កូនប្រុស​លោក​ហ៊ុន​ សែន​ និង​​លោក​ ស​ ខេង​​ ជាប់​ជា​សមាជិក​សភា​​ក្មេង​​ជាងគេ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត ​បាន​​ធ្វើ​បញ្ជី​ឈ្មោះ​លំដាប់​អាយុ​នៃ​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​ទាំង​​ ១២៣​​រូប ហើយ​ដែល​​គេ​​ឃើញ​ថា លោក​ហ៊ុន ម៉ានី កូន​ប្រុស​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន និងលោក​ស សុខា កូន​ប្រុស​​លោក​ឧបនាយករដ្ឋ​មន្ត្រី ស ខេង គឺជា​សមាជិក​សភា​ដែល​មាន​វ័យក្មេងជាងគេ។ យោងតាម​បញ្ជី​លំដាប់អាយុ​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ដែល​មាន​​វ័យ​​ចំណាស់​ ជាងគេ​ ក៏​មក​ពី​​គណបក្ស​​ប្រជាជន​កម្ពុជា​​ដែរ​ គឺ​លោក​ហេង សំរិន អាយុ៧៩ឆ្នាំ និង​លោក​គាត ឈន់ ដែល​មានអាយុ​៧៨​ឆ្នាំ។

នៅក្នុង​នីតិកាល ​ទី​៥​នេះ បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ដែល​មាន​វ័យក្មេង​ជាង​គេ និង​ចាស់​ជាង​គេ​ សុទ្ធតែមក​ពី​គណបក្ស​ប្រជាជនកម្ពុជា​។ នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​សមាជិក​រដ្ឋ​សភា​ គិត​​តាម​​លំដាប់​អាយុ​ពី​ ខ្ពស់​ទៅ​ទាប ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​​ការ​​បោះ​ឆ្នោត​ ។ បញ្ជីឈ្មោះនេះ​បង្ហាញថា លោក ហ៊ុន ម៉ានី ដែលជា​កូនប្រុស​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន ហើយដែល​បាន​ជាប់ឆ្នោតជាតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​​ និង​លោក​ស សុខា កូនប្រុស​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង ដែលជាប់ឆ្នោត​ក្នុង​មណ្ឌល​ព្រៃវែង មាន​អាយុ​៣២​ឆ្នាំ។ ចំណែក​ឯ​ សមាជិកសភា​ដែលមាន​អាយុ​ច្រើន​បន្ទាប់​ពី​លោក ហ៊ុន ម៉ានី និង​លោក ស សុខា គឺ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ ​នោះ​គឺ​លោក​ កង​ គឹមហាក់​ អាយុ​៣៣​ឆ្នាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម និង​លោក អ៊ុំ សំអាន អាយុ​៣៧​ឆ្នាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប។…

លាង ដឺលុច
http://www.khmer.rfi.fr/Fils-de-HunSen-SarKheng-lesplus-jeunes-des-deputes