លោក កឹម សុខា៖ ដំណើរការទូតរបស់លោក សម រង្ស៊ី នឹងទទួលបានជោគជ័យ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងនៅព្រឹកថ្ងៃចន្ទនេះថា បេសកកម្មការទូតក្រៅប្រទេសរបស់លោក សម រង្ស៊ី ទទួលជោគជ័យ ក្នុងការជំរុញសហគមន៍អន្តរជាតិ ចាប់អារម្មណ៍ចំពោះការបង្កើតសភាឯកបក្សនៅកម្ពុជា ផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខណ្ឌទួលគោក ក្រោយបញ្ចប់ពិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ លោក កឹម សុខា ឲ្យដឹងថា លោក សម រង្ស៊ី បានជួបជជែកផ្ទាល់ជាមួយសភា និងរដ្ឋាភិបាលអឺរ៉ុប ដោយបានបង្ហាញពីការពិត និងភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា។ លោកបន្តថា យ៉ាងតិចណាស់ តំណាងរាស្ត្រ អឺរ៉ុប ចំនួន ៨៥នាក់ បានសរសេរលិខិតមួយ ទៅកាន់ប្រធានអឺរ៉ុប ជំរុញស៊ើបអង្កេតការបោះឆ្នោតនៅកម្ពុជា ៖ “ជោគជ័យរបស់បេសកកម្មរបស់លោកសម រង្ស៊ី ដែលគាត់បានឲ្យខ្ញុំដឹងអម្បិញមិញនេះ គឺសហគមន៍អន្តរជាតិ គេចាប់ផ្តើមចាប់អារម្មណ៍ពីស្រុកខ្មែរ ជុំវិញការបង្កើតសភាមួយ សភាដែលមានបក្សតែមួយហ្នឹង សភាដែលមានបក្សតែមួយ នណារក៏គេមិនអាចទទួលយកបានដែរ”។…
តាំង វីដា និង ដួង សុខា
http://vodhotnews.com/16709