ពង្រឹងការតាមដានព្រៃឈើសហគមន៍តាមរយៈឧបករណ៍ឌីជីថល
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (អូឌីស៊ី) សហការជាមួយកម្មវិធីអភិវឌ្ឍធនធានយុវជន (YRDP) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃ នៅរាជធានីភ្នំពេញ ស្តីពីការប្រើប្រាស់ឧបករណ៍ឌីជីថល សម្រាប់ការតាមដាន និងការការពារព្រៃឈើ ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ក្នុងនោះមានតំណាងសហគមន៍ចំនួន ៩នាក់ មកពីខេត្តកំពង់ធំ ព្រះវិហារ និងកំពង់ស្ពឺ និងយុវជនចំនួន ៦នាក់ មកពីរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱកាសដល់តំណាងសហគមន៍ និងយុវជន ក្នុងការសិក្សារៀនសូត្ររួមគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យា និងទិន្នន័យបើកទូលលាយអាចគាំទ្រដល់ការតាមដានព្រៃឈើដោយសហគមន៍។

វគ្គបណ្តុះបណ្តាលបានចាប់ផ្តើមជាមួយនឹងសកម្មភាពបំបែកភាពអៀនខ្មាសខ្លីមួយ ដែលដឹកនាំដោយក្រុមការងារអូឌីស៊ី។ ជំនួសឱ្យការចាប់ផ្តើមវគ្គបណ្តុះបណ្តាលភ្លាមៗ អ្នកចូលរួមត្រូវបានផ្តល់ពេលវេលាដើម្បីណែនាំខ្លួន និងស្គាល់គ្នាទៅវិញទៅមក តាមរយៈសំណួរជាបន្តបន្ទាប់។ បន្ទាប់ពីបានសន្ទនាជាមួយអ្នកចូលរួមដទៃទៀតរួចមក ពួកគេបានចែករំលែកអ្វីដែលខ្លួនបានស្វែងយល់ជាមួយក្រុមទាំងមូល។ នេះជាវិធីសាមញ្ញមួយក្នុងការជួយឱ្យអ្នកចូលរួមគ្រប់រូបមានអារម្មណ៍ស្និទ្ធស្នាល និងមានភាពក្លាហានក្នុងការចូលរួម ជាពិសេសអ្នកដែលទើបតែបានជួបគ្នាជាលើកដំបូង។ អ្នកចូលរួមក៏មានឱកាសស្វែងយល់ពីប្រវត្តិ និងបទពិសោធន៍របស់គ្នាទៅវិញទៅមក ដែលបានបង្កើតបរិយាកាសកាន់តែស្និទ្ធស្នាល និងរីករាយសម្រាប់វគ្គសិក្សាបន្តបន្ទាប់។

មុននឹងឈានទៅកាន់ប្រធានបទសំខាន់ៗ អ្នកចូលរួមបានធ្វើតេស្តមុនវគ្គបណ្តុះបណ្តាល ដើម្បីវាយតម្លៃចំណេះដឹងដែលពួកគេមានស្រាប់ទាក់ទងនឹងផែនទីឌីជីថល រូបភាពផ្កាយរណប និងវេបសាយជូនដំណឹងអំពីការរំខានព្រៃឈើ។ លទ្ធផលនៃការធ្វើតេស្តនេះនឹងត្រូវប្រើជាចំណុចចាប់ផ្តើមសម្រាប់វាយតម្លៃចំណេះដឹងដែលអ្នកចូលរួមទទួលបានក្នុងអំឡុងពេលបណ្តុះបណ្តាល។
វគ្គសិក្សានាពេលព្រឹកបានណែនាំអ្នកចូលរួមអំពីឧបករណ៍ និងគោលគំនិតមួយចំនួន ដែលអាចប្រើប្រាស់សម្រាប់តាមដានតំបន់ព្រៃឈើ និងកំណត់អត្តសញ្ញាណការផ្លាស់ប្តូរដែលអាចកើតមាន។ ឧបករណ៍ និងគោលគំនិតទាំងនេះរួមមាន ផែនទីឌីជីថល រូបភាពផ្កាយរណប និងវេទិកាជូនដំណឹងអំពីការរំខានដល់ព្រៃឈើ។ វគ្គសិក្សាដំបូងបានផ្តោតលើផែនទីឌីជីថល និងរបៀបដែលផែនទីទាំងនេះដំណើរការ។ អ្នកចូលរួមបានសិក្សាអំពីលក្ខណៈមូលដ្ឋានរបស់ផែនទី និងរបៀបប្រើប្រាស់ផែនទីដើម្បីកំណត់ទីតាំងជាក់លាក់ ស្វែងយល់អំពីព័ត៌មានភូមិសាស្ត្រ និងកំណត់តំបន់ដែលមានសកម្មភាពពាក់ព័ន្ធនឹងព្រៃឈើ ឬការផ្លាស់ប្តូរផ្សេងៗកំពុងកើតឡើង។

វគ្គសិក្សាបន្ទាប់បានណែនាំអំពីរូបភាពផ្កាយរណប និងពន្យល់ពីរបៀបដែលផ្កាយរណបថតយករូបភាពផ្ទៃផែនដី។ អ្នកចូលរួមបានស្វែងយល់ពីរបៀបដែលរូបភាពទាំងនេះអាចជួយតាមដានការផ្លាស់ប្តូរតាមពេលវេលា និងផ្តល់ព័ត៌មានមានប្រយោជន៍សម្រាប់ការតាមដានតំបន់ព្រៃឈើ។ ប្រធានបទសំខាន់មួយទៀត គឺវេបសាយជូនដំណឹងអំពីការរំខានដល់ព្រៃឈើ។ ក្នុងអំឡុងពេលសិក្សានេះ អ្នកចូលរួមបានស្វែងយល់អំពីពាក្យគន្លឹះសំខាន់ៗរបស់វេទិកា របៀបដំណើរការនៃប្រព័ន្ធជូនដំណឹង និងទីតាំងដែលពួកគេអាចចូលប្រើព័ត៌មានអំពីការរំខានដល់ព្រៃឈើ តាមរយៈវេបសាយ និងបណ្តាញតេឡេក្រាម។
វគ្គសិក្សានេះក៏បានគ្របដណ្តប់លើរបៀបអាន និងស្វែងយល់ពីសារជូនដំណឹង ព្រមទាំងមូលហេតុដែលសារជូនដំណឹងទាំងនេះអាចមានប្រយោជន៍សម្រាប់ការតាមដានព្រៃឈើដោយសហគមន៍។ អ្នកចូលរួមបានពិភាក្សាអំពីរបៀបដែលព័ត៌មាននេះអាចជួយពួកគេកំណត់តំបន់ដែលអាចមានការរំខានដល់ព្រៃឈើ និងកន្លែងដែលត្រូវការការចុះពិនិត្យបន្ថែម។ ចំណុចមួយដែលត្រូវបានសង្កត់ធ្ងន់ជាបន្តបន្ទាប់ក្នុងវគ្គសិក្សា គឺសារជូនដំណឹងតាមប្រព័ន្ធឌីជីថលតែមួយមុខ មិនអាចបញ្ជាក់បានច្បាស់លាស់ថា តើមានអ្វីកំពុងកើតឡើងនៅទីតាំងជាក់លាក់ណាមួយនោះទេ។ ព័ត៌មានពីវេទិកាចាំបាច់ត្រូវផ្ទៀងផ្ទាត់ជាមួយស្ថានភាពជាក់ស្តែងនៅទីតាំងផ្ទាល់។ សហគមន៍មូលដ្ឋានមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនេះ ពីព្រោះពួកគេមានចំណេះដឹងអំពីតំបន់ជុំវិញរបស់ខ្លួន និងអាចជួយផ្ទៀងផ្ទាត់ថា តើការផ្លាស់ប្តូរដែលបានរាយការណ៍នោះឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងដែរឬទេ។

បន្ទាប់ពីសម្រាកទទួលទានអាហារថ្ងៃត្រង់ អ្នកចូលរួមបានចូលរួមក្នុងល្បែងថាមពលខ្លីមួយទៀត ដែលរៀបចំដោយក្រុមការងារអូឌីស៊ី។ សកម្មភាពនេះបានផ្តល់ឱកាសឱ្យអ្នកចូលរួមគ្រប់រូបបានធ្វើចលនា ប្រាស្រ័យទាក់ទងគ្នា និងស្តារថាមពលឡើងវិញ មុននឹងបន្តកម្មវិធីនៅពេលរសៀល។
កម្មវិធីនៅពេលរសៀលបានផ្តោតលើការអនុវត្តចំណេះដឹងដែលទទួលបានពីវគ្គសិក្សានាពេលព្រឹក។ អ្នកចូលរួមត្រូវបានបែងចែកជាបីក្រុម ដើម្បីចូលរួមក្នុងលំហាត់សាកល្បងស្ថានការណ៍នៅទីវាល និងការផ្ទៀងផ្ទាត់ទិន្នន័យជាមួយស្ថានភាពជាក់ស្តែងនៅទីតាំងផ្ទាល់។ ក្រុមនីមួយៗទទួលបានសេណារីយ៉ូមួយពាក់ព័ន្ធនឹងការតាមដានព្រៃឈើ និងត្រូវពិចារណាអំពីរបៀបប្រើប្រាស់ព័ត៌មានពីវេទិកាជូនដំណឹងអំពីការរំខានដល់ព្រៃឈើ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ការរំខានដល់ព្រៃឈើដែលអាចកើតមាន។ ពួកគេបានពិភាក្សាអំពីជំហានដែលត្រូវអនុវត្ត ព័ត៌មានដែលត្រូវការ និងរបៀបផ្ទៀងផ្ទាត់សារជូនដំណឹងតាមរយៈការសង្កេតស្ថានភាពជាក់ស្តែងនៅទីតាំងផ្ទាល់។ លំហាត់នេះបានផ្តល់ឱកាសឱ្យអ្នកចូលរួមគិតពិចារណាលើសពីការទទួលបានព័ត៌មានតាមរយៈវេទិកាឌីជីថលតែប៉ុណ្ណោះ។ ពួកគេត្រូវពិចារណាអំពីរបៀបដែលសារជូនដំណឹងអាចត្រូវបានពិនិត្យផ្ទៀងផ្ទាត់ និងតួនាទីដែលសមាជិកសហគមន៍អាចដើរតួក្នុងការបញ្ជាក់ពីស្ថានភាពជាក់ស្តែង។
បន្ទាប់ពីបញ្ចប់លំហាត់ អ្នកចូលរួមបានចែករំលែកគំនិត និងបទពិសោធន៍របស់ខ្លួនក្នុងការប្រើប្រាស់វេទិកា។ ក្រុមនីមួយៗបានពិភាក្សាលើសំណួរមួយចំនួន រួមមាន៖
- តើពួកគេមានចំណាប់អារម្មណ៍ជារួមយ៉ាងដូចម្តេចចំពោះវេទិកាជូនដំណឹងអំពីការរំខានដល់ព្រៃឈើ?
- តើមុខងារណាខ្លះរបស់វេទិកាដែលពួកគេយល់ថាមានប្រយោជន៍?
- តើពួកគេបានជួបប្រទះការលំបាកអ្វីខ្លះក្នុងអំឡុងពេលប្រើប្រាស់វេទិកានេះ?
- តើព័ត៌មាន ឬមុខងារបន្ថែមអ្វីខ្លះដែលអាចធ្វើឱ្យវេទិកានេះកាន់តែមានប្រយោជន៍?
- តើវេទិកានេះអាចគាំទ្រសកម្មភាពតាមដានព្រៃឈើនៅក្នុងសហគមន៍របស់ពួកគេឱ្យកាន់តែប្រសើរឡើងតាមរបៀបណា?
ក្រុមនីមួយៗបានពិភាក្សាលើសំណួរទាំងនេះ និងជ្រើសរើសតំណាងដើម្បីធ្វើបទបង្ហាញអំពីលទ្ធផលពិភាក្សារបស់ខ្លួនជូនអ្នកចូលរួមដទៃទៀត។ តាមរយៈបទបង្ហាញទាំងនេះ អ្នកចូលរួមបានចែករំលែកទស្សនៈផ្សេងៗគ្នាអំពីវេបសាយ រួមមានមុខងារដែលមានប្រយោជន៍ ចំណុចដែលអាចកែលម្អបន្ថែម និងវិធីដែលវេបសាយនេះអាចឆ្លើយតបបានកាន់តែប្រសើរឡើងទៅនឹងតម្រូវការរបស់សហគមន៍ដែលចូលរួមក្នុងការតាមដានព្រៃឈើ។
វគ្គសិក្សាចុងក្រោយបានផ្តោតលើការរៀបចំផែនការសកម្មភាព។ អ្នកចូលរួមបានពិភាក្សាអំពីរបៀបនាំយកចំណេះដឹងដែលទទួលបានទៅកាន់សហគមន៍រៀងៗខ្លួន និងយកទៅអនុវត្តក្នុងការងារជាក់ស្តែង។ ពួកគេបានពិចារណាអំពីវិធីប្រើប្រាស់វេបសាយជូនដំណឹងអំពីការរំខានដល់ព្រៃឈើ និងឧបករណ៍ឌីជីថលផ្សេងទៀត ក្នុងសកម្មភាពតាមដានព្រៃឈើជាប្រចាំ ការចែករំលែកព័ត៌មានពាក់ព័ន្ធជាមួយសមាជិកសហគមន៍ និងការតាមដានបញ្ហាគំរាមកំហែងដែលអាចកើតមានចំពោះធនធានព្រៃឈើ។

មុននឹងបិទបញ្ចប់វគ្គបណ្តុះបណ្តាល អ្នកចូលរួមបានធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាល ដើម្បីវាយតម្លៃចំណេះដឹងដែលពួកគេបានទទួលក្នុងរយៈពេលពេញមួយថ្ងៃ។ បន្ទាប់មក លទ្ធផលតេស្តក្រោយវគ្គបណ្តុះបណ្តាលអាចត្រូវបានប្រៀបធៀបជាមួយលទ្ធផលតេស្តមុនវគ្គបណ្តុះបណ្តាល ដើម្បីទទួលបានទិដ្ឋភាពកាន់តែច្បាស់អំពីការផ្លាស់ប្តូរក្នុងការយល់ដឹងរបស់អ្នកចូលរួមទាក់ទងនឹងផែនទីឌីជីថល រូបភាពផ្កាយរណប និងវេទិកាជូនដំណឹងអំពីការរំខានដល់ព្រៃឈើ។ អ្នកចូលរួមក៏បានបំពេញទម្រង់វាយតម្លៃវគ្គបណ្តុះបណ្តាល ដោយចែករំលែកទស្សនៈរបស់ខ្លួនអំពីប្រធានបទដែលបានសិក្សា លំហាត់អនុវត្តជាក់ស្តែង ការសម្របសម្រួលវគ្គសិក្សា និងបទពិសោធន៍ជារួមរបស់ពួកគេ។ មតិយោបល់ទាំងនេះនឹងជួយឱ្យ អូឌីស៊ី និង YRDP យល់កាន់តែច្បាស់ថា តើផ្នែកណាខ្លះនៃវគ្គបណ្តុះបណ្តាលមានប្រយោជន៍ និងតើចំណុចណាខ្លះដែលគួរកែលម្អសម្រាប់សកម្មភាពនាពេលអនាគត។ ក្រៅពីការវាយតម្លៃលើការសិក្សារបស់បុគ្គលម្នាក់ៗ មតិយោបល់ទាំងនេះក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួមចែករំលែកសំណូមពរ និងរួមចំណែកក្នុងការរៀបចំផែនការវគ្គបណ្តុះបណ្តាលនាពេលអនាគត ស្តីពីទិន្នន័យបើកចំហ និងឧបករណ៍ឌីជីថលសម្រាប់ការតាមដានព្រៃឈើដោយសហគមន៍ផងដែរ។
អូឌីស៊ី មានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយ YRDP ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដោយមានការគាំទ្រពីអង្គការជំនួយប្រជាជនន័រវេស (NPA)។ ការការរៀបចំឱ្យតំណាងសហគមន៍ និងយុវជនមកជួបជុំគ្នា បានផ្តល់ឱកាសឱ្យពួកគេរៀនសូត្រពីគ្នាទៅវិញទៅមក និងស្វែងយល់អំពីរបៀបដែលឧបករណ៍ឌីជីថលអាចគាំទ្រដល់ការងាររបស់ពួកគេក្នុងការការពារធនធានព្រៃឈើ។