អង្គការអូឌីស៊ី បានដាក់ឱ្យដំណើរការទំព័រព័ត៌មានទិន្នន័យស្តីពីការគ្រប់គ្រងធនធានជលផល
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំព្រឹត្តិការណ៍មួយនៅរាជធានីភ្នំពេញ ដើម្បីដាក់ឱ្យដំណើរការទំព័រព័ត៌មានទិន្នន័យស្តីពីការគ្រប់គ្រងធនធានជលផល ដោយរៀបចំរួមជាមួយសិក្ខាសាលាបិទបញ្ចប់គម្រោង «ពង្រឹងសកម្មភាពសង្គមស៊ីវិលដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ច (SCAEG)»។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជាង ១០០ នាក់ រួមមានតំណាងអង្គការសង្គមស៊ីវិល ស្ថាប័នរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍តំបន់ឆ្នេរមកពីខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សារៈសំខាន់នៃការទទួលបានព័ត៌មាន ការចូលរួមរបស់សហគមន៍ និងកិច្ចសហការរវាងភាគីពាក់ព័ន្ធ ក្នុងការជំរុញការគ្រប់គ្រងធនធានជលផលប្រកបដោយតម្លាភាព បរិយាបន្ន និងចីរភាព។ ព្រឹត្តិការណ៍នេះក៏បានផ្តល់ឱកាសដល់អ្នកចូលរួមដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលសំខាន់ៗរបស់គម្រោង ចែករំលែកបទពិសោធន៍របស់សហគមន៍ និងទទួលស្គាល់ការរួមចំណែករបស់សហគមន៍តំបន់ឆ្នេរក្នុងការចងក្រង និងផ្សព្វផ្សាយរឿងរ៉ាវក្នុងមូលដ្ឋាន។
ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍នេះ គឺការដាក់ឱ្យដំណើរការទំព័រព័ត៌មានទិន្នន័យស្តីពីការគ្រប់គ្រងធនធានជលផលរបស់អង្គការអូឌីស៊ី ដែលផ្តល់ទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានជលផល និងសហគមន៍នេសាទ។ ទំព័រព័ត៌មាននេះដើរតួនាទីជាធនធានព័ត៌មានមួយ ដែលជួយឱ្យភាគីពាក់ព័ន្ធអាចទទួលបានព័ត៌មានពាក់ព័ន្ធ និងពង្រឹងការយល់ដឹងរបស់ពួកគេអំពីធនធានជលផល ព្រមទាំងសហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះសម្រាប់ជីវភាពរស់នៅ។
ការទទួលបានព័ត៌មានដែលអាចទុកចិត្តបាន និងងាយស្រួលប្រើប្រាស់ គឺជាកត្តាចាំបាច់សម្រាប់ការសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់គ្រាន់ ការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព និងការចូលរួមជាសាធារណៈប្រកបដោយអត្ថន័យ។ តាមរយៈការធ្វើឱ្យទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងធនធានជលផលកាន់តែងាយស្រួលក្នុងការទទួលបាន អង្គការអូឌីស៊ី មានគោលបំណងគាំទ្រដល់អង្គការសង្គមស៊ីវិល តំណាងសហគមន៍ ស្ថាប័នរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការប្រើប្រាស់ភស្តុតាងដើម្បីណែនាំការងាររបស់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព។

ព្រឹត្តិការណ៍នេះក៏មានកម្មវិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់សហគមន៍ដែលទទួលបានជ័យលាភីក្នុងការប្រកួតវីដេអូផងដែរ។ ការប្រកួតនេះបានទទួលស្គាល់ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់អ្នកចូលរួមក្នុងការចងក្រង និងចែករំលែករឿងរ៉ាវក្នុងមូលដ្ឋានតាមរយៈវីដេអូ ដោយបង្ហាញពីជីវភាពរស់នៅរបស់សហគមន៍ គំនិតផ្តួចផ្តើមក្នុងមូលដ្ឋាន និងបទពិសោធន៍ពីតំបន់ឆ្នេរនៃប្រទេសកម្ពុជា។
ការផ្តល់ការទទួលស្គាល់នេះបានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការអបអរសាទរដល់សំឡេងរបស់សហគមន៍ និងបង្ហាញពីតួនាទីនៃការនិទានរឿងតាមរយៈប្រព័ន្ធឌីជីថល ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ តាមរយៈការចងក្រងបទពិសោធន៍ និងចែករំលែកទស្សនៈរបស់ខ្លួន សហគមន៍តំបន់ឆ្នេរអាចបង្ហាញពីអាទិភាពរបស់ខ្លួន លើកឡើងពីសមិទ្ធផលក្នុងមូលដ្ឋាន និងរួមចំណែកដល់ការពិភាក្សាទូលំទូលាយអំពីការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍតំបន់ឆ្នេរ។

ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ គម្រោង SCAEG ដែលទទួលបានការគាំទ្រមូនិធីពីសហភាពអឺរ៉ុប បាននិងកំពុងធ្វើការជាមួយអង្គការសង្គមស៊ីវិល (CSOs) និងសហគមន៍តំបន់ឆ្នេរ នៅក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង។ ក្នុងអំឡុងពេលអនុវត្តគម្រោង ការគាំទ្រនានាត្រូវបានផ្តល់ជូន ដើម្បីជួយឱ្យអង្គការក្នុងមូលដ្ឋាន និងសហគមន៍អាចទទួលបានព័ត៌មានពាក់ព័ន្ធ លើកឡើងពីបញ្ហាប្រឈមដែលប៉ះពាល់ដល់ពួកគេ និងចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងជីវភាពរស់នៅ និងធនធានតំបន់ឆ្នេររបស់ពួកគេ។
សិក្ខាសាលាបិទបញ្ចប់គម្រោង គឺជាឱកាសមួយសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញនូវសមិទ្ធផលដែលសម្រេចបាន ចែករំលែកបទពិសោធន៍ពីសហគមន៍រៀងៗខ្លួន និងពិចារណាអំពីការផ្លាស់ប្តូរដែលបានកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោង។ អ្នកចូលរួមក៏បានធ្វើបទបង្ហាញអំពីឧបករណ៍ដែលពួកគេបានបង្កើតឡើង ចែករំលែកមេរៀនបទពិសោធន៍ពីការងាររបស់ខ្លួន និងពិភាក្សាអំពីរបៀបបន្តកិច្ចសហការគ្នា បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងមកពីស្ថាប័នរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពិភាក្សាអំពីរបៀបដែលកិច្ចសហការរួមគ្នាអាចរួមចំណែកដល់ការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយតម្លាភាព គណនេយ្យភាព និងបរិយាបន្ន។
ចំណុចសំខាន់មួយទៀតដែលត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សា គឺការរក្សាឱ្យទំនាក់ទំនង និងបណ្តាញដែលបានកសាងឡើងតាមរយៈគម្រោងនេះ បន្តដំណើរការយ៉ាងសកម្ម។ អ្នកចូលរួមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ឱកាសកាន់តែច្រើនដល់ស្ត្រី និងយុវជន ក្នុងការចូលរួមក្នុងដំណើរការផ្សេងៗ ព្រមទាំងធានាថា សហគមន៍តំបន់ឆ្នេរនៅតែមានសំឡេង និងឱកាសចូលរួមក្នុងការសម្រេចចិត្តនានា ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃ មុខរបរ និងធនធានធម្មជាតិដែលពួកគេពឹងផ្អែកលើ។

ព្រឹត្តិការណ៍នេះបានក្លាយជាចំណុចសំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការអូឌីស៊ី ដើម្បីលើកកម្ពស់ការទទួលបានព័ត៌មាន ពង្រឹងការចូលរួមរបស់សហគមន៍ និងគាំទ្រការសម្រេចចិត្តផ្អែកលើភស្តុតាងនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការទំព័រព័ត៌មានស្តីពីការគ្រប់គ្រងធនធានជលផល រួមជាមួយនឹងការទទួលស្គាល់សមិទ្ធផលក្នុងការចែករំលែករឿងរ៉ាវរបស់សហគមន៍ បានបង្ហាញពីតម្លៃនៃការរួមបញ្ចូលគ្នារវាងទិន្នន័យដែលងាយស្រួលទទួលបាន ចំណេះដឹងក្នុងមូលដ្ឋាន និងបទពិសោធន៍របស់សហគមន៍។
នៅពេលគម្រោង SCAEG ឈានដល់ទីបញ្ចប់ ការរក្សាបាននូវវឌ្ឍនភាពដែលសម្រេចបាន គឺតម្រូវឱ្យមានកិច្ចសហការបន្តរវាងអង្គការសង្គមស៊ីវិល ស្ថាប័នរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍តំបន់ឆ្នេរ។ ការធានាឱ្យមានលទ្ធភាពទទួលបានព័ត៌មានដែលអាចទុកចិត្តបាន និងការបង្កើតឱកាសសម្រាប់ការចូលរួមប្រកបដោយអត្ថន័យ នៅតែជាជំហានដ៏សំខាន់ក្នុងការពង្រឹងគណនេយ្យភាព និងគាំទ្រដល់ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព។