CPP ចុះអរគុណអ្នកបោះឆ្នោតតែមានការចោទថាឲ្យស្បថ
កណ្តាលៈ សកម្មជនគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញ បានមកជួបជុំជាមួយពលរដ្ឋជាងមួយពាក់នាក់ រស់នៅក្នុងភូមិ ក្បាលកោះខាងកើត ឃុំ កោះខ្សាច់ទន្លា ស្រុក ស្អាង ខេត្ត កណ្តាល ដើម្បីថ្លែងអំណរគុណចំពោះការបោះឆ្នោតគាំទ្រគណបក្សកាន់អំណាចនេះ តែត្រូវពលរដ្ឋមួយចំនួនចោទប្រកាន់ថា បានដឹកនាំពលរដ្ឋយកទៅស្បថទៅវិញ។
ស្ត្រី ជាពលរដ្ឋម្នាក់ដែលខ្លាចមិនហ៊ានបញ្ចេញឈ្មោះបានឲ្យដឹងថា មន្ត្រីគណបក្សប្រជាជនកម្ពុជាបានកោះហៅពលរដ្ឋដែលរស់នៅ ក្នុងឃុំ កោះខ្សាច់ទន្លា ឲ្យមកជួបប្រជុំគ្នា នៅភូមិ ក្បាលកោះខាងកើត កន្លែងលោកយាយទេព ដើម្បីធ្វើការស្បថស្បែថា ពិតជាបានបោះឆ្នោតជូនគណបក្សនេះឬអត់?។ អ្នកស្រីប្រាប់ថា ៖ «ខ្ញុំមិនហ៊ានទៅចូលរួមនឹងគេទេ ពីព្រោះកន្លែងយាយទេពនោះស័ក្តិសិទ្ធិខ្លាំងណាស់ពលរដ្ឋធ្លាប់បន់ ស្រន់អីគឺបានដូចចិត្ត ហើយខ្ញុំមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជនផង ខ្ញុំបោះឆ្នោតឲ្យសង្គ្រោះជាតិ ដូច្នេះខ្ញុំមិនទៅទេ»។
អ្នកស្រីបន្ត ឲ្យដឹងថា នៅថ្ងៃទី៤ ខែសីហានេះ ពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនបានមកជួបជុំគ្នានៅម៉ោង ៣ រសៀល តែគាត់ពុំដឹងថា ពេលស្បថនោះគេឲ្យនិយាយអ្វីខ្លះទេ ព្រោះបានមើលតែពីចម្ងាយ ពីផ្ទះទៅតែប៉ុណ្ណោះ។ ស្ត្រីម្នាក់នេះនិយាយថា ៖ «ការបោះឆ្នោតគឺធ្វើឡើងដោយសម្ងាត់ ចុះហេតុអ្វីបានជាត្រូវហៅប្រជាជនទៅសួរថា បោះឆ្នោតឲ្យខ្លួនឬអត់?។ ដូច្នេះអ្នកមិនទៅប្រជុំ គេពិតជាកត់សម្គាល់ហើយនិងធ្វើមួយលើពួកយើងនៅពេលក្រោយ ឬនៅពេលដែលពួកយើងទៅធ្វើឯកសារអ្វីមួយមិនខាន»។
ប៉ុន្តែ ផ្ទុយទៅវិញអ្នកស្រី អឹម ធុច ដែលចូលរួមក្នុងការជួបជុំនោះបានអះអាងថា ការទៅជួបប្រជុំនោះ គឺពុំមានឲ្យជាប្រាក់ឬក៏វត្ថុអ្វីនោះទេ ក្រៅអំពីការសួរសុខទុក្ខគ្នាតែប៉ុណ្ណោះ។ អ្នកស្រីនិយាយថា៖«ពួកយើងគ្រាន់តែនិយាយអំពីការសួរសុខទុក្ខគ្នា ពុំមានស្បថស្បែអ្វីទេ គឺគេចេះតែចោទប្រកាន់យើងប៉ុណ្ណោះ»។
លោក ញូង តឹកលី ស្មៀនឃុំ កោះខ្សាច់ទន្លា បានឲ្យដឹងថា នៅថ្ងៃនេះមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ១.៦០០ នាក់ ដើម្បីអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជន តែពុំមានការឲ្យស្បថអ្វីដូចការចោទនោះទេ។ លោកឲ្យដឹងទៀតថា៖ «យើងគ្រាន់តែអរគុណពលរដ្ឋប៉ុណ្ណោះពុំបានបង្ខំឲ្យស្បថនោះទេ ហើយក៏ពុំបានឲ្យលុយឬក៏អ្វីនោះដែរ»។
http://www.postkhmer.com/index.php/national/1-national-news/101830-cpp-