បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ព្រម​ព្រៀង​លើការ​ថែរក្សា​សន្តិ​ភាព​

គ្មាន​ការវិវត្តន៍​​ថ្មី​ដែល​ត្រូវបាន​ រកឃើញ​ដោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ក្នុង​ដំណោះស្រាយ​នៃ​បញ្ហា​ ការបោះឆ្នោត​ឡើយ នៅក្នុង​ជំនួប​ទ្វេភាគី​ នៅ​ថ្ងៃរសៀល​ថ្ងៃ​អង្គារ ​ម្សិលមិញ។ ប៉ុន្តែ បើតាម​ការអះអាង​រប​ស់លោក​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា​​លើ​ចំនុច​សំខាន់​មួយ គឺ​ការថែរក្សា​សន្តិភាព។

អ្នកនយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ជួបគ្នា​កាលពី​រសៀល​ថ្ងៃ​អង្គារ​  ម្សិលមិញ​នោះ មិនបាន​ថ្លែងប្រាប់​អ្នកកាសែត​ច្បាស់លាស់​ថា ពួកគេ​បាន​និយាយ​អំពី​ប្រធានបទ​អ្វី​ពិតប្រាកដ​ឡើយ។ ក្រោយ​ជួបគ្នា​លើក​ទី៣ តំណាង​គណបក្ស​ទាំងពីរ​បានត្រឹមតែ​បញ្ជាក់​ឡើងវិញ​ថា ពួកគេ​បាន​ផ្តើម​ស្វែងយល់​ជំហរ​ពីគ្នា​ទៅវិញទៅមក។ ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀប បាន​ប្រាប់​វិទ្យុ​បារាំង​អោយដឹងថា ចំនុចរួម​សំខាន់​មួយ​ដែល​គណបក្ស​ទាំង​ពីរបាន​ឯកភាព​ជាមួយគ្នា គឺ​ការថែរក្សា​សន្តិភាព​របស់​កម្ពុជា។ លោក​ជាម យៀប​ មិនបាន​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ដែល​គណបក្ស​ប្រជាជន​ កម្ពុជា បាន​ដឹកនាំ​ដោយ​លោក ព្រុំ សុខា​នោះឡើយ។ ប៉ុន្តែ ប្រសិនបើ​គេ​ជឿ​ប្រសាសន៍​របស់ ជាម យៀប​នោះ គណបក្ស​ទាំង​ពីរបាន​និយាយ​អំពី​បញ្ហា​សន្តិសុខ​សង្គម ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រកាន់​ជំហរ​ចុងក្រោយ​ដោយ​ការដឹកនាំ​មហា​ បាតុកម្មអហិង្សា ហើយ​​អាជ្ញាធរ​នៃ​រដ្ឋាភិបាលចាំផ្ទះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ ត្រៀមកំលាំង​បង្ក្រាប ក្នុងករណី​ហិង្សា​ដែរ។…

http://www.khmer.rfi.fr/CPP-CNRP-agree-to-keep-peace