តើតួនាទី ការទទួលខុសត្រូវ និងសិទ្ធរបស់អ្នកបោះឆ្នោតមានដូចម្តេចខ្លះ?
សិទ្ធិបោះឆ្នោត គឺជាសិទ្ធិមូលដ្ឋានមួយក្នុងចំណោមសិទ្ធិមនុស្សជាច្រើនដែលត្រូវ បានការពារ និងធានាដោយច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋគ្រប់ៗរូបមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ ខ្លួនតាមឆន្ទៈ។ សម្រាប់ប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា មិនត្រឹមតែមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ក៏បានក្លាយជាហត្ថលេខីនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយថែមទៀតផង។ តើតួនាទី ការទទួលខុសត្រូវ និងសិទ្ធរបស់អ្នកបោះឆ្នោតមានដូចម្តេចខ្លះ? ពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតត្រឹមត្រូវតាមការកំណត់ និងតម្រូវការលក្ខខណ្ឌមួយចំនួនរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត អាចមានសិទ្ធិចូលរួមការបោះឆ្នោត និងធ្វើការសម្រេចចិត្តដោយឯករាជ្យ។ អ្នកបោះឆ្នោតមានសិទ្ធិសេរីភាពជ្រើសរើសគណបក្សដែលពេញចិត្ត និងគូសឈ្មោះបេក្ខជនលើសន្លឹកឆ្នោត ដោយពុំមានការគំរាមកំហែង ឬចាប់បង្ខំឡើយ។ អ្នកចុះឈ្មោះបោះឆ្នោត ត្រូវរូតរះ និងចំណាយពេលទៅពិនិត្យរកឈ្មោះ និងទីតាំងនៃការិយាល័យបោះឆ្នោត មុនថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា ខាងមុខ។…