អាជ្ញាធរនៅបន្ទាយមានជ័យហាមមិនឲ្យបក្សសង្គ្រោះជាតិប្រមូលស្នាមមេដៃ
អាជ្ញាធរមូលដ្ឋាននៅឃុំសង្កាត់មួយចំនួនក្នុងខេត្ត បន្ទាយមានជ័យ បានដកហូតយកឯកសារស្នាមមេដៃប្រជាពលរដ្ឋពីសកម្មជនគណបក្សសង្គ្រោះ ជាតិ និងហាមឃាត់មិនឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ។
ការប្រមូលស្នាមមេដៃដោយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើញត្តិដាក់ទៅអង្គការសហប្រជាជាតិ ឲ្យជួយរកយុត្តិធម៌ទាក់ទិនទៅនឹងភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះ ត្រូវបានអាជ្ញាធររារាំង។
សមាជិកគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស ថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ថា កាលពីថ្ងៃទី១០ ខែតុលា គណបក្សសង្គ្រោះជាតិ ថ្នាក់ខេត្ត បានដាក់ផែនការឲ្យសកម្មជនរបស់ខ្លួនចុះប្រមូលស្នាមមេដៃពី ប្រជាពលរដ្ឋ។ លុះដល់ថ្ងៃទី១៣ ខែតុលា សកម្មជនដែលចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីធ្វើញត្តិដាក់ទៅឧត្ដមស្នងការអង្គការសហប្រជាជាតិនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានភូមិឃុំនិងប៉ូលិសហាមឃាត់។
លោក កែ សម្ផស្ស៖ «៤ករណីស្មើនឹងបីឃុំសង្កាត់ ទី១ ថ្ងៃទី១៣ នៅឃុំភ្នំលៀប ប៉ូលិសបានចុះទៅហាមឃាត់ថ្នាក់ដឹកនាំគណបក្សភូមិឃុំដែលគាត់បាន ចុះផ្ដិតមេដៃ ហើយក្រោយមកទៀតព្រឹកថ្ងៃដដែល នៅឃុំពន្លៃ លោកស្រី ធូ ម៉ុច ផ្ដិតមេដៃបានជាង ១០០នាក់ ស្រាប់តែថ្នាក់ដឹកនាំភូមិនិងប៉ូលិសប៉ុស្តិ៍ទៅដល់ផ្ទះគាត់ដក ហូតយកស្នាមមេដៃរបស់គាត់ហ្នឹង ដោយប្រើពាក្យថា ផ្ដិតមេដៃខុសច្បាប់ប្រយ័ត្នគេចាប់ដាក់គុក»។
លោកបន្តថា មានករណីមួយទៀតនៅស្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ មេភូមិគីឡូម៉ែត្រលេខ៤ បានចុះទៅហាមឃាត់សកម្មជនគណបក្សសង្គ្រោះជាតិ និងដកហូតយកឯកសារមានផ្ដិតស្នាមមេដៃពីប្រជាពលរដ្ឋយកទៅរក្សាទុក បន្ទាប់មកបញ្ជូនទៅសាលាក្រុងប៉ោយប៉ែត។…
សួន សុផលមុន្នី
http://www.rfa.org/khmer/news/politics/opposition-activists-banned-to-collect-thumbprints-10142013055848.html