ការជូនដំណឹងអំពីការរំខានព្រៃឈើ
ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានបាត់បង់គម្របព្រៃឈើយ៉ាងច្រើនដែលបណ្តាលមកពីការផ្លាស់ប្តូរការប្រើប្រាស់ដី ការពង្រីកវិស័យកសិកម្ម ការកាប់ឈើខុសច្បាប់ និងសកម្មភាពផ្សេងៗទៀត។ ទោះបីជាបច្ចេកវិទ្យាផ្កាយរណបបានធ្វើឱ្យការតាមដានការផ្លាស់ប្តូរព្រៃឈើនៅថ្នាក់ជាតិ និងតំបន់មានភាពងាយស្រួលជាងមុនក៏ដោយ ក៏អ្នកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានជាច្រើន រួមទាំងអង្គការសង្គមស៊ីវិល អង្គការសហគមន៍មូលដ្ឋាន សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ជនជាតិដើមភាគតិច អ្នកសិក្សាស្រាវជ្រាវ និងអាជ្ញាធរមូលដ្ឋាន នៅតែជួយនឹងបញ្ហាក្នុងការទទួលបាន និងបកស្រាយទិន្នន័យភូមិសាស្ត្រឌីជីថលដែលមានលក្ខណៈស្មុគស្មាញទាន់ពេលវេលា។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានអភិវឌ្ឍ ព័ត៌មានទិន្នន័យស្តីពីការជូនដំណឹងអំពីការរំខានព្រៃឈើ ដែលជាប្រព័ន្ធងាយស្រួលប្រើប្រាស់ សម្រាប់បម្លែងទិន្នន័យបច្ចេកទេសពីផ្កាយរណបទៅជាព័ត៌មានដែលអាចយល់បាន និងជូនដំណឹងជិតពេលវេលាជាក់ស្តែង (near-real-time)។ វេទិកានេះមានគោលបំណងពង្រឹងការតាមដានព្រៃឈើ គាំទ្រការតស៊ូមតិដោយផ្អែកលើភស្តុតាង និងលើកកម្ពស់ការសម្រេចចិត្តផ្នែកបរិស្ថានដែលមានព័ត៌មានគ្រប់គ្រាន់។
ប្រភពទិន្នន័យ
ព័ត៌មានទិន្នន័យនេះបានរួមបញ្ចូលទិន្នន័យជូនដំណឹងអំពីការរំខានព្រៃឈើពីប្រភពអន្តរជាតិដែលមានការទទួលស្គាល់រួមមាន៖
- ទិន្នន័យការជូនដំណឹងអំពីព្រៃឈើពី Global Forest Watch (GFW)៖ សំណុំទិន្នន័យជូនដំណឹងអំពីការរំខានព្រៃឈើរបស់ GFW រួមបញ្ចូលគ្នានូវប្រព័ន្ធផ្កាយរណបចំនួនប្រាំ (GLAD-L, GLAD-S2, RADD, DIST-ALERT និង Integrated Disturbance Alerts) ទៅជាស្រទាប់តែមួយដើម្បីស្វែងរកការបាត់បង់ព្រៃឈើ បានលឿន និងស៊ីសង្វាក់គ្នាជាងមុន។ វាកំណត់កម្រិតទំនុកចិត្តដោយផ្អែកលើការរកឃើញម្តងហើយម្តងទៀត ឬការព្រមព្រៀងគ្នានៅលើប្រព័ន្ធច្រើន ដោយទំនុកចិត្តខ្ពស់បង្ហាញពីការជូនដំណឹងដែលអាចទុកចិត្តបានកាន់តែច្រើន។ ព័ត៌មានទិន្នន័យអំពីការរំខានព្រៃឈើនៅលើគេហទំព័រអូឌីស៊ី ទាញយកការជូនដំណឹងដែលមានទំនុកចិត្តខ្ពស់បំផុតពីសំណុំទិន្នន័យរំខានព្រៃឈើរួមបញ្ចូលគ្នារបស់ GFW។
- ទិន្នន័យការជូនដំណឹងអំពីព្រៃឈើពី SERVIR-SEA៖ ទិន្នន័យការជូនដំណឹងអំពីព្រៃឈើប្រើប្រាស់ GLAD Alert របស់សាកលវិទ្យាល័យ Maryland (UMD) ដោយកំណត់ "ព្រៃឈើ" ជាតំបន់ដែលមានដើមឈើកម្ពស់ជាង ៥ម៉ែត្រ និងកម្រិតគម្របកន្សោមស្លឹក លើសពី ៣០ភាគរយ។ ការជូនដំណឹងត្រូវបានធ្វើឡើងនៅពេលដែលការបាត់បង់កម្រិតគម្របកន្សោមស្លឹកលើសពី ៥០ភាគរយ ក្នុងមួយ Landsat pixel។ ប្រព័ន្ធនេះបំពេញបន្ថែមទិន្នន័យការបាត់បង់គម្របព្រៃឈើជាសាកលប្រចាំឆ្នាំ ដែលបានបង្កើតដំបូងដោយប្រើប្រាស់ទិន្នន័យ Landsat-7 (២០០០-២០១៩) និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
- ទិន្នន័យការជូនដំណឹងអំពីព្រៃឈើពី JJ-FAST៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្កើតឧបករណ៍មួយសម្រាប់ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើដែលហៅថាប្រព័ន្ធប្រកាសអាសន្ន JICA-JAXA នៅតំបន់ត្រូពិច (JJ-FAST) ក្រោមគំនិតផ្តួចផ្តើមអភិបាលកិច្ចព្រៃឈើ (FGI)។ JJ-FAST ប្រើប្រាស់ Synthetic Aperture Radar PALSAR-2 នៅលើផ្កាយរណប ALOS-2 ជាមួយនឹងទិន្នន័យកម្រិតភាពច្បាស់ ៥០ម៉ែត្រ។ ភាពញឹកញាប់នៃទិន្នន័យរបស់វាគឺ ៤៥ថ្ងៃ ជាមួយនឹងមុខងារត្រួតពិនិត្យដែលអាចទុកចិត្តបាន ដែលមិនរងផលប៉ះពាល់ដោយពពក ហើយវាអាចរកឃើញការកាប់បំផ្លាញព្រៃឈើដែលមានផ្ទៃដីលើសពី ២ហិកតា។
សំណុំទិន្នន័យនីមួយៗមានចំណុចខ្លាំងខុសៗគ្នា ដែលទាក់ទងនឹងឧបករណ៍ចាប់សញ្ញាផ្កាយរណប វិធីសាស្ត្រភាពញឹកញាប់នៃការថតឡើងវិញ និងលក្ខខណ្ឌបរិស្ថាន។ តាមរយៈការរួមបញ្ចូលប្រភពទិន្នន័យទាំងនេះ ព័ត៌មានទិន្នន័យនេះអាចផ្តល់នូវទិដ្ឋភាពកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយអំពីការរំខានព្រៃឈើដែលអាចកើតមាននៅទូទាំងប្រទេសកម្ពុជា។
របៀបដំណើរការរបស់ព័ត៌មានទិន្នន័យ
ព័ត៌មានទិន្នន័យស្តីពីការជូនដំណឹងអំពីការរំខានព្រៃឈើត្រូវបានប្រមូល និងដំណើរការទិន្នន័យជូនដំណឹងពីប្រភពជាច្រើន ហើយផ្គូផ្គងការផ្លាស់ប្តូរដែលបានរកឃើញជាមួយប្រភេទព្រៃឈើដែលបានជ្រើសរើសពីទិន្នន័យគម្របដីឆ្នាំ២០២១ រួមមាន ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះ ព្រៃលិចទឹក និងព្រៃកោងកាង។ ប្រព័ន្ធនេះក៏ភ្ជាប់ការជូនដំណឹងទៅនឹងព្រំប្រទល់រដ្ឋបាល តំបន់ការពារធម្មជាតិ និងតំបន់គោលដៅដែលអ្នកប្រើប្រាស់បានកំណត់ផងដែរ។
នៅពេលរកឃើញការរំខានព្រៃឈើនៅក្នុងតំបន់គោលដៅ ប្រព័ន្ធនេះនឹងបង្កើតការជូនដំណឹងដោយស្វ័យប្រវត្តិ និងផ្ញើសារតាមឆានែលតេលេក្រាមដែលបានកំណត់។ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានទាន់ពេលវេលា និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងព្រៃបានកាន់តែមានប្រសិទ្ធភាព។
មុខងារសំខាន់ៗ
- ផ្តល់ការជូនដំណឹងអំពីការរំខានព្រៃឈើជិតពេលវេលាជាក់ស្តែងពីប្រភពទិន្នន័យផ្កាយរណបជាច្រើន
- បង្ហាញផែនទីអន្តរកម្មនៃការផ្លាស់ប្តូរព្រៃឈើដែលបានរកឃើញ
- គាំទ្រការតាមដានតាមតម្រូវការតាមរយៈការកំណត់តំបន់គោលដៅ (AOIs)
- ផ្ញើការជូនដំណឹងដោយស្វ័យប្រវត្តិតាមតេលេក្រាម
- ផ្តល់ព័ត៌មានបើកទូលាយ និងងាយស្រួលប្រើប្រាស់ ដើម្បីគាំទ្រការតាមដាន ការស្រាវជ្រាវ ការតស៊ូមតិ និងការសម្រេចចិត្ត។
អ្នកប្រើប្រាស់គោលដៅ
វេទិកានេះត្រូវបានអភិវឌ្ឍឡើងដើម្បីគាំទ្រដល់អ្នកពាក់ព័ន្ធជាច្រើន រួមមាន៖
- អង្គការសង្គមស៊ីវិល
- អង្គការសហគមន៍មូលដ្ឋាន
- សហគមន៍ព្រៃឈើ
- សហគមន៍តំបន់ការពារធម្មជាតិ
- សហគមន៍ជនជាតិដើមភាគតិច
- ស្ថាប័នរដ្ឋាភិបាល
- អ្នកស្រាវជ្រាវ និងគ្រឹះស្ថានសិក្សា
- អ្នកសារព័ត៌មាន និងអ្នកជំនាញផ្នែកបរិស្ថាន
- ដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ
ការចូលប្រើព័ត៌មានទិន្នន័យ
ព័ត៌មានទិន្នន័យស្តីពីការជូនដំណឹងអំពីការរំខានព្រៃឈើអាចចូលប្រើបានជាសាធារណៈ តាមរយៈគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីការរំខានព្រៃឈើតាមរយៈគេហទំព័រផែនទីអន្តរកម្មអនឡាញ និងចុះឈ្មោះទទួលការជូនដំណឹងតាមឆានែលតេលេក្រាមសម្រាប់តំបន់គោលដៅ ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលាអំពីការផ្លាស់ប្តូរព្រៃឈើដែលអាចកើតមាន។
ការជូនដំណឹងទាំងនេះបង្ហាញពីការរំខានព្រៃឈើដែលអាចកើតមាន ហើយគួរត្រូវបានពិនិត្យដោយផ្ទាល់នៅទីតាំងជាក់ស្តែង មុននឹងធ្វើការអនុវត្ត ឬសម្រេចចិត្តក្នុងការគ្រប់គ្រង។