កម្មវិធីបណ្តុះបណ្តាលស្តីពី “អក្ខរកម្មទិន្នន័យសម្រាប់អ្នកសារព័ត៌មាន” សម្រាប់អ្នកសារព័ត៌មានកម្ពុជា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយនឹងអង្គការ Internews បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី “អក្ខរកម្មទិន្នន័យសម្រាប់អ្នកសារព័ត៌មាន” ដែលមានការចូលរួមពីអ្នកសារព័ត៌មានមកពីបណ្តារាជធានីខេត្តចំនួន១១រូប ក្នុងនោះមាន២រូបជាស្ត្រី។ កម្មវិធីបណ្តុះបណ្តាលនេះជាផ្នែកមួយនៃគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) ដែលមានការសហការជាមួយនឹងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) និងទទួលបានជំនួយហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ និងបែងចែកជា២ដំណាក់កាល ដែលដំណាក់កាលទី១ ប្រព្រឹត្តទៅនៅថ្ងៃទី២២និង២៣ ខែមិថុនា និងដំណាក់កាលទី២ ប្រព្រឹត្តទៅនៅថ្ងៃទី២៩និង៣០ ខែមិថុនា។
កម្មវិធីកសាងសមត្ថភាពនិងបណ្តុះបណ្តាល គឺជាសកម្មភាពដ៏សំខាន់មួយក្នុងចំណោមសកម្មភាពគន្លឹះផ្សេងទៀតរបស់អង្គការអូឌីស៊ី។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលនេះអាចរៀបចំទៅបាន ដោយសារការឃើញពីសារៈសំខាន់នៃទិន្នន័យក្នុងការផ្តល់សារអំពីបញ្ហាតាមរយៈអត្ថបទសាច់រឿង និងដោយសារបញ្ហាប្រឈម និងសេចក្តីត្រូវការរបស់អ្នកសារព័ត៌មានចំពោះជំនាញទិន្នន័យ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងកសាងជំនាញទិន្នន័យដល់អ្នកសារព័ត៌មាន ដើម្បីផលិតសាច់រឿងដោយផ្អែកលើទិន្នន័យ អំពីបញ្ហាទាក់ទងនឹងគណនេយ្យភាពសង្គម។ ការបណ្តុះបណ្តាលនេះចែកចេញជា៥ម៉ូឌុល ដែលមានមេរៀនចំនួន១២។
- ម៉ូឌុលទី១៖ មូលដ្ឋានគ្រឹះនៃទិន្នន័យ – ឈ្វេងយល់ពីដំណើរការនៃការប្រើប្រាស់ទិន្នន័យក្នុងការសរសេររឿងរ៉ាវអំពីគោលនយោបាយ, មូលដ្ឋានគ្រឹះទិន្នន័យ, ការស្វែងរកទិន្នន័យតាមប្រព័ន្ធអនឡាញដោយប្រើប្រាស់ Google Advanced Search និងវិបផតថលទិន្នន័យ, និងការផ្ទៀងផ្ទាត់ទិន្នន័យ។
- ម៉ូឌុលទី២៖ ស្តង់ដារទិន្នន័យ – ឈ្វេងយល់ពីទស្សនៈនៃរចនាសម្ព័ន្ធទិន្នន័យជាតារាង, ទម្រង់ទិន្នន័យទូទៅ, សមាសធាតុនៃស្តង់ដារទិន្នន័យជាតារាង, បញ្ហាទូទៅនៅក្នុងសំណុំទិន្នន័យ, និងបច្ចេកទេសផ្សេងៗនៃការសម្អាតទិន្នន័យតាមរយៈ Google Sheets។
- ម៉ូឌុលទី៣៖ ការវិភាគទិន្នន័យ – រៀនបង្កើតសម្មតិកម្មសម្រាប់ផលិតសាច់រឿងចេញពីទិន្នន័យ, ទស្សនៈនៃមូលដ្ឋានស្ថិតិ, និងមុខងារវិភាគទិន្នន័យនៅក្នុង Google Sheets ដើម្បីធ្វើទស្សនីយកម្មទិន្នន័យប្រកបដោយប្រសិទ្ធភាព និងភាពទាក់ទាញ។
- ម៉ូឌុលទី៤៖ មូលដ្ឋានគ្រឹះនៃការផលិតសាច់រឿង – សិក្សាពីរចនាសម្ព័ន្ធនិងធាតុផ្សំនៃសាច់រឿងដែលល្អ និងដំណាក់កាលក្នុងការផលិតសាច់រឿង។
- ម៉ូឌុលទី៥៖ ការរៀបចំសាច់រឿងចេញពីទិន្នន័យ – រៀនសម្រួលទិន្នន័យ, ឈ្វេងយល់ពីរចនាសម្ព័ន្ធនៃសាច់រឿងចេញពីទិន្នន័យ, និងរៀបចំសារគន្លឹះនៅក្នុងសាច់រឿង។
វគ្គបណ្តុះបណ្តាលនេះមានគ្រូឧទ្ទេសចំនួន៣រូបមកពីអង្គការអូឌីស៊ី ដូចជា លោក វង្ស ពិសិទ្ធ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) / អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព, លោក បាន ចន្ទផល្លា បណ្ណាធិការ / អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គម, និង លោក សំអាន ម៉ារឌី ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រ។ គ្រូឧទ្ទេស១រូបទៀត គឺលោក ម៉ៃ ទិត្យថារ៉ា មកពីអង្គការ Internews ដែលលោកគឺជាអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងមានឯកទេសក្នុងការផលិតសាច់រឿង។
ពេញមួយវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទទួលបានជំនាញទិន្នន័យដូចជា ការប្រមូលទិន្នន័យ ការសម្អាតទិន្នន័យ ការវិភាគទិន្នន័យ និងការបង្កើតសាច់រឿងចេញពីទិន្នន័យ។ សិក្ខាកាមក៏អាចពង្រឹងសមត្ថភាពក្នុងការផលិតសាច់រឿងដែលផ្អែកលើទិន្នន័យ មានឱកាសដាក់ពាក្យស្នើសុំថវិកាសម្រាប់ផលិតសាច់រឿង និងទទួលបានការណែនាំសម្រាប់ផលិតសាច់រឿងនៅពេលដែលពួកគេទទួលបានថវិកានេះ។ កម្មវិធីនេះបានចាប់ផ្តើមដោយមតិស្វាគមន៍ពីកញ្ញា អ៊ួន វិមល - ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ នៃអង្គការអូឌីស៊ី និងសុន្ទរកថាស្វាគមន៍ពីលោក សេង សុខា - តំណាងប្រទេសនៃអង្គការ Internews ។ របៀបវារៈបន្ទាប់គឺ ការណែនាំខ្លួន និងការរំពឹងទុកពីសម្នាក់សិក្ខាកាម។ សិក្ខាកាមម្នាក់បានលើកឡើងថា កម្មវិធីនេះនឹងក្លាយជាបទពិសោធថ្មីសម្រាប់គាត់ ព្រោះគាត់មិនដែលយល់ដឹងច្រើនអំពីទិន្នន័យ ក៏ដូចជាវិធីប្រើប្រាស់ទិន្នន័យសម្រាប់ផលិតសាច់រឿងចេញពីទិន្នន័យប្រកបដោយភាពទាក់ទាញនៅក្នុងអាជីពសារព័ត៌មានឡើយ។
សិក្ខាកាមត្រូវធ្វើតេស្តសាកល្បងសមត្ថភាពមុននិងក្រោយការបណ្តុះបណ្តាល ដើម្បីវាស់វែងពីកម្រិតយល់ដឹងរបស់សិក្ខាកាមលើខ្លឹមសារដែលបានផ្តល់ជូន ហើយលទ្ធផលនៃការធ្វើតេស្តនេះក៏មានសារៈសំខាន់សម្រាប់គ្រូឧទ្ទេស និងអ្នករៀបចំកម្មវិធីផងដែរ ក្នុងការកំណត់ពីសេចក្តីត្រូវការបន្ថែមដើម្បីពង្រឹងសមត្ថភាព។
បន្ទាប់ពីមេរៀននីមួយៗ សិក្ខាកាមបានទទួលនូវបទពិសោធជាក់ស្តែង តាមរយៈលំហាត់អនុវត្តន៍ដែលគ្រូឧទ្ទេសបានរៀបចំ។ លំហាត់ទាំងនោះមានជាលក្ខណៈបុគ្គលផង និងការពិភាក្សាជាក្រុមផង ដោយមានអ្នកសម្របសម្រួលរង់ចាំផ្តល់ជំនួយបច្ចេកទេសដល់ពួកគេ ដើម្បីធានាបានថាពួកគេទទួលបាននូវអ្វីដែលគ្រូឧទ្ទេសបានចែករំលែកនិងណែនាំនៅក្នុងមេរៀននីមួយៗ។
មុននឹងបិទបញ្ចប់វគ្គបណ្តុះបណ្តាល គ្រូឧទ្ទេសបានស្នើឱ្យសិក្ខាកាមបំពេញទម្រង់វាយតម្លៃចំពោះការបណ្តុះបណ្តាលនេះ ព្រមទាំងផ្តល់វេទិកានេះជូនសិក្ខាកាមដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង បន្ទាប់ពីបានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនេះ។ ក្នុងបរិយាកាសដ៏រីករាយ សិក្ខាកាមបានបង្ហាញនូវចំណាប់អារម្មណ៍ល្អៗចំពោះវគ្គបណ្តុះបណ្តាល ដោយសារពួកគេបានទទួលនូវចំណេះដឹងនិងជំនាញថ្មីសម្រាប់អភិវឌ្ឍសមត្ថភាពនិងវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសដើម្បីយកចំណេះនិងជំនាញទាំងនោះទៅអនុវត្តនៅក្នុងការងារជាក់ស្តែង។ វគ្គបណ្តុះបណ្តាលបានបិទបញ្ចប់ បន្ទាប់ពីការប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានចូលរួមយ៉ាងសកម្មនិងពេញលេញក្នុងរយៈពេល៤ថ្ងៃ។ ឆ្លៀតក្នុងឱកាសនេះ អង្គការអូឌីស៊ីក៏បានប្រកាសពីកម្មវិធីផ្តល់ថវិកាសម្រាប់ផលិតសាច់រឿងដល់សិក្ខាកាម ដែលជាឱកាសសម្រាប់ពួកគេក្នុងការយកជំនាញថ្មីដែលទើបទទួលបានពីកម្មវិធីនេះ ទៅអនុវត្តជាក់ស្តែង។