គណបក្សសង្គ្រោះជាតិគំរាមប្ដឹងគ.ជ.ប.ជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោត
កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានគំរាមប្ដឹងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ជុំវិញភាពមិន ប្រក្រតីក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ សុទ្ធតែអះអាងអំពីជ័យជម្នះរៀងៗខ្លួន បើទោះជាលទ្ធផលបឋមនៃ ការបោះឆ្នោតរបស់ គ.ជ.ប. បង្ហាញថា គណបក្សប្រជាជនកម្ពុជាគឺជាអ្នកឈ្នះក៏ ដោយ។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសន្យាប្ដឹង គ.ជ.ប. តាមរយៈតុលាការកម្ពុជា ប្រសិនបើលទ្ធផលបឋមនៃការបោះឆ្នោតដែល គណបក្សសង្គ្រោះជាតិអះអាងថា មានការលួចបន្លំ ត្រូវក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាតម្កល់នោះ។ លោក កឹម សុខា បានថ្លែងនៅឯសន្និសីទកាសែតមួយនៅទីស្នាក់ការ កណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញថា “ប្រសិនបើគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា និងក្រុម ប្រឹក្សាធម្មនុញ្ញកម្ពុជា មិនផ្ដល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋទេនោះ យើងនឹងប្រើច្បាប់ ដើម្បីប្ដឹងអស់លោក”។ លោកបានបន្ថែមថា “ខ្ញុំសូមផ្ញើសារទៅមេដឹកនាំមួយចំនួននៅ គ.ជ.ប. យើងនឹងមិនឈប់ទេ គឺទាល់តែយើងប្ដឹងអស់លោកតាមរយៈតុលាការរួច។ យើងនឹង ពិនិត្យមើលច្បាប់អន្តរជាតិ ហើយជួលមេធាវី ប្រសិនបើពួកគេបដិសេធមិនព្រមធ្វើការស៊ើបអង្កេត ប្រកបដោយតម្លាភាពនោះ”។…