បក្សកាន់អំណាចចេញយុទ្ធសាស្ត្រ៥ចំណុចកែទម្រង់ការបោះឆ្នោត
បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងខ្វែងគំនិតគ្នាក្នុងការបែងចែកតួនាទីគ្រប់គ្រងសភា។ គណបក្សប្រឆាំងមិនព្រមចូលរួមកិច្ចប្រជុំសភាជាលើកដំបូង និងប្រកាសធ្វើមហាបាតុកម្ម នៅថ្ងៃទី២៣ ខែតុលា ខាងមុខ។
ប៉ុន្តែ បក្សកាន់អំណាចបែរជាមិនអើពើទេ ដោយសម្រេចប្រជុំសភា និងជ្រើសរើសគណៈរដ្ឋមន្ត្រីតែឯកបក្ស។ នៅពេលដែលស្ថានការណ៍នយោបាយមិនទាន់នឹងននៅឡើយ បក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ប្រកាសឲ្យមតិជាតិ អន្តរជាតិ គាំទ្រយន្តការកំណែទម្រង់ការបោះឆ្នោត ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែតុលា បានដាក់ចេញយុទ្ធសាស្ត្រ ៥ចំណុច ដើម្បីធ្វើការកែទម្រង់ការបោះឆ្នោត ក្នុងបំណងធានាឲ្យមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងសំដៅពង្រឹងការគោរពច្បាប់។
ចំណុចទាំងនោះ រួមមាន ទី១ ស្នើធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីទាំងឡាយដែលពាក់ព័ន្ធ និងការបោះឆ្នោត ជាអាទិ៍ច្បាប់ស្ដីពីការបោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ទី២ ស្នើបង្កើតច្បាប់បន្ថែមទៀត ដើម្បីធានាឲ្យមានការលើកកម្ពស់ សុចរិតភាព និងតម្លាភាពនៃការបោះឆ្នោត ដូចជាស្នើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុគណបក្សនយោបាយ និងលិខិតបទដ្ឋានមួយចំនួនទៀត។ ទី៣ គណបក្សកាន់អំណាចប្រកាសបើកចំហ និងទទួលយកនូវអនុសាសន៍គ្រប់មជ្ឈដ្ឋាន ទាក់ទងនឹងការបោះឆ្នោត។ ទី៤ បង្កើតយន្តការសិក្សាស្រាវជ្រាវ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ទី៥ ក្របខ័ណ្ឌកំណែទម្រង់នេះ ត្រូវអនុវត្តដោយរាជរដ្ឋាភិបាល និងរដ្ឋសភា។ គណបក្សកាន់អំណាចថែមទាំងបានអំពាវនាវចំពោះសហគមន៍ជាតិ និងអន្តរជាតិ ឲ្យគាំទ្រដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ដែលរួមចំណែកដល់ការបង្រួបបង្រួមជាតិ។…
វណ្ណ វិចារ
http://www.rfa.org/khmer/news/politics/cpp-issue-statement-to-reform-election-system-10152013091615.html