បក្សប្រឆាំងប្រកាសធ្វើបាតុកម្មបក្សប្រជាជនប្រកាសការពារលទ្ធផលឆ្នោត
គណបក្សសង្គ្រោះជាតិ បានប្រកាសច្រានចោលលទ្ធផលបោះឆ្នោតផ្លូវការដែលចេញដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រកាសធ្វើមហាបាតុកម្ម ៣យប់ ៣ថ្ងៃជាប់ៗគ្នា នៅសប្ដាហ៍ក្រោយ បើសិនជាគ្មានដំណោះស្រាយសមស្របណាមួយដើម្បីរកយុត្តិធម៌ជូនម្ចាស់ ឆ្នោត។
ការប្រកាសនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង គ.ជ.ប ដែលប្រកាសលទ្ធផលឆ្នោតផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា បង្ហាញថា គណបក្សសង្គ្រោះជាតិ ចាញ់ឆ្នោតដោយទទួលបានអាសនៈសភា ៥៥ទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលបានអាសនៈសភាចំនួន ៦៨។
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងកើតឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា តទៅ រយៈពេល ៣យប់បីថ្ងៃ ដោយមិនសម្រាក ដើម្បីទាមទារឲ្យបក្សកាន់អំណាចយល់ព្រមបង្កើតគណៈកម្មការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ ការសម្រេចនេះ កើតឡើងក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់បក្សប្រឆាំង គឺរយៈពេល ១ម៉ោង បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលឆ្នោតផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចប់ សព្វគ្រប់។
ក្នុងសន្និសីទកាសែតផ្សព្វផ្សាយពីជំហររបស់បក្សសង្គ្រោះជាតិ នៅថ្ងៃទី៨ ខែកញ្ញា ប្រធានគណបក្សលោក សម រង្ស៉ី មានប្រសាសន៍ថា ប្រទេសម្ចាស់ជំនួយធំៗ មកពីប្លុកប្រជាធិបតេយ្យ ដូចជា ជប៉ុន កូរ៉េខាងត្បូង សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះទេ។
លោកបន្តថា ប្រជាពលរដ្ឋក៏មិនអាចទទួលយកលទ្ធផលនេះដែរ ហើយគណបក្សប្រឆាំងនឹងបន្តតវ៉ាចាប់ពីថ្ងៃទី១៥ ខែកញ្ញា តទៅ រហូតដរាបណាពលរដ្ឋម្ចាស់ឆ្នោតទទួលបាននូវយុត្តិធម៌តាមរយៈការ បង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះ ឆ្នោត។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែបង្ហាញជំហរចង់ចរចាជាមួយបក្សកាន់អំណាច ប៉ុន្តែការចរចានោះ គឺត្រូវតែបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត។…
វណ្ណ វិចារ និង សេក បណ្ឌិត
http://www.rfa.org/khmer/news/politics/cnrp-denies-election-result-09082013041733.html