ប្រមុខ​​ការ​ទូត​​ចិន​​ជំរុញ​ឲ្យ​​កម្ពុជា​​ដោះ​ស្រាយ​​បញ្ហា​​នយោបាយ​​ដោយ​​សន្តិ​វិធី​​

លោក​ វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេស​​ចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​​នៅ​​ភ្នំពេញ​ បាន​​ជំរុញ​​ឲ្យ​កម្ពុជា​ដោះស្រាយ​​បញ្ហា​​បោះឆ្នោត​ដោយ​​សន្តិវិធី​តាម​រយៈ ​កិច្ច​ពិភាក្សា​គ្នា​។ ​ការជំរុញ​បែប​នេះបាន​ធ្វើឡើង​ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​ភាព​តានតឹង​ខាង​ នយោបាយ​​ដោះស្រាយ​មិន​ចេញ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ។​ ប៉ុន្តែ ប្រមុខការទូតទីក្រុងប៉េកាំង​បានគាំទ្រ​យ៉ាងចំហ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ក្នុង​ឋានៈ​ជា​គណបក្ស​​ឈ្នះឆ្នោត។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​សណ្ឋាគារ​ អាំងទែ​កុងទីណង់​តាល់​  លោក​ វ៉ាង យី ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ បាន​សម្តែង​ការគាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​រដ្ឋាភិបាល​របស់​លោក​នាយក​ រដ្ឋមន្ត្រី ​ហ៊ុន សែន ​ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះឆ្នោត​ភាគច្រើន​នៅ​ក្នុង​ រដ្ឋសភា។ ​ជាការ​ឆ្លើយ​តប​ លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​ចិន​ដែល​បាន​ គាំទ្រ​លទ្ធផល​បោះឆ្នោត​នៅ​ពេល​នេះ។​ ​យ៉ាងណា​ក៏ដោយ​ ប្រមុខ​ការទូត​ទីក្រុង​ប៉េកាំង​បាន​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​នយោបាយ​នៅ​ កម្ពុជា​​ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​តាមរយៈ​ការចរចា​គ្នា​ដើម្បី​ឈាន​ទៅ ​បង្កើត​រដ្ឋសភា ​និង​រដ្ឋាភិបាល​ថ្មី​នៅ​ពេល​ខាង​មុខ។ ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ឯ​វិមាន​សន្តិភាព​នាព្រឹក​ថ្ងៃ​ពុធ​​ទី​ ២១​ សីហា​នេះ ​រដ្ឋមន្ត្រី​ការបរទេស​ចិន​​ក៏បាន​ជំរុញ​បញ្ហា​នេះ​​ដូច​គ្នា​ដែរ។​ នៅ​ក្នុង​​ជំនួប​​ជា​ង​ ២ ​ម៉ោង​នោះ ​ប្រមុខ​ការទូត​ចិន​​បាន​​សាទរ​​ចំពោះ​​ការបោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ ​អាណត្តិ​ទី៥​នៅ​កម្ពុជា​​កាលពី​ថ្ងៃ​ទី​ ២៨ ​កក្កដា ​ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា​បាន​ឈ្នះ​​កៅអី​​ភាគច្រើន​នៅ​ក្នុង​​ រដ្ឋសភា​។​ រដ្ឋមន្ត្រី​ការបរទេស​ចិន ​លោក​ វ៉ាង​ យី​  ក៏​បាន​សង្កេត​ឃើញ​ដែរ​ថា ​ការបោះឆ្នោត​​​នៅ​កម្ពុជា​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​​។…

http://www.khmer.rfi.fr/Cambodia-china-politic