ព័ត៌មានថ្មីបំផុត សភា អនុម័ត​របៀបវារៈ​បោះ​ឆ្នោត​ជា​កញ្ចប់​ជ្រើសរើស​ប្រធាន អនុប្រធានរដ្ឋសភា និង​គណៈកម្មការ​រដ្ឋ​សភា និង​ការផ្តល់​សេចក្តីទុកចិត្ត​ដល់​រដ្ឋាភិបាល​​

រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បានសម្រេច​អនុម័ត​របៀបវារៈ​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសរើស​ប្រធាន អនុប្រធានរដ្ឋសភា និង​ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញនៃរដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ដល់​រដ្ឋាភិបាល ដោយ​សំឡេង​៦៨​លើ​៦៨​។ ​សំឡេង​៦៨ លើ​៦៨​នេះ ជា​សំឡេង​របស់​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​៦៨ ដោយសារ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​ រូប​ទេ​។ លោក ហេង សំរិន មានប្រសាសន៍ថា រដ្ឋសភា អនុម័ត​លើ​របៀបវារៈ​នេះ ដោយ​សំឡេង​៦៨​លើ​៦៨​។​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា ប្រធាន និង​​អនុប្រធាន​គណៈកម្មការ​ទាំង​៩​នៃ​រដ្ឋសភា​។ បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា និង​គណៈ​កម្មការ​ទាំង​៩ តំណាងរាស្ត្រ នឹង​បោះឆ្នោត​ជា​កញ្ចប់ ដើម្បី​ជ្រើសរើស​គណៈរដ្ឋមន្ត្រី​។​ ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​ព្រៃវែង លោក ជាម យៀប ឲ្យដឹងថា គណបក្ស​ឈ្នះ​ការបោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​តួនាទី និង​រចនាសម្ព័ន្ធ​រដ្ឋ​សភា ជាពិសេស​តំណែង​ប្រធានរដ្ឋសភា​។ លោក​បញ្ជាក់ថា រចនាសម្ព័ន្ធ​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នករៀបចំ ហើយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សមាជិក​ធម្មតា​។ លោក​បញ្ជាក់ថា អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ គឺ​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ​។​…

ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16323&lang=kh