យោធា​កម្ពុជាត្រូវ​បាន​ស្នើ​សុំឲ្យ​ធានាចំពោះ​មុខ​សាធារណ​ជន​​ថា​គ្មាន​រដ្ឋប្រហារក្រោយ​បោះ​ឆ្នោត​

កាល​ពី​ម្សិលមិញ​ បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​ បាន​អំពាវ​នាវ​​ឲ្យ​យោធា​​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ មួយ​ច្រាន​ចោល​ការ​អះ​អាង​របស់​​ម្ចាស់​ស្ថានីយ​វិទ្យុ​ដ៏​ពេញ​និយម​មួយដែល​ ថា យោធា​នឹង​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​គណបក្ស​ប្រឆាំង​ចេញ​ពី​អំណាច​  ប្រសិន​បើ​គណ​បក្ស​ប្រឆាំង​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​ នៅថ្ងៃ​អាទិត្យ​នេះ​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក សេង​ ប៊ុន​វ៉េង​ ហៅ អាចារ្យ​អេ ដែល​បាន​បង្កើត​​វិទ្យុ​អេប៊ីស៊ី ឡើង​កាល​ពី ​ឆ្នាំ​២០០៨ បាន​លើក​ឡើង​ម្តង​ទៀត​​ក្នុង​កម្មវិធីផ្សាយ​ពេល​ព្រឹក​ម្សិលមិញ​ នូវ​ការ​ ព្រមាន​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ថា យោធា​នឹង​ធ្វើ​រដ្ឋ​ប្រហារ​ ប្រសិន​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះឆ្នោត​។ លោក​បាន​និយាយ​អំឡុង​កម្មវិធី​ផ្សាយ​ពេល​ព្រឹក​ព្រលឹម​កាល​ពី​ម្សិល​មិញ​ ថា“ បីខែ​បន្ទាប់​ពី​ [គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត​] ឈាម​នឹង​ហូរ​ដាប​ពេញ​ផ្លូវ​។អ្នក​ដែល​តស៊ូ​ដណ្ដើម​អំណាច​នៅ​ក្នុង​ជួរ​ រដ្ឋាភិ​បាល​របស់​លោក​ សម រង្ស៊ី [មេដឹកនាំ​គណបក្ស​ប្រឆាំង] អ្នក​ដែល​មិន​ទទួល​បាន​តួនាទី​ នឹង​ចូល​រួម​ជា​ទាហាន​រត់​ចោល​ជួរ​ ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​”។ លោក​បាន​លើក​ឡើង​ទៀតថា “នៅ​ពេល​​នោះ​ខ្ញុំ​នឹង​ចាក​ចេញ​ពី​ប្រទេសនេះ​ ហើយ​ វិនិយោគិននឹង​ចាក​ចេញ​ពី​ប្រទេស​របស់​យើង​ ហើយ​ប្រទេស​របស់​យើង​​នឹង​រង​ការ ​បំផ្លាញ​ទាំងស្រុង​”។ លោក គល់​ បញ្ញា ប្រធានគណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​​ដោយ​សេរី​ និង​យុត្តធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា ខុមហ្វ្រែល​ បាន​មាន​ប្រសាសន៍ថា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ អាទិត្យ​នេះ​មាន​ភាព​ស្រប​ច្បាប់ កងយោធពល​ខេមរភូមិន្ទ​គួរ​តែ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ដើម្បី​​ធ្វើ​ឲ្យ​ ​​​អ្ន​ក​បោះ​ឆ្នោត​ស្ងប់​អារម្មណ៍​​ថា ការ​អះ​អាង​របស់​លោក សេង ​ប៊ុនវ៉េង មិន​មែន​ជា​ការ​ពិត​។…

Saing Soenthrith and Alex Willemyns
http://www.cambodiadailykhmer.com/news/3201/