លក្ខខណ្ឌ​​អាកាសធាតុ​អាច​ជា​ក្តី​បារម្ភ​ដែល​រំខាន​ដល់​ដំណើរការ​បោះឆ្នោត

លក្ខ​ខណ្ឌ​អាកាសធាតុ​ដែល​ធ្វើអោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏​ជា​បញ្ហា​រំខាន​មួយ ​ដែល​គ.ជ.ប ព្រួយបារម្ភ​ដែរ។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​គ.ជ.ប ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទប់​ទល់នឹង​បញ្ហា​មួយ​នេះ។ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ដែលជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី៥ នឹង​អាចមាន​ភ្លៀង​ធ្លា​ក់នៅ​តំបន់​ទំនាប​កណ្តាល។ រីឯ​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម។  លក្ខ​ខណ្ឌ​​​អាកាសធាតុ​បែបនេះ បាន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា អាច​បណ្តាលអោយ​រំខាន​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ខាងមុខនេះ។ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​អះអាងថា គ.ជ.ប បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ភ្លៀង​ធ្លាក់​ និង​ការ​ជន់​លិច​នៅ​រដូវវស្សា​ នេះ។  គ.ជប. បាន​ត្រៀម​បោះទីតាំង​កា​រិ​យា​ល័យ​​បោះឆ្នោត​នៅ​តំបន់​ទីទួល​មាន​សុវត្ថិភាព ​ដូចជា វត្ត​អារាម និង​សាលារៀន​នៅក្នុង​ភូមិ​ស្រុក។  លើសពីនេះ គ.ជ.ប ក៏​ណែនាំ​អោយ​ម​ន្រី្ត​រៀបចំ​ការបោះឆ្នោត​ប្រុង​ប្រ​យ​ត្ន័​ក្នុងការ​ ថែរក្សា​សន្លឹកឆ្នោត​អោយបាន​ល្អ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ប៉ុន្តែ​គ.ជ.ប នៅតែមាន​ការព្រួយបារម្ភ​អំពី​ផលវិបាក​ជាយថាហេតុ​មួយចំនួន​ដែល​បង្កឡើង​ដោយ​ ស្ថានភាព​ធម្មជាតិ ដែល​អាច​រំខាន​ដល់​ដំនើរការ​នៃ​ការបោះឆ្នោត។ ទោះបីជា​យ៉ាងនេះ​ក្តី លោក ទេព នីថា អះអាងថា គ.ជ.ប នឹង​ខិតខំ​ប្រឹងប្រែង​អោយអស់​ពី​លទ្ធភាព ដើម្បី​ធ្វើអោយ​ដំណើរការ​បោះឆ្នោត​មាន​ភាពល្អប្រសើរ។…

រិទ្ធិ ម៉ូនីកា
http://www.khmer.rfi.fr/cambodia/20130722-problem-rainy-in-election-day