ស៊ីវ វឌ្ឍនា
ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ
វឌ្ឍនាបានធ្វើការយ៉ាងសកម្មសម្រាប់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ចាប់តាំងពីឆ្នាំ ២០១៦ ក្នុងតួនាទីជា បណ្ណាធិការ-អ្នកស្រាវជ្រាវ និងជាមន្ត្រីផ្នែកស្រាវជ្រាវ និងមាតិកា។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ វឌ្ឍនាត្រូវបានទទួលស្គាល់ពីតួនាទីនាំមុខក្នុងការសម្របសម្រួលនិងចាត់ចែងក្រុមការងារមាតិកានិងក្រុមអភិវឌ្ឍន៍គេហទំព័រក្នុងការពង្រីកធនធានលើអ៊ីនធឺណិត។ នៅចុងឆ្នាំ ២០២០ នាងត្រូវបានតំឡើងមុខតំណែងជាប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងមាតិកាគេហទំព័រ។ ជាមួយនឹងតួនាទីបច្ចុប្បន្ននាងមានការទទួលខុសត្រូវជាច្រើន ដើម្បីធានាថាផែនការការងារ និងគោលដៅនៃគម្រោងនឹងត្រូវបានសម្រេចដោយជោគជ័យ។ នាងដឹកនាំការងាររចនានិងអភិវឌ្ឍគេហទំព័រ ត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមការងារផ្នែកមាតិកានិងគេហទំព័រ និងផ្តោតជាអាទិភាពលើផែនការសកម្មភាពគម្រោង។ វឌ្ឍនាក៏ធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារអូឌីស៊ីផ្សេងទៀតក្នុងការតាមដានចរាចរណ៍គេហទំព័រ (Web Traffic) និងរក្សាអោយបាននូវគុណភាពនៃមាតិកាដោយឆ្លើយតបឱ្យបានទាន់ពេលវេលា ភាពត្រឹមត្រូវបំពេញទៅតាមស្តង់ដារដែលបានតម្រូវ ទាំងភាពត្រឹមត្រូវ និងពេញលេញ។
មុនពេលចូលបម្រើការងារនៅអូឌីស៊ី វឌ្ឍនាបានធ្វើជាជំនួយការស្រាវជ្រាវក្រោមគម្រោង (LWR-ID/2009/046) របស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងគម្រោងស្រាវជ្រាវផ្សេងទៀតនៅសាកលវិទ្យាល័យ។ វឌ្ឍនាបានបញ្ចប់បរិញ្ញាបត្រវិស្វករ ជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ២០១៤។