គ.ជ.ប ពិចារណា​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយសារ​ទឹក​ជំនន់

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កំពុង​ពិនិត្យ​ពន្យារ​ពេល​វេលា​​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​សាលា​ឃុំ-​សង្កាត់​មួយ​ចំនួន​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-​ថៃ ដែល​ជួប​គ្រោះ​​ទឹក​ជំនន់​មិន​អាច​បើក​ទ្វារ​ឲ្យ​ពលរដ្ឋ​ពិនិត្យ ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន។ មន្ត្រី គ.ជ.ប អះអាង​ថា ការ​ចុះ​ឈ្មោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី​នៅ​ទូទាំង​ប្រទេស​ជាង ១​ម៉ឺន​នាក់។ ក្នុង​នោះ​មាន​ឃុំ-​សង្កាត់​ជាង ១.៣០០​ឃុំ-​សង្កាត់ ក្នុង​ចំណោម​ឃុំ-​សង្កាត់ ១.៦៣៣ បាន​បើក​ឲ្យ​ដំណើរ​ការ​ធម្មតា។ កាលបរិច្ឆេទ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ឬ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មាន​រយៈពេល ២០​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​៨ ខែ​តុលា ថា គិត​មក​ទល់​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ជាង ១​ម៉ឺន​នាក់។ លោក​បន្ត​ថា តាម​គម្រោង​​អាច​មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី​ជាង ៣០​ម៉ឺន​នាក់ និង​មាន​គម្រោង​លុប​ឈ្មោះ​ស្ទួន ឬ​ឈ្មោះ​ខ្មោច​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ជិត ២០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៣​នេះ៖ «ឃើញ​ថា ឃុំ​សង្កាត់​ជាង ១០០ ជា​ពិសេស​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ និង​នៅ​តាម​ដង​ទន្លេ​មេគង្គ​នៅ​ជួប​បញ្ហា​ច្រើន​ដែល​រំខាន​ដល់​ការ​ពិនិត្យ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ទោះ​បី​ជា​គណៈកម្មការ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ស្មៀន​បាន​ចល័ត​ទៅ​ទី​មាន​សុវត្ថិភាព​ក៏ដោយ។ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ពេល​នេះ គ.ជ.ប កំពុង​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង ដើម្បី​នឹង​បន្ថែម​រយៈពេល​ជូន​នៅ​តាម​ឃុំ​សង្កាត់​ណា​ដែល​ជាប់​ការ​រាំង​ ស្ទះ​នេះ»។…

ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/voter-registration-considered-to-delay-10082013062646.html