គ.ជ.ប. ទទួល​បាន​​បណ្ដឹង​​ជាង​១២៤​ករណី ក្នុង​​ថ្ងៃ​​បោះឆ្នោត និង​​ក្រោយ​បោះឆ្នោត

គ.ជ.ប. ទទួល​បាន​ពាក្យ​បណ្ដឹង​ក្រោយ​ពី​ការបោះឆ្នោត​ចំនួន ១២៤ បណ្ដឹង នៅ​តាមថ្នាក់​ឃុំ ។ ហើយ​​​បាន​បញ្ជូន​បន្ត​មក​ថ្នាក់​ខេត្ត​ចំនួន ៤០​ពាក្យ​បណ្ដឹង។ តែ​ក្នុង​នោះ ​មាន​ពាក្យ​បណ្ដឹង​តែ ៩​ករណី​ប៉ុណ្ណោះ ត្រូវ​បាន​គេ​បញ្ជូន​បន្ត​ឱ្យ​មក​ដោះស្រាយ ​រហូត​ដល់​ថ្នាក់​ជាតិ បើ​គិត​មក​ដល់​ថ្ងៃ​ទី ៤ សីហា​នេះ។

គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត ដែលគេ ហៅ​កាត់​ថា គ.ជ.ប. ទទួល​បានពាក្យ​បណ្ដឹង ដែល​ភាគ​ច្រើន​ជា​ពាក្យ​បណ្ដឹង ដែល​ប្ដឹង​ដោយ​គណបក្ស​សង្គ្រោះជាតិ។ ពាក្យ​បណ្ដឹង​ទាំង​នោះ​មាន​ពាក់ព័ន្ធ ទៅ​នឹង​​ករណីជាច្រើន ដែល​គេអះអាង​ថា មាន​ភាព​មិន​ប្រក្រតី​​ក្នុង​​ការ​បោះឆ្នោត។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ពន្យល់​ថា បណ្ដឹង​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការឃោសនាក្នុងកំឡុង​ពេល​បោះឆ្នោត និង​ការគំរាម​កំហែង​ក្នុង​ថ្ងៃបោះឆ្នោត។ ករណី​ទាំង​អស់ ត្រូវ​បាន​គណកម្មាធិការ​រៀបចំ​បោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់ ដោះស្រាយ​បានភាគច្រើន​ហើយ។ ដែល​ក្នុង​នោះ​លោក​ទេព នីថាអះអាង​ថា ដំណោះស្រាយ ដោយ​មាន​ការ​សម្រប​សម្រួល​គ្នា និង​បណ្ដឹង​មួយ​ចំនួន​បាន​ដក​ទៅ​វិញ ដោយ​ដើម​បណ្ដឹង។ អគ្គលេខាធិការគ.ជ.ប. រូបនេះ បាន​បន្ត​ថា មាន​បណ្ដឹង​តែ ៤០​ប៉ុណ្ណោះ បានបញ្ជូនបន្ត​មក​ដោះស្រាយ​នៅថ្នាក់ខេត្ត ដោយ​សារតែ​ថ្នាក់​ឃុំ​មិន​អាច​ជួយ​សម្របសម្រួល​បាន។ បើ​គិត​មក​ដល់​ថ្ងៃ​នេះ មាន​បណ្ដឹង​សល់​ចំនួន ១៥​ទៀត​ ដែល​ថ្នាក់​ខេត្ត​កំពុងតែ​បន្ដ​ធ្វើ​ការ​ដោះស្រាយ។…

http://www.khmer.rfi.fr/election-plainte-NEC