បក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​៣​ថ្ងៃ​ជាប់​គ្នា​ទាមទារ​យុត្តិធម៌​ឆ្នោត

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូន​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ៣​ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​រំពឹង​ថា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម។ បញ្ហា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ទាន់​កំណត់​បែប​ណា​ទេ ដោយ​រង់ចាំ​ពិភាក្សា​គ្នា​រវាង​អាជ្ញាធរ​ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​សិន ទើប​សម្រេច​ជា​ក្រោយ។ លិខិត​ផ្ញើ​ជូន លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៦ ខែ​តុលា ចុះ​ហត្ថលេខា​ដោយ​តំណាង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គោល​បំណង​ធ្វើ​មហា​បាតុកម្ម ៣​ថ្ងៃ គឺ​ដើម្បី​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ជូន​ពលរដ្ឋ ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​ ៥។ លោក ហូរ វ៉ាន់ តំណាង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម បាន​ឲ្យ​ដឹង​ថា បាតុកម្ម​អហិង្សា​នេះ​ក៏​នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក ហូរ វ៉ាន់៖ «យើង​ចង់​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ហ្នឹង រំលឹក និង​ធ្វើ​ឲ្យ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហ្នឹង មាន​ប្រសិទ្ធភាព​ឡើង​វិញ។ ឧទាហរណ៍ ដូច​ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ការ​គោរព​បូរណភាព​ដែន​ដី ហើយ​និង​រៀប​ចំ​យ៉ាង​ណា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ គោល​បំណង​ទី​៣ គឺ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ឲ្យ​បាន​ត្រឹមត្រូវ។ នេះ​ជា​គោល​បំណង ៣ ដែល​យើង​ធ្វើ​បាតុកម្ម»។…

ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/cnrp-plan-to-rally-domonstration-three-days-10172013074214.html