កូដកម្ម​អត់​អាហារ​របស់​ព្រះអង្គ​ម្ចាស់​ធម្មិកោ​ចប់​ហើយ តែ​ការ​តវ៉ា​កំពុង​បន្ត​ធ្វើ

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​បាន​សម្រេច​បញ្ចប់​កូដកម្ម​បង្អត់​អាហារ​ហើយ​កាលពី​យប់មិញ​ក្រោម​ ហេតុផល​ថា​ អាជ្ញាធរ​សមត្ថកិច្ច​បាន​រំខាន​ភាព​ស្ងប់ស្ងាត់​របស់​ព្រះអង្គ។ ​ប៉ុន្តែ​ កសកម្មភាព​តវ៉ា​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​បន្ត។ ​ក្រុម​ អ្នកគាំទ្រ​គណបក្ស​នេះ​បាន​ដង្ហែ​ញត្តិ​តវ៉ា​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ នៅព្រឹក​ថ្ងៃសៅរ៍​នេះ​ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ពន្យារពេល​កិច្ច​ប្រជុំ​សភា​ ដំបូង​ និង​គាំទ្រ​ការមិន​ចូល​ប្រជុំ​របស់​គណបក្ស​ប្រឆាំង។

ទីបំផុត ​ទៅ​ ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​បាន​សម្រេច​បញ្ចប់​កូដកម្ម​អត់​អាហារ​របស់​ខ្លួន​ហើយ។​ អតីត​លេខា​ផ្ទាល់​ព្រះមហាវីរក្សត្រ​ដែល​ឥឡូវ​ក្លាយ​ជា​មន្ត្រី​បក្ស​ប្រឆាំង ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ​កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​បាន​ចុះទៅ​រារាំង​ព្រះអង្គ ​កាល​ពី​វេលា​ម៉ោង ​១០​ និង​ ៣០​ នាទី​យប់។ ព្រះអង្គម្ចាស់ ​ធម្មិកោ ​ដែល​បាន​បេ្តជ្ញា​ថា​នឹង​បង្អត់​អាហារ​ដោយ​គ្មាន​ថ្ងៃ​កំណត់​រហូត​ទាល់តែ​ មាន​ដំណោះស្រាយ​បញ្ហា​បោះឆ្នោត​នោះ​ ក៏​បាន​សម្រេច​បញ្ចប់​កូដកម្ម​តាំង​ពីពេល​នោះ​ដែរ​ បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​រយៈពេល ​១២​ ម៉ោង។ ​ព្រះអង្គ​ពន្យល់ថា ​កូដកម្ម​អត់​អាហារ​ត្រូវ​ការភាព​ស្ងប់ស្ងាត់ ​ដូច្នេះ​បើ​គ្មាន​ភាព​ស្ងប់ស្ងាត់​តែបែរ​ទៅ​ជា​កើត​មាន​អំពើ​ហិង្សា​ទៅ​វិញ ​នោះ ​កូដកម្ម​នោះ​ក៏​គ្មាន​ន័យ​ដែរ។ ​សមាជិក​រាជវង្ស​អង្គ​នេះបន្ត​ថា​ ព្រះអង្គ​កំពុង​រិះរក​វិធី​ផ្សេង​ដើម្បី​សម្តែង​មតិ​តវ៉ា​ដោយ​សន្តិវិធី។...

ប៉ែន បូណា
http://www.khmer.rfi.fr/thormico-fin-greve