លោក កឹម សុខា៖ គណបក្សប្រឆាំងនឹងមិនទទួលស្គាល់លទ្ធផលអ្វីផ្សេងក្រៅពីជ័យជម្នះទេ
ក្រុងកំពង់ចាម- លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងមិនទទួលស្គាល់លទ្ធផលអ្វីផ្សេងក្រៅពីជ័យជម្នះទេ បន្ទាប់ពីលោកបានបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងខេត្តនេះកាលពីម្សិលមិញ ដោយលោកបានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងទឹកថ្នាំលប់មិនជ្រះ និងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។ បន្ទាប់ពីបានបោះឆ្នោតនៅក្នុងសាលាបឋមសិក្សាទក្សិណ និងបានលើកចង្អុលដៃប្រឡាក់ទឹកថ្នាំពណ៌ស្វាយនៅចំពោះមុខអ្នកយកព័ត៌មានមួយក្រុមដែលកំពុងរង់ចាំយ៉ាងអន្ទះសារួច លោក កឹម សុខា បានលើកឡើងថា ទឹកក្រូចឆ្មារធម្មតាក៏អាចប្រើដើម្បីលុបទឹកថ្នាំនេះជ្រះដែរ។ លោកបានមានប្រសាសន៍ថា “ យើងបានរកឃើញថា ពួកគេប្រើទឹកថ្នាំមិនល្អទេលើកនេះ។ ខ្ញុំគិតថា ការបោះឆ្នោតលើកនេះគឺយ៉ាប់ជាងមុនទៅទៀត ព្រោះពួកគេប្រើទឹកថ្នាំដែលមានគុណភាពអន់។ ប្រសិនបើគណបក្សសង្គ្រោះជាតិចាញ់ការបោះឆ្នោតនេះ យើងនឹងមិនទទួលស្គាល់លទ្ធផលឡើយ ហើយយើងនឹងស្នើឲ្យសហគមន៍អន្តរជាតិជួយធ្វើអន្តរាគមន៍” និងកុំឲ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះដែរ។ កាលពីថ្ងៃសៅរ៍ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល បានប្រកាសថា លទ្ធផលនៃការពិសោធន៍របស់ខ្លួនបង្ហាញថា ទឹកថ្នាំនេះអាចលុបជ្រះទាំងស្រុងដោយប្រើសម្ភារប្រើប្រាស់ក្នុងផ្ទះធម្មតា ប៉ុន្តែ មិនបញ្ជាក់ថា តើសម្ភារប្រើប្រាស់ធម្មតានេះមានអ្វីខ្លះនោះទេ។ ជាមួយនឹងចំនួនអាសនៈសភាដល់ទៅ១៨ក្នុងចំណោម១២៣អាសនៈ ដែលជាចំនួនច្រើនបំផុតបើធៀបនឹងរាជធានីនិងខេត្តដទៃទៀត ខេត្តកំពង់ចាមគឺជាមណ្ឌលសំខាន់បំផុតក្នុងការបោះឆ្នោតនេះ។ គណបក្សប្រជាជនកម្ពុជាក៏បានចាក់ឫសយ៉ាងជ្រៅនៅទីនេះផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានកំណើតនៅក្នុងខេត្តនេះ។បងប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ណេង ដែលជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលនេះ គឺជាអតីតអភិបាលខេត្តនេះ។ លោក ហេង សំរិន ប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីកំពូលៗមួយចំនួនទៀត ដែលសុទ្ធតែជាបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ក៏ទុកខេត្តនេះជាមូលដ្ឋានរបស់ខ្លួនដែរ។ ប៉ុន្តែ គណបក្សប្រឆាំងនៅតែអាចទទួលបានសម្លេងឆ្នោតយ៉ាងច្រើនក្នុងការបោះឆ្នោតកន្លងមក។ គណបក្សប្រឆាំងទាំងពីរដែលបានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិនេះ ទទួលបានអាសនៈសរុបចំនួនប្រាំមួយអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០០៨ ដែលជាចំនួនច្រើនបំផុត បន្ទាប់ពីមណ្ឌលរាជធានីភ្នំពេញ។ កាលពីព្រឹកម្សិលមិញ លោក កឹម សុខា បានអះអាងថា គណបក្សប្រឆាំងដែលបានរួបរួមគ្នាជាធ្លុងមួយនេះ រំពឹងថានឹងទទួលបានសំឡេងឆ្នោតទ្វេដង ហើយនឹងទទួលបានមិនក្រោម១២អាសនៈទេក្នុងការបោះឆ្នោតលើកនេះ។ លោក កឹម សុខា បានច្រានចោលការព្យាករ របស់លោក ហេង សំរិន ក្នុងថ្ងៃដដែលនោះដែលថា គណបក្សប្រជាជនកម្ពុជានឹងរក្សាបាន នូវអាសនៈទាំង១១ដែលខ្លួនបានឈ្នះនៅក្នុង ខេត្តនេះកាលពីឆ្នាំ២០០៨។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន១១អាសនៈទេ លើកលែងតែពួកគេលួចបន្លំសន្លឹកឆ្នោតប៉ុណ្ណោះ”។ លោក សំរិន បានធ្វើការព្យាករបន្ទាប់ពីបានបោះឆ្នោតនៅចម្ងាយតែពីរបីប្លុកប៉ុណ្ណោះពីកន្លែងលោក កឹម សុខា បោះឆ្នោត ហើយបាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា លទ្ធផលនៃការបោះឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាលើកនេះគឺនឹង “ ប្រសើរជាងលើកមុនៗទៅទៀត”។ កាលពីថ្ងៃសៅរ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរួសរាន់ធ្វើការបញ្ជាក់ថា ទឹកជ្រលក់ដៃ គឺលុបមិនជ្រះទេ។ លោក សុខ ឈិន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រចាំខេត្តកំពង់ចាម បានលើកឡើងថា ទឹកជ្រលក់ដៃនេះត្រូវបានធ្វើតេស្តសាកល្បងជាច្រើនលើកក្នុងខេត្តនេះកាលពីម្សិលមិញហើយថា ដបទឹកថ្នាំជ្រលក់ដៃនេះ គ្រាន់តែក្រឡុកឲ្យសប់ទៅ គឺជាការស្រេចហើយ។ …
Aun Pheap and Zsombor Peter
http://www.cambodiadailykhmer.com/latest/3415/