គណបក្សប្រជាជនកម្ពុជារង់ចាំចម្លើយរបស់សង្គ្រោះជាតិមុនចេញដំណើរក្នុងសភា
គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភា កំពុងរង់ចាំចម្លើយរបស់គណបក្សសង្គ្រោះជាតិ ថានឹងចូលបំពេញការងារនៅក្នុងរដ្ឋសភា ឬយ៉ាងណា មុននឹងគណបក្សនេះសម្រេចចេញដំណើរអណត្តិការងាររដ្ឋសភានីតិកាលទី៥។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភាលោកឈាង វុនបានបញ្ជាក់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិនៅមិនព្រមចូលមកក្នុងរដ្ឋសភាទេ គណបក្សលោកនឹងបញ្ចូលសមាជិកខ្លួនចូលទៅក្នុងគណៈកម្មការសភាពទាំងអស់។
តើរដ្ឋសភាសព្វថ្ងៃកំពុងធ្វើអ្វី? បន្ទាប់ពីបានបោះឆ្នោតរើសក្បាលម៉ាស៊ីនដឹកនាំស្ថានប័នកំពូលនេះ ដែលរួមមានប្រធាន និងអនុប្រធានរដ្ឋសភា ប្រធាននិងអនុប្រធានគណៈកម្មការជំនាញ រដ្ឋសភានៅមិនទាន់ដំណើរការការងាររបស់ខ្លួននៅឡើយទេ ដោយនៅរង់ចាំសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិ ថានឹងត្រូវចូលមកបំពេញការងារ ឬក៏អត់នោះ។ វត្តមានរបស់គណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភា ដែលនឹងអនុញ្ញាតអោយគណបក្សជាប់ឆ្នោតទាំងពីរបែងចែកភារកិច្ច និងតួនាទីដឹកនាំនៅក្នុងរដ្ឋសភា ពិសេសសមាជិកនៅតាមគណៈកម្មការជំនាញ មុននឹងផ្តើមដំណើរការការងាររបស់ស្ថាប័នកំពូលនេះ។ ប៉ុន្តែ នៅពេលនេះគណបក្សទាំងពីរកំពុងតែចរចារតួនាទី និងដំណែងក្នុងស្ថាប័ននីតិបញ្ញត្តិនេះ។ ខណៈគណបក្សសង្គ្រោះជាតិទាមទារដំណែងប្រធានរដ្ឋសភា លោកឈាង វុនដែលជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សរបស់លោកបានសម្រេចបែងចែកអោយគណបក្សសង្គ្រោះជាតិនូវដំណែង អនុប្រធានរដ្ឋសភាមួយ ប្រធានគណកម្មការ៤ អនុប្រធានគណបក្សកម្មការ៥ ព្រមទាំងលេខា៥ដែរ។ ប៉ុន្តែគេស្តាប់លឺសេចក្តីថ្លែងការណ៍របស់លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិនៅតាមសារព័ត៌មានកន្លងមក លោកសម រង្ស៊ីបានពន្យល់ថា គណបក្សសង្គ្រោះជាតិរបស់លោកត្រូវដឹកនាំរដ្ឋសភាដើម្បីតុល្យភាពអំណាច ទល់នឹងគណបក្សប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលអន្តរកាលមួយដែលគណបក្សសង្គ្រោះជាតិរបស់លោកត្រូវ ស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតនោះ។… លាង ដឺលុច
http://www.khmer.rfi.fr/cambodia-cpp-waits-cnrp-before-process-parliament