គ.ជ.ប បើកកញ្ចប់សុវត្ថិភាពផ្ទៀងផ្ទាត់លទ្ធផលឆ្នោតនៅក្រចេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកញ្ចប់សុវត្ថិភាព “ក” ចំនួន ១៣ នៃការិយាល័យបោះឆ្នោតក្នុងឃុំមួយនៅខេត្តក្រចេះ បង្ហាញឲ្យឃើញថា កញ្ចប់ទាំង ១៣ នោះ ពោរពេញដោយភាពមិនប្រក្រតី។ ការបើកកញ្ចប់សុវត្ថិភាព “ក”នេះ ជាការអង្កេតបឋមរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលធ្វើឡើងតាមពាក្យ បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ។
កញ្ចប់សុវត្ថិភាព “ក” ចំនួន ១៣កញ្ចប់ យកមកពីការិយាល័យបោះឆ្នោតចំនួន ១៣ នៅក្នុងឃុំស្វាយជ្រះ នៅខេត្តក្រចេះ ដែលក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតបើកចំហជាសាធារណៈនៅថ្ងៃទី២៥ ខែសីហា បានបង្ហាញថា កញ្ចប់សុវត្ថិភាពចំនួន ៨ ក្នុងចំណោម ១៣ ជាកញ្ចប់ដែលចំហមាត់ស្រាប់ មិនមានសុវត្ថិភាពឡើយ។
បន្ទាប់ពីការត្រួតពិនិត្យកញ្ចប់សុវត្ថិភាព “ក” ទាំង ១៣ នោះ គេរកឃើញថា ចំនួនសន្លឹកឆ្នោតមិនបានការត្រូវបានបាត់។ សន្លឹកឆ្នោតមិនបានការដែលបាត់នោះ ត្រូវបានចំណេញទៅគណបក្សតូចៗផ្សេងៗទៀត ដែលខុសពីលទ្ធផលបឋម ដែលការិយាល័យបោះឆ្នោតទាំង ១៣ ប្រកាសកាលពីថ្ងៃបោះឆ្នោត។
ក្រៅពីនេះ ក៏មានករណីបំពេញសំណុំឯកសារមិនគ្រប់ទម្រង់ ការខុសគ្នារវាងទិន្នន័យលើតារាងរាប់សន្លឹកឆ្នោត ភាពខុសគ្នារវាងទិន្នន័យសន្លឹកឆ្នោតបានការ និងមិនបានការប្រើប្រាស់ប៊ិចពីរពណ៌សរសេរលើតារាងកត់លទ្ធផលបោះ ឆ្នោត និងបញ្ហាមួយចំនួនទៀត។
តំណាងគណបក្សសង្គ្រោះជាតិ ដែលចូលរួមពិនិត្យមើលកញ្ចប់សុវត្ថិភាព លោក គូយ ប៊ុនរឿន មានប្រសាសន៍ក្រោយពេលបើកកញ្ចប់សុវត្ថិភាព “ក” ថា ខេត្តក្រចេះ ជាខេត្តពិសេសជាងគេ ដែលជាខេត្តប្រកួតប្រជែង ហើយសំឡេងឆ្នោតរបស់គណបក្សកាន់អំណាច និងបក្សប្រឆាំងប្រដំប្រសងគ្នាទៀតផង។
លោកបន្តថា ភាពមិនប្រក្រតីទាំងនេះ អាចប៉ះពាល់ដល់ការបែងចែកអាសនៈសភានៅខេត្តនេះ និងបញ្ជាក់ថា សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតខេត្តក្រចេះ អាចជាប់សង្ស័យថា បានបន្លំទិន្នន័យទាក់ទងនឹងដំណើរការបោះឆ្នោត។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ សង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងសម្រេចរឿងនេះដោយយុត្តិធម៌។…
http://www.rfa.org/khmer/news/politics/nec-08242013223250.html