បន្ទប់ស្ថានការណ៍នៃការបោះឆ្នោតវាយតម្លៃថា មានភាពមិនប្រក្រតី ច្រើនជាង១ម៉ឺនករណី
បន្ទប់ស្ថានការណ៍នៃក្រុមអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលវាយតម្លៃថា បានរកឃើញមានភាពមិនប្រក្រតីច្រើនជាង ១ម៉ឺន១ពាន់ករណី។ ភាពមិនប្រក្រតីទាំងនេះ បានបណ្ដាយឱ្យមានការបាត់បង់សិទ្ធិ អ្នកបោះឆ្នោតជាច្រើន និងកង្វះនូវភាពយុត្តិធម៌ក្នុងការចាត់ចែងការបោះឆ្នោត។
តាមការអង្កេតរបស់អង្កការខុមហ្វ្រែល ទៅលើអ្នកមានសិទ្ធិបោះឆ្នោតដែលគ្មានស្នាមទឹកខ្មៅនៅលើចង្អុលដៃ បង្ហាញថា មាន៤៦% បានទៅដល់ការិយាល័យ បោះឆ្នោត ប៉ុន្តែ ពួកគាត់មិនបានបោះឆ្នោត ដោយសារតែរកឈ្មោះ ឬការិយាល័យមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ ក្នុងការបោះឆ្នោត និងខុសទិន្នន័យក្នុងបញ្ជីបោះឆ្នោត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រវាងក្រុមអង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ដែលបានចេញផ្សាយ ក្នុងថ្ងៃទី២១ សីហានេះ បន្ថែមដែរថា តាមការអង្កេតមួយទៀត បានរកឃើញ មាន៦០% នៃការិយាល័យបោះឆ្នោត ប្រជាពលរដ្ឋមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ប៉ុន្តែ មិនអាចរកឈ្មោះឃើញក្នុងបញ្ជីបោះឆ្នោត។ សូមបញ្ជាក់ថា បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ជាកន្លែងរាយការណ៍ភាពមិនប្រក្រតីផ្សេងៗ ដែលមានក្រុមអង្គការសង្គមស៊ីវិល ជាង៣០ រង់ចាំទទួលព័ត៌មានពីអ្នកសង្កេតការណ៍បោះឆ្នោត។ ហើយបន្ទាប់ពីមានការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ក្រុមសង្គមស៊ីវិលខាងលើយល់ថា ជាលទ្ធផលជាមួយផលវិបាកចេញមកពីភាពមិនប្រក្រតីជាច្រើន ក្នុងកំឡុងពេលបោះឆ្នោត។ បន្ថែមលើនេះដែរ ភាពមិនប្រក្រតីជាច្រើនបានកើតមាន ឡើង ត្រូវបានបន្ទប់ស្ថានការណ៍បញ្ជាក់បន្ថែមថា មានច្រើនក្នុង ខេត្តចំនួន បី គឺខេត្តកណ្ដាល បន្ទាយមានជ័យ និងខេត្តសៀមរាប។…http://www.khmer.rfi.fr/Irregularites-plus-de-dix-milles-cas-selon-security-room-election