គម្របព្រៃឈើ (២០១៥-បច្ចុប្បន្ន)

យោង​តាម​ការ​បោះពុម្ពផ្សាយ​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២០១៨​ ដែល​ចេញ​នៅ​ខែធ្នូ​ ឆ្នាំ​២០២០​ ដោយ​ក្រសួងបរិស្ថាន​1​ ប្រទេស​កម្ពុជា​បាន​ធ្វើការ​វាយតម្លៃ​ព្រៃឈើ​ថ្នាក់​ជាតិ​ចំនួន​ប្រាំបី​លើក​ក្នុង​ឆ្នាំ​១៩៥៨/៦៥​ ឆ្នាំ​១៩៩២/៩៣​ ឆ្នាំ​១៩៩៦/៩៧​ ឆ្នាំ​២០០២​ ឆ្នាំ​២០០៦​ ឆ្នាំ​២០១០​ ឆ្នាំ​២០១៤​ ឆ្នាំ​២០១៦​ និង​ឆ្នាំ​២០១៨​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ ព័ត៌មាន​លម្អិត​ពី​ការ​វាយតម្លៃ​គម្រប​ព្រៃឈើ​ពី​ឆ្នាំ​១៩៥៨-១៩៦៥​ មិន​មាន​នោះ​ទេ​។​

​សម្រាប់​គម្រប​ព្រៃឈើ​ក្នុង​ឆ្នាំ​១៩៩២/៩៣​ និង​ឆ្នាំ​១៩៩៦/៩៧​ ការ​វាយតម្លៃ​ត្រូវ​បាន​អនុវត្ត​ដោយ​គណៈកម្មការ​ទន្លេមេគង្គ​ (MRC)​ និង​ GTZ​ (GIZ)​ ដោយ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ ដោយ​ប្រើប្រាស់​រូបភាព​ផ្កាយ​រណប​ប្រភេទ​ Landsat​ TM​ ។​ គម្រប​ព្រៃឈើ​ត្រូវ​បាន​វាយតម្លៃ​ម្តងទៀត​ក្នុង​ឆ្នាំ​២០០២​ ដោយ​ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ (FRM)​ ដោយ​សហការ​ជាមួយ​ រដ្ឋបាល​ព្រៃឈើ​ ដោយ​ប្រើប្រាស់​រូបភាព​ផ្កាយ​រណប​ប្រភេទ​ Landsat​ 7ETM​ របស់​សហរដ្ឋអាមេរិក​។​ នៅ​ក្នុង​ឆ្នាំ​២០០៦​ រដ្ឋបាល​ព្រៃឈើ​បាន​ផលិត​ផែនទី​គម្រប​ព្រៃឈើ​ដំបូង​របស់​ខ្លួន​ដោយ​ប្រើ​រូបភាព​ផ្កាយ​រណប​ប្រភេទ​ Landsat​ 7ETM​ របស់​សហរដ្ឋអាមេរិក​ ដែល​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ស្ថានទូត​ដា​ណឺ​ម៉ាក​តាម​រយៈ​អង្គការ​ដា​នី​ដា​ (DANIDA)​ ។​ បន្ទាប់​មក​ក្នុង​ឆ្នាំ​២០១០​ រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​អង្គការ​ព្រៃឈើ​ត្រូពិច​អន្តរជាតិ​ (ITTO)​ និង​អង្គការ​ដា​នី​ដា​បាន​ធ្វើការ​វាយតម្លៃ​គម្រប​ព្រៃឈើ​ដោយ​ប្រើ​រូបភាព​ Landsat​ 5TM​ របស់​សហរដ្ឋអាមេរិក​។​ ការ​វាយតម្លៃ​គម្រប​ព្រៃឈើ​ចុង​ក្រោយបង្អស់​គឺ​នៅ​ក្នុង​ឆ្នាំ​២០១៤​ ឆ្នាំ​២០១៦​ និង​ឆ្នាំ​២០១៨​ ដែល​រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​សហប្រជាជាតិ​ (FAO)​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា​ (JICA)​ វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ​ និង​ផលិតផល​ព្រៃឈើ​ជប៉ុន​ (FFPRI)​ និង​គម្រោង​ភាព​ជា​ដៃគូ​កាបូន​ព្រៃឈើ​ (FCPF)​។​

ទោះបីជា​ការ​វាយតម្លៃ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​រួច​ក៏​ដោយ​ ទិន្នន័យ​ដែល​អ្នក​ប្រើប្រាស់​អាច​ទាញ​យក​មក​បាន​គឺ​ឯកសារ​រូបភាព​ និង​ទិន្នន័យ​ស្ថិតិ​មាននៅ​ក្នុង​របាយការណ៍​ដែល​បាន​បោះពុម្ពផ្សាយ​ ដោយ​មិន​អាច​ប្រើប្រាស់​សម្រាប់​ការ​វិភាគ​បន្ថែម​។​ “Spatial​ analysis​ គឺជា​ដំណើរការ​នៃ​ការ​ពិនិត្យ​មើល​ទីតាំង​ លក្ខណៈសម្បត្តិ​ (Attribute)​ និង​ទំនាក់ទំនង​នៃលក្ខណៈ​ពិសេស​នៅ​ក្នុង​ទិន្នន័យ​ភូមិសាស្ត្រ​តាម​រយៈ​ការ​ត្រួត​លើ​គ្នា​ និង​បច្ចេកទេស​វិភាគ​ផ្សេងៗ​ទៀត​ ដើម្បី​ដោះស្រាយ​សំណួរ​ ឬ​ទទួល​បាន​ចំណេះដឹង​ដែល​មាន​ប្រយោជន៍​។”​2

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​សម្រេចចិត្ត​ប្រើប្រាស់​សំណុំ​ទិន្នន័យ​គម្រប​ព្រៃឈើ​ SERVIR-​អាស៊ី​អាគ្នេយ៍​ (២០១៥-២០២៣)​ ដើម្បី​ចែករំលែក​ជាមួយ​អ្នក​ប្រើប្រាស់​ និង​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​សាធារណជន​ក្នុង​ការ​ចូល​ប្រើប្រាស់​ និង​យល់​ពី​ព័ត៌មាន​។​ ផែនទី​អន្តរ​កម្ម​ ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ព័ត៌មាន​លម្អិត​មាននៅ​ក្នុង​ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​។​

​សំណុំ​ទិន្នន័យ​ SERVIR-​អាស៊ី​អាគ្នេយ៍​

SERVIR-​អាស៊ី​អាគ្នេយ៍​ ប្រើប្រាស់​ទិន្នន័យ​គម្រប​ព្រៃឈើ​ប្រចាំឆ្នាំ​ជា​ស៊េរី​ពេលវេលា​។​ ទិន្នន័យ​ដែល​បាន​ដាក់​ចូល​គឺ​បើក​ទូលាយ​ និង​ទិន្នន័យ​ដែល​មាននៅ​លើ​ Google​ Earth​ Engine​ (GEE)​។​ គេ​ប្រើប្រាស់​កម្រិត​គម្រប​កន្សោម​ស្លឹក​ (TCC)​ និង​កម្ពស់​ដើមឈើ​ (TCH)​ សម្រាប់​តំបន់​មេគង្គ​ដែល​បាន​ប្រមូល​ និង​ចែកចាយ​ដោយ​ក្រុម​វិភាគ​ និង​ស្វែងរក​ដីស​កល​ នៃ​សាកលវិទ្យាល័យ​ Maryland​ (GLAD/UMD)​ ។​ ទិន្នន័យ​បាន​បង្កើត​ឡើង​ដោយ​អនុវត្ត​តាម​និយម​ន័យ​ព្រៃឈើ​របស់​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​សហប្រជាជាតិ​ (FAO)​ ដែល​កម្រិត​គម្រប​កន្សោម​ស្លឹក​ (TCC)​ ស្មើនឹង​ ឬ​ធំ​ជាង​ ១០​ភាគរយ​ ហើយ​ដើមឈើ​មាន​កម្ពស់​ខ្ពស់​ជាង​ ឬ​ស្មើនឹង​ ៥​ម៉ែត្រ​។​ “​ការ​បាត់បង់​ព្រៃឈើ​”​ កំណត់​ថា​ជា​ការ​រំខាន​ដល់​ការ​ជំនួស​កន្លែង​ ឬ​ការ​ផ្លាស់​ប្តូរ​ពី​ព្រៃឈើ​ទៅ​ជា​មិនមែន​ព្រៃឈើ​ក្នុងអំឡុងពេល​នោះ​។​ “​ការ​កើនឡើង​គម្រប​ព្រៃឈើ​”​ កំណត់​ថា​ជា​ការ​បញ្ច្រាស​នៃ​ការ​បាត់បង់​ ឬ​ការ​ផ្លាស់​ប្តូរ​មិនមែន​ព្រៃឈើ​ទៅ​ជា​ព្រៃឈើ​ទាំងស្រុង​ក្នុង​រយៈពេល​នោះ​។​3

  • ​កម្រិត​ភាព​ច្បាស់​៖​ ៣០​ម៉ែត្រ​
  • ការ​គ្របដណ្តប់​ភូមិសាស្ត្រ​៖​ តំបន់​ទន្លេមេគង្គ​
  • ភាព​ញឹកញាប់​នៃ​បច្ចុប្បន្នភាព​៖​ ប្រចាំឆ្នាំ​
  • ប្រភព​ទិន្នន័យ​៖​ SERVIR-​អាស៊ី​អាគ្នេយ៍​
  • តំណរ​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​៖​ វិ​ប​ផត​ថ​ល​គម្រប​ដី​ 
​និយម​ន័យ​ព្រៃឈើ​

​ដូចដែល​បាន​រៀបរាប់​ខាងលើ​ SERVIR-​អាស៊ី​អាគ្នេយ៍​ប្រើ​និយម​ន័យ​ព្រៃឈើ​របស់​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​សហប្រជាជាតិ​ (FAO)​ “​ព្រៃឈើ​គឺជា​ដី​ដែល​មាន​ផ្ទៃដី​លើស​ពី​ ០,៥​ហិ​កតា​ ដែល​មាន​កម្រិត​គម្រប​កន្សោម​ស្លឹក​លើស​ពី​ ១០​ភាគរយ​ ដែល​មិនមែន​ជា​ដី​ប្រើប្រាស់​សម្រាប់​កសិកម្ម​ និង​ទីក្រុង​ជា​ចម្បង​។​”4​ គម្រប​ព្រៃឈើ​រាប់​បញ្ចូល​ទាំង​ចម្ការ​កៅស៊ូ​ និង​ព្រៃដាំ​ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​និយម​ន័យ​ព្រៃឈើ​។​

​ផែនទី​អន្តរ​កម្ម​

​ផែនទី​នេះ​បង្ហាញ​ពី​និន្នាការ​នៃ​គម្រប​ព្រៃឈើ​ពី​ឆ្នាំ​២០១៥-២០២៣ នៅ​ប្រទេស​កម្ពុជា​។​ អ្នក​ប្រើប្រាស់​អាច​បន្ថែម​ស្រទាប់​ផែនទី​អន្តរ​កម្ម​បន្ថែម​ទៀត​ដូច​ជា​តំបន់ការពារធម្មជាតិ​ សម្បទាន​ដី​សេដ្ឋកិច្ច​ គម្រោង​វិនិយោគ​បរទេស​ធំៗ​ គម្រប​ដី​ និង​សម្បទាន​រ៉ែ​ជាដើម​ ដើម្បី​មើល​ពី​វិ​សាលា​ភាព​នៃ​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​។​

និន្នាការ​ផ្លាស់​ប្តូរ​គម្រប​ព្រៃឈើ​

​ក្រា​ហ្វ​នេះ​បង្ហាញ​ពី​ផ្ទៃដី​សរុប​ និង​ភាគរយ​នៃ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០១៥​ ដល់​ឆ្នាំ​២០២២​។​ បើ​យោង​តាម​ក្រា​ហ្វ​ខាងក្រោម​ គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​បាន​ថយ​ចុះ​បន្តិច​ពី​ ៤៣,២១​ភាគរយ​ ក្នុង​ឆ្នាំ​២០១៥​ ដល់​ ៣៩,៧៥ភាគរយ​ ក្នុង​ឆ្នាំ​២០២៣​។​

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក​ និង​មាន​ផ្ទៃដី​សរុប​ ១៨១.០៣៥​ គីឡូ​ម៉ែត្រការ៉េ​។​ ប្រទេស​កម្ពុជា​មាន​បួន​តំបន់​ខុសៗ​គ្នា​ដូច​ជា​៖

  • ​តំបន់​ជួរ​ភ្នំក្រវាញ​៖​ ខេត្តបាត់ដំបង​ ប៉ៃលិន​ ពោធិ៍សាត់​ កំពង់ស្ពឺ​ កោះកុង​ កំពត​ កែប​ និង​ខេត្ត​ព្រះ​សីហ​នុ​។​
  • តំបន់​ទំនាប​ទន្លេមេគង្គ​៖​ ខេត្តកំពង់ធំ​ កំពង់ឆ្នាំង​ កំពង់ចាម​ ព្រៃវែង​ រាជធានី​ភ្នំពេញ​ កណ្តាល​ ស្វាយ​រៀង​ ត្បូងឃ្មុំ​ និង​ តាកែវ​។​
  • ​តំបន់​ភាគ​ពាយ័ព្យ​៖​ ខេត្តបន្ទាយមានជ័យ​ ឧត្តរមានជ័យ​ សៀមរាប​ និង​ព្រះ​វិហារ​។​
  • ​តំបន់​ភាគ​ខាងកើត​៖​ ខេត្តរតនគិរី​ មណ្ឌលគិរី​ ស្ទឹង​ត្រែង​ និង​ក្រចេះ​។​

​ដើម្បី​ផ្តល់​ស្ថិតិ​ជាក់លាក់​បន្ថែម​ទៀត​ដល់​អ្នក​ប្រើប្រាស់​ ផ្ទៃដី​សរុប​នៃ​គម្រប​ព្រៃឈើ​នៅ​ក្នុង​តំបន់​នីមួយៗ​បាន​គណនា​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ ក៏​មាន​ភាព​មិន​ប្រក្រតី​បន្តិចបន្តួច​ក្នុង​ការ​គណនា​ផ្ទៃដី​សរុប​នៃ​តំបន់​នីមួយៗ​ផង​ដែរ​ ដែល​អាច​មានកំ​ហុក​ចាប់ពី​ ០,២០​ភាគរយ​ ដល់​ ០,៥០​ភាគរយ​ ពីព្រោះ​ផែនទី​គោល​ដែល​អូ​ឌី​ស៊ី​ប្រើប្រាស់​សម្រាប់​គណនា​ខុស​ពី​ផែនទី​គោល​របស់​ SERVIR-​អាស៊ី​អាគ្នេយ៍​។​

ក្រា​ហ្វ​បន្ទាត់​ខាងក្រោម​ បង្ហាញ​ថា​តំបន់​ភាគ​ខាងកើត​មាន​ព្រៃឈើ​សរុប​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​ទាំង​បួន​ ខណៈ​ដែល​តំបន់​ទំនាប​ទន្លេមេគង្គ​មាន​តិចតួច​បំផុត​។​ នៅ​ចន្លោះ​ឆ្នាំ​២០១៥​ និង​ឆ្នាំ​២០២៣​ គម្រប​ព្រៃឈើ​នៅ​តំបន់​ភាគ​ខាងកើត​ និង​ភាគ​ពាយ័ព្យ​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​។​ តំបន់​ទំនាប​មេគង្គ​ និង​តំបន់​ជួរ​ភ្នំក្រវាញ​ គឺជា​តំបន់​ដែល​ឃើញ​មានការ​កើនឡើង​នៃ​គម្រប​ព្រៃឈើ​។​

ឯកសារយោង

  1. 1. ​ក្រសួងបរិស្ថាន​,​ “​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ (២០១៨),”​ ខែធ្នូ​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣​។​
  2. 2. ​បណ្ណាល័យ​សាកលវិទ្យាល័យ​ Tulane,​ “​មគ្គុទ្ទេសក៍​បណ្ណាល័យ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​,”​ ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣​។​
  3. 3. SERVIR-​អាស៊ី​អាគ្នេយ៍​,​ “​សៀវភៅ​ណែនាំ​អ្នក​ប្រើប្រាស់​៖​ ប៉ាណ្ណូ​បរិ​ធាន​គ្រប់គ្រង​ការ​តាមដាន​ និង​វាយតម្លៃ​ជីវ​រូបវិទ្យា​កម្ពុជា​,”​ ឆ្នាំ​២០២១,​ បាន​ចូលអាននៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣​។​
  4. 4. ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​,​ “​និយម​ន័យ​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​ព្រៃឈើ​ និង​ព្រៃឈើ​,”​ នាយកដ្ឋាន​ព្រៃឈើ​,​ FAO,​ ថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០០០,​ បាន​ចូលអាន​នៅ​ថ្ងៃ​ទី​២៤​ ខែមីនា​ឆ្នាំ​២០២៣​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FprL6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!