ជំនួបរវាងក្រុមការងារបក្សប្រជាជននិងបក្សសង្គ្រោះជាតិបរាជ័យ
មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នាជាលើកទី២ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ត្រូវបរាជ័យ។ ប៉ុន្តែមន្ត្រីគណបក្សទាំងពីរមានជំនឿថា នឹងអាចរកច្រកចេញ ឬមានដំណោះស្រាយនៅជំនួបលើកក្រោយទៀត។ ជំនួបរកដំណោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតសភាអាណត្តិ ទី៥ រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ព្រំ សុខា និងក្រុមការងារគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សុន ឆ័យ ដែលមានសមាជិកម្ខាងៗចំនួន ៥នាក់ នៅល្ងាចថ្ងៃទី២០ ខែសីហា នាមន្ទីររដ្ឋសភា មិនទាន់មានលទ្ធផលគាប់ប្រសើរទេ។ សេចក្តីប្រកាសរួមមានចុះហត្ថលេខា លោក ព្រំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និង លោក សុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២០ ខែសីហា មានខ្លឹមសារថា ក្រោយពីបានពិភាក្សាគ្នាអស់រយៈពេល ២ម៉ោងរួចមក ក្រុមការងារគណបក្សទាំងពីរបានស្វែងយល់ពីបំណង និងគោលគំនិតរបស់គណបក្សទាំងសងខាង ដើម្បីស្វែងរកការឯកភាពគ្នា។ ប្រកាសបានបញ្ជាក់ថា គណបក្សទាំងពីរនឹងធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំគណបក្សរៀងៗ ខ្លួន ដើម្បីពិនិត្យលទ្ធភាពបន្តជួបពិភាក្សាគ្នានៅលើកក្រោយទៀត។ ទោះយ៉ាងណា លោក ព្រំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចាត់ទុកជំនួបពិភាក្សាគ្នារវាងក្រុមការងារគណបក្សទាំងពីរថា អាចជាសញ្ញាឈានទៅរកការឯកភាពគ្នានៅជំនួបលើកក្រោយ ទោះបីជំនួបលើកនេះមិនទាន់ទទួលបានជោគជ័យក្តី។ លោកបន្តថា ជំនួបលើកនេះត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹកនាំជាមុន មុននឹងឈានដល់ការសម្រេចលើកិច្ចការផ្សេងៗនាថ្ងៃខាងមុខ។…
http://www.rfa.org/khmer/news/politics/cpp-cnrp-discussion-fail-08202013073336.html