អត្រានុកូលដ្ឋាន

​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដ៏ក្មេងខ្ចី​ និងមានកំណើនប្រជាជន​លឿន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែលមានចំនួន​ប្រជាជន​​ប្រមាណ​ជា ១៦​ លាន​នាក់​នៅឆ្នាំ ២០១៩។​1 ​យោង​តាម​ធនាគារពិភពលោក​ អត្រាកំណើត​ក្នុង​ ១,០០០​ នាក់​របស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​តិចតួច​ ពី​ ២៥,៥​ នៅ​ឆ្នាំ​ ២០១០​ ទៅ​ ២២,៤​ នៅ​ឆ្នាំ​ ២០១៨​។​​2 ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ និង​ភាព​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ជីវភាព​រស់នៅ​ និង​សុខភាព​របស់​ប្រជាជន​ អាយុ​រស់នៅ​មធ្យម​របស់​ប្រជាជន​ គឺ​កំពុង​កើនឡើង​ មាន​ន័យ​ថា​ ប្រជាជន​រស់នៅ​បាន​យូរ​ជាង​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​អំឡុង​ទើបតែ​បញ្ចប់​សង្គ្រាមស៊ីវិល​។

​សំបុត្រអត្រា​នុកូល​ដ្ឋា​ន​ រួម​មាន​ សំបុត្រ​កំណើត​ សំបុត្រ​អាពាហ៍ពិពាហ៍​ និងសំបុត្រ​មរណភាព​។ ក្នុង​នាម​ជា​អាជ្ញាធរ​នៃ​មូលដ្ឋាន​របស់​ខ្លួន​ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ គឺជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​រៀបចំ​ឯកសារ​អត្រានុកូលដ្ឋាន​ទាំងនេះ​។​ រាល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ មាន​តួនាទី​ដើម្បី​ស្នើរ​សុំ​ការ​ចុះ​អត្រានុកូលដ្ឋាន​របស់​ពួក​គេ​ នៅ​ក្នុង​សៀវភៅបញ្ជី​អត្រានុកូលដ្ឋាន​។​

​ចំពោះ​ជន​ណា​ដែល​ផ្តល់​ព័ត៌មាន​មិន​ពិត​ ឬ​ស្នើរ​សុំ​ការ​ចុះបញ្ជី​លើស​ពី​មួយ​នៅ​ទីកន្លែង​តែ​មួយ​ ឬ​នៅ​កន្លែង​ផ្សេង​គ្នា​ អាច​នឹង​រង​ការ​ផាកពិន័យ​ និង​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។​

​ការ​ចុះ​សៀវភៅ​អត្រា​​នុកូលដ្ឋាន​កំណើត​​ និង​សំបុត្រកំណើត

នៅ​ពេល​មាន​ទារក​ទើបនឹង​កើត ឳ​ពុក​ម្តាយ​មាន​កាតព្វកិច្ច​ត្រូវ​ទៅ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៃ​ទីលំនៅ​ឋាន​អចិន្ត្រៃយ៍​របស់​ខ្លួន ក្នុង​រយៈពេល​ ៣០​ ថ្ងៃ ក្រោ​យ​កំណើត​ទា​រក​​ ដើម្បី​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​កំណើត និងទទួល​បាន​​សំបុត្រ​កំណើត​។​ ឪ​ពុក​ម្តាយ​​​ក៏អាច​​ទៅ​ប្តឹង​សុំ​ចុះ​អត្រា​នុ​កុ​ល​ដ្ឋា​ន​កំណើត​ និង​សំបុត្របញ្ជាក់​កំណើត​កូននៅ​សាលាឃុំ​-សង្កាត់​​បាន​ផង​ដែរ​ ក្នុងករណី​​ហួស​រយៈ​ពេល​ ៣០​ ថ្ងៃ។​​ សំបុត្រ​កំណើត​ ​និង​​សំបុត្របញ្ជាក់​កំណើត​សម្រាប់​ទារក​ គឺ​មិន​ត្រូវ​បាន​គិត​ប្រាក់​ទេ​។3​​

​យ៉ាងណា​ក៏​ដោយ​ ទារក​ទាំងឡាយ​ណា​ដែល​កើត​ពី​ឳ​ពុក​ម្តាយ​គ្មាន​ចំណង​អា​ពា​ហ៍​ពិពាហ៍​តាម​ផ្លូវច្បាប់​ ពួក​គេ​នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ក្នុង​សៀវភៅ​អត្រានុកូលដ្ឋាន​កំណើត​។​ ឳ​ពុក​ម្តាយ​របស់​ទារក​ដែល​ទើបនឹង​កើត​ តម្រូវ​បង្ហាញ​កូន​របស់​ពួក​គេ​ចំពោះ​មុខ​មេឃុំ​-​សង្កាត់​ ដើម្បី​ចុះ​អត្រានុកូលដ្ឋាន​។​ ប្រសិនបើ​ទារក​កើត​ពី​ឳ​ពុក​ម្តាយ​ដែល​មាន​ចំណងអាពាហ៍ពិពាហ៍​ស្របច្បាប់​ សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ប្រើប្រាស់​ជា​ឯកសារ​ភស្តុ​តាង​បញ្ជាក់​ភាព​ជា​ឳ​ពុក​ម្តាយ​។​

​លិខិត​ស្នាម​នានា​ដែល​អ្នក​ចាំបាច់​ត្រូវ​យក​ទៅ​បង្ហាញ​នៅ​​សាលា​​ឃុំ​-​សង្កាត់​ រួម​មាន​៖

  • ​លិខិតបញ្ជាក់​ទទួលស្គាល់​កំណើត​៖​ លិខិត​ទទួលស្គាល់​កំណើត​របស់​មន្ទីរពេទ្យ​ ឬ​មេ​ភូមិ​។
  • ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​ដែល​មានឈ្មោះ​ឳ​ពុក​ម្តាយ​ទារក​
  • ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​របស់​ឳ​ពុក​ម្តាយ​ទារក​

​នាមត្រកូល​របស់​ទារក​អាច​ត្រូវ​បាន​ដាក់​ដោយ​ឳ​ពុក​ ម្តាយ​ ឬ​អាណាព្យាបាល​។​ ត្រកូល​របស់​ទារក​អាច​ត្រូវ​បាន​យក​តាម​៖

  • ​ត្រកូល​របស់​ជីដូន​ជីតា​ ឬ​
  • ត្រកូល​ជីតា​ខាង​ឳ​ពុក​ ឬ
  • ​ឈ្មោះ​របស់​ឳ​ពុក​ទារក​

ការ​ចុះ​សៀវភៅ​អត្រា​​នុកូលដ្ឋាន​អាពាហ៍ពិពាហ៍​​ និងសំបុត្រអាពាហ៍ពិពាហ៍​

​បុរស​ម្នាក់​ និង​នារី​ម្នាក់​ ដែល​មាន​បំណង​រៀប​អាពាហ៍ពិពាហ៍​ ត្រូវ​ដាក់​ពាក្យសុំ​នៅ​មុខមន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​-​សង្កាត់​នៃ​លំនៅ​ឋាន​សាមីខ្លួន​ខាង​ស្រី​។​ ប្រ​សិន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​មាន​អាយុ​ ១៦​ ឬ​ ១៧​ ឆ្នាំ​ ពួក​គេ​មិន​អាច​រៀប​អា​ពា​ហ៌​ពិពាហ៍​បាន​ឡើយ​ លុះត្រា​ណា​តែ​មានការ​យល់ព្រម​ពី​ឳ​ពុក​ម្តាយ​ ឬ​អាណាព្យាបាល​របស់​ពួក​គេ​។​ ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ភេទ​ដូច​គ្នា​ ជន​វិកលចរិត​ ឬ​រវាង​សាច់ញាត្តិ​លោហិត​ គឺ​ត្រូវ​បាន​ហាមឃាត់​។​ ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ និង​ជនបរទេស​ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ច្បាប់​ និង​បញ្ញត្តិ​ដោយឡែក​ (​មាន​អនុក្រឹត្យ​មួយ​ស្តី​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​កម្ពុជា​ និង​ជនបរទេស​)​។

ដើម្បី​ដាក់​ពាក្យសុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​ កូនក្រមុំ​ និង​កូន​ក​ម្លោះ​ត្រូវ​នាំ​ឯកសារ​មួយ​ចំនួន​ជូន​ដល់​មន្ត្រី​អត្រានុកូលដ្ឋាន​ រួម​មាន​៖

  • សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត​របស់​ពួក​គេ
  • ​លិខិតបញ្ជាក់​ភាព​នៅ​លីវ​,​ ពោះម៉ាយ​ ឬ​មេម៉ាយ​ ចេញ​ដោយ​មេឃុំ​ ឬ​ចៅសង្កាត់​សាមី​។​ នៅ​ក្នុង​ករណី​ម៉េ​ម៉ា​យ​ ឬ​ពោះម៉ាយ​ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សាលក្រម​តុលាការ​ ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​មរណភាព
  • ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​ដែល​មានឈ្មោះ​សាមីខ្លួន​ទាំង​ពីរ​
  • ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​

​នៅ​ពេល​ទទួល​បាន​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍​ មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​-​សង្កាត់​ ត្រូវ​ត្រួតពិនិត្យ​ និង​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ពាក្យ​ស្នើរ​សុំ​នោះ​ មុន​ពេល​ចេញ​ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍​ជា​សាធារណៈ​។​ ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ចម្លង​ ៥​ ច្បាប់​ នឹង​ត្រូវ​ផ្តល់​សម្រាប់​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​លំនៅ​ឋាន​សាមីខ្លួន​ខាង​កូនក្រមុំ​ និង​រក្សា​ទុក​នៅ​សាលាឃុំ​ ឬ​សង្កាត់​សាមី​ខាង​កូនក្រមុំ​ និង​ខាង​កូន​ក​ម្លោះ​។​ ប្រសិនបើ​គ្មាន​ការ​ប្តឹង​ជំទាស់​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ក្នុង​រយៈពេល​ ១០​ ថ្ងៃ​បន្ទាប់​ពី​ការ​បិទ​ផ្សាយ​ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍​ជា​សាធារណៈ​ទេ​ សាមីខ្លួន​ទាំង​ពីរ​អាច​សុំ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​អាពាហ៍ពិពាហ៍​ និង​ចេញ​លិខិតបញ្ជាក់​អាពាហ៍ពិពាហ៍​។​

​ដើម្បី​ស្នើរ​សុំ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ និង​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​ អនាគត​កូនក្រមុំ​ និង​កូន​ក​ម្លោះ​ត្រូវ​នាំ​យក​សាក្សី​ពីរ​រូប​ជា​នីតិជន​ មាន​លំនៅ​ស្ថាន​ពិតប្រាកដ​នៅ​ចំពោះ​មុខមន្ត្រី​អត្រានុកូលដ្ឋាន​ ដោយ​នាំ​មក​នូវ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​។​

​ការ​ចុះ​សៀវភៅ​អត្រា​​នុកូលដ្ឋាន​មរណភាព​​​​​​ និងសំបុត្រមរណភាព​

​ពេល​មាន​សមាជិកគ្រួសារ​ ឬ​សាច់ញ្ញាតិ​ ឬ​អ្នក​ជិតខាង​ ឬ​អ្នក​រួមការ​ងារ​របស់​អ្នក​ស្លាប់​ ត្រូវ​រាយការណ៍​ជូន​ដល់​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​-​សង្កាត់​នៅ​ក្នុង​ទីលំនៅ​អចិ​ន្ត្រឺ​យ៍​របស់​អ្នក​ស្លាប់​។​ ជា​ធម្មតា​ ការ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​មរណភាព​ និង​សំបុត្រ​មរណភាព​ ត្រូវ​បាន​ធ្វើ​ជូន​ដោយ​ឥត​គិតថ្លៃ ក្នុង​រយៈ​ពេល​ ​១៥​ ថ្ងៃ​ក្រោយ​​ស្លាប់​​​។​ ក្នុង​ករណី​ទុក​ហួស​រយៈពេល​១៥​ថ្ងៃនេះ​ សមាជិកគ្រួសារ​ ឬ​សាច់ញាត្តិ​ ចាំបាច់​ត្រូវ​តែ​ប្តឹង​សុំ​សំបុត្រ​មរណភាព​ពី​មេឃុំ​ ឬ​ចៅសង្កាត់​នៃ​ទីលំនៅ​ឋាន​អចិន្ត្រៃយ៍​របស់​អ្នក​ស្លាប់​។​ ការ​ប្តឹង​សុំ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​មរណភាព​ និង​សំបុត្រ​មរណភាព​នេះ​ក៏មិ​ន​ត្រូវ​បាន​គិត​កម្រៃ​​សេវា​ដែរ។4 សំបុត្រ​បញ្ជាក់​មរណភាព​ច្បាប់​ដើម​ និង​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​មរណភាព​ តាម​ការ​ស្នើរ​សុំ​ គួរតែ​ត្រូវ​បាន​ចេញ​ដល់​អ្នករាយការណ៍​ ឬ​អ្នក​ប្តឹង​សុំ​នៃ​មរណភាព​នេះ​។

​ការ​ចុះ​អត្រានុកូលដ្ឋាន​ពិចារណា​លើ​លក្ខខណ្ឌ​ចំនួន​ពីរ​៖​ ការ​ស្លាប់​ដោយ​សង្ស័យ​ ឬ​គ្មាន​ការ​សង្ស័យ​។5​ សម្រាប់​ជន​ណា​ដែល​ស្លាប់​ដោយសារ​ជម្ងឺ​ គ្រោះថ្នាក់​ធម្មជាតិ​ ឬ​ដោយសារ​មូលហេតុ​ផ្សេងៗ​ ដោយ​គ្មាន​មន្ទិល​សង្ស័យ​ (​ឧ​ទារ​ហណ៍​៖​ អំពី​ឃាតកម្ម​),​ អ្នក​ចុះ​អត្រានុកូលដ្ឋាន​មរណភាព​នឹង​ចេញ​លិខិត​អនុញ្ញាតិ​ដើម្បី​ធ្វើ​បុណ្យបូជា និង​ បញ្ចុះសព​។​ ប្រសិនបើ​ការ​ស្លាប់​បណ្តាល​មក​ពី​ជម្ងឺឆ្លង​រាតត្បាត​ដែល​អាចបណ្តាលអោយ​គ្រោះថ្នាក់​ដល់​សង្គម​ មន្ត្រី​ទទួល​បន្ទុក​ត្រូវ​រាយការណ៍​ភ្លាម​ទៅ​​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​ជម្ងឺ​ (​មាត្រា​ ៣៥)​។​ ប្រសិនបើ​មានការ​មន្ទិល​សង្ស័យ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​ និង​អាច​មក​ពី​អំពើ​ឃាតកម្ម​ មន្ត្រី​អត្រានុកូលដ្ឋាន​ ឬ​ជន​សាធារណៈ​ទាំងឡាយ​ណា​ដែល​បានដឹង​ ឬ​ឃើញ​ហេតុការណ៍​នោះ​ ត្រូវ​រាយការណ៍​ភ្លាមដល់​អាជ្ញាធរ​មូលដ្ឋាន​របស់​អ្នក​ស្លាប់​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ (​មាត្រា​ ៣៦)​។​

​ដើម្បី​សុំ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​មរណភាព​ អ្នក​ដែល​មក​រាយការណ៍​អំពី​មរណភាព​នេះ​ ត្រូវ​នាំ​មក​ជាមួយ​នូវ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​បង្ហាញ​ចំពោះ​មន្ត្រី​អត្រានុកូលដ្ឋាន​៖

  • ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នៃ​អ្នក​ស្លាប់​ដូច​ជា​ អត្តសញ្ញាណប័ណ្ណ​,​ សំបុត្រ​បញ្ជាក់​កំណើត​,​ សៀវភៅ​គ្រួសារ​,​ ឬ​ សៀវភៅ​ស្នាក់​នៅ​
  • ​លិខិត​ជូនដំណឹង​មរណភាព​ដែល​ចេញ​ដោយ​៖
    • មេ​ភូមិ​ (​ប្រ​សិន​ជន​នោះ​បាន​ស្លាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​)
    • ​មន្ត្រី​អត្រានុកូលដ្ឋាន​នៃ​ឃុំ​ ឬ​សង្កាត់​ (​ប្រ​សិន​ជន​នោះ​ស្លាប់​នៅ​ក្រៅ​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ​)
    • ​មន្ទីរពេទ្យ​ ឬ​ មណ្ឌល​សុខភាព​ (​ប្រ​សិន​ជន​នោះ​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ឬ​ នៅ​មណ្ឌល​សុខភាព​)
    • ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ (​ប្រ​សិន​ការ​ស្លាប់​នោះ​ទាក់ទង​នឹង​អំពើ​ឃាតកម្ម​)
    • ​បុគ្គល​ទទួលខុសត្រូវ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ ឬ​ ពន្ធនាគារ​ (​ប្រ​សិន​ជន​នោះ​ស្លាប់​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ ឬ​ពន្ធនាគារ​)
  • ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​នានា​ដូច​ជា​៖​ លិខិតឆ្លងដែន​ និង​ទិ​ដ្ឋ​ការ​សម្រាប់​ជនបរទេស

វីដេអូ​ស្តី​ពី​សេវា​អត្រា​នុ​កូល​ដ្ឋាន​នៅ​រដ្ឋបាល​​ឃុំ​/​សង្កាត់​

​សារៈសំខាន់​នៃ​អត្រានុកូលដ្ឋាន

“​អត្រានុកូលដ្ឋាន​ គឺជា​ចំណងរួមភ្ជាប់សញ្ជាតិទៅ​នឹង​រដ្ឋ​ និង​ស្ថានភាព​ជាក់ស្តែង ដែលជននោះក្នុងត្រកូល​គ្រួសារ​ខ្លួន ​ក្នុង​សង្គមជាតិ​ ដែលបង្កើតអោយជននោះមាន​សិទ្ធិ​ និង​ករណីយកិច្ច​។​6

​ការ​ចុះសំបុត្រ​អត្រានុកូលដ្ឋាន​នីមួយៗ​ត្រូវបានផ្តល់​ជូន​ មិនមែន​សម្រាប់​តែ​គោលបំណង​នៃ​ការ​បង្កើតចំណង​នៃ​បុគ្គល​នីមួយៗ​ទៅនឹង​ប្រទេស​មួយ​ ឬ​គ្រួសារ​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​​មានសំខាន់ដើម្បីទទួលស្គាល​ពី​សិទ្ធិ​សេដ្ឋកិច្ច​សង្គម​ និង​នយោបាយ​ និង​ករណីយកិច្ចរបស់​ពួក​គេ​ផង​ដែរ​។​ ក្រោម​​​រ​ដ្ឋ​ធម្មនុញ្ញ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​​ឆ្នាំ​​ ១៩៩៣​​ សិទ្ធិ​​ទាំង​នេះ​​រួម​​មាន​​៖​ សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ និង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​,​ សិទ្ធិ​ទទួល​បានការ​អប់រំ​ និង​ការងារ​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ស្មើគ្នា​សម្រាប់​ប្រភេទ​ការងារ​តែ​មួយ​,​ សិទ្ធិ​ទទួល​យុត្តិធម៌​ និង​ការ​ជំនុំ​ជម្រះក្តី​ដោយ​យុត្តិធម៌​,​ និង​សិទ្ធិ​កាន់កាប់​កម្មសិទ្ធិ​។​ អត្តសញ្ញាណ​ប័ណ្ណ7​ និង​លិខិតឆ្លងដែន8​ ដែល​មាន​អត្ថន័យ​សំខាន់​នៃ​ការ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​អនុវត្ត​នៃ​ច្បាប់​ទាំងនោះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ និង​ឯកសារ​អត្រានុកូលដ្ឋាន​។​

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៧

ឯកសារយោង

  1. 1. UNICEF “កម្មវិធីអភិវឌ្ឍប្រទេសកម្ពុជាឆ្នាំ ២០១៩-២០២៣” ខែ សីហា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០។
  2. 2. ធនាគារពិភពលោក “អត្រាកំណើតដុល (ក្នុង ១០០០នាក់)៖ ប្រទេសកម្ពុជា” ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០។
  3. 3. ប្រកាសអន្តរក្រសួង លេខ ១៤៣៤២ ស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦។
  4. 4. ប្រកាសអន្តរក្រសួង លេខ ១៤៣៤២ ស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦។
  5. 5. អនុក្រឹត្យលេខ ១០៣ ស្តីពីអត្រានុកូលដ្ឋាន, ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០០០។ អនុក្រឹត្យលេខ ៦០ និង លេខ ១៧, ចុះនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០០២ និង ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០៤, ស្តីពីការកែសម្រួលនៃអនុក្រឹត្យលេខ ១០៣។
  6. 6. ដូចឯកសារយោងខាងដើម, មាត្រា ២, កថាខណ្ឌទី១។
  7. 7. ប្រកាសលេខ ៦៣៧៥ ស្តីពីនីតិវិធី លក្ខខណ្ឌនៃការសុំ ការផ្តល់ និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៥។ ប្រកាសលេខ ៦៥ ស្តីពីការកែសម្រួលប្រការ ៣ នៃប្រកាសប្រកាសលេខ ៦៣៧៥ ស្តីពីនីតិវិធី លក្ខខណ្ឌនៃការសុំ ការផ្តល់ និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦។
  8. 8. ប្រកាសលេខ ១៤៦១ ស្តីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា,​ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៤។ ប្រកាសអន្តរក្រសួងលេខ ២៥៧៤ ស្តីពីនីតិវិធិ និងបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតាជូនពលករ-ពលការនីខ្មែរ ទៅធ្វើការដោយស្របច្បាប់នៅបរទេស, ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៤។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HYZ5e
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!