វៀតណាមនិងចិនទទួលបានដីសម្បទានសេដ្ឋកិច្ចពី កម្ពុជា ច្រើនជាងប្រទេសដទៃទៀត
ក្រុមហ៊ុន វៀតណាម និងក្រុមហ៊ុន ចិន ទទួលបានការផ្តល់ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល កម្ពុជា ច្រើនជាងគេក្នុងចំណោមក្រុមហ៊ុនបរទេសចំនួន ៨២ ក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅក្នុងខេត្តចំនួន ១៧ នៅ កម្ពុជា។ នេះបើយោងទៅតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១២-២០១៣ និងទិសដៅឆ្នាំ ២០១៣-២០១៤។ នៅក្នុងរបាយការណ៍កម្រាស់ ១១៥ ទំព័រ ដែល ភ្នំពេញ ប៉ុស្តិ៍ ទើបតែទទួលបាន បានបង្ហាញឲ្យដឹងថា មកទល់ពេលនេះរដ្ឋាភិបាលកម្ពុជាបានផ្តល់គោលការណ៍វិនិយោគជូនក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនិងបានចុះកិច្ចសន្យាជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១២១ ក្រុមហ៊ុន លើផ្ទៃដីកិច្ចសន្យាសរុបចំនួន ១.២៣០.៣៦៤ ហិកតា ស្ថិតនៅក្នុងខេត្តចំនួន ១៧។ ក្រុមហ៊ុនទាំង ១២១ មានក្រុមហ៊ុនក្នុងស្រុកចំនួន ៣៩ ក្រុមហ៊ុន លើផ្ទៃដីចំនួន ៦០៩.៣៧៧ ហិកតា និងក្រុមហ៊ុនមកពីបរទេសសរុបចំនួន ៨២ ក្រុមហ៊ុន លើផ្ទៃដីសរុបចំនួន ៦២០.៩៨៧ ហិកតា នៅក្នុងនោះមានផ្ទៃដីដាំដុះចំនួន ១៣៥.៣២២ ហិកតា ហើយប្រភេទដំណាំដែលបានដាំដុះរួមមាន កៅស៊ូ ឈើ ដូងប្រេង ស្វាយចន្ទី ដំឡូងមី និងចិញ្ចឹមសត្វ។ នៅក្នុងរបាយការណ៍ដដែលនោះបានឲ្យដឹងទៀតថា ក្រុមហ៊ុនមកពីបរទេសមានចំនួន ៨២ ក្រុមហ៊ុន រួមមាន ប្រទេស វៀតណាម ចំនួន ៣៤ ក្រុមហ៊ុន លើផ្ទៃដីចំនួន ២៥៣.៦២៣ ហិកតា។ ក្រុមហ៊ុន ចិន ចំនួន ២៥ លើផ្ទៃដីចំនួន ២០៣.៩៦០ ហិកតា។ ប្រទេស កូរ៉េ ចំនួន ៧ ក្រុមហ៊ុន លើផ្ទៃដី ៣៨.៣៣៩ ហិកតា។ ប្រទេស ថៃ ចំនួន ៤ ក្រុមហ៊ុន លើផ្ទៃដី ៣០.៧៧៣ ហិកតា។ ប្រទេស ម៉ាឡេស៊ី ចំនួន ៣ ក្រុមហ៊ុនលើផ្ទៃដី ២៣.៩៩២ ហិកតា។ ប្រទេស ឥណ្ឌា ចំនួន ៣ ក្រុមហ៊ុន លើផ្ទៃដី ១៧.៧២៧ ហិកតា។ ប្រទេស សិង្ហបុរី ចំនួន ២ ក្រុមហ៊ុនលើផ្ទៃ ដី ១៦.២០២ ហិកតា។ ប្រទេស អូស្ត្រាលី ចំនួន ១ ក្រុមហ៊ុន លើផ្ទៃដី ៨.៩៧៧ ហិកតា។ ប្រទេស អ៊ីស្រាអែល ចំនួន ១ ក្រុមហ៊ុន លើផ្ទៃដី ២.៤០៩ ហិកតា។ ប្រទេស អាមេរិក ចំនួន ១ ក្រុមហ៊ុន លើផ្ទៃដីសរុប ៩.៨២០ ហិកតា និង រុស្ស៊ី ចំនួន ១ ក្រុមហ៊ុនលើផ្ទៃដីចំនួន ១៥.១៦៥ ហិកតា។ នៅក្នុងរបាយការណ៍នោះបានឲ្យដឹងថា៖ «រាជរដ្ឋាភិបាលបានសម្រេចលុបចោលគោលការណ៍ និងកិច្ចសន្យាវិនិយោគសរុបចំនួន ១១ ក្រុមហ៊ុនលើផ្ទៃដីចំនួន ៨៥.៦៩៨ ហិកតា»។ …
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/111107-2014-02-25-04-03-35