​សហគមន៍​។​ ជា​ឧទាហរណ៍​ ចំនួន​អ្នក​ប្រើប្រាស់​អ៊ិ​ន​ធើ​ណែ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើនឡើង​ពី​ ៣២០,២៩០​ នាក់​ ក្នុង​ឆ្នាំ​២០១០​ រហូត​ដល់​ ៦,២៦៤,៩០២​ នាក់​ ក្នុង​ខែមិថុនា​ ឆ្នាំ​២០១៥​។1 យោង​តាម​របាយការណ៍​ស្តី​ពី​ វិស័យ​ឌី​ជី​ថ​ល​ សង្គម​ និង​ទូរស័ព្ទ​ចល័ត​ របស់​អេ​ភី​អេ​ស៊ី​ ឆ្នាំ​ ២០១៥​ ការ​ជ្រៀប​ចូល​ចំពោះ​ការ​ប្រើប្រាស់​អ៊ិ​ន​ធើ​ណែ​ត​ មាន​កម្រិត​ ២៥​ ភាគរយ​ ដែល​មាន​កម្រិត​នៅ​ទាប​នៅឡើយ​  បើ​ធៀប​នឹង​អត្រា​ជ្រៀប​ចូល​នូវ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ទូ​ទាំង​ពិភពលោក​ ដែល​មាន​ ៤២​ ភាគរយ​។​2

គោលនយោបាយ និងយុទ្ធសាស្ត្រ

​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ ស្តី​ពី​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ការ​ច្នៃប្រឌិត​ របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មានការ​ចូលរួម​ពី​ពី​សំណាក់​ក្រសួង​នានា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​។3 ការិយាល័យ​របស់​អង្គការ​យូ​ណេ​ស្កូ​ ប្រចាំ​រាជធានី​ភ្នំពេញ​ បាន​ជួយ​ជ្រោមជ្រែង​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​នូវ​គោលនយោបាយ​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រចាំ​តំបន់​របស់​អង្គការ​យូ​ណេ​ស្កូ​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ចា​កា​តា​ ដែល​មានឈ្មោះ​ថា​ “​កម្មវិធី​បែប​ទូលំទូលាយ​ ដើម្បី​បង្កើន​ការ​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​”​ (​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ COMPETENCE)​ នៅ​តំបន់​អាស៊ី​។4

​សេចក្តី​ព្រាង​គោលនយោបាយ​នេះ​ បង្ហាញ​ពី​យុទ្ធសាស្ត្រ​ចំនួន​ប្រាំ​ ដែល​ពាក់ព័ន្ធ​នឹង​ ផែនការ​សម្រាប់​ធនធានមនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​អភិវឌ្ឍ​ខាង​ស្ថាប័ន​ ការ​លើកទឹកចិត្ត​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​ និង​ការ​បង្កើត​ក្រសួង​សម្រាប់​កម្មវិធី​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ការ​បង្កើត​ថ្មី​។​

​ផែនការមេ​ស្តី​ពី​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ជាតិ​កម្ពុជា​ ឆ្នាំ​២០១៤-២០២០​ ត្រូវ​បាន​ផ្សព្វផ្សាយ​ កាលពី​ខែតុលា​ ឆ្នាំ​២០១៤​ ដោយ​ក្រសួងផែនការ​ និង​មានការ​គាំទ្រ​ពី​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​។​ ការ​បង្កើត​ថ្មី​ផ្នែក​ឧស្សាហកម្ម​ គឺជា​ការ​យកចិត្តទុកដាក់​ដ៏​សំខាន់​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ចម្បងៗ​ និង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​។​5

​ផែនការមេ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ របស់​ប្រទេស​កម្ពុជា​ ឆ្នាំ​២០២០​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ផង​ដែរ​ ក្នុង​ឆ្នាំ​២០១៤​។6 ​ផែនការ​នេះ​ ស្រប​នឹង​ផែនការមេ​ក្នុង​ វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥​។​  វា​ផ្តោត​ទៅ​លើ​ ធនធានមនុស្ស​ ការ​បណ្តុះបណ្តាល​ និង​ការ​លើកកម្ពស់​អក្ខរកម្ម​ឌី​ជី​ថ​ល​ (​រាប់​បញ្ចូល​ទាំង​អ្នក​រស់នៅ​តាម​ជនបទ​)​ លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​របស់​មន្ត្រី​រដ្ឋាភិបាល​ ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ ។​ល​។​ គោលដៅ​ជាក់លាក់​នៃ​ផែនការ​នេះ​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​កម្ពុជា​ អាច​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​បាន​ ៧០​ ភាគរយ​ នៅ​ឆ្នាំ​ ២០២០​។

បច្ចេកវិទ្យា​ព័ត៌មាន​ គឺ​មាន​សារៈសំខាន់​ណាស់​ សម្រាប់​សង្គម​មួយ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​។​ កាលពី​ឆ្នាំ​២០១៤​ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ ឯកឧត្តម​ អូន​ ព័ន្ធ​មុន្នី​រ័​ត្ន​ បាន​មាន​ប្រសាសន៍​ថា​ ដំណើរការ​ធ្វើ​សេចក្តី​ព្រាង​ថវិកា​របស់​ប្រទេស​កម្ពុជា​ គឺ​ មាន​លក្ខណៈ​ស្មុគស្មាញ​ ដោយសារ​កង្វះ​នូវ​បច្ចេកវិទ្យា​ ដែល​មិន​អនុញ្ញាត​ឱ្យ​ក្រសួង​ របស់​លោក​ ដំណើរការ​ឲ្យ​បាន​ឆាប់រហ័ស​ និង​ធ្វើការ​ចែករំលែក​ព័ត៌មាន​ដល់​សាធារណជន​។7

វិទ្យាសាស្រ្តនៅក្នុងវិស័យអប់រំ

ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​នូវ​មូលដ្ឋាន​នាំ​ចេញ​របស់​ខ្លួន​ ពី​សម្លៀក​បំពាក់​ ទៅ​ជា​ដំណើរការ​កែ​ច្នៃ​កសិកម្ម​ ផលិតកម្ម​ធុន​ស្រាល​ គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ និង​វិស័យ​ដទៃ​ទៀត​នោះ​ គឺ​តម្រូវ​ឲ្យ​មាន​កម្លាំង​ពលកម្ម​ ដែល​មាន​ជំនាញ​ និង​ការ​អប់រំ​ឱ្យ​បាន​សម​ស្រប​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៤​ បាន​បង្ហាញ​ថា​ និស្សិត​ខ្មែរ​ តិច​ជាង​ ៦​ ភាគរយ​ បាន​ចុះ​ឈ្មោះ​សិក្សា​នៅ​ក្នុង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ ដូច​ជា​ ជីវវិទ្យា​ ឬ​ វិស្វកម្ម​ ខណៈ​ដែល​ និស្សិត​ប្រមាណ​ ៤៦​ ភាគរយ​ ផ្សេង​ទៀត​ បាន​សិក្សា​ផ្នែក​គណនេយ្យ​ ហិរញ្ញវត្ថុ​ ឬ​ គ្រប់គ្រង​។8

​គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​ផ្សេង​ទៀត​ ជុំវិញ​ព្រឹត្តិការណ៍​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​ របស់​ប្រទេស​កម្ពុជា​ ជា​លើក​ដំបូង​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ កាលពី​ខែមីនា​ ឆ្នាំ​២០១៥​ គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​យុវជន​កាន់តែ​ច្រើន​ទទួល​បានការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ជា​មូលដ្ឋាន​។9

​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ ដូច​ជា​ក្រុមហ៊ុន​តម្លើង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​របស់​ជប៉ុន​ ដែល​មានឈ្មោះ​ថា​ មីនា​បៀ​ (Mineabea)​ បច្ចុប្បន្ន​នេះ​ មាន​និយោជិត​ចំនួន​ ៧,២០០​ នាក់​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ កំពុង​កសាង​កន្លែង​បណ្តុះបណ្តាល​ផ្ទាល់ខ្លួន​។​

ការស្រាវជ្រាវ និងអភិវឌ្ឍន៍

​យោង​តាម​ការ​ប៉ាន់​ប្រមាណ​ មូលនិធិ​នៃ​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ ប្រមាណ​ ៧០​ ភាគរយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​ ពី​បរទេស​។​10 
បើ​ប្រៀបធៀប​នឹង​ប្រទេស​ថៃ​ មាន​តួលេខ​តែ​ ២.៥​ ភាគរយ​ ប៉ុណ្ណោះ​។​

​ការ​សិក្សា​ទៅ​លើ​សាកលវិទ្យាល័យ​ចំនួន​១៥​ នៅ​ឆ្នាំ​២០១០​ បាន​រក​ឃើញ​ថា​ ជា​ទូទៅ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ មិន​ត្រូវ​បាន​យល់​ឃើញ​ថា​ជា​បេសកកម្ម​ស្នូល​មួយ​ នៃ​សាកលវិទ្យាល័យ​ឡើយ​។​11 សាកលវិទ្យាល័យ​ភាគច្រើន​ មិន​មាន​គោលនយោបាយ​ស្រាវជ្រាវ​ច្បាស់លាស់​ ក្នុង​ការ​គាំទ្រ​ដល់​យន្តការ​របស់​ស្ថាប័ន​ ដើម្បី​លើកកម្ពស់​ទាំង​បរិមាណ​ និង​គុណភាព​នៃ​ការ​ស្រាវជ្រាវ​ របស់​មហាវិទ្យាល័យ​ឡើយ​។​12 មាន​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​តូច​ ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ល្អ​ ប្រាក់ខែ​ទាប​ គោលដៅ​អាជីព​ការងារ​មិន​ច្បាស់លាស់​ និង​ការ​រីក​ដាល​នៃ​ស្ថាប័ន​ស្រាវជ្រាវ​មិន​មាន​លក្ខណៈ​ស្មើគ្នា​។​ មិន​មានការ​ផ្តល់​មូលនិធិ​គាំទ្រ​លក្ខណៈ​ប្រកួតប្រជែង​ សម្រាប់​ទ្រទ្រង់​ការ​សិក្សា​ស្រាវជ្រាវ​លក្ខណៈ​វិទ្យាសាស្ត្រ​ទេ​។​ នៅ​ចន្លោះ​ឆ្នាំ​២០០២​ និង​ ឆ្នាំ​២០០៨​  មាន​ប្រកាស​នី​យ​ប័ត្រ​តក្កកម្ម​ (​ប៉ាតង់​)​ ថ្មី​តែ​ពីរ​ប៉ុណ្ណោះ​ ដែល​បាន​ចុះបញ្ជី​។​

ប្រកាសនីយប័ត្រតក្កកម្ម (ប៉ាតង់)

​ខណៈ​ដែល​ប្រទេស​កម្ពុជា​ ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ទី​ក្រុងប៉ារីស​សម្រាប់​ការ​ការពារ​កម្មសិទ្ធិបញ្ញា​និង​មានច្បាប់​ប៉ាតង់​សម្រាប់​អនុវត្ត​តាំងពី​ឆ្នាំ​២០០៣​មក​ កម្ពុជា​មាន​ឧបសគ្គ​ក្នុង​ការ​ដំណើរ​ ពាក្យ​ស្នើ​សុំ​ចំនួន​១២៥​ ដែល​កំពុង​រង់ចាំ​ការ​ចុះបញ្ជី​ប៉ាតង់​ តាំងពី​ដើមឆ្នាំ​២០១៥​។​ ការ​ចុះបញ្ជី​ប៉ាតង់​ ទទួល​ជំនួយ​មួយ​ចំនួន​ពី​ក្រុមហ៊ុន​សិង្ហ​បុរី​ ក្នុង​គោលបំណង​ដើម្បី​សម្រេច​បាន​នូវ​ការ​អនុលោម​តាម​ច្បាប់​ សម្រាប់​ថ្ងៃ​កំណត់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC)​ នៅ​ចុងឆ្នាំ​២០១៥​។ 13 ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ជា​ស្ថាប័ន​ទទួល​ពាក្យ​ស្នើ​សុំ​ប៉ាតង់​។​

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ៣០ តុលា ២០១៥

ឯកសារយោង

  • 1. បញ្ញត្តិករទូរគមនាគមន៍កម្ពុជា. “ការជាវអ៊ីនធើណែត.” ដកស្រង់ ៣០ តុលា ២០១៥. http://www.trc.gov.kh/internet-subscribers/
  • 2. Simon Kemp. “វិស័យឌីជីថល សង្គម និងទូរស័ព្ទចល័ត នៅក្នុង APAC ឆ្នាំ២០១៥.” ១១ មីនា ២០១៥. ដកស្រង់ ២៩ តុលា ២០១៥. http://wearesocial.net/blog/2015/03/digital-social-mobile-apac-2015 /
  • 3. អង្គការយូណេស្កូ. “អង្គការយូណេស្កូកម្ពុជា គាំទ្រការធ្វើសេចក្តីព្រាងនៃគោលនយោបាយជាតិលើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងការបង្កើតថ្មី.” ដកស្រង់ ២៨ សីហា ២០១៥. http://www.unesco.org/new/en/phnompenh/about-this-office/single-view/news/unesco_cambodia_supports_the_drafting_of_the_national_policy_on_science_technology_and_innovation-1/#.Vep43GSqqko
  • 4. អង្គការយូណេស្កូ. “កម្មវិធីទូលំទូលាយ ដើម្បីបង្កើនយាការអប់រំផ្នែកបច្ចេកវិទ្យា វិស្វកម្ម និងវិទ្យាសាស្រ្ត (COMPETENCE) នៅក្នុងតំបន់អាស៊ី.” ដកស្រង់ ២៩ តុលា ២០១៥. http://unesdoc.unesco.org/images/0018/001840/184044e.pdf
  • 5. ហ៊ត ស៊្រឺ. “KOICA និង ក្រសួងផែនការ ផ្សព្វផ្សាយផែនការមេស្តីពី វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២០១៤-២០២០.” ៨ តុលា ២០១៤. ដកស្រង់ ២២ សីហា ២០១៥. http://www.koicacambodia.org/koica-and-mop-release-cambodia-national-science-technology-master-plan-2014-2020/
  • 6. ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ. “សង្ខេបផែនការមេស្តីពីបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ នៅកម្ពុជា ឆ្នាំ២០២០.” ដកស្រង់ ២៨ សីហា ២០១៥. http://www.trc.gov.kh/wp-content/uploads/2015/03/Cambodian-ICT-Masterplan-2020.pdf
  • 7. កង សុធា. “រដ្ឋមន្រ្តីនិយាយថា កង្វះបច្ចេកវិទ្យាធ្វើឱ្យមានភាពមិនច្បាស់លាស់លើថវិកា.” ខេមបូឌាដេលី, ២៣ ធ្នូ ២០១៤. ដកស្រង់ ២៨ សីហា ២០១៥. https://www.cambodiadaily.com/news/technology-to-blame-for-lack-of-clarity-on-budget-minister-says-74734/
  • 8. Charles Rollet. “កម្ពុជា​ចាំ​បាច់​អភិវឌ្ឍ​វិស័យ​អប់រំ​បែប​វិទ្យាសាស្រ្ត.” ភ្នំពេញប៉ុស្តិ៍, ១៩ មីនា ២០១៥. ដកស្រង់ ២៨ សីហា ២០១៥. http://bit.ly/1NL9UKW
  • 9. វេទិកាស្រាវជ្រាវការអភិវឌ្ឍនៅកម្ពុជា. ២០១០. “ការធ្វើវិសាលភាពការសិក្សាស្រាវជ្រាវ៖ សមត្ថភាពស្រាវជ្រាវនៃសាកលវិទ្យាល័យនៅកម្ពុជា.” ដកស្រង់ ២៨ សីហា ២០១៥. http://www.cdri.org.kh/webdata/download/sr/sr5ae.pdf
  • 10. Tim Turpin និង Jose A. Magpantay. “ការវាយតម្លៃ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការបង្កើតថ្មី នៅកម្ពុជា.” STEPAN Update, ១០ (១) មិថុនា ២០១០. ដកស្រង់ ២៨ សីហា ២០១៥. http://unesdoc.unesco.org/images/0018/001887/188733E.pdf
  • 11. វេទិកាស្រាវជ្រាវការអភិវឌ្ឍនៅកម្ពុជា. ២០១០. “ការធ្វើវិសាលភាពការសិក្សាស្រាវជ្រាវ៖ សមត្ថភាពស្រាវជ្រាវនៃសាកលវិទ្យាល័យនៅកម្ពុជា.” ដកស្រង់ ២៨ សីហា ២០១៥. http://www.cdri.org.kh/webdata/download/sr/sr5ae.pdf
  • 12. វិទ្យាស្ថានអង្គការយូណេស្កូសម្រាប់ស្ថិតិ. “វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការបង្កើតថ្មី.” ដកស្រង់ ៣០ តុលា ២០១៥. http://data.uis.unesco.org/Index.aspx?queryid=76
  • 13. Dezan Shira និង សហការី. “កម្ពុជាទទួលស្គាល់ ប័ណ្ណប៉ាតង់ជាលើកដំបូង.” អត្ថបទសង្ខេបអាស៊ាន, ១២ មីនា ២០១៥. ដកស្រង់ ៣០ តុលា ២០១៥. http://www.aseanbriefing.com/news/2015/03/12/cambodia-recognizes-first-patent-application.html
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

T8Uzs
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!