គ.ជ.ប.ទទួលបានរបាយការណ៍ចំនួន៤៨ ស្ដីពីភាពមិនប្រក្រតី ជុំវិញការបោះឆ្នោត
គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ទទួលបានរបាយការណ៍សរុបចំនួន ៤៨ពីរាជធានី និងខេត្ត ចំនួន ១១។ ដែលករណីជាច្រើន ក្នុងរបាយការណ៍ គ.ជ.ប. អះអាងថា បានពិនិត្យ និងដោះស្រាយតាមច្បាប់បោះឆ្នោតហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន មួយរបស់គ.ជ.ប. ចុះថ្ងៃអាទិត្យទី ១១ សីហា ឆ្នាំ ២០១៣។
របាយការណ៍ចំនួន៤៨ ករណីខាងលើ ត្រូវបានគ.ជ.ប. ទទួលបានរវាងពីថ្ងៃទី២ រហូតដល់ថ្ងៃទី ៦ សីហា ដែលមានករណីមួយចំនួនធំក្នុងរបាយការណ៍ ត្រូវបានភាគីពាក់ព័ន្ធ បានដាក់ពាក្យប្ដឹង មកគណៈកម្មការជាតិរៀបចំការបោះឆ្នោត តាមឋានានុក្រម។ ហើយមកដល់ពេលនេះ គ.ជ.ប. ក៏បានយកមកពិនិត្យ និងដោះស្រាយ និងសម្រេច ក្នុងក្របខ័ណ្ឌច្បាប់បោះឆ្នោត រួចរាល់ហើយផងដែរ។ ក្នុងរបាយការណ៍ ត្រូវបានគេរកឃើញថា ភាពមិនប្រក្រតីពាក់ព័ន្ធច្រើន នៅរាជធានី និងខេត្តចំនួន ១១ ដែលមានដូចជា៖ ភ្នំពេញ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ក្រចេះ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ តាកែវ និងឧត្ដរមានជ័យ។ ភាគីពាក់ព័ន្ធ គឺមានចំនួន ៥ ដែលបានដាក់របាយណ៍នេះ មកគ.ជ.ប. ដែលមានភាគីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច អាជ្ញាធរ និងប្រជាពលរដ្ឋ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល គ.ជ.ប. បានអះអាងថា ខេត្តក្រុងផ្សេងទៀត ដែលមិនពាក់ព័ន្ធក្នុងរបាការណ៍ និងមណ្ឌលបោះឆ្នោតភាគច្រើនទៀត ការបោះឆ្នោត បានប្រព្រឹត្តទៅ ជាធម្មតា ហើយចំនួន អ្នកបោះឆ្នោតក៏មានចំនួនខ្ពស់ផងដែរ។ តែទោះជាយ៉ាងណាគ.ជ.ប. បានកត់សម្គាល់ថា មានការិយាល័យបោះឆ្នោតចំនួន២ មានអាត្រាអ្នកបោះឆ្នោត ត្រឹមប្រមាណជាង ៦៤% ឯការិយាល័យផ្សេងទៀត មានចាប់ពី៧៥ ទៅ ជិត៨៣%។…http://www.khmer.rfi.fr/cambodia/20130811-election-report-NEC