អង្គការជាតិនិងអន្តរជាតិថ្កោលទោសរដ្ឋាភិបាលចំពោះអំពើហិង្សានៅទីលានប្រជាធិបតេយ្យ
អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សក្នុងស្រុកបានថ្កោលទោសរដ្ឋាភិបាលចំពោះការប្រើអំពើហិង្សាបណ្ដេញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ ព្រមទាំងការហាមឃាត់មិនឲ្យមានការតវ៉ាជាសាធារណៈនៅក្នុងរាជធានី។ … កាលពីថ្ងៃសៅរ៍ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែមករា ពាក់ព័ន្ធនឹងការប្រើអំពើហិង្សារវាងកងរាជអាវុធហត្ថ និងកម្មកររោងចក្រកាត់ដេរដែលធ្វើការតវ៉ានៅក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យបាតុករប្រាំនាក់ស្លាប់ និងជាង២០នាក់ទៀតរងរបួសដោយសារគ្រាប់កាំភ្លើងរបស់កងរាជអាវុធហត្ថ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកសម រង្ស៊ី និងលោក កឹម សុខា នឹងគោរពតាមដីកាកោះហៅនេះ និងស្ថិតនៅក្នុងប្រទេសរហូតដល់កាលបរិច្ឆេទរបស់តុលាការ។ នៅម៉ោងប្រហែល១១ និង៣០នាទីព្រឹកថ្ងៃសៅរ៍ បុរសជាង១០០នាក់ ដែលភាគច្រើនពាក់មួកការពារសុវត្ថិភាព និងប្រដាប់ដោយដំបងដែក ដំបងឈើ ពូថៅ និងដំបងឆក់ បានសម្រុកចូលទៅក្នុងទីលានប្រជាធិបតេយ្យ ដេញអ្នកគាំទ្រ និងព្រះសង្ឃពីរបីរយនាក់ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឲ្យចេញពីទីលាននេះ និងបានវាយអ្នកព្យាយាមរត់គេចខ្លួន។ នគរបាលប្រឆាំងកុបកម្មនិងកងរាជអាវុធហត្ថរាប់រយនាក់បានបិទទីលាននេះ និងឃ្លាំមើលនៅពេលដែលជនសីុវិលជាច្រើនក្រុមដែលពាក់បូរដៃពណ៌ក្រហមនិងសន្ដិសុខក្រុងបានវាយអ្នកនៅក្នុងទីលាននេះនិងរុះរើតង់ វេទិកា និងកន្លែងដុតទៀនធូប ដែលបាតុករគាំទ្រគណបក្សសង្គ្រោះជាតិបានបង្កើតឡើងជាងបីសប្ដាហ៍មកហើយ ដើម្បីធ្វើជាកន្លែងជួបជុំគ្នាទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។ អាជ្ញាធរក្រុងភ្នំពេញបានចេញសេចក្ដីថ្លែងការណ៍ដំណាលគ្នាចំនួនពីរកាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា ទោះបីជាបាតុកម្មនៅទីលានប្រជាធិបតេយ្យធ្វើឡើងដោយអហិង្សាក៏ដោយ ក៏ការតវ៉ារបស់គណបក្សសង្គ្រោះជាតិកំពុងក្លាយជាហិង្សានៅកន្លែងផ្សេងទៀតដែរ។ … នៅក្នុងសេចក្ដីថ្លែងការណ៍ទី២ សាលារាជធានីបានបដិសេធថា មិនបានប្រើអំពើហិង្សាដើម្បីបោសសម្អាតទីលានប្រជាធិបតេយ្យទេ ថ្វីបើសាក្សីនិងរូបថតបង្ហាញថា ព្រះសង្ឃត្រូវបានសន្ដិសុខក្រុងវាយនឹងដំបងក៏ដោយ។ ក្រសួងមហាផ្ទៃក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃសៅរ៍ដើម្បីពន្យល់ប្រាប់ថា សេរីភាពក្នុងការជួបជុំនៅក្នុងទីក្រុងត្រូវផ្អាកជាបណ្ដោះអាសន្ន។ ក្រសួងនេះបានលើកឡើងថា “នៅក្នុងបរិបទនេះនិងដើម្បីធានាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការធ្វើបាតុកម្ម និងការហែក្បួនត្រូវបញ្ឈប់ជាបណ្ដោះអាសន្នរហូតដល់ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់វិលមករកភាពធម្មតាវិញ”។ បន្ទាប់ពីមានការដេញអ្នកតវ៉ាចេញពីទីលានប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិបានលុបចោលការហែក្បួនដែលបានគ្រោងទុកនៅក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញ ដែលគណបក្សប្រឆាំងអះអាងថា គឺជាការហែក្បួនដ៏ធំបំផុតនៅក្នុងរាជធានី។ លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្ដែងកង្វល់ចំពោះសកម្មភាពរបស់រដ្ឋាភិបាលក្នុងការគាបសង្កត់សិទ្ធិសេរីភាពនៃការជួបជុំដោយអហិង្សា។ លោក ស៊ូបេឌី បានសរសេរតាមអីុម៉េលថា “ខ្ញុំគិតថា វិធានការណាមួយរបស់រដ្ឋាភិបាលត្រូវស្របតាមច្បាប់ ភាពចំាបាច់និងភាពសមស្រប”។ …
Colin Meyn និង ផន បុប្ផា
http://www.cambodiadailykhmer.com/news/9089/