គណបក្ស ប្រឆាំងបង្វឹកក្រុម គ្រប់គ្រងបាតុករ
ភ្នំពេញៈ គណបក្សសង្គ្រោះ ជាតិ បានធ្វើការបណ្តុះបណ្តាលក្រុម ការងាររបស់ខ្លួនអំពីវិធីគ្រប់គ្រងបាតុករ ដើម្បីបញ្ចៀសការបង្កភាពវឹកវរណាមួយ ហើយប្រកាសថា នឹងធ្វើបាតុកម្មសាកល្បងពីរលើកនៅមុនថ្ងៃកំណត់ធ្វើមហាបាតុកម្មទី ៧ ខែកញ្ញា។
គណបក្សប្រឆាំង បានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងរៀបចំឲ្យមានការសាកល្បងបាតុកម្មចំនួនពីរលើកនៅថ្ងៃទី១ និងទី៥ ខែកញ្ញា «ដើម្បីធានាឲ្យបាននូវបាតុកម្មអហិង្សា និងទប់ស្កាត់ការបង្កចលាចល ពីក្រុមជនខិលខូច»។
ការបណ្តុះបណ្តាលម្សិលមិញ ដែលមានការសហការជាមួយអង្គការក្នុងស្រុក នៅទីស្នាក់ការគណបក្ស ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ មិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានឡើយនៅពេលពួកគេ ទៅដល់ទីនោះ ហើយត្រូវលោកស្រី ជូ ឡុងសូមូរ៉ា តំណាងរាស្ត្រមណ្ឌលភ្នំពេញ ជាភរិយាលោក សម រង្ស៊ី ប្រាប់មកអ្នកកាសែតភ្នំពេញ ប៉ុស្តិ៍ ក្នុងទឹកមុខមាំថា «នេះជាកម្មវិធីផ្ទៃក្នុងរបស់គណបក្ស អ្នកកាសែតមិនត្រូវបានអញ្ជើញឡើយ»
គម្រោងធ្វើបាតុកម្មអហិង្សារបស់បក្សប្រឆាំង កំណត់យកថ្ងៃទី៧ ខែកញ្ញា មុនការប្រកាសលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប) ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការពិសេស ដោះស្រាយភាពមិនប្រក្រតី លើការបោះឆ្នោត ដែលគណបក្សនេះយល់ថា គណបក្សប្រជាជនកម្ពុជា មិនមានសុច្ឆន្ទៈក្នុងការបង្កើតឡើយ។
មិនតែប៉ុណ្ណោះអគ្គនាយកហិរញ្ញវត្ថុនៃគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា បានអំពាវនាវតាមលិខិតកាលពីថ្ងៃព្រហស្បតិ៍ ទៅកាន់អ្នកគាំទ្រនិងសប្បុរសជនដែលជាអ្នក«ស្រឡាញ់យុត្តិធម៌ និងប្រជាធិប តេយ្យ» សុំឲ្យចូលរួមផ្តល់ថវិកា ដល់ការប្រព្រឹត្តទៅនៃមហាបាតុកម្មថ្ងៃ៧ ខែកញ្ញាខាងមុខនេះ។…
http://www.postkhmer.com/index.php/national/1-national-news/103207-2013-08-30-03-25-32