ជំនួយគាំទ្រធ្វើដំណើរស្រាវជ្រាវ

ឱកាសជំនួយគាំទ្រនិក្ខេបបទស្រាវជ្រាវថ្នាក់បរិញ្ញាបត្រ
សាវតា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា «អូឌីស៊ី» គឺជាគេហទំព័របែប “ទិន្នន័យបើកទូលាយ”។ គេហទំព័រប្រភេទនេះ ជាគេហទំព័រដំបូងគេបង្អស់នៅតំបន់អាស៊ី អាគ្នេយ៍។ ចលនា “ទិន្នន័យបើកទូលាយ” គឺផ្អែកលើការសន្មត់ដ៏សាមញ្ញមួយគឺថា ទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលផ្តុំសម្រាប់ផលប្រយោជន៍សាធារណៈ គួរតែដាក់ឱ្យប្រើប្រាស់បានជាសាធារណៈ ពោលគឺដោយគ្មានការដាក់ កំហិតឡើយ។ ព័ត៌មានឬ “ទិន្នន័យ” ទាក់ទងនឹងវិស័យសាធារណៈគួរផ្តល់ឱ្យដោយ សេរីដល់ គ្រប់ៗគ្នា ដើម្បីប្រើ និងធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបំណងប្រាថ្នារបស់គេ ។ អូឌីស៊ីមិនធ្វើការ លើកស្ទួយឬផ្សព្វផ្សាយទស្សនៈ របៀបវារៈ ឬការលំអៀងណាមួយ ក្រៅពីការ ផ្តល់ព័ត៌មានជាសត្យានុម័តអំពីប្រទេសកម្ពុជានិងការអភិវឌ្ឍរបស់ ប្រទេសនោះឡើយ។ អូឌីស៊ីកំពុងធ្វើការផ្សព្វផ្សាយទិន្នន័យបើកទូលាយ និងសកម្មភាពមួយចំនួនដែលលើកទឹកចិត្តដល់ការប្រើប្រាស់ និងការផ្តល់ទិន្នន័យបើកទូលាយ។
នៅឆ្នាំ ២០១៨ អូឌីស៊ីរួមជាមួយវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (NIA) សម្រាប់កិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវ។ សកម្មភាពមួយដែលចងភ្ជាប់ភាគីទាំងបីក្រោមអនុស្សរណៈនៃការយោគយល់គឺ “ការគាំទ្រដល់គម្រោង ឬការស្រាវជ្រាវរួមគ្នា ជាមួយមហាវិទ្យាល័យ ឬនិស្សិតនាពេលអនាគតដោយផ្អែកលើគុណសម្បត្តិនិងលទ្ធភាពនៃមូលនិធិ”។ តាមរយៈអនុស្សរណៈនេះ អូឌីស៊ីមានក្តីសោមនស្សរីករាយនឹងផ្តល់ជូន “ជំនួយសម្រាប់ការស្រាវជ្រាវនិក្ខេបបទ” ដល់និស្សិតដែលធ្វើនិក្ខេបបទការពារបញ្ចប់ឆ្នាំសិក្សារបស់ពួកគេ។
ប្រធានបទស្រាវជ្រាវ
អូឌីស៊ីនឹងពិចារណាលើពាក្យសុំរបស់និស្សិតដែលធ្វើការស្រាវជ្រាវទាក់ទងនឹងប្រធានបទដូចខាងក្រោម៖
- ទិន្នន័យបើកទូលាយនៅក្នុងវិស័យកសិកម្ម
- ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
- កសិឧស្សាហកម្ម
- ការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ
*** និស្សិតត្រូវបានណែនាំឱ្យប្រើប្រាស់ធនធានមួយចំនួនរបស់អូឌីស៊ីសម្រាប់ការស្រាវជ្រាវ។
លក្ខខណ្ឌក្នុងការចូលរួម
ដើម្បីមានសិទ្ធិទទួលបានជំនួយស្រាវជ្រាវនេះ រាល់និស្សិតទាំងអស់គួរតែ៖
- បាននឹងកំពុងរៀននៅឆ្នាំបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាលាជាតិកសិកម្មព្រែកលៀប។
- មានឆន្ទៈ និងអាចដឹកនាំកិច្ចការស្រាវជ្រាវនិក្ខេបបទឆ្នាំបញ្ចប់របស់ពួកគេ។
- ផ្តោតលើការស្រាវជ្រាវរបស់ពួកគេជុំវិញប្រធានបទដែលបានលើកឡើងខាងលើ។
ការផ្តល់មូលនិធិ
ជំនួយស្រាវជ្រាវនេះនឹងត្រូវផ្តល់ជូនដល់និស្សិតចំនួន ០៤នាក់ ជាមួយនឹងថវិកាម្នាក់ចំនួន ១.៦០០.០០០ រៀល (៤០០ ដុល្លារអាមេរិក)។ សម្រាប់សាស្ត្រាចារ្យទទួលខុសត្រូវដឹកនាំនិស្សិតដែលជាប់ក្នុងការជ្រើសរើសសម្រាប់ជំនួយស្រាវជ្រាវនេះ នឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ២០ ម៉ឺនរៀល (៥០ ដុល្លារអាមេរិក)។ ថវិកានេះនឹងត្រូវបានផ្តល់ជូនដើម្បីប្រើប្រាស់សម្រាប់ការងារស្រាវជ្រាវ ការចំណាយសកម្មភាពស្រាវជ្រាវ សម្ភារៈនិងចំណាយផ្សេងៗទៀតដែលត្រូវការដើម្បីអនុវត្តការស្រាវជ្រាវ។
របៀបស្នើសុំ
សូមផ្ញើប្រវត្តិរូបសង្ខេប សំណើរស្រាវជ្រាវ និងលិខិតរបស់អ្នកអំពីរបៀបដែលមូលនិធិនេះនឹងជួយដល់ការស្រាវជ្រាវរបស់អ្នក តាមរយៈអ៊ីម៉ែល contact@opendevcam.net ឱ្យបានមុន ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១។
ប្រធានបទអ៊ីមែល៖ ODC Grant for Bachelor Research Support
ប្រសិនបើអ្នកមានសំណួរ សូមទាក់ទងមកយើងតាមរយៈ៖ contact@opendevcam.net
ចំណាំ: ឯកសារត្រូវមានទំហំមិនលើសពី ៥ មេ៉កាបៃ (MB) ។