ច្បាប់ និងប្រព័ន្ធតុលាការ

រដ្ឋសភា នៃប្រទេសកម្ពុជា. រូបភាព ថតដោយ សន សៀងហេង កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ

រដ្ឋសភា នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ សន សៀងហេង កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC-BY 2.0.

បើ​ទោះជា​មាន​រដ្ឋធម្មនុញ្ញ​សរសេរ​ជាង​ ២០​ឆ្នាំ​មក​កន្លង​មក​ហើយ​ ក៏​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ នៅ​តែ​ក្មេង​ខ្ចី​នៅឡើយ​ ហើយ​នៅ​តែ​បន្ត​ប្រែប្រួល​​ទ្រង់ទ្រាយ​ ដោយ​កត្តា​និង​ភ្នា​ក់​ងារខាងក្នុង​និង​ក្រៅ​ជា​ច្រើន​។​

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ គឺជា​ច្បាប់​កំពូល​ និងកំណត់ការ​រៀបចំ​គ្រប់គ្រង​រដ្ឋាភិបាល​ និង​ស្ថាប័ន​របស់​ប្រទេស​នេះ​។​ ច្បាប់​ និង​បទបញ្ជា​ទាំង​ឡើយ​ កើត​ចេញ​មក​ពី​រដ្ឋធម្មនុញ្ញ​ និង​ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។​1 បញ្ហា​ជា​ច្រើន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ រួម​បញ្ចូល​ទាំង​ អធិបតេយ្យភាព​ តួនាទី​ និង​ឋានៈ​របស់​ ព្រះមហាក្សត្រ​ សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដំណើរការ​របស់​ រដ្ឋសភា​ ព្រឹទ្ធសភា​ សមាជ​ និង​ រដ្ឋាភិបាល​ ព្រមទាំង​ដំណើរការ​នៃ​ស្ថាប័ន​តុលាការ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ និង​ រដ្ឋបាល​ របស់​រដ្ឋ​។​

​ច្បាប់​និង​ក្រឹត្យ​ទាំងឡាយ​ មាន​ឋានានុក្រម​ ហើយ​ត្រូវ​ស្រប​ទៅ​នឹង​អត្ថបទ​ដែល​មាន​ឋានានុក្រម​ខ្ពស់​ជាង​។​

  • រដ្ឋធម្មនុញ្ញ​:​ ច្បាប់​កំពូល​។​
  • សន្ធិសញ្ញា​អន្តរជាតិ​:​ បន្ទាប់​ពី​ទទួល​បាន​សច្ចា​នុ​ម័ត​ សន្ធិសញ្ញា​ និង​អនុសញ្ញា​អន្តរជាតិ​ នឹង​មាន​អានុភាព​ដូច​ជា​ច្បាប់​ក្នុងស្រុក​ដែរ​ និង​ក្លាយជា​មូលដ្ឋាន​សម្រាប់​សេចក្តីសម្រេច​របស់​តុលាការ​។​
  • ច្បាប់​:​ ច្បាប់​ ដែល​ត្រូវ​បាន​ព្រាង​ដោយ​គណៈរដ្ឋមន្ត្រី​ ឬ​ស្នើ​ដោយ​រដ្ឋសភា​ នឹង​ត្រូវ​អនុម័ត​យល់​ព្រម​ដោយ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ មុន​នឹង​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះមហាក្សត្រ​។​
  • ព្រះរាជក្រឹត្យ​:​ ក្រឹត្យ​ដែល​ចេញ​ដោយ​ ឬ​ក្នុង​ព្រះ​នាម​ព្រះមហាក្សត្រ​។​
  • អនុក្រឹត្យ​:​ ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​ បន្ទាប់​ពី​អនុម័ត​យល់ព្រម​ដោយ​កិច្ចប្រជុំ​ នៃ​គណៈរដ្ឋមន្ត្រី​។​
  • ប្រកាស​:​ ចេញ​ដោយ​រដ្ឋមន្ត្រី​ ដែល​ជា​ប្រធាន​សមី​ក្រសួង និងជាសមាជិក​នៃ​រាជរដ្ឋាភិបាល​។​
  • សារាចរ​:​ ចេញ​ដោយ​នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ ដើម្បី​ពន្យល់​ ឬ​បញ្ជាក់​បន្ថែម​លើ​វិធានការ​ ឬ​ផ្តល់​ការ​ណែនាំ​។​
  • ដីកា​:​ ចេញ​ដោយ​អភិបាល​។​​

ក្រុមប្រឹក្សាធម្មនុញ្ញ​

ខណៈ​ដែល​រដ្ឋធម្មនុញ​មាន​ឋានានុក្រម​ខ្ពស់​ជាង​ច្បាប់​ទាំងឡាយ​នៅ​ប្រទេស​កម្ពុជា​ ក្រុមប្រឹក្សាធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រេចសេចក្តី​លើ​សំណួរ​ទាំងឡាយ​ ដែល​ពាក់ព័ន្ធ​នឹង​ធម្មនុញ្ញភាព​របស់​ច្បាប់​ជា​ធរមាន​ សេចក្តី​ព្រាង​/​សេចក្តី​ស្នើ​ច្បាប់​ និង​កិច្ច​រដ្ឋបាល​។​ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ គឺជា​សេចក្តីសម្រេច​ចុង​ក្រោយ​ និង​បិទផ្លូវ​តវ៉ា​ ប៉ុន្តែ​ស្ថាប័ន​នេះ​ មិន​អាច​ផ្តួចផ្តើម​កិច្ចការ​ពិនិត្យ​ធម្មនុញ្ញភាព​នេះ​ ដោយ​ឯកឯង​បាន​ទេ​។​ ក្រុមប្រឹក្សាធម្មនុញ្ញ​ មាន​សមាជិក​ចំនួន​ ៩​រូប​ ដែល​តែងតាំង​ដោយ​ ព្រះមហាក្សត្រ​ រដ្ឋសភា​ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ សម្រាប់​អាណត្តិ​ ៩​ឆ្នាំ​។​2 ក្រុមប្រឹក្សា​ មិន​អាច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​ខ្លួនឯង​បាន​ទេ​ ប៉ុន្តែ​អាច​ផ្តល់​យោបល់​រដ្ឋសភា​ឱ្យធ្វើ​វិសោធនកម្ម​បាន​។​

​ដំណើរការ​ធ្វើ​ច្បាប់​

​រដ្ឋសភា​ និង​ព្រឹទ្ធសភា​មាន​អំណាចនីតិប្បញ្ញត្តិ​ មាន​ន័យ​ថា​ ជា​ស្ថាប័ន​ធ្វើ​ច្បាប់​។​3 សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ និង​នាយក​រដ្ឋមន្ត្រី​ មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់​។4​ ដំណើរការ​ធ្វើ​ច្បាប់​ ជា​ទូទៅ​ មានរ​យៈពេល​ពី​ពីរ​ទៅ​បី​ខែ​។​ ក្នុង​ករណី​ប្រញាប់​ ច្បាប់​អាច​នឹង​ត្រូវ​បាន​អនុម័ត​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​ ច្បាប់​ ត្រូវ​អនុម័ត​យល់ព្រម​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត​ (៥០​ភាគរយ​ បូក​នឹង​១)​ នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​។5​ ព្រឹទ្ធសភា​ ដែល​ពី​ដើម​ឡើយ​មិន​ស្ថិត​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ត្រូវ​បាន​បង្កើត​ឡើង​ តាម​យៈ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​១៩៩៩​។​

ករណី​ជា​ច្រើន​ បាន​កើតឡើង​ ដែល​ក្នុង​នោះ​ ឋានានុក្រម​របស់​ច្បាប់​មិន​បាន​គោរព​។​6 ឧទាហរណ៍​ ព្រះរាជក្រឹត្យ​ លេខ​ ០៨០៦/៣៣៩​ ចុះ​ថ្ងៃ​ទី​ ៣​ ខែសីហា​ ឆ្នាំ​២០០៦​ អនុញ្ញាត​ឱ្យ​មានការ​ធ្វើ​ចំណាត់ថ្នាក់​ដី​សាធារណៈ​របស់​រដ្ឋ​ មក​ជា​ដី​ឯកជន​របស់​រដ្ឋ​ (​ដែល​អាច​អនុញ្ញាត​ឱ្យ​សម្បទាន​ដី​សេដ្ឋកិច្ច​ អាច​ធ្វើ​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​)​ ដែល​ទំនងជា​រំលោភ​លើ​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​7 ដែល​មាន​ឋានានុក្រម​ខ្ពស់​ជាង​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​ខ្មែរ​។​

​ប្រព័ន្ធ​តុលាការ​ និង​តុលាការ​

ប្រព័ន្ធ​តុលាការ​កម្ពុជា​ មាន​សាលាដំបូង​ សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​។​ តាម​មាត្រា​១២៨​ នៃ​រដ្ឋធម្មនុញ្ញ​ អំណាចតុលាការ​ជា​អំណាច​ឯករាជ្យ​ ធានា​រក្សា​អ​នា​គតិ​ និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​ រដ្ឋធម្មនុញ្ញ​ប្បញ្ញត្តិ​ទុក​អោយ​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាចតុលាការ​កំណត់​នៅ​ក្នុង​ច្បាប់​ដោយឡែក​។​

​មាន​តែ​ចៅក្រម​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ជម្រះក្ដី​។​ ចៅក្រម​ត្រូវ​បំពេញភារកិច្ច​នេះ​ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ និង​អោយ​អស់ពី​ចិត្ត​ និង​សតិសម្បជញ្ញៈ​របស់​ខ្លួន​។8 សិទ្ធិ​ក្នុង​ការ​ទទួល​បាន​សវនាការ​ត្រឹមត្រូវ​ និង​យុត្តិធម៌​ មាន​ប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​ និង​វិធាន​នីតិវិធី​ជា​ច្រើន​។​ សច្ចធារណ៍និរទោស​ បន្ទុកភស្តុតាង​ និង​វិធាន​គ្រប់គ្រង​ការ​ទទួលយក​ និង​ការ​ច្រានចោល​ភ័ស្តុតាង​ តួយ៉ាង​ដូច​ជា​ការ​ផ្តល់​សក្ខីកម្ម​ដោយ​បង្ខំ​ មាន​កំណត់​នៅ​ក្នុង​ក្រម​។​ ខណៈ​ដែល​តំណាង​ស្របច្បាប់​ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូ​ប​ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ប្រព័ន្ធ​ជំនួយ​ផ្នែក​ច្បាប់​របស់​ប្រទេស​កម្ពុជា​ ទទួល​ការ​រិះគន់​ដោយ​កង្វះ​ខាត​មូលនិធិ​ឧបត្ថម្ភ​ និង​ ភាព​មិន​មាន​ប្រសិទ្ធិ​ភាព​។​ នៅ​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ បើ​ទោះជា​មាន​មេធាវី​ជំនួយ​ផ្នែក​ច្បាប់​សរុប​ចំនួន​ ៧៤​រូប​ មក​ពី​រាជរដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ខេត្ត​ចំនួន​ប្រាំពីរ​នៅ​ក្នុង​ ប្រទេស​នេះ​ មិន​មាន​មេធាវី​ជំនួយ​ផ្នែក​ច្បាប់​ទេ​។​9

​ក្រសួងយុត្តិធម៌​ ទទួលខុសត្រូវ​លើ​ “​ការ​ការពារ​ឯករាជ្យ​របស់​តុលាការ​”​ ជាមួយនឹង​រឿង​ក្តី​រដ្ឋប្បវេណី​ ព្រហ្មទណ្ឌ​ និង​ការ​លើកលែងទោស​ជា​ទូទៅ​ ការ​ចោទប្រកាន់​ជនល្មើស​ និង​កិច្ចការ​អន្តរជាតិ​។​10

នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​លើ​កិច្ចការ​ឯករាជ្យ​ភាព​របស់​ចៅក្រម​ និង​មេធាវី​ បាន​ជម្រុញ​ឱ្យ​ព្រះមហាក្សត្រ​បញ្ឈប់​ច្បាប់​ទាំងឡាយ​ណា​ ដែល​ទំនងជា​បង្កើន​ឥទ្ធិពល​អំណាចនីតិប្រតិបត្តិ​ទៅ​លើ​តុលាការ​ តាម​រយៈ​ក្រសួងយុត្តិធម៌​។​11 នៅ​ខែកញ្ញា​ ឆ្នាំ​២០១៥​ សមាគម​មេធាវី​អន្តរជាតិ​ បាន​ចេញ​របាយការណ៍​មួយ​ប្រកាស​ពី​ប្រព័ន្ធ​យុត្តិធម៌​ពុក​រលួយ​នៅ​គ្រប់​កំរិត​ ហើយ​ជា​ពិសេស​ក្រោម​ឥទ្ធិពល​របស់​គណបក្សកាន់អំណាច​។12​ ក្រសួងយុត្តិធម៌​នៃ​ប្រទេស​កម្ពុជា​ បាន​ទទួលស្គាល់​ថា​ អំពើ​ពុក​រលួយ​ គឺជា​បញ្ហា​ ប៉ុន្តែ​អះអាង​ថា​ ស្ថានភាព​នេះ​ មិនអាក្រក់​ដូចដែល​សមាគម​មេធាវី​អន្តរជាតិ​ បាន​រាយការណ៍​នោះ​ទេ​ ព្រមទាំង​បាន​លើក​ជា​យោបល់​ថា​ របាយការណ៍​នេះ​ “​មិន​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ពេញលេញ​ពី​ការ​ពិត​នៃ​វឌ្ឍនភាព​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​”​ ទេ​។13

សម្រាប់​ឆ្នាំ​២០១៥​នេះ​ ស​ន្ទ​ស្សន៍​នីតិរដ្ឋ​ចេញ​ដោយ​គម្រោង​យុត្តិធម៌​ពិភពលោក​ បាន​ចាត់​ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​ នៅ​លេខ​រៀង​ទី​៩៩​ ក្នុង​បណ្តា​ប្រទេស​១០២​នៅ​ទូ​ទាំង​ពិភពលោក​ និង​ក្នុង​ចំណាត់ថ្នាក​ទី​ ១៥​ នៃ​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ពិន្ទុ​ទាប​បំផុត​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​តារាង​ស​ន្ទ​ស្សន៍​ គឺ​ដោយសារ​ការ​ប្រើ​ឥទ្ធិពល​មិន​សមរម្យ​របស់​រដ្ឋាភិបាល​ ទៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ ខណៈ​ពិន្ទុ​ខ្ពស់​បំផុត​ គឺ​សម្រាប់​អវត្តមាន​នៃ​ជម្លោះ​ស៊ី​វិល​។​ 14

ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ១១២​ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ចំនួន​ ១១៣​ ដែល​ត្រូវ​បាន​ធ្វើការ​ស្ទាបស្ទង់​នៅ​ទូ​ទាំង​ពិភពលោក​គឺ​នៅ​បន្ទាប់​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងកើត​ និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ស្តី​ពី​ការ​យល់​ដឹង​ផ្នែក​នីតិរដ្ឋ​ ដែល​បាន​ចេញផ្សាយ​ដោយ​គម្រោង​យុត្តិធម៌​ពិភពលោក​ផ្នែក​ច្បាប់​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ​។​15 ស​ន្ទ​ស្សន៍​ស្ទាបស្ទង់​ពី​ការ​យល់​ដឹង​ផ្នែក​នីតិរដ្ឋ​ក្នុង​ប្រទេស​ ដោយ​ការ​ដាក់​ពិន្ទុ​ផ្អែក​ទៅ​លើក​កត្តា​ចំនួន​ប្រាំបី​ដែល​មាន​ដូច​ជា​ការ​ប្រើប្រាស់​អំណាច​របស់​រដ្ឋាភិបាល​ ការ​គ្មាន​អំពើ​ពុក​រលួយ​ ការ​បើកចំហ​របស់​រដ្ឋាភិបាល​សណ្តាប់ធ្នាប់​ និង​សន្តិសុខ​ ការ​អនុវត្ត​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម​។​

​ប្រព័ន្ធ​ពន្ធនាគារ​

​ពន្ធនាគារ​ជាតិ​និង​ខេត្ត​ចំនួន​ ២៨​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ត្រូវ​គ្រប់គ្រង​ដោយ​នាយក​ដ្ឋា​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។​ ស្ថានភាព​ចង្អៀត​ណែន​តាន់តាប់​នៅ​ក្នុង​ពន្ធនាគារ​ បាន​ក្លាយជា​សេចក្តី​ព្រួយបារម្ភ​ ជា​យូរ​មក​ហើយ​ ទាំង​សម្រាប់​រដ្ឋាភិបាល​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​16

មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ទស្ស​វត្ស​ចុង​ក្រោយ​នេះ​។​ ស្ថិតិ​ដែល​បាន​រាយការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បង្ហាញ​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០០៦​ មាន​អ្នក​ជាប់​ពន្ធនាគារ​ ៩,៦៣៤​ នាក់​ នៅ​ត្រឹម​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ចំនួន​បាន​កើនឡើង​ពីរ​ដង​ ប្រមាណ​ជិត​ ២១,៧០០​ នាក់​។17

​អ្នក​អង្កេត​ការណ៍​បាន​ដាក់​ការ​កើនឡើង​នៃ​តួរ​លេខ​នេះ ​ទៅ​ក្នុង​​ការងារ​​ពង្រឹង​ច្បាប់​ដែល​មាន​ស្រាប់​អោយ​កាន់តែ​ប្រសើរ​ជាង​នេះ​ និង​សេចក្តីណែនាំ​នៃ​ច្បាប់​ថ្មី​ដែល​រួម​មានការ​ដាក់​ពន្ធនាគារ​ក៏​ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​។​

នៅ​ឆ្នាំ​២០១៥​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ បាន​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិជន​ ដើម្បី​ឱ្យ​ក្មេងៗ​ទាំងនោះ​ ទទួល​បានការ​ស្តារ​នីតិសម្បទា​ ក្នុងអំឡុងពេល​ជាប់​ពន្ធនាគារ​។​18

បច្ចុប្បន្នភាពចុងក្រោយ៖ ២៩​ វិច្ឆិកា ២០១៦

ឯកសារយោង

  • 1. ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា. “រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា,” មាត្រា១៥០. www.senate.gov.kh/home/index.php?option=com_content&view=article&id=62&Itemid=150&lang=en
  • 2. ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា. “អ្វីទៅ គឺជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ?” ចូលអាននៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៥. www.ccc.gov.kh/whatisccc_en.php
  • 3. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៩០ និង មាត្រា៩៩។
  • 4. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៩១ វាក្យខណ្ឌ១។
  • 5. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៩០ ។
  • 6. ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. ឆ្នាំ២០០៧. “សម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា៖ ទស្សនៈវិស័យ សិទ្ធិមនុស្ស.” ចូលអាននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥. http://cambodia.ohchr.org/WebDOCs/DocReports/2-Thematic-Reports/Thematic_CMB12062007E.pdf។
  • 7. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៥៨ វាក្យខណ្ឌ២។ ច្បាប់ភូមិបាល ឆ្នាំ២០០១, មាត្រា១៦ វាក្យខណ្ឌ៤។
  • 8. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា១២៩។
  • 9. ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. ឆ្នាំ២០១៣. “ចំនួន និងទីតាំង នៃមេធាវីជំនួយផ្នែកច្បាប់ នៅកម្ពុជា.” ចូលអាននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥. http://cambodia.ohchr.org/WebDOCs/DocProgrammes/Number_and_location_of_legal_aid_lawyers_in_Cambodia.pdf
  • 10. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា. “អនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងយុត្តិធម៌.” ចូលអាននៅថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០១៥. www.pic.org.kh/fileadmin/user_upload/Files/Library_Resources/CLRDA_Legal_Database_PDF/Part_4_-_Executive_Branch/ANK-19-00_Org_and_Fun_of_MoJ_Eng.pdf
  • 11. ហ៊ុល រស្មី និង ឡូរ៉ែន ក្រូឌឺ. “អ្នកជំនាញរបស់អង្គការសហប្រជាជាតិស្នើព្រះមហាក្សត្រឱ្យបញ្ឈប់បណ្តាច្បាប់ក្នុងវិស័យតុលាការ.” ឌឹ ខេមបូឌា ដេលី. ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥. ចូលអាននៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៥. www.cambodiadaily.com/archives/un-expert-calls-on-king-to-block-judicial-laws-64167/
  • 12. សមាគមមេធាវីអន្តរជាតិ (ឆ្នាំ២០១៥). “យុត្តិធម៌ ទល់នឹង អំពើពុករលួយ៖ ការប្រឈមទៅនឹងឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា.” ចូលអាននៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥. www.ibanet.org/Article/Detail.aspx?ArticleUid=fb11e885-5f1d-4c03-9c55-86ff42157ae1
  • 13. អ៊ែប៊ី ស៊ីហ្វ. “កម្ពុជា៖ អំពើពុករលួយក្នុងប្រព័ន្ធតុលាការ ជាជម្ងឺរ៉ាំរ៉ៃ.” ចូលអាននៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៥. www.ibanet.org/Article/Detail.aspx?ArticleUid=63af01f5-7bf3-4433-8edb-bbeb512395d7
  • 14. គម្រោងយុត្តិធម៌ពិភពលោក. “សន្ទស្សន៍នីតិរដ្ឋ ឆ្នាំ២០១៥៖ ប្រទេសកម្ពុជា.” ចូលអាននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥. http://data.worldjusticeproject.org/#/groups/KHM
  • 15. Cristina Maza, “កម្ពុជា​ជាប់​​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ នៅ​លើ​ផ្នែក​នីតិរដ្ឋ”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៦។
  • 16. ប៉ិច សុធារី និង សារ៉ា ថាហ្គាម. “ចំនួនអ្នកជាប់ពន្ធនាគារកើនឡើង នៅចំពេលចង្អៀតណែនតាន់តាប់.” ភ្នំពេញប៉ុស្តិ៍. ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៥. www.phnompenhpost.com/amid-overcrowding-prison-numbers-rise
  • 17. Jack​ Davise.​ “​អត្រា​នៃ​អ្នក​ជាប់​ពន្ធនាគារ​កើនឡើង​នៅ​កម្ពុជា​”​។​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចុះ​ថ្ងៃ​ទី​ ៤​ ខែ​ វិ​ចិ្ឆ​កា​ ឆ្នាំ​ ២០១៦​។
  • 18. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា. “រដ្ឋមន្រ្តីអនុញ្ញាតឱ្យអង្គការយូណេស្កូចូលជួប និងពិភាក្សាការងារ.” ចូលអាននៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០១៥ [ភាសាខ្មែរ]. www.mosvy.gov.kh/news/view/777 ។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WMTZU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!