អ្នកគាំទ្រប្រមូលផ្ដុំគ្នាកកកុញខណៈលោក សម រង្ស៊ី វិលវិញដោយប្ដេជ្ញាឲ្យមានការផ្លាស់ប្ដូរ
ក្នុងសុន្ទរកថាលើកដំបូងរបស់ខ្លួន បន្ទាប់ពីបានធ្វើមាតុភូមិ និវត្តមកដល់ប្រទេសកម្ពុជាវិញ ក្រោយពីបានបញ្ចប់ការនិរទេសខ្លួន អស់រយៈពេលបួនឆ្នាំ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្ដេជ្ញាកាលពីថ្ងៃសុក្រថានឹងផ្លាស់ប្ដូរទំព័រប្រវត្តិសាស្ត្រ កម្ពុជា តាមរយៈការបោះឆ្នោតនាសប្ដាហ៍ក្រោយនេះ។ មនុស្សប្រហែល១០ម៉ឺននាក់ បាននាំគ្នាចេញមកស្វាគមន៍លោក សម រង្ស៊ី ដោយបានប្រមូលផ្ដុំគ្នានៅតាមបណ្ដោយមហាវិថីនានា សួនច្បារ និង ក្បួនយឺតៗយ៉ាងធំមួយពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ សួនសេរីភាព នៅជិតវត្តភ្នំ។ តួលេខនេះគឺខ្ពស់ឆ្ងាយជាងការរំពឹងទុករបស់គណបក្សសង្គ្រោះជាតិ ដែលថានឹងមានអ្នកចូលរួមប្រហែល៤ម៉ឺននាក់។ ពេលឡើងលើវេទិកានៅសួនសេរីភាព បន្ទាប់ពីបានធ្វើដំណើរអស់រយៈ ពេលប្រាំម៉ោងក្នុងចម្ងាយផ្លូវប្រហែល១២គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានក្រុមអ្នកគាំទ្រយ៉ាង ច្រើនកកកុញនោះ លោក សម រង្ស៊ី ដែលមើលទៅមានក្ដីរំភើបឥតឧបមា បាន សង្រួមចិត្តនៅចំពោះមុខក្រុមអ្នកគាំទ្រដែលបានប្រមូលផ្ដុំគ្នា យ៉ាងកុះករ។មុនពេលថ្លែងទៅកាន់ពួកគេ លោក សម រង្ស៊ី និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលសុទ្ធតែមានពាក់កម្រងផ្កានោះ បានលុតជង្គង់ទទួលយកពរជ័យពីព្រះសង្ឃមួយក្រុម។ បន្ទាប់ពីមានការឧទ្ទេសនាមខ្លីៗពីលោក កឹម សុខា លោក សម រង្ស៊ី បាន ប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា សុបិនរបស់លោក “ បានក្លាយជាការ ពិតហើយ”។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមានក្ដីរំភើបខ្លាំងណាស់ ក្ដុកក្ដួល ខ្លាំងណាស់។ ខ្ញុំមិនអាចរៀបរាប់ប្រាប់ពីអារម្មណ៍របស់ខ្ញុំនៅ ពេលនេះបានទេ។ ខ្ញុំរីករាយខ្លាំងណាស់ដែលបានវិលត្រឡប់មកមាតុ ប្រទេសវិញ។ ថ្ងៃនេះគឺជាថ្ងៃមួយដែលខ្ញុំនឹងចងចាំទុកអស់មួយ ជីវិតរបស់ខ្ញុំ”។…
Kaing Menghun and Khy Sovuthy
http://www.cambodiadailykhmer.com/news/2908/