ព្រះមហាក្សត្រកោះប្រជុំសភាលើកដំបូងនៅថ្ងៃ២៣ កញ្ញា
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារនៅថ្ងៃទី៩ ខែកញ្ញា ថា ព្រះអង្គនឹងកោះប្រជុំសមាជិកសភាជាប់ឆ្នោតថ្មីចំនួន ១២៣រូប នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។
នៅក្នុងព្រះរាជសារផ្ញើជូនលោក អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលឡាយព្រះហស្តលេខាដោយ ព្រះមហាក្សត្រ នរោត្តម សីហមុនី មានខ្លឹមសារថា ព្រះអង្គនឹងអញ្ជើញបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ ទាំងអស់ប្រជុំដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភា។
ការសម្រេចព្រះទ័យកោះប្រជុំសមាជិកសភាថ្មីនេះ នៅបន្ទាប់ពីព្រះអង្គបានទទួលលិខិតពីលោក អ៊ឹម សួស្ដី ចុះថ្ងៃទី៨ កញ្ញា អំពីសេចក្ដីសម្រេចស្ដីពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។
ការកោះអញ្ជើញប្រជុំសភាដំបូងរបស់ព្រះមហាក្សត្រនេះ នៅបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានប្រកាសមិនទទួលលទ្ធផលបោះឆ្នោត ហើយប្រកាសនឹងធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃជាប់គ្នាចាប់ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ កញ្ញា ខាងមុខ ដើម្បីទាមទារយុត្តិធម៌លទ្ធផលបោះឆ្នោតជូនម្ចាស់ឆ្នោត៕
ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/king-convenes-first-meeting-on-sept23-09092013075948.html