លោក សម រង្ស៊ី បន្ត​សុំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សុំ​ធ្វើ​និយតកម្ម ឬ​សុំ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ស្ថានភាព​គតិយុត្តិ​របស់​លោក ​ឡើង​វិញ ដើម្បី​បាន​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។ ការ​ធ្វើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ ក្រោយ​ពេល​លោក​បាន​ផ្ញើ​លិខិត​លើក​ទី២ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា សុំ​ឲ្យ​សើរើ​ផ្ដល់​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​រូប​លោក។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ ទី២៤ ខែ​កក្កដា លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ដោយសារ​រូប​លោក​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​សំណាក់​ព្រះមហាក្សត្រ​រួច​ហើយ​ នោះ និង​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​នោះ រូប​លោក​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចេញ​សេចក្ដី​សម្រេច​ធ្វើ​ និយតកម្ម ឬ​សុំ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់ លើ​ករណី​លោក​ដើម្បី​បាន​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ការ​ផ្ញើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ បាន​កើត​ឡើង​ក្រោយ​ពី​លិខិត​លើក​ទី២​របស់ លោក សម រង្ស៊ី ផ្ញើ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​ទាន់​បាន​ទទួល​ចម្លើយ។ លោក ទេព នីថា អគ្គលេខាធិការ​របស់ គ.ជ.ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ កក្កដា ថា គ.ជ.ប មិន​ទាន់​បាន​ពិនិត្យ​លិខិត​លើក​ទី២ របស់ លោក សម រង្ស៊ី ទាក់ទង​សិទ្ធិ​បោះឆ្នោត និង​ការ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៤ កក្កដា៖ «គ.ជ.ប អត់​ទាន់​មាន​ពេល​ពិនិត្យ​ឯកសារ​នោះ​ទេ។ ចាំ​មើល​ល្ងាច ឬ​ស្អែក គ.ជ.ប នឹង​សម្រេច​ហើយ ពីព្រោះ​យើង​មាន​ការងារ​ច្រើន​នៅ​ធ្វើ»។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់ គ.ជ.ប ទី២​របស់​ខ្លួន លោក សម រង្ស៊ី បាន​ទាមទារ​ឲ្យ គ.ជ.ប អនុវត្ត​ករណី​របស់​លោក​តាម​មាត្រា ១៦​ថ្មី នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ និង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។ ខ្លឹមសារ​សំខាន់​នៅ​ក្នុង​មាត្រា ១៦ ទាក់ទង​ជាមួយ​ករណី លោក សម រង្ស៊ី គឺ គ.ជ.ប មាន​សិទ្ធិ​ដក​ហូត​ជា​បណ្ដោះ​អាសន្ន​នូវ​សិទ្ធិ​បោះឆ្នោត ឬ​ផ្ដល់​សិទ្ធិ​បោះឆ្នោត​ឡើង​វិញ។ ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត ឬ​លុប​ចេញ​ពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ។ លុប​បេក្ខភាព​របស់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ឬ​ទទួល​ស្គាល់​បេក្ខភាព​ឈរ​ឈ្មោះ​ឡើង​វិញ។ លោក សម រង្ស៊ី បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់ គ.ជ.ប លើក​ទី២ ថា លោក​មិន​មែន​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី​ឡើង​វិញ​ទេ គឺ​លោក​ធ្លាប់​មាន​ឈ្មោះ​រួច​ទៅ​ហើយ។ លោក​សុំ​ឲ្យ គ.ជ.ប ទទួល​ស្គាល់​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ ក្រោយ​ពេល​ព្រះមហាក្សត្រ​បាន​លើក​លែង​ទោស​ឲ្យ​រូប​លោក កាល​ពី​ថ្ងៃ​ទី១២ កក្កដា។ ដូច្នេះ ការ​ដែល គ.ជ.ប ប្រើ​មាត្រា ៤៩​ថ្មី នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​លើ​ករណី​របស់​លោក គឺ​មិន​ត្រឹមត្រូវ​ទេ។…

កែវ​ និមល
http://www.rfa.org/khmer/news/politics/sam-rainsy-continue-to-asks-for-help-from-constitutional-concil-07242013072256.html