សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​កម្ពុជា ងាយ​ភ័យ​ខ្លាច​ពី​បញ្ហា​សង្គម និង​នយោបាយ​ដែល​កើត​ឡើង​នៅ​​ក្នុង​ប្រទេស។ ភាព​ភ័យ​ខ្លាច​នេះ នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​​​ខ្លួន​ឯង​ផ្ទាល់ សង្គម​​និង​សេដ្ឋកិច្ច​ជាតិ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ងាយ​នឹង​​ជឿ​ពាក្យ​ចចាមអារ៉ាម ដោយសារ​តែ​មធ្យោបាយ​​ផ្ដល់​ព័ត៌មាន​​ឯករាជ្យ​ត្រូវ​បាន​រឹតត្បិត និង​បទពិសោធន៍​​ហិង្សា​ដែល​ធ្លាប់​កើត​ឡើង​ពី​អតីតកាល។ មជ្ឈដ្ឋាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​​​ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​​ទី​៥ ថា​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​សង្គម ប្រសិន​បើ​គូប្រកួត​ប្រជែង​សំខាន់​ដោះស្រាយ​មិន​ត្រូវរ៉ូវ​គ្នា​នោះ។ អ្នក​វិភាគ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ម្ដងៗ ប្រជាពលរដ្ឋ​កម្ពុជា តែង​តែ​​ភ័យ​ខ្លាច​នឹង​មាន​សង្គ្រាម​កើត​ឡើង។ ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​អះអាង​អំពី​​ការ​ចល័ត​ទ័ព​របស់​រដ្ឋាភិបាល​ នៅ​អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​បោះ​ឆ្នោត ជា​ទិដ្ឋភាព​បង្ក​ឲ្យ​មាន​ការ​ភ្នាក់​ផ្អើល​នៅ​ក្នុង​សង្គម។ លោក​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា អាច​ងាយ​​បង្កើត​ឲ្យ​អំពើ​ហិង្សា​កើត​ឡើង​ទាក់ទង​នឹង​រឿង​នយោបាយ។ លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ឆាប់​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​​ដោយសារ​តែ​ខ្វះ​ព័ត៌មាន​ គ្រប់​គ្រាន់ បទពិសោធន៍​បាក់​ស្បាត​ពី​អតីតកាល និង​សមត្ថភាព​យល់​ដឹង​អំពី​បញ្ហា​សង្គម​​និង​នយោបាយ​របស់​ប្រជាពលរដ្ឋ​នៅ​ មាន​កម្រិត។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ដោយសារ​តែ​កង​កម្លាំង​ប្រដាប់ ​អាវុធ​ខ្វះ​ភាព​ឯករាជ និង​​​ស្ថិត​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​គណបក្ស​​គ្រប់​គ្រង​ប្រទេស។ លោក​បញ្ជាក់​ថា ដើម្បី​​ធ្វើ​ឲ្យ​សង្គម​មួយ​ធានា​បាន​នូវ​ស្ថិរភាព លុះ​ត្រា​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​មែន​ជា​របស់​គណបក្ស​នយោបាយ។ ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ តែង​តែ​ជឿ​លើ​​​ពាក្យ​ចចាមអារ៉ាម​ ដោយសារ​តែ​ខ្វះ​ខាត​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន​គ្រប់គ្រាន់​ទៅ​កាន់​ ប្រជាពលរដ្ឋ។ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បន្ថែម​ថា បណ្ដាញ​សង្គម​​មួយ​ចំនួន​ក៏​ជា​កត្តា​មួយ​ញុះញង់​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ កើត​ឡើយ​ដែរ ដោយសារ​​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ មាន​សញ្ញា​វិជ្ជមាន​ច្រើន​ដែល​ឆ្លុះ​បញ្ចាំង​​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិត​ ប្រាកដ​​ដែល​​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​ដើម្បី​ផល​ប្រយោជន៍​ជាតិ​​និង​ សង្គម។…

http://www.rfa.org/khmer/news/politics/political-uncertainty-07302013055611.html