លទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩
នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយសេចក្តីជូនព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ ថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ ២០១៨។ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ក្រោមមូលបទ “តម្លៃរួម ជោគចាសនារួម” បានប្រព្រឹត្តឡើង ស្របពេលដែលទំនាក់ទំនងដៃគូអាស៊ាន-ឥណ្ឌាបានគម្រប់ខួបទី២៥ឆ្នាំ ប្រកបដោយភាពកក់ក្តៅ។ ចំពោះដំណើរការកសាងសហគមន៍អាស៊ាន ថ្នាក់ដឹកនាំបានតាំងចិត្តបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងថែមទៀត និងធ្វើកិច្ចសហប្រតិបត្តិការឆ្ពោះទៅការអនុវត្តឱ្យបានទាំងពេញលេញ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលានូវផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦-២០២០) និងបន្តគាំទ្រដល់សមាហរណកម្មអាស៊ាន និងការសម្រេចឱ្យបាននូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ