រដ្ឋសភាបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការទាំង៩
រដ្ឋសភាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥ រួចហើយ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩នៃរដ្ឋសភា។ ចំណែកគណបក្សសង្គ្រោះជាតិ នៅតែបន្តចោទប្រកាន់រដ្ឋសភាថាខុសច្បាប់ និងធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
ដូចការគ្រោងទុក រដ្ឋសភាដែលមានសុទ្ធតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការទាំង៩ របស់ខ្លួន ប្រកបដោយជោគជ័យ ដោយទទួលបានសំឡេងគាំទ្រ ៦៥ លើ ៦៥ នៃចំនួនសមាជិកដែលបានចូលរួម។ លោក ហ៊ុន សែន លោក សុខ អាន និង លោក ហោ ណាំហុង មិនបានចូលរួមក្នុងសម័យប្រជុំនេះទេ ដោយលោកទាំងបីជាប់រវល់បំពេញការងារនៅក្រៅប្រទេស។
គណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោត ហើយនៅតែប្រកាន់ជំហរមិនចូលរួមប្រជុំសភា ប្រសិនបើគ្មានដំណោះស្រាយរកយុត្តិធម៌ជូនម្ចាស់ឆ្នោតជាមុន។ គណបក្សប្រឆាំងក៏បានចោទប្រកាន់រដ្ឋសភា និងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាជាសភា និងរដ្ឋាភិបាលខុសច្បាប់ទៀតផង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា អ្វីដែលជារឿងអាទិភាពនៅពេលនេះ គឺបន្តស្វែងរកការពិត និងយុត្តិធម៌ជូនម្ចាស់ឆ្នោត និងជំរុញអោយមានកំណែទម្រង់ពិតប្រាកដ ដើម្បីអោយប្រជាពលរដ្ឋខ្មែរទូទៅទទួលបានលទ្ធផលពីកំណែទម្រង់ទាំង នេះ។…
យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/national-assembly-elected-members-of-the-nine-parliamentary-committees-10102013071350.html