អាមេរិកគាំទ្រឱ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះ
មិនយូរប៉ុន្មានក្រោយការប្រកាសលទ្ធផលបឋម គណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតមួយប្រកាសមិនទទួលយកលទ្ធផលបឋមនេះ ហើយស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីទាំងឡាយ។ ស្ថានទូតអាមេរិក នៅរសៀលថ្ងៃទី៣០ កក្កដា ក៏បានស្នើឱ្យមានការស៊ើបអង្កេតជុំវិញដំណើរការ និងលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសនេះដែរ។ បន្ទាប់ពីគណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍ប្រកាសមិនទទួល ស្គាល់លទ្ធផលបោះឆ្នោតបឋម និងស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតពី ភាពមិនប្រក្រតីរួចមក មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោក សន ម៉ាក់ឃីនថូស (Sean McIntosh) បានបង្ហាញពីទស្សនៈគាំទ្រដល់សំណើនេះផងដែរ។ លោកបានស្នើឱ្យមានការស៊ើបអង្កេតរាល់ករណីមិនប្រក្រតីទាំងឡាយ។ លោកបានឱ្យដឹងតាមសារអេឡិចត្រូនិកថា៖ “សហរដ្ឋអាមេរិក សូមកោតសរសើរប្រជាជនកម្ពុជា ចំពោះការចូលរួមដ៏សកម្ម និងដោយសន្តិភាពក្នុងអំឡុងពេលនៃការបោះឆ្នោតថ្នាក់ជាតិ។ យើងសូមអំពាវនាវដល់គ្រប់គណបក្ស និងអ្នកគាំទ្ររបស់ខ្លួន ឱ្យបន្តធ្វើការតាមលក្ខណៈសន្តិភាព និងមានសណ្ដាប់ធ្នាប់ បន្ទាប់ពីការបោះឆ្នោត។ យើងមានការព្រួយបារម្ភចំពោះភាពមិនប្រក្រតីដ៏ច្រើនដែលត្រូវបាន រាយការណ៍ក្នុងដំណើរការបោះឆ្នោត ហើយយើងបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយកំហុសដែលកើតមានជាប្រព័ន្ធ ដូចជាបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាពគ្នាជាដើម។ ដោយមានភាពមិនប្រក្រតីតាមសេចក្ដីរាយការណ៍របស់អ្នកសង្កេតការណ៍ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតដោយពេញលេញ និងមានតម្លាភាពមួយដែលនឹងអាចទុកចិត្តបានសម្រាប់ប្រជាជនកម្ពុជា ទាំងអស់”។ ទាក់ទងនឹងបញ្ហានេះដែរ តំណាងជាន់ខ្ពស់នៃសហគមន៍អឺរ៉ុប អ្នកស្រី ខាតស៊្រីន អាសថុន (Catherine Ashton) បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីការសោកស្ដាយចំពោះភាពមិន ប្រក្រតីទាំងឡាយដែលកើតមានចំពោះការបោះឆ្នោត បើទោះបីជាសហគមន៍អឺរ៉ុបសាទរចំពោះភាពស្ងប់ស្ងាត់ និងសន្តិភាពនៅថ្ងៃបោះឆ្នោតក៏ដោយ។ អ្នកស្រី ខាតស្រ៊ីន អាសថុន៖ “យើងសោកស្តាយដែលអាជ្ញាធរមិនបានធ្វើសកម្មភាពចាំបាច់មួយចំនួន ដើម្បីដោះស្រាយកំហុសធំៗ ដូចជាការធ្វើឱ្យបញ្ជីឈ្មោះបោះឆ្នោតកាន់តែមានភាពទុកចិត្តបាន ការធានាឱ្យបាននូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាព និងការប្រើប្រាស់ធនធានរដ្ឋ ដែលរួមមានការចូលរួមឃោសនារបស់មន្ត្រីរដ្ឋនិងយោធាជាដើម”។