បក្ស​​ប្រឆាំង​​ប្រកាស​ធ្វើ​បាតុកម្ម​បក្ស​ប្រជាជន​ប្រកាស​ការពារ​លទ្ធផល​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ច្រានចោល​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ប្រកាស​ធ្វើ​មហា​បាតុកម្ម ៣​យប់ ៣​ថ្ងៃ​ជាប់ៗ​គ្នា នៅ​សប្ដាហ៍​ក្រោយ បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​សម​ស្រប​ណា​មួយ​ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់ ​ឆ្នោត។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង គ.ជ.ប ដែល​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ចាញ់​ឆ្នោត​ដោយ​ទទួល​បាន​អាសនៈ​សភា ៥៥​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អាសនៈ​សភា​ចំនួន ៦៨។ មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កើត​ឡើង​ជា​លើក​ទី​២ នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា ត​ទៅ រយៈពេល ៣​យប់​បី​ថ្ងៃ ដោយ​មិន​សម្រាក ដើម្បី​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​យល់​ព្រម​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។ ការ​សម្រេច​នេះ កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​បក្ស​ប្រឆាំង គឺ​រយៈពេល ១​ម៉ោង បន្ទាប់​ពី គ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចប់​ សព្វគ្រប់។ ក្នុង​សន្និសីទ​កាសែត​ផ្សព្វផ្សាយ​ពី​ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ប្រធាន​គណបក្ស​លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា ប្រទេស​ម្ចាស់​ជំនួយ​ធំៗ មក​ពី​ប្លុក​ប្រជាធិបតេយ្យ ដូចជា ជប៉ុន កូរ៉េ​ខាង​ត្បូង សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះ​ទេ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ក៏​មិន​អាច​ទទួល​យក​លទ្ធផល​នេះ​ដែរ ហើយ​គណបក្ស​ប្រឆាំង​នឹង​បន្ត​តវ៉ា​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ត​ទៅ រហូត​ដរាប​ណា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ទទួល​បាន​នូវ​យុត្តិធម៌​តាម​រយៈ​ការ​ បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ ឆ្នោត។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បង្ហាញ​ជំហរ​ចង់​ចរចា​ជាមួយ​បក្ស​កាន់​អំណាច ប៉ុន្តែ​ការ​ចរចា​នោះ គឺ​ត្រូវ​តែ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។…

វណ្ណ វិចារ និង សេក បណ្ឌិត
http://www.rfa.org/khmer/news/politics/cnrp-denies-election-result-09082013041733.html