​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដ៏ក្មេងខ្ចី​ និងមានកំណើនប្រជាជន​លឿន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ សព្វ​ថ្ងៃនេះ​ ចំនួន​ប្រជាជន​ប្រទេស​នេះ​មាន​ប្រមាណ​ ១៦​ លាន​នាក់​។​ ដោយ​យោង​តាម​ធនាគារពិភពលោក​ អត្រាកំណើត​ក្នុង​ ១,០០០​ នាក់​របស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​តិចតួច​ ពី​ ២៨.១​ នៅ​ឆ្នាំ​ ២០០០​ ទៅ​ ២៤.១​ នៅ​ឆ្នាំ​ ២០១៤​។1​​ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ និង​ភាព​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ជីវភាព​រស់នៅ​ និង​សុខភាព​របស់​ប្រជាជន​ អាយុ​រស់នៅ​មធ្យម​របស់​ប្រជាជន​ គឺ​កំពុង​កើនឡើង​ មាន​ន័យ​ថា​ ប្រជាជន​រស់នៅ​បាន​យូរ​ជាង​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​អំឡុង​ទើបតែ​បញ្ចប់​សង្គ្រាមស៊ីវិល​។

​សំបុត្រអត្រា​នុកូល​ដ្ឋា​ន​ រួម​មាន​ សំបុត្រ​កំណើត​ សំបុត្រ​អាពាហ៍ពិពាហ៍​ និងសំបុត្រ​មរណភាព​។ ក្នុង​នាម​ជា​អាជ្ញាធរ​នៃ​មូលដ្ឋាន​របស់​ខ្លួន​ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ គឺជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​រៀបចំ​ឯកសារ​អត្រានុកូលដ្ឋាន​ទាំងនេះ​។​ រាល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ មាន​តួនាទី​ដើម្បី​ស្នើរ​សុំ​ការ​ចុះ​អត្រានុកូលដ្ឋាន​របស់​ពួក​គេ​ នៅ​ក្នុង​សៀវភៅបញ្ជី​អត្រានុកូលដ្ឋាន​។​

​ចំពោះ​ជន​ណា​ដែល​ផ្តល់​ព័ត៌មាន​មិន​ពិត​ ឬ​ស្នើរ​សុំ​ការ​ចុះបញ្ជី​លើស​ពី​មួយ​នៅ​ទីកន្លែង​តែ​មួយ​ ឬ​នៅ​កន្លែង​ផ្សេង​គ្នា​ អាច​នឹង​រង​ការ​ផាកពិន័យ​ និង​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។​

​ការ​ចុះ​សៀវភៅ​អត្រា​​នុកូលដ្ឋាន​កំណើត​​ និង​សំបុត្រកំណើត

នៅ​ពេល​មាន​ទារក​ទើបនឹង​កើត ឳ​ពុក​ម្តាយ​មាន​កាតព្វកិច្ច​ត្រូវ​ទៅ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៃ​ទីលំនៅ​ឋាន​អចិន្ត្រៃយ៍​របស់​ខ្លួន ក្នុង​រយៈពេល​ ៣០​ ថ្ងៃ ក្រោ​យ​កំណើត​ទា​រក​​ ដើម្បី​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​កំណើត និងទទួល​បាន​​សំបុត្រ​កំណើត​។​ ឪ​ពុក​ម្តាយ​​​ក៏អាច​​ទៅ​ប្តឹង​សុំ​ចុះ​អត្រា​នុ​កុ​ល​ដ្ឋា​ន​កំណើត​ និង​សំបុត្របញ្ជាក់​កំណើត​កូននៅ​សាលាឃុំ​-សង្កាត់​​បាន​ផង​ដែរ​ ក្នុងករណី​​ហួស​រយៈ​ពេល​ ៣០​ ថ្ងៃ។​​ សំបុត្រ​កំណើត​ ​និង​​សំបុត្របញ្ជាក់​កំណើត​សម្រាប់​ទារក​ គឺ​មិន​ត្រូវ​បាន​គិត​ប្រាក់​ទេ​។2​​

​យ៉ាងណា​ក៏​ដោយ​ ទារក​ទាំងឡាយ​ណា​ដែល​កើត​ពី​ឳ​ពុក​ម្តាយ​គ្មាន​ចំណង​អា​ពា​ហ៍​ពិពាហ៍​តាម​ផ្លូវច្បាប់​ ពួក​គេ​នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ក្នុង​សៀវភៅ​អត្រានុកូលដ្ឋាន​កំណើត​។​ ឳ​ពុក​ម្តាយ​របស់​ទារក​ដែល​ទើបនឹង​កើត​ តម្រូវ​បង្ហាញ​កូន​របស់​ពួក​គេ​ចំពោះ​មុខ​មេឃុំ​-​សង្កាត់​ ដើម្បី​ចុះ​អត្រានុកូលដ្ឋាន​។​ ប្រសិនបើ​ទារក​កើត​ពី​ឳ​ពុក​ម្តាយ​ដែល​មាន​ចំណងអាពាហ៍ពិពាហ៍​ស្របច្បាប់​ សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ប្រើប្រាស់​ជា​ឯកសារ​ភស្តុ​តាង​បញ្ជាក់​ភាព​ជា​ឳ​ពុក​ម្តាយ​។​

​លិខិត​ស្នាម​នានា​ដែល​អ្នក​ចាំបាច់​ត្រូវ​យក​ទៅ​បង្ហាញ​នៅ​​សាលា​​ឃុំ​-​សង្កាត់​ រួម​មាន​៖

  • ​លិខិតបញ្ជាក់​ទទួលស្គាល់​កំណើត​៖​ លិខិត​ទទួលស្គាល់​កំណើត​របស់​មន្ទីរពេទ្យ​ ឬ​មេ​ភូមិ​។
  • ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​ដែល​មានឈ្មោះ​ឳ​ពុក​ម្តាយ​ទារក​
  • ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​របស់​ឳ​ពុក​ម្តាយ​ទារក​

​នាមត្រកូល​របស់​ទារក​អាច​ត្រូវ​បាន​ដាក់​ដោយ​ឳ​ពុក​ ម្តាយ​ ឬ​អាណាព្យាបាល​។​ ត្រកូល​របស់​ទារក​អាច​ត្រូវ​បាន​យក​តាម​៖

  • ​ត្រកូល​របស់​ជីដូន​ជីតា​ ឬ​
  • ត្រកូល​ជីតា​ខាង​ឳ​ពុក​ ឬ
  • ​ឈ្មោះ​របស់​ឳ​ពុក​ទារក​

birth-registration KH

ការ​ចុះ​សៀវភៅ​អត្រា​​នុកូលដ្ឋាន​អាពាហ៍ពិពាហ៍​​ និងសំបុត្រអាពាហ៍ពិពាហ៍​

​បុរស​ម្នាក់​ និង​នារី​ម្នាក់​ ដែល​មាន​បំណង​រៀប​អាពាហ៍ពិពាហ៍​ ត្រូវ​ដាក់​ពាក្យសុំ​នៅ​មុខមន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​-​សង្កាត់​នៃ​លំនៅ​ឋាន​សាមីខ្លួន​ខាង​ស្រី​។​ ប្រ​សិន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​មាន​អាយុ​ ១៦​ ឬ​ ១៧​ ឆ្នាំ​ ពួក​គេ​មិន​អាច​រៀប​អា​ពា​ហ៌​ពិពាហ៍​បាន​ឡើយ​ លុះត្រា​ណា​តែ​មានការ​យល់ព្រម​ពី​ឳ​ពុក​ម្តាយ​ ឬ​អាណាព្យាបាល​របស់​ពួក​គេ​។​ ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ភេទ​ដូច​គ្នា​ ជន​វិកលចរិត​ ឬ​រវាង​សាច់ញាត្តិ​លោហិត​ គឺ​ត្រូវ​បាន​ហាមឃាត់​។​ ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ និង​ជនបរទេស​ ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ច្បាប់​ និង​បញ្ញត្តិ​ដោយឡែក​ (​មាន​អនុក្រឹត្យ​មួយ​ស្តី​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​កម្ពុជា​ និង​ជនបរទេស​)​។

ដើម្បី​ដាក់​ពាក្យសុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​ កូនក្រមុំ​ និង​កូន​ក​ម្លោះ​ត្រូវ​នាំ​ឯកសារ​មួយ​ចំនួន​ជូន​ដល់​មន្ត្រី​អត្រានុកូលដ្ឋាន​ រួម​មាន​៖

  • សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត​របស់​ពួក​គេ
  • ​លិខិតបញ្ជាក់​ភាព​នៅ​លីវ​,​ ពោះម៉ាយ​ ឬ​មេម៉ាយ​ ចេញ​ដោយ​មេឃុំ​ ឬ​ចៅសង្កាត់​សាមី​។​ នៅ​ក្នុង​ករណី​ម៉េ​ម៉ា​យ​ ឬ​ពោះម៉ាយ​ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សាលក្រម​តុលាការ​ ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​មរណភាព
  • ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​ដែល​មានឈ្មោះ​សាមីខ្លួន​ទាំង​ពីរ​
  • ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​

​នៅ​ពេល​ទទួល​បាន​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍​ មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​-​សង្កាត់​ ត្រូវ​ត្រួតពិនិត្យ​ និង​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ពាក្យ​ស្នើរ​សុំ​នោះ​ មុន​ពេល​ចេញ​ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍​ជា​សាធារណៈ​។​ ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ចម្លង​ ៥​ ច្បាប់​ នឹង​ត្រូវ​ផ្តល់​សម្រាប់​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​លំនៅ​ឋាន​សាមីខ្លួន​ខាង​កូនក្រមុំ​ និង​រក្សា​ទុក​នៅ​សាលាឃុំ​ ឬ​សង្កាត់​សាមី​ខាង​កូនក្រមុំ​ និង​ខាង​កូន​ក​ម្លោះ​។​ ប្រសិនបើ​គ្មាន​ការ​ប្តឹង​ជំទាស់​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ក្នុង​រយៈពេល​ ១០​ ថ្ងៃ​បន្ទាប់​ពី​ការ​បិទ​ផ្សាយ​ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍​ជា​សាធារណៈ​ទេ​ សាមីខ្លួន​ទាំង​ពីរ​អាច​សុំ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​អាពាហ៍ពិពាហ៍​ និង​ចេញ​លិខិតបញ្ជាក់​អាពាហ៍ពិពាហ៍​។​

​ដើម្បី​ស្នើរ​សុំ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ និង​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​ អនាគត​កូនក្រមុំ​ និង​កូន​ក​ម្លោះ​ត្រូវ​នាំ​យក​សាក្សី​ពីរ​រូប​ជា​នីតិជន​ មាន​លំនៅ​ស្ថាន​ពិតប្រាកដ​នៅ​ចំពោះ​មុខមន្ត្រី​អត្រានុកូលដ្ឋាន​ ដោយ​នាំ​មក​នូវ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​។​

​ការ​ចុះ​សៀវភៅ​អត្រា​​នុកូលដ្ឋាន​មរណភាព​​​​​​ និងសំបុត្រមរណភាព​

​ពេល​មាន​សមាជិកគ្រួសារ​ ឬ​សាច់ញ្ញាតិ​ ឬ​អ្នក​ជិតខាង​ ឬ​អ្នក​រួមការ​ងារ​របស់​អ្នក​ស្លាប់​ ត្រូវ​រាយការណ៍​ជូន​ដល់​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​-​សង្កាត់​នៅ​ក្នុង​ទីលំនៅ​អចិ​ន្ត្រឺ​យ៍​របស់​អ្នក​ស្លាប់​។​ ជា​ធម្មតា​ ការ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​មរណភាព​ និង​សំបុត្រ​មរណភាព​ ត្រូវ​បាន​ធ្វើ​ជូន​ដោយ​ឥត​គិតថ្លៃ ក្នុង​រយៈ​ពេល​ ​១៥​ ថ្ងៃ​ក្រោយ​​ស្លាប់​​​។​ ក្នុង​ករណី​ទុក​ហួស​រយៈពេល​១៥​ថ្ងៃនេះ​ សមាជិកគ្រួសារ​ ឬ​សាច់ញាត្តិ​ ចាំបាច់​ត្រូវ​តែ​ប្តឹង​សុំ​សំបុត្រ​មរណភាព​ពី​មេឃុំ​ ឬ​ចៅសង្កាត់​នៃ​ទីលំនៅ​ឋាន​អចិន្ត្រៃយ៍​របស់​អ្នក​ស្លាប់​។​ ការ​ប្តឹង​សុំ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​មរណភាព​ និង​សំបុត្រ​មរណភាព​នេះ​ក៏មិ​ន​ត្រូវ​បាន​គិត​កម្រៃ​​សេវា​ដែរ។3 សំបុត្រ​បញ្ជាក់​មរណភាព​ច្បាប់​ដើម​ និង​សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​មរណភាព​ តាម​ការ​ស្នើរ​សុំ​ គួរតែ​ត្រូវ​បាន​ចេញ​ដល់​អ្នករាយការណ៍​ ឬ​អ្នក​ប្តឹង​សុំ​នៃ​មរណភាព​នេះ​។

​ការ​ចុះ​អត្រានុកូលដ្ឋាន​ពិចារណា​លើ​លក្ខខណ្ឌ​ចំនួន​ពីរ​៖​ ការ​ស្លាប់​ដោយ​សង្ស័យ​ ឬ​គ្មាន​ការ​សង្ស័យ​។4​ សម្រាប់​ជន​ណា​ដែល​ស្លាប់​ដោយសារ​ជម្ងឺ​ គ្រោះថ្នាក់​ធម្មជាតិ​ ឬ​ដោយសារ​មូលហេតុ​ផ្សេងៗ​ ដោយ​គ្មាន​មន្ទិល​សង្ស័យ​ (​ឧ​ទារ​ហណ៍​៖​ អំពី​ឃាតកម្ម​),​ អ្នក​ចុះ​អត្រានុកូលដ្ឋាន​មរណភាព​នឹង​ចេញ​លិខិត​អនុញ្ញាតិ​ដើម្បី​ធ្វើ​បុណ្យបូជា និង​ បញ្ចុះសព​។​ ប្រសិនបើ​ការ​ស្លាប់​បណ្តាល​មក​ពី​ជម្ងឺឆ្លង​រាតត្បាត​ដែល​អាចបណ្តាលអោយ​គ្រោះថ្នាក់​ដល់​សង្គម​ មន្ត្រី​ទទួល​បន្ទុក​ត្រូវ​រាយការណ៍​ភ្លាម​ទៅ​​មន្ទីរពេទ្យ​ ឬ​មណ្ឌល​សុខភាព​ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​ជម្ងឺ​ (​មាត្រា​ ៣៥)​។​ ប្រសិនបើ​មានការ​មន្ទិល​សង្ស័យ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​ និង​អាច​មក​ពី​អំពើ​ឃាតកម្ម​ មន្ត្រី​អត្រានុកូលដ្ឋាន​ ឬ​ជន​សាធារណៈ​ទាំងឡាយ​ណា​ដែល​បានដឹង​ ឬ​ឃើញ​ហេតុការណ៍​នោះ​ ត្រូវ​រាយការណ៍​ភ្លាមដល់​អាជ្ញាធរ​មូលដ្ឋាន​របស់​អ្នក​ស្លាប់​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ (​មាត្រា​ ៣៦)​។​

​ដើម្បី​សុំ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​មរណភាព​ អ្នក​ដែល​មក​រាយការណ៍​អំពី​មរណភាព​នេះ​ ត្រូវ​នាំ​មក​ជាមួយ​នូវ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​បង្ហាញ​ចំពោះ​មន្ត្រី​អត្រានុកូលដ្ឋាន​៖

  • ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នៃ​អ្នក​ស្លាប់​ដូច​ជា​ អត្តសញ្ញាណប័ណ្ណ​,​ សំបុត្រ​បញ្ជាក់​កំណើត​,​ សៀវភៅ​គ្រួសារ​,​ ឬ​ សៀវភៅ​ស្នាក់​នៅ​
  • ​លិខិត​ជូនដំណឹង​មរណភាព​ដែល​ចេញ​ដោយ​៖
    • មេ​ភូមិ​ (​ប្រ​សិន​ជន​នោះ​បាន​ស្លាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​)
    • ​មន្ត្រី​អត្រានុកូលដ្ឋាន​នៃ​ឃុំ​ ឬ​សង្កាត់​ (​ប្រ​សិន​ជន​នោះ​ស្លាប់​នៅ​ក្រៅ​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ​)
    • ​មន្ទីរពេទ្យ​ ឬ​ មណ្ឌល​សុខភាព​ (​ប្រ​សិន​ជន​នោះ​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ឬ​ នៅ​មណ្ឌល​សុខភាព​)
    • ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ (​ប្រ​សិន​ការ​ស្លាប់​នោះ​ទាក់ទង​នឹង​អំពើ​ឃាតកម្ម​)
    • ​បុគ្គល​ទទួលខុសត្រូវ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ ឬ​ ពន្ធនាគារ​ (​ប្រ​សិន​ជន​នោះ​ស្លាប់​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ ឬ​ពន្ធនាគារ​)
  • ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​នានា​ដូច​ជា​៖​ លិខិតឆ្លងដែន​ និង​ទិ​ដ្ឋ​ការ​សម្រាប់​ជនបរទេស

​សារៈសំខាន់​នៃ​អត្រានុកូលដ្ឋាន

“​អត្រានុកូលដ្ឋាន​ គឺជា​ចំណងរួមភ្ជាប់សញ្ជាតិទៅ​នឹង​រដ្ឋ​ និង​ស្ថានភាព​ជាក់ស្តែង ដែលជននោះក្នុងត្រកូល​គ្រួសារ​ខ្លួន ​ក្នុង​សង្គមជាតិ​ ដែលបង្កើតអោយជននោះមាន​សិទ្ធិ​ និង​ករណីយកិច្ច​។​5

​ការ​ចុះសំបុត្រ​អត្រានុកូលដ្ឋាន​នីមួយៗ​ត្រូវបានផ្តល់​ជូន​ មិនមែន​សម្រាប់​តែ​គោលបំណង​នៃ​ការ​បង្កើតចំណង​នៃ​បុគ្គល​នីមួយៗ​ទៅនឹង​ប្រទេស​មួយ​ ឬ​គ្រួសារ​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​​មានសំខាន់ដើម្បីទទួលស្គាល​ពី​សិទ្ធិ​សេដ្ឋកិច្ច​សង្គម​ និង​នយោបាយ​ និង​ករណីយកិច្ចរបស់​ពួក​គេ​ផង​ដែរ​។​ ក្រោម​​​រ​ដ្ឋ​ធម្មនុញ្ញ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​​ឆ្នាំ​​ ១៩៩៣​​ សិទ្ធិ​​ទាំង​នេះ​​រួម​​មាន​​៖​ សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ និង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​,​ សិទ្ធិ​ទទួល​បានការ​អប់រំ​ និង​ការងារ​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ស្មើគ្នា​សម្រាប់​ប្រភេទ​ការងារ​តែ​មួយ​,​ សិទ្ធិ​ទទួល​យុត្តិធម៌​ និង​ការ​ជំនុំ​ជម្រះក្តី​ដោយ​យុត្តិធម៌​,​ និង​សិទ្ធិ​កាន់កាប់​កម្មសិទ្ធិ​។​ អត្តសញ្ញាណ​ប័ណ្ណ6​ និង​លិខិតឆ្លងដែន7​ ដែល​មាន​អត្ថន័យ​សំខាន់​នៃ​ការ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​អនុវត្ត​នៃ​ច្បាប់​ទាំងនោះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ និង​ឯកសារ​អត្រានុកូលដ្ឋាន​។​

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៧

ឯកសារយោង

  • 1. ធនាគារពិភពលោក. “អត្រាកំណើតប្រចាំឆ្នាំ (ក្នុងចំណោមមនុស្ស ១,០០០ នាក់): ប្រទេសកម្ពុជា.” ចូលអានថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៦។ http://data.worldbank.org/indicator/SP.DYN.CBRT.IN?locations=KH
  • 2. ប្រកាសអន្តរក្រសួង លេខ ១៤៣៤២ ស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦។ https://data.opendevelopmentmekong.net/km/laws_record/inter-ministerial-prakas-no-14342-the-provision-of-administrative-services-at-sub-national-level
  • 3. ប្រកាសអន្តរក្រសួង លេខ ១៤៣៤២ ស្តីពីការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦។ https://data.opendevelopmentmekong.net/km/laws_record/inter-ministerial-prakas-no-14342-the-provision-of-administrative-services-at-sub-national-level
  • 4. អនុក្រឹត្យលេខ ១០៣ ស្តីពីអត្រានុកូលដ្ឋាន, ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០០០។ អនុក្រឹត្យលេខ ៦០ និង លេខ ១៧, ចុះនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០០២ និង ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០៤, ស្តីពីការកែសម្រួលនៃអនុក្រឹត្យលេខ ១០៣។ https://data.opendevelopmentmekong.net/km/dataset/sub-decree-on-civil-registration
  • 5. ដូចឯកសារយោងខាងដើម, មាត្រា ២, កថាខណ្ឌទី១។
  • 6. ប្រកាសលេខ ៦៣៧៥ ស្តីពីនីតិវិធី លក្ខខណ្ឌនៃការសុំ ការផ្តល់ និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៥។ ប្រកាសលេខ ៦៥ ស្តីពីការកែសម្រួលប្រការ៣ នៃប្រកាសប្រកាសលេខ ៦៣៧៥ ស្តីពីនីតិវិធី លក្ខខណ្ឌនៃការសុំ ការផ្តល់ និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦។
  • 7. ប្រកាសលេខ ១៤៦១ ស្តីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា,​ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៤។ ប្រកាសអន្តរក្រសួងលេខ ២៥៧៤ ស្តីពីនីតិវិធិ និងបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតាជូនពលករ-ពលការនីខ្មែរ ទៅធ្វើការដោយស្របច្បាប់នៅបរទេស, ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៤។