អ៊ួន វិមល
ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ
វិមល ជាប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ នាងជាអ្នកផ្តល់នូវយុទ្ធសាស្ត្រក្នុងការត្រួតពិនិត្យ និងការគ្រប់គ្រងសម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC) និងចូលរួមក្នុងការស្រាវជ្រាវសម្រាប់បង្កើតជាមាតិកានៅលើគេហទំព័រអូឌីស៊ី ព្រមទាំងសម្របសម្រួលលើគ្រប់ផ្នែកនៃគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC)។ នាងក៏ទទួលខុសត្រូវផងដែរក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្តល់ការបណ្តុះបណ្តាលក្រុមគោលដៅអំពីរបៀបប្រើប្រាស់គេហទំព័រអូឌីស៊ី។
នាងបញ្ចប់ការសិក្សាជាមួយបរិញ្ញាបត្រពីរ ផ្នែកការអភិវឌ្ឍសេដ្ឋកិច្ច និងភាសាអង់គ្លេសសម្រាប់ការបកប្រែ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបរិស្ថាន ការអភិវឌ្ឍ និងនិរន្តរភាព ពីសាកលវិទ្យាល័យជូឡាឡុងកន។ មុនមកបម្រើការងារនៅអូឌីស៊ី នាងគឺជាជំនួយការកម្មវិធីនៅ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងជាជំនួយការនាយកគ្រប់គ្រងក្រុមហ៊ុនឯកជន។
បាន ចន្ទផល្លា
បណ្ណាធិការ – អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គម
លោកចន្ទផល្លាជា បណ្ណាធិការ- អ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គមនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារ និងការទទួលខុសត្រូវចម្បងរបស់លោកមានដូចជា ការសង្ខេបព័ត៌មានប្រចាំថ្ងៃ ការស្រាវជ្រាវ ការផលិតមាតិកាដែលទាក់ទងនឹងការអភិវឌ្ឍន៍សង្គម ការបកប្រែ ការកែសម្រួល និងធ្វើរបាយការណ៏ពីការងារផ្សេងៗ។
លោកចន្ទផល្លា ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ (IR) នៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០១៧ ។ មុនពេលចូលរួមជាមួយអូឌីស៊ី លោកចន្ទផល្លាធ្វើការ ជាអ្នកស្រាវជ្រាវនៅអង្គការវេទិកាអនាគត ដែលនៅទីនោះ លោកបានធ្វើគម្រោងស្រាវជ្រាវជាច្រើន។ គម្រោងស្រាវជ្រាវចុងក្រោយរបស់លោកផ្តោតទៅលើការអប់រំតាមបែបស្តែម(STEM)ក្នុងប្រទេសកម្ពុជា។
ឡុច កល្យាណ
អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
កល្យាណ គឺជាអ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ លោកធ្លាប់បានធ្វើការជាមួយគម្រោងអង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៥។ ក្រោយមកលោកបានដើរតួជាអ្នកដឹកនាំបច្ចេកទេសក្នុងគម្រោងព័ត៌មានភូមិសាស្ត្រនៃប្រព័ន្ធ GPS Navigation នៅក្នុងវិស័យឯកជន។ លោកបានចូលបម្រើការងារជាថ្មីជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍនៅក្នុងឆ្នាំ ២០១៩។
លោកទទួលបន្ទុកដឹកនាំក្រុមក្នុងគ្រប់សកម្មភាពស្រាវជ្រាវទាក់ទងទៅនឹងទិន្នន័យដោយផ្តោតលើការ ប្រមូលផ្តុំ រៀបចំ និងបង្ហាញទិន្នន័យអំពីទីតាំងជាក់លាក់មួយនៅក្នុងទម្រង់ជាឌីជីថល។ លោកក៏ប្រើបច្ចេកវិទ្យា ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីចងក្រង រក្សាទុក និងធ្វើបច្ចុប្បន្នភាពព័ត៌មានពីប្រភពផ្សេងៗគ្នាសម្រាប់ការប្រើប្រាស់ជាសាធារណៈ និងធានាថាទិន្នន័យនៅលើគ្រប់ប្រធានបទទាំងអស់មានលក្ខណៈពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យដោយមានការអនុញ្ញាតក្នុងការបញ្ចប់ការសិក្សាមុនអាយុ និងទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលកម្ពុជាបន្តបរិញ្ញាបត្រជំនាញផ្នែករៀបចំដែនដី និងរដ្ឋបាលដីធ្លី ដោយជោគជ័យក្នុងឆ្នាំ២០១១ និងបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងឆ្នាំ២០២០។
ណៃ ម៉ាណេត
ប្រធានផ្នែកទំនាក់ទំនង
ម៉ាណេតគ្រប់គ្រងបណ្ដាញសង្គម ការរចនា និងគម្រោងពាក់ព័ន្ធរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកក៏ទទួលបន្ទុកទៅលើផ្នែកទំនាក់ទំនងខាងក្នុង និងខាងក្រៅអង្គការផងដែរ។
ម៉ាណេតបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏បានបញ្ចប់ការផ្លាស់ប្ដូរការសិក្សានៅ Carroll College សហរដ្ឋអាមេរិកផងដែរ។ បន្ទាប់ពីបានបញ្ចប់ការសិក្សា លោកបានធ្វើជាគ្រូឧទ្ទេសផ្នែកទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈរយៈពេលជាង ៣ ឆ្នាំ។ បន្ទាប់មក លោកបានធ្វើការនៅលើផ្នែកទីផ្សារឌីជីថលនៅក្នុងក្រុមហ៊ុនឯកជន និងឥឡូវនេះជាប្រធានផ្នែកទំនាក់ទំនងនៅអូឌីស៊ី។
រ័ត្ន សារ៉ាត់
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាល
តម្លាភាព គណនេយ្យភាព នឹង ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់ សារ៉ាត់។ មានតួនាទីមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាលនៅ អូឌីស៊ី សារ៉ាត់ធ្វើការសហការណ៍យ៉ាងជិតស្និតជាមួយក្រុមការងារទាំងអស់ ដើម្បីផលិតអោយបាន នូវសមិទ្ធផលដូចជា៖ ទី១ធានាថារាល់ឯកសារចំណូល ចំណាយទាំងអស់ពិតជាត្រឹមត្រូវតាមច្បាប់គណនេយ្យ និង គោលការណ៍របស់ស្ថាប័ន នឹង ធ្វើការទូទាត់រាល់ការចំណាយទាំងនោះអោយបានទាន់ពេលវេលា។ ទី២ ធ្វើការកត់ត្រារាល់ការចំណាយទាំងអស់ក្នុងប្រព័ន្ធគណនេយ្យអោយត្រឹមតាមខ្ទង់នីមួយៗ នឹងផលិតរបាយការណ័ហិរញ្ញវត្ថុអោយបានត្រឹមត្រូ ទាន់ពេលវេលា។ ធ្វើការសហការណ៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដូចជា មន្ត្រីពន្ធដា, មន្ត្រីរបបសន្ដិសុខសង្គម, មន្ត្រីមន្ទីរការងារ, បុគ្គលិកអង្គការ ក៏ដូចជាក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីអនុវត្តកាតាព្វកិច្ចច្បាប់ពន្ធ និងរក្សាបានអត្ថប្រយោជន៍របស់បុគ្គលិក ស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។
សារ៉ាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០១៩។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី សារ៉ាត់មានបទពិសោធន៍ ១០ ឆ្នាំមកហើយលើការងារផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ។
វង្ស ពិសិទ្ធ
មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)/ អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព
ពិសិទ្ធធ្វើការជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងGIS/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុងឆ្នាំបញ្ចប់ការសិក្សា លោកបានទទួលអាហារូបករណ៍ទៅសិក្សាមួយឆមាសនៅសកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃជាទីដែលលោកបានបញ្ចប់និក្ខេបទសម្រាប់ការបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍការងាររបស់លោក គឺផ្ដោតទៅលើការស្រាវជ្រាវទិន្នន័យភូមិសាស្ត្រ ស្ដីពីវិស័យជាច្រើនទាក់ទងនឹងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដែលបានមកពីគ្រប់ប្រភពដែលផ្ដល់ទិន្នន័យបើកទូលាយ សម្រាប់ការគ្រប់គ្រង ប្រមូលផ្ដុំ កែសម្រួល និងធ្វើទស្សនីយ៍កម្ម ដោយប្រើប្រាស់GIS សម្រាប់ដាក់អោយប្រើជាសាធារណៈនៅលើគេហទំព័ររបស់អង្គការ។ ក្រៅពីការងារតួនាទីផលិតទិន្នន័យ ជាពិសេសទិន្នន័យភូមិសាស្ត្រ លោកចូលរួមនៅក្នុងការធ្វើការបណ្ដុះបណ្ដាល និងតាក់តែងកម្មវិធីបណ្ដុះបណ្ដាលដែលទាក់ទងនឹងទិន្នន័យ និងGISផងដែរ សម្រាប់គម្រោងដែលពាក់ព័ន្ធ។
វង្ស ព្រហ្មនា
មន្ត្រីគម្រោងផ្នែកគម្រោងដឹកនាំដោយយុវជន
ព្រហ្មនា ជាមន្ត្រីគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលកំពុងធ្វើការនៅក្រោមគម្រោងដឹកនាំដោយយុវជន។ នៅក្នុងគម្រោងនេះ លោកផ្ដល់ការគាំទ្រទៅកាន់អូឌីស៊ីក្នុងការធានាថាយុវជនកម្ពុជាអាចអនុវត្តសកម្មភាពគម្រោងដែលអាចជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍របស់ពួកគេ។ លោកមានបេសសកម្មជាចម្បងមួយ ពោលគឺធ្វើការសហការជាមួយក្រុមការងារពាក់ព័ន្ធរបស់អូឌីស៊ី ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនដែលត្រូវបានជ្រើសរើសពីក្រុមងាយរងគ្រោះ បន្ទាប់មកសម្របសម្រួលពួកគេឱ្យអនុវត្តសកម្មភាពគម្រោងរបស់ពួកគេក្រោយពេលដែលយុវជនទាំងអស់នោះទទួលបានជំនាញគ្រប់គ្រាន់ពីកម្មវិធីរបស់អូឌីស៊ី។
ព្រហ្មនា ធ្លាប់ធ្វើការជាជំនួញការគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមុនពេលចូលបំពេញការងារជាមួយអូឌីស៊ី។ លោកទទួលបានបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងរដ្ឋបាលសាធារណៈ ដែលជាបរិញ្ញាបត្រពីរផ្សេងគ្នា។ លោកត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធីអ្នកស្រាវជ្រាវវ័យក្មេងរបស់វេទិកាអនាគត ដែលនៅក្នុងនោះលោកកំពុងធ្វើការស្រាវជ្រាវផ្នែកគោលនយោបាយទៅលើពលរដ្ឋរស់នៅភ្នំពេញដែលបានធ្វើការចំណាកស្រុកមកពីទីជនបទ ឬបណ្ដាខេត្តនានារបស់ប្រទេសកម្ពុជា។ ក្រៅពីប្រធានបទទាក់ទងនឹងចំណាកស្រុក លោកក៏ចាប់អារម្មណ៍ទៅលើសមភាពយេនឌ័រ ការប្រែប្រួលអាកាសធាតុ ការងារសមរម្យ និងកំណើនប្រកបដោយនិរន្តរភាព។
វត ចាន់ណារ៉ា
មន្ត្រីផ្នែកទំនាក់ទំនង
ណារ៉ាបានចូលបម្រើការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងឆ្នាំ២០២៤ ក្នុងតួនាទីជាមន្ត្រីផ្នែកទំនាក់ទំនង។ ការទទួលខុសត្រូវរបស់គាត់រួមមាន ការរចនាសម្ភារៈទំនាក់ទំនង គ្រប់គ្រងប្រព័ន្ធសង្គម បង្កើតមាតិកា ព្រមទាំងចូលរួមរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងជួបប្រជុំជាមួយភាគីដែលពាក់ព័ន្ធសំខាន់ៗ និងដៃគូនានារបស់អូឌីស៊ីផងដែរ។
មុនចូលបម្រើការងារនៅអូឌីស៊ី ណារ៉ាគឺជាមន្ត្រីផ្នែកទំនាក់ទំនងនៅក្រុមហ៊ុនបច្ចេកវិទ្យាសុខភាពមួយរយៈពេលជាងបីឆ្នាំ។ ក្រៅពីនេះ គាត់បានបម្រើការជាគ្រូបង្រៀនភាសាអង់គ្លេសរយៈពេលជាងបួនឆ្នាំនៅសាលាឯកជននានា និងសាកលវិទ្យាល័យមួយដែលល្បីនៅក្នុងប្រទេស។
ណារ៉ាបានបញ្ចប់ថ្នាក់បរិញាបត្រចំនួនពីរ រួមមានផ្នែកអប់រំជាភាសាអង់គ្លេស និងផ្នែកទំនាក់ទំនងអន្តរជាតិ មកពីវិទ្យាស្ថានភាសាបរទេស និងបច្ចុប្បន្នកំពុងបន្តសិក្សាថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រសង្គមក្នុងកិច្ចការអន្តរជាតិ (MSc-IA)។
លៀង គីមហួយ
បុគ្គលិកផ្នែកអនាម័យការិយាល័យ
បងស្រីគីមហួយមានទំនួលខុសត្រូវជាចម្បងក្នុងការថែរក្សាឱ្យបាននូវបរិស្ថានស្អាត អនាម័យ និងមានរបៀបរៀបរយនៅក្នុងការិយាល័យអូឌីស៊ី។ គាត់ក៏ទទួលខុសត្រូវរៀបចំភេសជ្ជៈ និងអាហារសម្រន់សម្រាប់ភ្ញៀវ និងបុគ្គលិកតាមតម្រូវការក្នុងពេលប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ព្រមទាំងមើលថែទាំរាល់សម្ភារៈផ្ទះបាយ។ មុនចូលបម្រើការងារនៅអូឌីស៊ី បងគីមហួយធ្លាប់បម្រើការជាអ្នករៀបចំអាហារនៅក្រុមហ៊ុនអាកាសចរណ៍បាយ័នអ៊ែរឡាញរយៈពេលប្រាំពីរឆ្នាំ។
លោក បេ ចន្ត្រា
លោក បេ ចន្ត្រា គឺជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍បាខែមកម្ពុជា ដែលជាសន្និសិទមួយស្តីអំពី បច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ ច្នៃប្រឌិត និងបើកទូលាយ។ លោក ទទួលខុសត្រូវទូទៅ ក្នុងការធ្វើផែនការរៀបចំព្រឹត្តិការណ៍ ការស្វែងរកថវិកា និងការសម្របសម្រួលនូវរាល់សកម្មភាព ទាំងឡាយ ដើម្បីធានាឲ្យព្រឹត្តិការណ៍នោះអាចដំណើរការទៅមុខបានដោយរលូន និងអាចទទួល បានលទ្ធផលដែលបានរំពឹងទុក។ លោក ក៏បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ និង សិក្ខាសាលាជាច្រើនទៀតផងដែរមានដូចជា កិច្ចប្រជុំកំពូលនៃក្រុមអ្នកសរសេរប្លក់ (Blogger Summit) ការជួបប្រជុំគ្នានៅចុងសប្តាហ៍ (Startup Weekend) វេទិការអ្នកប្រើប្រាស់បច្ចេកវិទ្យា (TechCamp Phnom Penh) វេទិការអ្នកសរសេរប្លក់ជនជាតិខ្មែរ (Clogger Corner) សិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាផ្ទាល់ខ្លួន (Personal ICT Camp) វេទិការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមេគង្គ (Mekong ICT Camp) វេទិការយុវជន និងបាខែមប្រចាំតំបន់ដទៃទៀត (Regional Bar Camps)។ គោលដៅរបស់លោកគឺ ដើម្បីលើកកម្ពស់ឲ្យមានការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធិភាពទាំងនៅក្នុងស្ថាប័ន និងមុខជំនួញ។ លោកបានធ្វើ ការងារផ្នែករៀបចំព្រឹត្តិការណ៍ឯកជន និងយុទ្ធនាការផ្សេងៗ ដើម្បីឲ្យមានចលនាសង្គម។ ក្រៅពី ការងារគ្រប់គ្រងព្រឹត្តិការណ៍ទាំងនោះ លោកក៏ជាអ្នកជំនាញផ្នែកមាតិកាអនឡាញ ប្រព័ន្ធផ្សព្វ ផ្សាយសង្គម និងផ្នែកទីផ្សារផងដែរ។ លោក ចន្ត្រា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សា ភិបាលរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីខែតុលា ឆ្នាំ២០១៣ កន្លងទៅ។
ប៉ា សិតទេវិន្ទ
មន្ត្រីផ្នែករដ្ធបាល និងហិរញ្ញវត្ថុ
ទេវិន្ទទំនួលខុសត្រូវចម្បង គឺជួយផ្នែកហិរញ្ញវត្ថុ និងរដ្ធបាលក្នុងការផ្តល់ការគាំទ្រផ្នែករដ្ធបាល/ភស្តុភារសម្រាប់ព្រឹត្តិការណ៍ ដូចជា ការប្រជុំ និងសិក្ខាសិលាផ្សេងៗ ការរៀបចំទម្រង់បែបបទ និងលិខិតអនុញ្ញាតការធ្វើដំណើរ ការថែរក្សាទ្រព្យសម្បត្តិអសកម្មរបស់អង្គការ ការងារលទ្ធកម្ម គ្រប់គ្រងសាច់ប្រាក់បុរេប្រទាន ការថតចម្លងឯកសារហិរញ្ញវត្ថុផ្សេងៗ ព្រមទាំងការទូទាត់ទាន់ពេលវេលាដល់ បេឡាជាតិរបបសន្តិសុខសង្គម និងការបង់ពន្ធ។ បន្ថែមពីនេះគាត់ក៏មានសម្របសម្រួលជាមួយបុគ្គលិក បណ្ណាល័យអ្នកប្រយុទ្ធ និងអ្នកស្ម័គ្រចិត្ត ដើម្បីជួយសម្រួលដល់ការទូទាត់ប្រចាំខែ និងការផ្គត់ផ្គង់ការិយាល័យ។
ទេវិន្ទ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី ទេវិន្ទមានបទពិសោធន៍ជាង ៣ ឆ្នាំជាមួយវិស័យក្រុមហ៊ុនឯកជនក្នុងផ្នែករដ្ឋបាល និងផ្នែកលទ្ធកម្ម។
លោកស្រី ស៊ីន គីមស៊ាន
លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី គីមស៊ាន បានប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌ខ្ពស់ផងដែរ ដើម្បីឲ្យមានតម្លាភាព និងប្រជាធិបតេយ្យ ទាំងស្មារតី និងការអនុវត្តជាក់ស្តែង។
វេង សៀងហៃ
អ្នកគ្រប់គ្រងកម្មវិធីនិពន្ធ
វេង សៀងហៃ ចូលរួមបម្រើការងារឱ្យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងឆ្នាំ ២០២៣ ក្នុងតំណែងជាអ្នកគ្រប់គ្រងកម្មវិធីនិពន្ធ ដោយផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងផ្នែកបច្ចេកទេសដល់នាយកប្រតិបត្តិ/និពន្ធនាយក ព្រមទាំងក្រុមការងារអូឌីស៊ីទាំងមូល។ លោកធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនិពន្ធ ដើម្បីធានាបាននូវបណ្តុំទិន្នន័យ និងមាតិកាដែលអាចជឿទុកចិត្តបាន និងជួយជំរុញដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាពក្នុងប្រទេសកម្ពុជា។ មុនពេលចូលបម្រើការឱ្យ អូឌីស៊ី សៀងហៃធ្លាប់ធ្វើការស្រាវជ្រាវឱ្យស្ថាប័នមួយចំនួនដូចជា វិទ្យាស្ថានស្រាវជ្រាវហ្គត់ធិនប៊ឺក វិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ឺក សាកលវិទ្យាល័យឈៀងម៉ៃ និងក្រុមហ៊ុនស្រាវជ្រាវ រ៉ាភីតអេស៊ា។ សៀងហៃ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការសិក្សាអភិវឌ្ឍន៍មកពីសាកលវិទ្យាល័យឈៀងម៉ៃ និងថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយមានប្រវត្តិការងារជានរវិទូផ្នែកការអភិវឌ្ឍផ្តោតជាពិសេសលើតំបន់មេគង្គ សៀងហៃធ្លាប់សិក្សាលើបញ្ហាទាក់ទងការអភិវឌ្ឍមួយចំនួន ដូចជាបញ្ហាទាក់ទងទេសន្តប្រវេសន៍ឆ្លងប្រទេស និងវិសមភាព បញ្ហាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមគោលការណ៍សិទ្ធិមនុស្ស បញ្ហាទាក់ទងពិការភាព និងសិទ្ធិកុមារ និងបញ្ហាផ្សេងៗទៀត។
លោក ណូប៊ឺត ក្លេន
លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។
លោក ប៊ុន ថារម្យ
លោក ប៊ុន ថារម្យ គឺជាសហស្ថាបនិកនៃ Kiripost ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទំនើប ផ្តោតលើអាជីវកម្ម និងបច្ចេកវិទ្យា។ លោកបានធ្វើការសរសេរប្លុកអំពីប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៤។ ការងាររបស់លោកក៏ចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនផងដែរ។
លោកក៏ជាអ្នករួមចំណែកដល់ Global Voices Online ដែលជាគម្រោងមួយបានចាប់ផ្តើមនៅមជ្ឈមណ្ឌល Berkman សម្រាប់អ៊ីនធឺណិត និងសង្គមនៅសាលាច្បាប់ Harvard ។ លោក ថារម្យ បានចាប់ផ្តើមដំណើរអាជីពរបស់គាត់នៅដើមទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែលការសរសេរប្លុកដំបូងគេនៅក្នុងប្រទេសកម្ពុជា។
ដោយមើលឃើញសក្តានុពលបច្ចេកវិទ្យាបង្កើតថ្មីនេះ លោក បានចាប់ផ្តើមសរសេរប្លុកផ្ទាល់ខ្លួន ដោយក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យសរសេរប្លុកកម្ពុជា។ តាមរយៈសំណេររបស់លោក ថារម្យ បានចែករំលែកគំនិតអំពីបច្ចេកវិទ្យា និងឥទ្ធិពលនៃអ៊ីនធឺណិតលើសង្គម បានធ្វើឲ្យគេគោរពនៅក្នុងសហគមន៍អនឡាញ។ លោក ថារម្យ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកគឺជាអតីតនិស្សិតនៃកម្មវិធី International Visitor Leadership Program (IVLP) ដែលជាកម្មវិធីផ្លាស់ប្តូរវិជ្ជាជីវៈឈានមុខគេរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក ពុទ្ធ ច័ន្ទជោត
លោក ពុទ្ធ ច័ន្ទជោត គឺជាអ្នកគ្រប់គ្រងផ្នែក ICT នៃអង្គការមនុស្សធម៌អន្តរជាតិមួយនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏ជាសមាជិកម្នាក់នៃក្រុមការងារបច្ចេកទេសរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គសក) ផងដែរ ដែលក្រុមការងារមួយនេះបានជួយចូលរួមចំណែកដល់ប្រសិទ្ធិភាពនៃការប្រើប្រាស់ ICT សម្រាប់អង្គការសង្គមស៊ីវិលនានា ក៏ដូចជាកំពុងចូលរួមចំណែកផ្នែក ICT ដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាល តាមរយៈវិស័យអង្គការមិនមែនរដ្ឋាភិបាលនានាផងដែរ។ ប្រវត្តិការសិក្សារបស់លោក៖ នៅឆ្នាំ ២០១០ លោកបានទទួលសញ្ញាបត្រភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ពីចក្រភពអង់គ្លេស, សញ្ញាបត្រ Open Source Software និងសមាហរណកម្ម ពីប្រទេសជប៉ុន នៅឆ្នាំ ២០០៤ និង បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម នៅប្រទេសកម្ពុជា នៅឆ្នាំ ២០០១។
លោក ម៉ួន វិចិត្រ
លោក ម៉ួន វិចិត្រ ធ្លាប់ជាសិស្សឆ្នើមម្នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជានៅទីក្រុងយ៉ាំងហ្គូន សហភាពមីយ៉ាន់ម៉ា ហើយលោកធ្លាប់ជាអ្នករៀបរៀងអត្ថបទ និងជាសមាជិកម្នាក់នៃក្រុមត្រួតពិនិត្យបោះពុម្ពផ្សាយសៀវភៅប្រចាំឆ្នាំនៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរនៅសហភាពមីយ៉ាន់ម៉ា ចន្លោះឆ្នាំ ២០០៧ និង ២០១០។ សៀវភៅដែលបានបោះពុម្ពផ្សាយទាក់ទងទៅនឹង៖ ជីវិត គុណធម៌ កាលៈទេសៈសង្គម មនុស្សជាតិ ការធ្វើអំពើល្អនិងអំពើអាក្រក់ គ្រួសារ។ល។ សៀវភៅទាំងនោះមានគោលបំណងជំរុញឱ្យមនុស្សគ្រប់គ្នាដឹកនាំជីវិតរបស់ពួកគេនៅលើផ្លូវប្រកបដោយគុណធម៌។ លោកបានបម្រើការជាអ្នកសម្របសម្រួលនៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរនៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា និងម្ចាស់ជំនួយអន្តរជាតិនានា។ លោកក៏ធ្លាប់ជាសមាជិកនៃការពិភាក្សាច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាមួយនឹងតំណាងគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងតំណាងមន្ត្រីក្រសួងមហាផ្ទៃ។ លោកមានចំណេះដឹងទូលំទូលាយពីការធ្វើសមាធិ។ លោកបានធ្វើការបង្រៀនមនុស្ស ដោយប្រើបច្ចេកទេសសមាធិសម្រាប់ការគ្រប់គ្រងស្ត្រេស និងថាមពលផ្លូវចិត្ត។
លោកស្រី ធុល ស៊ីវ៉ាណេ
លោកស្រី ធុល ស៊ីវ៉ាណេ ថ្មីៗនេះបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្ត្រាលី។ លោកស្រីក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែកការអប់រំជាភាសាអង់គ្លេសពីសាកលវិទ្យាល័យមេគង្គកម្ពុជាផងដែរ។
នៅក្នុងជីវិតជានិស្សិត លោកស្រីបានទទួលជោគជ័យនៅក្នុងគម្រោងប្រកួតប្រជែងគម្រោង LIVE (សំដៅលើការដឹកនាំ ការហាត់ការ អ្នកស្ម័គ្រចិត្ត បទពិសោធន៍) ក្នុងនាមជាអ្នកប្រឹក្សាយោបល់ឈានមុខគេ ដែលគាំទ្រដោយមជ្ឈមណ្ឌលសិក្សាមែលប៊ននៃរដ្ឋាភិបាលរដ្ឋវិចតូរីយ៉ា។ លោកស្រីវ៉ាណេ ធ្លាប់បានធ្វើការងារយ៉ាងជិតស្និតនៅក្នុងសហគមន៍ និងត្រូវបានស្គាល់ថា ជាអ្នកដឹកនាំដែលទទួលបានការកោតសរសើរ ចំពោះសមត្ថភាពខ្ពស់ និងការចូលរួមក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍសហគមន៍នៃកម្មវិធីអ្នកដឹកនាំ ដោយលោកស្រីបានក្លាយជា អ្នកណែនាំ និងបំពេញតួនាទីយា់ងសំខាន់នៅក្នុងកម្មវិធីអ្នកដឹកនាំពិភពលោក។
ក្រៅពីនេះលោកស្រី គឺជាជំនួយការនាយកនៃក្រុមហ៊ុនប្រឹក្សាច្បាប់ និងពន្ធដារ។ នៅក្នុងមុខតំណែងនេះ លោកស្រីមានភាពស្វាហាប់ និងរីករាយនឹងការងារ ហើយជួយយ៉ាងសកម្មក្នុងការផ្តល់នូវការគាំទ្រដែលមិនអាចខ្វះបានដល់ក្រុមការងារ នៅក្នុងកិច្ចដំណើរការការងារ ការស្រាវជ្រាវ ការធ្វើបច្ចុប្បន្នភាព ការវិភាគនិងការពិនិត្យឯកសារ។ លើសពីនេះ លោកស្រីក៏មានបទពិសោធន៍ក្នុងស្ថាប័នហិរញ្ញវត្ថុដូចជា ធនាគារអន្តរជាតិមេហ្គាពាណិជ្ជ និងធនាគារកម្ពុជាសាធារណៈភីអិលស៊ី។ តាមរយៈការប្រើប្រាស់បទពិសោធន៍ និងជំនាញលោកស្រីមានចំណេះដឹងទូលំទូលាយ និងមានជំនាញផ្នែកហិរញ្ញវត្ថុ និងហិរញ្ញប្បទានពាណិជ្ជកម្ម ដែលជាជំនាញចាំបាច់មួយដើម្បីនាំមកនូវភាពជោគជ័យដល់ធុរកិច្ច និងការអភិវឌ្ឍសង្គម។ បន្ថែមលើកិច្ចការសាជីវកម្ម លោកស្រីត្រូវបានគេជ្រើសរើសជាអតីតនិស្សិតឆ្នើមនៃពានរង្វាន់កិត្តិយស នៃមហាវិទ្យាល័យផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃទីក្រុងមែលប៊ន។
លោក អៀន រ៉ាម៊ែឃ
លោក អៀន រ៉ាម៊ែឃ (Ian RAMAGE) គឺជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Angkor Research and Consulting។ លោក អៀន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ វ៉ូឡុងហ្គុង នៃរដ្ឋញូវសៅវ៉ែល។ លោកបានធ្វើការងារជាអ្នកចិត្តសាស្រ្ត នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនអនិតិជនមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជាអ្នកប្រឹក្សារៀបចំគោលនយោបាយ និងគោលការណ៍ណែនាំនៃអន្តរមន្ទី ស្តីពីការគាំពារកុមារ និងអ្នកជំងឺផ្លូវចិត្ត សម្រាប់រដ្ឋាភិបាលញូវសៅវ៉ែល។ លោក បានផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលលោកបានធ្វើទស្សនកិច្ចជាគ្រូបង្រៀន និងអ្នកផ្តល់ប្រឹក្សាលើមុខវិជ្ជាផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យភ្នំពេញ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវ ប្រមាណ១២០គម្រោងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដោយធ្វើការផ្តោតលើការវាយតម្លៃលើកម្មវិធី និងផលប៉ះពាល់ ក្នុងវិស័យសុខភាពសាធារណៈ/សុខភាពបន្តពូជ សុខុមាលភាពសង្គម យែនឌ័រ បរិស្ថាន កសិកម្ម និងសេដ្ឋកិច្ចសង្គម។ លោក អៀន បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសមាជិកដើមក្នុងចំណោមសមាជិកដទៃទៀតរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។
ខាធើរីន ហាត (Katherine L. Hart)
មហាវិទ្យាល័យនីតិសាស្ត្រ Texas Wesleyan
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា-កក្កដា ២០១៣
ខាធើរីន (Katherine) គឺជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សាមកពីមហាវិទ្យាល័យនីតិសាស្ត្រ Texas Wesleyan ។ ខាធើរីន បានចំណាយ រយៈពេលរដូវក្តៅរបស់នាងក្នុងឆ្នាំ២០១៣ ជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ក្នុងកំឡុងពេលនោះ នាងបានបញ្ចប់របាយការណ៍សង្ខេបមួយ ដែលសិក្សាអំពីវិស័យសុខាភិបាលនៅកម្ពុជា។ បច្ចុប្បន្ន ខាធើរីន កំពុងបំពេញការងារជូនស្ថាប័ន AlliedBarton Security Services ហើយនាងក៏កំពុងតែបន្តការសិក្សារបស់នាងលើផ្នែក សន្តិសុខអន្តរជាតិ ឱសថ និងគោលនយោបាយច្បាប់។
លោក អ៊ំ វណ្ណថារិទ្ធ
លោក អ៊ំ វណ្ណថារិទ្ធ គឺជាអ្នកតស៊ូមតិដើម្បីផ្លាស់ប្តូរចំណេះដឹង បែបសេរី និងបើកទូលាយក្នុងប្រទេសកម្ពុជា។ លោកចាប់អារម្មណ៍លើប្រធានបទដូចជា ទិន្នន័យបើកទូលាយ ការទទួលបានព័ត៌មានបើកទូលាយ ការផ្តល់អាជ្ញាប័ណ្ណបើកទូលាយ ការប្រមូលគំនិតពីប្រភពមជ្ឈដ្ឋាននានា កិច្ចសហប្រត្តិបត្តិការតាមប្រព័ន្ធអ៊ិនធឺណែត និងមីក្រូហិរញ្ញវត្ថុ។ ដំបូង លោកបានចូលរួមជាមួយនឹងចលនាប្រភពបើកទូលាយ តាមរយៈការបកប្រែជាភាសារខ្មែរ។ ក្រោយមក លោក បានដឹងអំពីវីគីភីឌា និងបានក្លាយទៅជាអ្នកស្ម័គ្រចិត្តមួយរូប តាំងពីឆ្នាំ២០០៦ និងបានធ្វើជាអភិបាល (Administrator) នៃវីគីភីឌាភាសាខ្មែរ នៅឆ្នាំ២០០៩។លោកក៏ជាអ្នកកាន់គម្រោងស៊ីស៊ីកម្ពុជា (ccCambodia) ដើម្បីលើកកម្ពស់ចលនាផ្តួចផ្តើមគំនិតរួមមួយ នៅក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍ទូទៅរបស់លោក គឺភាសារបរទេស ការថតរូប និងការធ្វើដំណើរទេសចរណ៍។
លោក ចន វីកស៍
លោក ចន វីកស៍ (John WEEKS) គឺជាអ្នកផ្តល់ការអប់រំ និងជាអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើ វិស័យព័ត៌មានវិទ្យា និងប្រភពបើកទូលាយ។ លោក បានធ្វើការសម្របសម្រួលគម្រោងព័ត៌មានវិទ្យា ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គមជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍ តាមរយៈក្រុមហ៊ុនរចនាគេហទំព័រ House 32 Web Design ហើយបច្ចុប្បន្នលោកកំពុងគ្រប់គ្រងលើគេហទំព័រ Open-Comics.net។
ស៊ឺន វិជ្ជរ៉ា
មន្ត្រីផ្នែកអភិវឌ្ឍន៍គេហទំព័រ និងព័ត៌មានវិទ្យា
លោកវិជ្ជរ៉ាទទួលបន្ទុកជាចម្បងក្នុងការធានាឱ្យមានដំណើរការល្អនៃប្រព័ន្ធបណ្តាញព័ត៌មានវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធរួមទាំងឧបករណ៍និងកម្មវិធី។ លើសពីនេះទៅទៀតការទទួលខុសត្រូវចម្បងរបស់លោក គឺការត្រួតពិនិត្យសន្តិសុខឌីជីថល ការតំឡើងប្រព័ន្ធ និងការគាំទ្រដែលទាក់ទងនឹងព័ត៌មានវិទ្យា។ លើសពីនេះទៀតលោកជួយគាំទ្រការអភិវឌ្ឍ និងថែរក្សាគេហទំព័រផងដែរ។
លោកវិជ្ជរ៉ាទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យួទ័រពីសាកលវិទ្យាល័យកម្ពុជាក្នុងឆ្នាំ ២០១៨។ លោកវិជ្ជរ៉ាមានបទពិសោធន៍ផ្តល់ការគាំទ្រផ្នែកព័ត៌មានវិទ្យាទាំងក្នុងវិស័យឯកជន និងសាធារណៈអស់រយៈពេលជាងប្រាំឆ្នាំមកហើយ មុនពេលលោកចូលរួមជាមួយអូឌីស៊ី។
ម៉េតធ្យូ វ៉ារ៉េន (Matthew Warren)
សាកលវិទ្យាល័យ សាន់តា ក្លារ៉ា
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា-កក្កដា ២០១៣
លោក ម៉ាត់ (Matt) គឺជានិស្សិតមកពី សាកលវិទ្យាល័យនីតិសាស្ត្រ សាន់តា ក្លារ៉ា នៅសហរដ្ឋអាមេរិក។ លោក បានមកអង្គការទិន្នន័យអំពីការអភិវឌ្ឍ បន្ទាប់ពីលោកបានរៀនចប់ឆ្នាំទី១ ហើយលោក បានរៀបចំសេចក្តីព្រាងរបាយការណ៍សង្ខេបមួយ ស្តីពីក្របខណ្ឌច្បាប់របស់ប្រទេសកម្ពុជា សម្រាប់ការវិនិយោគ ក៏ដូចជាការសិក្សាសាកល្បងមួយ អំពីច្បាប់ការងារ នៅប្រទេសកម្ពុជាផងដែរ។
“ខ្ញុំពិតជាពេញចិត្តពេលវេលារបស់ខ្ញុំនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍខ្លាំងណាស់ ហើយខ្ញុំបានរៀនសូត្រយ៉ាងច្រើន អំពីរចនាសម្ព័ន្ធនៃរដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា។ បុគ្គលិកអង្គការទិន្នន័យអំពីការអភិវឌ្ឍ ពូកែ និងមានទេពកោសល្យ ហើយរឿងដែលអស្ចារ្យជាងនេះ ពួកគេកំពុងបន្តធ្វើការដើម្បីផ្តល់នូវព័ត៌មានជាច្រើន ដែលជាសេចក្តីត្រូវការ ជូនសាធារណៈជន! “- ម៉ាត់ វ៉ារ៉េន (Matt Warren)