អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)

តើ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)​ ជា​អ្វី​?

រូបភាព៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0

អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)​ គឺជា​ការ​ប្រើប្រាស់​ឧបករណ៍​ឌី​ជី​ថ​ល​ ឬ​ប្រព័ន្ធ​អន​ឡាញ​ ដើម្បី​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​បុគ្គល​ណា​ម្នាក់​ ដោយសារ​តែ​យេ​ន​ឌ័​រ​របស់​ពួក​គេ​។​ ឧបករណ៍​ឌី​ជី​ថ​ល​ ឬ​ប្រព័ន្ធ​អន​ឡាញ​ទាំងនេះ​ អាច​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​ ជួយ​សម្រួល​ដល់​ការ​ប្រព្រឹត្ត​ ឬ​ធ្វើ​ឱ្យ​សកម្មភាព​ហិង្សា​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង​។​ TFGBV​ មាន​វិសាលភាព​ទូលំទូលាយ​ជាង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ ដែល​ច្រើន​តែ​កំណត់​ត្រឹមតែ​សកម្មភាព​ហិង្សា​នៅ​លើ​អ៊ីនធឺណិត​ប៉ុណ្ណោះ​។​ ជាក់ស្តែង​ TFGBV​ ក៏​គ្របដណ្តប់​ទៅ​លើ​អំពើ​ហិង្សា​ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ ដូច​ជា​ការ​តាមដាន​ទីតាំង​ដោយ​ប្រើ​ប្រព័ន្ធ​កំណត់​ទីតាំង​សកល​ (GPS)​ ឬ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​។​ TFGBV​ នៅ​តែ​ជា​ផ្នែក​មួយ​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​ដដែល​ គ្រាន់តែ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​ បច្ចេកវិទ្យា​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​ ឬ​សម្របសម្រួល​អំពើ​ហិង្សា​។​ TFGBV​ មាន​ទំនាក់​ទំនងជា​បន្តបន្ទាប់​ជាមួយ​អំពើ​ហិង្សា​ក្រៅ​វេទិកា​ឌី​ជី​ថ​ល​ ដោយ​អំពើ​ហិង្សា​អាច​ផ្តើម​ចេញពី​ការ​គំរាមកំហែង​លើ​វេទិកា​ឌី​ជី​ថ​ល​ ហើយ​បន្ត​កើនឡើង​រហូត​ដល់​ការ​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​ផ្ទាល់​។​ អំពើ​ហិង្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​អំពើ​ហិង្សា​ក្រៅ​ប្រព័ន្ធ​អន​ឡាញ​ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​។​ អំពើ​ហិង្សា​ដែល​ចាប់ផ្តើម​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ អាច​រាលដាល​ទៅ​កាន់​ជីវិត​ពិត​ ឬ​ផ្ទុយ​មក​វិញ​ ដែល​បង្កើត​បានជា​កត្តា​ដ៏​គ្រោះថ្នាក់​នៃ​ការ​រំលោភ​បំពាន​ ខណៈ​ដែល​ប្រព័ន្ធ​យន្តការ​បច្ចុប្បន្ន​នៅ​កំពុង​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅឡើយ​។​

ទម្រង់​សំខាន់ៗ​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (​ដែល​រួម​មាន​ទម្រង់​ផ្សេងៗ​ទៀត​)​ មាន​ដូច​ជា​៖

  • ការ​លួច​តាមដាន​តាម​​អន​ឡាញ​៖​ គឺជា​ការ​តាមដាន​ ឃ្លាំមើល​ ទាក់ទង​ ឬ​តាម​រក​បុគ្គល​ណា​ម្នាក់​ជា​បន្តបន្ទាប់​តាម​រយៈ​មធ្យោបាយ​បច្ចេកវិទ្យា​ ដោយ​ពួក​គេ​មិន​ចង់បាន​ និង​ក្នុង​លក្ខណៈ​គំរាមកំហែង​។​ ការ​លួច​តាមដាន​តាម​​អន​ឡាញ​ អាច​កើតឡើង​ទាំង​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ ក្រៅ​ប្រព័ន្ធ​អន​ឡាញ​ ឬ​ទាំង​ពីរ​រួម​បញ្ចូល​គ្នា​។​
  • ការ​ប្រមាថ​មាក់ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ​៖​ គឺជា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដោយ​ចេតនា​ម្តង​ហើយ​ម្តងទៀត​ ដើម្បី​យាយី​ បន្ទាបបន្ថោក​ បំភិតបំភ័យ​ ឬ​ធ្វើបាប​អ្នក​ដទៃ​ ដែល​ទ​ង្វើ​នេះ​ជា​ញឹកញាប់​តែងតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ជឿជាក់​លើ​ខ្លួនឯង​ និង​សុខុមាលភាព​របស់​ពួក​គេ​។​
  • ការ​លួច​ផ្សាយ​ព័​ត៌មាន​អ្នក​ដទៃ​៖​ គឺជា​ការ​បង្ហោះ​ ឬ​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ និង​ព័ត៌មាន​រសើប​របស់​បុគ្គល​ណា​ម្នាក់​ ដោយ​គ្មាន​ការ​យល់ព្រម​ពី​ពួក​គេ​ ដូច​ជា​ អាសយដ្ឋាន​ លេខ​ទូរ​សព្ទ​ សារ​អេ​ឡិច​ត្រូ​និក​ ឬ​ព័ត៌មាន​គ្រួសារ​ ក្នុង​គោលបំណង​លាតត្រដាង​ បំភិតបំភ័យ​ ឬ​បង្ក​គ្រោះថ្នាក់​ដល់​បុគ្គល​នោះ​។​
  • ការ​រំលោភ​បំពាន​ដោយ​ប្រើប្រាស់​រូបភាព​ឬ​វី​ដេ​អូ​៖​ គឺជា​ការ​ប្រើប្រាស់​ បង្កើត​ ចែករំលែក​ ឬ​កែ​ច្នៃ​រូបភាព​ ឬ​វី​ដេ​អូ​ ដែល​ភាគច្រើន​ជា​រូបភាព​ស្និទ្ធស្នាល​ ឬ​ពាក់ព័ន្ធ​នឹង​ផ្លូវភេទ​ ក្នុង​គោលបំណង​កេងប្រវ័ញ្ច​ ធ្វើ​ឱ្យ​ខ្មាស​អៀន​ គំរាមកំហែង​ ឬ​បំពាន​លើ​បុគ្គល​ណា​ម្នាក់​ ដោយ​គ្មាន​ការ​យល់ព្រម​ពី​ពួក​គេ​។​
  • ​ការ​ថត​ និង​ចែករំលែក​រូបភាព​ស្និទ្ធស្នាល​ដោយ​គ្មាន​ការ​យល់ព្រម​ (NCII)៖​ គឺជា​ការ​ចែកចាយ​ ឬ​បង្ហោះ​រូបភាព​ ឬ​វី​ដេ​អូ​ដែល​មាន​លក្ខណៈ​ស្និទ្ធស្នាល​ ឬ​បង្ហាញ​ពី​សកម្មភាព​ផ្លូវភេទ​ ដោយ​គ្មាន​ការ​យល់ព្រម​ពី​សាមីខ្លួន​នៅ​ក្នុង​រូបភាព​ ឬ​វី​ដេ​អូ​នោះ​។​ ពាក្យ​នេះ​ត្រូវ​បាន​គេ​និយម​ប្រើ​ជាង​ពាក្យ​ថា​ «​ការ​បង្ហោះ​រូប​អាសអាភាស​ដើម្បី​សងសឹក​»​។​
  • ការ​ជំរិត​ទារប្រាក់​ដោយ​ប្រើ​រូបភាព​ ឬ​វី​ដេ​អូ​អាសអាភាស​៖​ គឺជា​ទម្រង់​នៃ​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ ដែល​ជនល្មើស​ទាមទារ​ប្រាក់​ ទាមទារ​ឱ្យ​មាន​សកម្មភាព​ផ្លូវភេទ​ ទាមទារ​រូបភាព​ស្និទ្ធស្នាល​បន្ថែម​ ឬ​ផលប្រយោជន៍​ផ្សេងៗ​ទៀត​ ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​ ឬ​មិន​ផ្សព្វផ្សាយ​ខ្លឹមសារ​ ឬ​រូបភាព​ស្និទ្ធស្នាល​របស់​បុគ្គល​នោះ​។​
  • ការ​បំពាន​តាម​អន​ឡាញ​៖​ គឺជា​ទ​ង្វើ​តាម​អ៊ីនធឺណិត​ដែល​កើតឡើង​ម្តង​ហើយ​ម្តងទៀត​ ក្នុង​គោលបំណង​គំរាមកំហែង​ បំភិតបំភ័យ​ ធ្វើ​ឱ្យ​អាម៉ាស់​ ឬ​រំលោភ​បំពាន​នរណា​ម្នាក់​ តាម​រយៈ​ការ​ផ្ញើ​សារ​ប្រមាថ​ ការ​បញ្ចេញ​មតិយោបល់​ រូបភាព​ ឬ​មធ្យោបាយ​ទំនាក់ទំនង​ឌី​ជី​ថ​ល​ផ្សេង​ទៀត​។​
  • ការ​ក្លែងបន្លំ​អត្តសញ្ញាណ​តាម​អ៊ីនធឺណិត​៖​ គឺជា​ការ​បង្កើត​គណនី​ ប្រវត្តិរូប​ ឬ​អត្តសញ្ញាណ​ក្លែងក្លាយ​ ដើម្បី​តាំងខ្លួន​ជា​បុគ្គល​ម្នាក់​ទៀត​ ក្នុង​គោលបំណង​បំពាន​ បោកប្រាស់​ ប​ង្ចូ​ច​កេរ្តិ៍ឈ្មោះ​ ឬ​ធ្វើ​សកម្មភាព​ក្លែងបន្លំ​ផ្សេងៗ​។​

​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

នៅ​ក្នុង​ប្រទេស​កម្ពុជា​ កា​រវិ​វ​ឌ្ឍ​ផ្នែក​ឌី​ជី​ថ​ល​យ៉ាង​ឆាប់រហ័ស​ បាន​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ភាព​ទូលំទូលាយ​។​ ក្នុង​ឆ្នាំ​២០២៥​ អត្រា​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​រហូត​ទៅ​ដល់​ ៦៧,៣​ ភាគរយ​។​ ខណៈ​ពេល​ដែល​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ ជា​ពិសេស​ស្ត្រី​ និង​ក្មេង​ស្រី​ បាន​ងាក​មក​ធ្វើ​ទំនាក់ទំនង​សង្គម​ ការងារ​ និង​កា​រស់នៅ​ប្រចាំ​ថ្ងៃ​តាម​រយៈ​អ៊ីនធឺណិត​ វេទិកា​ឌី​ជី​ថ​ល​នេះ​ក៏​បាន​ក្លាយជា​ផ្នែក​ថ្មី​មួយទៀត​ ដែល​ងាយ​នឹង​កើត​មាន​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​។​ ជាក់ស្តែង​ នៅ​ក្នុង​ឆ្នាំ​២០២៥​ ស្ត្រី​មាន​ចំនួន​ ៤៦,៤​ ភាគរយ​នៃ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​សរុប​ ដែល​តួរ​លេខ​នេះ​ឆ្លុះ​បញ្ចាំង​ពី​វត្តមាន​ដ៏​ច្រើន​ និង​ការ​កើនឡើង​របស់​ស្ត្រី​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​។​ ទន្ទឹម​នឹង​នេះ​ ពួក​គេ​ក៏​កាន់តែ​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ទទួល​រង​ការ​បំពាន​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផង​ដែរ​។​

TFGBV​ នៅ​ប្រទេស​កម្ពុជា​ បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ត្រី​ ទាំង​ក្នុង​ជីវិត​សាធារណៈ​ និង​ជីវិត​ឯកជន​ ទោះបីជា​ទម្រង់​នៃ​ការ​យាយី​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​រវាង​ផ្នែក​ទាំង​ពីរ​ក៏​ដោយ​។​ ក្នុង​ជីវិត​សាធារណៈ​ ស្ត្រី​ដែល​មាន​តួនាទី​លេចធ្លោ​ក្នុង​សង្គម​ ដូច​ជា​ អ្នក​សារព័ត៌មាន​ សកម្មជន​ អ្នកនយោបាយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ឬ​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ គឺ​ងាយ​រង​គ្រោះជា​ពិសេស​ពី​ការ​បំពាន​តាមអនឡាញ​ ការ​រើសអើង​តាម​រយៈ​សម្ដី​ស្អប់ខ្ពើម​ និង​ការ​វាយប្រហារ​ដើម្បី​បំបិទមាត់​ ឬ​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ​។​

ចំណែកឯ​នៅ​ក្នុង​ជីវិត​ឯកជន​វិញ​ TFGBV​ បាន​ក្លាយជា​ឧបករណ៍​មួយ​ដែល​ជួយ​សម្រួល​ និង​ធ្វើ​ឱ្យ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ព្រមទាំង​ការ​គាបសង្កត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ ដែល​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាននៅ​ប្រទេស​កម្ពុជា​។​ ដៃគូ​ស្និទ្ធស្នាល​ ឬ​សមាជិកគ្រួសារ​ អាច​ប្រើប្រាស់​វេទិកា​ឌី​ជី​ថ​ល​ ដើម្បី​តាមដាន​ គ្រប់គ្រង​ និង​បំពាន​លើ​ជន​រង​គ្រោះ​ តាម​រយៈ​ការ​ឃ្លាំមើល​ ការ​រឹតត្បិត​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​ការ​គំរាមកំហែង​ដោយ​ប្រើប្រាស់​រូបភាព​ឯកជន​ជាដើម​។​ អំពើ​ហិង្សា​ទាំងនេះ​ ជា​ញឹកញាប់​ត្រូវ​បាន​លាក់បាំង​ និង​កម្រ​មានការ​រាយការណ៍​ណាស់​ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ការ​រើសអើង​ពី​សង្គម​ សម្ពាធ​ពី​គ្រួសារ​ និង​វិសមភាព​នៃ​អំណាច​។​ ចន្លោះ​ពី​ឆ្នាំ​២០២១​ ដល់​ឆ្នាំ​២០២៤​ គេ​ប៉ាន់​ប្រមាណ​ថា​ ស្ត្រី​កម្ពុជា​អាយុ​ពី​ ១៥​ ដល់​ ៤៩​ ឆ្នាំ​ ប្រមាណ​ ៣៤​ ភាគរយ​ ធ្លាប់​បាន​ជួប​ប្រទះ​នូវ​ទម្រង់​ណាមួយ​នៃ​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ ហើយ​ទោះបីជា​អំពើ​ហិង្សា​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​នេះ​កំពុង​កើនឡើង​ខ្លាំង​ក៏​ដោយ​ ក៏​តួរ​លេខ​ជាក់ស្តែង​នៅ​មិន​ទាន់​ត្រូវ​បាន​កត់ត្រា​បាន​ពេញលេញ​នៅឡើយ​ទេ​។​

TFGBV​ នៅ​ប្រទេស​កម្ពុជា​ មិនមែន​កើតឡើង​ដោយសារ​បច្ចេកវិទ្យា​តែ​មួយ​មុខ​នោះ​ទេ​ ប៉ុន្តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​នៃ​បរិបទ​វប្បធម៌​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​។​ ច្បាប់ស្រី​​ ដែល​ជា​ក្រម​ប្រតិបត្តិ​បែប​ប្រពៃណី​បាន​តម្រូវ​ឱ្យ​ស្ត្រី​ត្រូវ​តែ​គោរព​ប្រតិបត្តិ​ សុភាព​រាបសារ​ និង​ឱនលំទោន​ ដែល​នេះ​ជា​ការ​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​ដល់​ប្រព័ន្ធ​សង្គម​ដែល​ផ្តល់​អំណាច​ដល់​បុរស​ (​បិតា​ធិ​ប​តេ​យ្យ​)​ និង​ចាត់​ទុក​បុរស​ថា​ជា​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​ពី​ធម្មជាតិ​។​ ទស្សនៈ​ និង​ផ្នត់គំនិត​ទាំងនេះ​ ក៏​បាន​បន្ត​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​នៅ​លើ​វេទិកា​ឌី​ជី​ថ​ល​ផង​ដែរ​ ដែល​អាកប្បកិរិយា​របស់​ស្ត្រី​តែងតែ​ត្រូវ​បាន​គេ​វាយតម្លៃ​យ៉ាង​តឹងរ៉ឹង​ជាង​ ហើយ​ការ​បញ្ចេញមតិ​របស់​ពួក​គេ​ជា​សាធារណៈ​លើ​ប្រព័ន្ធ​អន​ឡាញ​ ជា​ញឹកញាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​នាំ​ឱ្យ​មានការ​បំពាន​ជា​ជាង​មើលឃើញ​ថា​វា​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​។​

ផ្នត់គំនិត​សង្គម​បែប​នេះ​ បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​ការ​រាយការណ៍​ និង​ការ​ដោះស្រាយ​ទម្រង់​នៃ​អំពើ​ហិង្សា​នេះ​។​ ការ​បន្ទោស​ជន​រង​គ្រោះ​ នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ទូលំទូលាយ​ ដោយ​ជន​រង​គ្រោះជា​ញឹកញាប់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​បំពាន​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ករណី​បែកធ្លាយ​រូបភាព​ឯកជន​ ឬ​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​សង្គម​ចាត់​ទុក​ថា​មិន​សមរម្យ​។​ ជា​លទ្ធផល​ ស្ត្រី​ និង​ក្មេង​ស្រី​ជា​ច្រើន​ បាន​ជ្រើសរើស​រក្សា​ភាព​ស្ងៀមស្ងាត់​ ជា​ជាង​បញ្ចេញ​ព័ត៌មាន​អំពី​អ្វី​ដែល​បាន​កើតឡើង​ ដោយសារ​ភាព​អាម៉ាស់​ សម្ពាធ​ពី​គ្រួសារ​ ឬ​ភាព​ភ័យ​ខ្លាច​ថា​នឹង​រង​ការ​វាយប្រហារ​បន្ថែម​ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​អត្រា​នៃ​ការ​រាយការណ៍​ធ្លាក់​ចុះ​ និង​រារាំង​ពួក​គេ​ពី​ការ​អាក់​សេស​ទៅ​ជំនួយ​។​

និន្នាការ​ និង​ស្ថិតិ​សំខាន់ៗ​

ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​ប្រទេស​កម្ពុជា​ បាន​កើតឡើង​ស្រប​ពេល​ជាមួយនឹង​កំណើន​នៃ​ករណី​ TFGBV​ ត្រូវ​បាន​កត់​ត្រាទុក​។​ ទោះបីជា​ទិន្នន័យ​ស្តី​ពី​អត្រា​នៃ​ការ​កើត​មាន​បញ្ហា​នេះ​នៅ​មាន​កម្រិត​ក៏​ដោយ​ ក៏​ទិន្នន័យ​ទាំងនោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ នេះ​គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​កំពុង​កើត​មាន​យ៉ាង​ទូលំទូលាយ​។​ ​របាយការណ៍​ «​បច្ចុប្បន្នភាព​ស្ថានភាព​៖​ ការ​បៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ប្រទេស​កម្ពុជា​»​ ដែល​ចេញ​ផ្សព្វផ្សាយ​ដោយ​អង្គការ​លី​កាដូ​ ក្នុង​ឆ្នាំ​២០២១​ បាន​រក​ឃើញ​ថា​ ៣៧​ ភាគរយ​នៃ​ស្ត្រី​ចំនួន​ ៤៦៧​ នាក់​ដែល​បាន​ចូលរួម​ការ​ស្ទង់​មតិ​ បាន​រាយការណ៍​ថា​ ពួក​គេ​ធ្លាប់​ជួប​ប្រទះ​ការ​បំពាន​តាម​អនឡាញ​ ខណៈ​ដែល​ ៨៦​ ភាគរយ​នៃ​អ្នកចូលរួម​សរុប​ចំនួន​ ៧១៨​ នាក់​ បានឃើញ​ស្ត្រី​ម្នាក់​ជួប​ប្រទះ​ការ​បំពាន​តាម​អនឡាញ​។​ យោង​តាម​ការ​សិក្សា​ Disrupting​ Harm​ របស់​អង្គការ​យូ​នី​សេ​ហ្វ​ក្នុង​ឆ្នាំ​២០២២​ បាន​បង្ហាញ​ថា​ កុមារ​កម្ពុជា​ប្រមាណ​ ១៦០,០០០​ នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​ ១២​ ឆ្នាំទៅ​ ១៧​ ឆ្នាំ​ ធ្លាប់​បាន​ជួប​ប្រទះ​ការ​រំលោភបំពាន​ផ្លូវភេទ​តាម​​អន​ឡាញ​ក្នុង​ទម្រង់​មួយ​ចំនួន​។​

គំនិត​ផ្តួចផ្តើម​ Karpeer​ Women​ របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មានដំណើរ​ការ​ផ្នែក​ផ្តល់​ជំនួយ​ ដែល​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​ដោយ​ឥត​គិតថ្លៃ​ និង​រក្សា​ការ​សម្ងាត់​ជូន​ដល់​ស្ត្រី​ ក្មេង​ស្រី​ និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​បាន​ជួប​ប្រទះ​នឹង​ករណី​ TFGBV​។​ ដោយសារ​តែ​ទិន្នន័យ​ថ្នាក់​ជាតិ​ដ៏​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​ករណី​ TFGBV​ នៅ​មាន​កម្រិត​ ករណី​ដែល​បាន​កត់ត្រា​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ Karpeer​ Women​ បាន​ផ្តល់​នូវ​ទិដ្ឋភាព​ដ៏​មាន​តម្លៃ​ ទោះបីជា​មិន​ទាន់​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពេញលេញ​ក៏​ដោយ​។​

ចាប់ពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៥​ ដល់​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៦​ ក្នុង​ចំណោម​ករណី​ចំនួន​ ៣០៨​ ដែល​ប្រមូល​បាន​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ Karpeer​ Women​ របស់​អង្គការ​អូ​ឌី​ស៊ី​ មាន​ជន​រង​គ្រោះ​ចំនួន​ ២៩៦​ នាក់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ស្ត្រី​។​ ក្នុង​ចំណោម​ករណី​ទាំងនេះ​ ស​ម្តី​ស្អប់ខ្ពើម​ គឺជា​ទម្រង់​នៃ​ការ​បំពាន​ដែល​កើត​មាន​ញឹកញាប់​ជាងគេ​ បន្ទាប់​មក​គឺ​ការ​បំពាន​ផ្លូវភេទ​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​ ខណៈ​ដែល​ទម្រង់​នៃ​ការ​បំពាន​ជា​ច្រើន​ តែងតែ​កើតឡើង​រួម​គ្នា​នៅ​ក្នុង​ករណី​តែ​មួយ​។​

​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បណ្ដាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​ចំណែក​ ៨០​ ភាគរយ​នៃ​ករណី​ TFGBV​ ទាំងអស់​ដែល​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ កម្មវិធី​ផ្ញើ​សារ​ ក៏​កំពុង​ក្លាយជា​ក្តី​បារម្ភ​ដែល​កំពុង​កើនឡើង​ផង​ដែរ​ ដោយ​មាន​ចំណែក​ ៣៩​ ភាគរយ​នៃ​ករណី​បំពាន​ត្រូវ​បាន​រាយការណ៍​។​

ជនល្មើស​ និង​កត្តា​ហានិភ័យ​

TFGBV​ នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បង្ក​ឡើង​ដោយ​កត្តារួម​ផ្សំគ្នា​នៃ​អាកប្បកិរិយា​របស់​បុគ្គល​ ទំនាក់ទំនង​ និង​លក្ខខណ្ឌ​នៃ​រចនាសម្ព័ន្ធ​សង្គម​។​ បុរស​កម្ពុជា​ជាង​មួយ​នាក់​ក្នុង​ចំណោម​បី​នាក់​ ដែល​ធ្លាប់​មាន​ដៃគូ​ បាន​រាយការណ៍​ថា​ ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​ទៅ​លើ​ដៃគូ​ជា​ស្ត្រី​ ដែល​បច្ចេកវិទ្យា​កំពុង​តែ​ពង្រីក​វិសាលភាព​នៃ​អំពើ​ហិង្សា​ពី​សំណាក់​ដៃគូ​ស្និទ្ធស្នាល​ តាម​រយៈ​ការ​ឃ្លាំមើល​ ការ​ចែករំលែក​រូបភាព​ដោយ​គ្មាន​ការ​យល់ព្រម​ និង​ការ​គ្រប់គ្រង​តាម​វេទិកា​ឌី​ជី​ថ​ល​។​ ក្រៅពី​ដៃគូ​ស្និទ្ធស្នាល​ ជនល្មើស​ក៏​អាច​ជា​មិត្តភក្ដិ​ អ្នក​ស្គាល់គ្នា​ មិត្ត​រួមការ​ងារ​ និង​ជនអនាមិក​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ​។​

ទោះបីជា​ទិន្នន័យ​លម្អិត​ពាក់ព័ន្ធ​នឹង​ប្រភេទ​ជនល្មើស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ​ក៏​ដោយ​ ប៉ុន្តែ​ឯកសារ​ពី​ករណី​របស់​គំនិត​ផ្តួចផ្តើម​ Karpeer​ Women​ បាន​ផ្តល់​នូវ​ការ​យល់​ដឹង​ខ្លះៗ​។​ យោង​តាម​ឯកសារ​របស់​អង្គការ​អូ​ឌី​ស៊ី​ ករណី​ភាគច្រើន​នៃ​ TFGBV​ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ ដែល​ចំណុច​នេះ​បង្ហាញ​ថា​ ភាព​អនាមិក​នៅ​ក្នុង​វេទិកា​ឌី​ជី​ថ​ល​ អាច​ជួយ​សម្រួល​ឱ្យ​ជនល្មើស​ប្រព្រឹត្ត​អំពើ​ទាំងនេះ​បាន​។​

នៅ​កម្រិត​រចនាសម្ព័ន្ធ​ TFGBV​ មាន​ឫសគល់​នៅ​ក្នុង​វិសមភាព​យេ​ន​ឌ័​រ​ បទដ្ឋាន​វប្បធម៌​ និង​ផ្នត់គំនិត​បុរស​និយម​ដែល​បង្ក​គ្រោះថ្នាក់​ ដែល​កត្តា​ទាំងនេះ​ហើយ​ជា​អ្នក​ជំរុញ​ឱ្យ​មាន​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​កាន់តែ​ទូលំទូលាយ​។​ នៅ​ប្រទេស​កម្ពុជា​ បទដ្ឋាន​យេ​ន​ឌ័​រដែ​ល​តឹងរ៉ឹង​ និង​វិសមភាព​យេ​ន​ឌ័​រ​ គឺជា​កត្តា​មូលដ្ឋាន​ដែល​ជំរុញ​កើ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​ ដោយ​ការ​មិន​ប្រតិបត្តិ​តាម​ការ​រំពឹង​ទុក​អំពី​អាកប្បកិរិយា​តាម​យេ​ន​ឌ័​រ​ ជា​ញឹកញាប់​តែងតែ​នាំ​ឱ្យ​កើត​មានការ​បង្ក​គ្រោះថ្នាក់​។​ វេទិកា​ឌី​ជី​ថ​ល​បាន​ពង្រីក​សក្តានុពល​នៃ​បញ្ហា​ទាំងនេះ​តាម​វិធី​ផ្សេងៗ​គ្នា​ដូច​ជា​៖​ ភាព​អនាមិក​បាន​ធ្វើ​ឱ្យ​ជន​ប្រព្រឹត្ត​កាន់តែ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ដែល​ពួក​គេ​ប្រហែលជា​មិន​ហ៊ាន​ធ្វើ​នៅ​នៅ​ពេល​ជួប​មុខ​គ្នា​ផ្ទាល់​ វិសាលភាព​នៃ​បណ្ដាញ​សង្គម​បាន​អនុញ្ញាត​ឱ្យ​ការ​បំពាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ និង​មានការ​ពាក់ព័ន្ធ​ពី​តួអង្គ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ និង​កម្សោយ​នៃ​យន្តការ​ទទួលខុសត្រូវ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ រួម​ផ្សំ​ជាមួយនឹង​ដំណោះស្រាយ​ផ្លូវច្បាប់​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​ បាន​ធ្វើ​ឱ្យ​ជនល្មើស​អាច​ប្រព្រឹត្ត​អំពើ​ដោយ​មិន​ទទួលផល​វិបាក​។​ ជា​រួម​ លក្ខខណ្ឌ​ទាំងនេះ​បាន​បង្កើត​នូវ​បរិយាកាស​មួយ​ ដែល​ប្រព័ន្ធ​អន​ឡាញ​នៅ​តែ​បន្ត​ និង​ពង្រឹង​ភាព​អ​តុល្យភាព​អំណាច​ដដែល​ ដែល​ជា​កត្តា​គាំទ្រ​ឱ្យ​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​បន្ត​កើត​មាននៅ​ក្រៅ​វេទិកា​ឌី​ជី​ថ​ល​។​

បទដ្ឋាន​សង្គម​ដែល​ចាត់​ទុក​ថា​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ជា​រឿង​អាច​ទទួលយក​បាន​ ជា​ញឹកញាប់​តែងតែបន្ទោស​ជន​រង​គ្រោះ​។​ ទម្រង់​នេះ​ ក៏​បាន​បន្ត​ទៅ​ក្នុង​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​មិន​ហ៊ាន​រាយការណ៍​ និង​ពង្រឹង​និទណ្ឌភាព​។​ នៅ​ប្រទេស​កម្ពុជា​ បញ្ហា​នេះ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ ដោយ​ការ​រំពឹង​ទុក​ផ្នែក​វប្បធម៌​ដែល​មាន​ឫសគល់​ចេញពី​ច្បាប់ស្រី​ ដែល​ស្ត្រី​ដែល​រង​គ្រោះ​ពី​ករណី​ TFGBV​ ជា​ពិសេស​ការ​បំពាន​ដោយ​ប្រើប្រាស់​រូបភាព​ដែល​កើត​ចេញពី​ការ​ទំនាក់ទំនង​លើ​ប្រព័ន្ធ​អន​ឡាញ​ ជា​ញឹកញាប់​ត្រូវ​បាន​វាយតម្លៃ​វិនិច្ឆ័យ​ថា​ជា​ការ​បរាជ័យ​ផ្នែក​សីលធម៌​ ជា​ជាង​ទទួល​បានការ​គាំទ្រ​ក្នុង​នាម​ជា​ម្ចាស់​សិទ្ធិ​។​ ភាព​អាម៉ាស់​ ការ​ភ័យ​ខ្លាច​ការ​រិះគន់​ពី​ក្រុម​គ្រួសារ​ និង​ការ​មាក់ងាយ​នៅ​ពេល​រឿងរ៉ាវ​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ​ បាន​ធ្វើ​ឱ្យ​ជន​រង​គ្រោះជា​ច្រើន​ជ្រើសរើស​ការ​ដកខ្លួន​ចេញពី​វេទិកា​ឌី​ជី​ថ​ល​ទាំងស្រុង​ ជា​ជាង​ស្វែងរក​យុត្តិធម៌​។​

ការ​មាន​កម្រិត​នៃ​អក្ខរកម្ម​ឌី​ជី​ថ​ល​នៅ​ក្នុង​ចំណោម​សហគមន៍​នានា​ បាន​រឹតត្បិត​បន្ថែម​ទៀត​ដល់​ការ​ទទួលស្គាល់​នៃ​ករណី​ TFGBV​ ថា​ជា​ការ​រំលោភសិទ្ធិ​ និង​សមត្ថភាព​របស់​បុគ្គល​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​សញ្ញា​ព្រមាន​ ឬ​ការ​ចាត់វិធានការ​ការពារ​សុវត្ថិភាព​ជា​មូលដ្ឋាន​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ​។​ ជា​លទ្ធផល​ ហេតុការណ៍​ជា​ច្រើន​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ មិន​ត្រូវ​បាន​រាយការណ៍​ និង​មិន​ត្រូវ​បាន​ដោះស្រាយ​ ទាំង​ក្នុង​ប្រព័ន្ធ​ផ្តល់​ការ​គាំទ្រ​ជា​ផ្លូវការ​ និង​ក្រៅផ្លូវការ​។​

ស្ថាប័ន​ធ្វើ​សេចក្តីសម្រេច​ និង​ដំណើរការ​នីតិបញ្ញត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​បន្ត​ប្រព្រឹត្ត​ទៅ​ក្រោម​ឥទ្ធិពល​នៃ​ប្រព័ន្ធ​បិតា​ធិ​ប​តេ​យ្យ​ដ៏​ទូលំទូលាយ​។​ ជា​លទ្ធផល​ ទម្រង់​នៃ​អំពើ​ហិង្សា​ដែល​ប៉ះពាល់​ជា​ចម្បង​ដល់​ស្ត្រី​ អាច​ទទួល​បានការ​យកចិត្តទុកដាក់​ផ្នែក​នយោបាយ​ និង​ធនធាន​តិច​ជាង​ ដែល​ជា​កត្តា​រួមចំណែក​ធ្វើ​ឱ្យ​ការ​ឆ្លើយ​តប​ផ្នែក​ច្បាប់​ និង​គោលនយោបាយ​ចំពោះ​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រដែ​ល​កើតឡើង​ក្រៅ​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ដែល​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​មាន​ភាព​យឺតយ៉ាវ​។​

​ក្រុម​ងាយ​រង​ហានិភ័យ​ និង​ក្រុម​ងាយ​រង​គ្រោះ​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)​

នៅ​ប្រទេស​កម្ពុជា​ ជនជាតិភាគតិច​ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​រង​ផល​ប៉ះពាល់​ជា​ពិសេស​ដោយ​ករណី​ TFGBV​ ដោយសារ​តែ​កត្តា​ប្រឈម​គួប​ផ្សំគ្នា​ជា​ច្រើន​ ដែល​មាន​ឫសគល់​ចេញពី​ភាព​ក្រីក្រ​ ការ​រស់នៅ​តំបន់​ដាច់​ស្រយាល​ និង​ការ​អាក់​សេស​សេវា​គាំទ្រ​ដែល​នៅ​មាន​កម្រិត​។​ យោង​តាម​របាយការណ៍​តាមដាន​របស់​គណៈកម្មាធិការ​ CEDAW​ ស្តី​ពី​សហគមន៍​ជនជាតិភាគតិច​នៅ​ប្រទេស​កម្ពុជា​ (​រួម​មាន​ សហគមន៍​ខ្មែរក្រោម​ ជនជាតិ​វៀតណាម​ និង​សហគមន៍​ជនជាតិ​ចាម​ឥ​ស្លា​ម​)​ បាន​រក​ឃើញ​ថា​ សម្រាប់​ក្មេង​ស្រី​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​ទាំងនេះ​ អំពើ​ហិង្សា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​នៃ​ជីវិត​រស់នៅ​ ហើយ​ភាគច្រើន​មិន​ស្វែងរក​ជំនួយ​ពី​អាជ្ញាធរ​ទេ​ ដោយសារ​ការ​ស្តីបន្ទោស​ខ្លួនឯង​ ភាព​អាម៉ាស់​ និង​ការ​មាក់ងាយ​។​ វប្បធម៌​នៃ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​នេះ​ ក៏​បាន​បន្ត​កើត​មាន​ដូច​គ្នា​ចំពោះ​ករណី​ TFGBV​ ផង​ដែរ​។​ ទោះបីជា​មានការ​ស្រាវជ្រាវ​អំពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ក្នុង​ចំណោម​សហគមន៍​ជនជាតិភាគតិច​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ប្រទេស​កម្ពុជា​ក៏​ដោយ​ ប៉ុន្តែ​ការ​ចងក្រង​ឯកសារ​អំពី​ទម្រង់​នៃ​អំពើ​ហិង្សា​ដែល​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​នៅ​តែ​មាន​គម្លាត​គួរ​ឱ្យ​កត់សម្គាល់​។​ អង្គការ​សង្គម​ស៊ី​វិល​បាន​កំណត់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​ក្រុម​អាទិភាព​សម្រាប់​ការ​យល់​ដឹង​អំពី​ករណី​ TFGBV​ ប៉ុន្តែ​ក្រប​ខណ្ឌ​នៃ​ការ​បង្ការ​បច្ចុប្បន្ន​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន​គ្រប់គ្រាន់​ចំពោះ​ភាព​ងាយ​រង​គ្រោះ​ និង​បរិបទ​រស់នៅ​ជាក់ស្តែង​របស់​ពួក​គេ​នៅឡើយ​ទេ​។​

ខណៈ​ដែល​ការ​ស្រាវជ្រាវ​ដ៏​ទូលំទូលាយ​ដែល​ផ្តោត​ជា​ពិសេស​ទៅ​លើ​ករណី​ TFGBV​ នៅ​មាន​កម្រិត​នៅឡើយ​ ការ​ស្ទង់​មតិ​របស់​អង្គការ​ CARE​ Cambodia​ ស្តី​ពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ បាន​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​ដ៏​មាន​សារៈសំខាន់​ ទោះបីជា​វា​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​ក៏​ដោយ​ អំពី​ស្ថានភាព​របស់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។​ លទ្ធផល​នៃ​ការ​សិក្សា​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទម្រង់​នៃ​អំពើ​ហិង្សា​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ និង​កំពុង​ត្រូវ​បាន​ពង្រីក​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​។​ អ្នកចូលរួម​ស្ទង់​មតិ​ចំនួន​ ៦០​ ភាគរយ​ បាន​ចាត់​ទុក​ការ​បំពាន​ថា​ជា​បញ្ហា​ចម្បង​ ហើយ​ ៣២​ ភាគរយ​ទៀត​ បាន​រាយការណ៍​ថា​ ពួក​គេ​បាន​ទទួល​រង​អំពើ​ហិង្សា​លើ​រាង​កាយ​ពី​បុគ្គល​ដែល​មិនមែន​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។​ សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​លើ​ប្រព័ន្ធ​អន​ឡាញ​វិញ​ ការ​បង្ក​គ្រោះថ្នាក់​ទាំងនេះ​មាន​ទម្រង់​បន្ថែម​ទៀត​ ដោយ​ការ​ចែករំលែក​រូបភាព​ស្និទ្ធស្នាល​ដោយ​គ្មាន​ការ​យល់ព្រម​ និង​ការ​បង្ហាញ​អត្តសញ្ញាណ​ ឬ​និន្នាការ​ផ្លូវភេទ​របស់​បុគ្គល​តាម​រយៈ​បណ្ដាញ​សង្គម​ដោយ​គ្មាន​ការ​យល់ព្រម​ អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ផ្នែក​សង្គម​ចំពោះ​សហគមន៍​ ដែល​កំពុង​ប្រឈម​នឹង​ការ​រើសអើង​ជា​ប្រព័ន្ធ​ស្រាប់​ទៅ​ហើយ​។​ ចំណុច​ទាំង​អស់នេះ​ បាន​បញ្ជាក់​ពី​តម្រូវការ​បន្ទាន់​ក្នុង​ការ​ស្រាវជ្រាវ​ដែល​ផ្តោត​ដោយ​ផ្ទាល់​លើ​ករណី​ TFGBV​ មក​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ប្រទេស​កម្ពុជា​។​

​ក្នុង​ចំណោម​ស្ត្រី​ប្តូរ​ភេទ​ ៨៥​ ភាគរយ​នៃ​អ្នក​ដែល​ធ្លាប់​បាន​ជួប​ប្រទះ​ការ​បំពាន​ មិន​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ឡើយ​ ដោយ​ពួក​គេ​បាន​លើក​ឡើង​ពី​ការ​កង្វះ​ការ​គាំទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ដែល​ជា​ឧបសគ្គ​ដូច​គ្នា​ផង​ដែរ​ចំពោះ​ករណី​ TFGBV​។​ បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មិន​ទាន់​មាន​បទ​ប្បញ្ញត្តិ​ផ្លូវច្បាប់​ ដែល​ចែង​អំពី​ករណី​ TFGBV​ ទៅ​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅឡើយ​ទេ​ ហើយ​ក្រប​ខណ្ឌ​អំពើ​ហិង្សា​លើ​យេ​ន​ឌ័​រ​ ដែល​មាន​បច្ចុប្បន្ន​ក៏​មិន​ទាន់​រាប់​បញ្ចូល​ទំនោរ​ផ្លូវភេទ​ ឬ​អត្តសញ្ញាណ​យេ​ន​ឌ័​រ​ជា​មូលដ្ឋាន​ដែល​ត្រូវ​បានការ​ពារ​នោះ​ទេ​។​

​ផល​ប៉ះពាល់​លើ​អ្នក​រស់រាន​មានជីវិត​/​ជន​រង​គ្រោះ​

​យោង​តាម​ក្រប​ខណ្ឌ​សម្រាប់​កម្មវិធី​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ របស់​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ (UNFPA)​ បាន​បង្ហាញ​ថា​ ផល​ប៉ះពាល់​នៃ​ករណី​ TFGBV​ លើ​ជន​រង​គ្រោះ​ គ្របដណ្តប់​លើ​វិមាត្រ​ចំនួន​បួន​ដែល​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។​

  • ផល​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ត​ គឺជា​ផល​ប៉ះពាល់​មួយ​ដែល​ត្រូវ​បាន​កត់ត្រា​ច្រើន​ជាងគេ​។​ TFGBV​ ជា​ញឹកញាប់​តែងតែ​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព​ផ្លូវចិត្ត​ ដូច​ជា​ ការ​ថប់​បារម្ភ​ ជំងឺ​បាក់ទឹកចិត្ត​ និង​ជំងឺស្ត្រេស​ក្រោយ​ព្រឹត្តិការណ៍​ប៉ះទង្គិច​ផ្លូវចិត្ត​ (PTSD)​ ជាដើម​។​ ដោយសារ​តែ​ខ្លឹមសារ​បង្ក​គ្រោះថ្នាក់​នៅ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ដូច​ជា​ការ​ចែកចាយ​រូបភាព​ដោយ​គ្មាន​ការ​យល់ព្រម​ ឬ​ការ​យាយី​តាម​អ៊ីនធឺណិត​ អាច​នៅ​បន្ត​បើកចំហ​ជា​សាធារណៈ​ដោយ​គ្មាន​កាលកំណត់​ វា​បាន​ធ្វើ​ឱ្យ​ការ​បំពាន​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​ និង​កើតឡើង​ម្តង​ហើយ​ម្តងទៀត​ ក្នុង​លក្ខណៈ​ដែល​ខុស​ពី​អំពើ​ហិង្សា​ដែល​កើតឡើង​ក្រៅ​វេទិកា​ឌី​ជី​ថ​ល​។​
  • ផល​ប៉ះពាល់​ផ្នែក​រាង​កាយ​ កើតឡើង​តាម​រយៈ​កា​រត​ភ្ជាប់​រវាង​ប្រព័ន្ធ​អន​ឡាញ​ និង​ប្រព័ន្ធ​ក្រៅ​អន​ឡាញ​។​ TFGBV​ អាច​រាលដាល​ពី​ការ​គំរាមកំហែង​ក្នុង​វេទិកា​ឌី​ជី​ថ​ល​ ឈាន​ទៅ​រក​ការ​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​ ដែល​បង្កើត​ជា​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់​និង​អាច​ឈាន​ដល់​ទម្រង់​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​បំផុត​។​ នៅ​ប្រទេស​កម្ពុជា​ ការ​គំរាមកំហែង​តាម​ឌី​ជី​ថ​ល​ និង​ការ​លួច​ផ្សាយ​ព័ត៌មាន​អ្នក​ដទៃ​ត្រូវ​បាន​កត់ត្រា​ថា​ជា​បុព្វហេតុ​ដែល​នាំ​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ និង​ការ​វាយប្រហារ​ដោយ​ផ្ទាល់​។​
  • ​ផល​ប៉ះពាល់​ផ្នែក​សង្គម​ គឺជា​រឿង​ដែល​គួរ​ឱ្យ​កត់សម្គាល់​ជា​ពិសេស​នៅ​ក្នុង​បរិបទ​វប្បធម៌​ប្រទេស​កម្ពុជា​ ដែល​តែងតែ​ផ្តល់​តម្លៃ​ខ្ពស់​ទៅ​លើ​កេរ្តិ៍ឈ្មោះ​ និង​កិត្តិយស​គ្រួសារ​។​ ការ​បំពាន​ដោយ​ប្រើ​រូបភាព​ និង​ការ​ធ្វើ​ឱ្យ​អាម៉ាស់​ជា​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​ អាច​បង្ក​ផល​ប៉ះពាល់​ភ្លាមៗ​ដល់​កេរ្តិ៍ឈ្មោះ​របស់​ជន​រង​គ្រោះ​ ខណៈ​ដែល​ការ​មាក់ងាយ​ និង​ទម្លាប់​សង្គម​ដែល​តែងតែបន្ទោស​ជន​រង​គ្រោះ​ បាន​ធ្វើ​ឱ្យ​អ្នក​ដែល​រង​គ្រោះ​ពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ដែល​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ ជា​ញឹកញាប់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​វាយតម្លៃ​ពី​សហគមន៍​ ជំនួស​ឱ្យ​ការ​បន្ទោស​ទៅ​លើ​ជនល្មើស​ពិតប្រាកដ​។​ ការ​មាក់ងាយ​ និង​ភាព​អាម៉ាស់​ជា​សាធារណៈ​ទាំងនេះ​ នៅ​តែ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​មិន​ស្វែងរក​ជំនួយ​នៅ​ប្រទេស​កម្ពុជា​។​
  • ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ គឺជា​បញ្ហា​ដែល​កើតឡើង​ដោយ​ផ្ទាល់​។​ បន្ទាប់​ពី​ទទួល​រង​នូវ​ការប៉ះពាល់ពីករណី TFGBV ជន​រង​គ្រោះជា​ញឹកញាប់​ដកខ្លួន​ចេញពី​វេទិកា​ឌី​ជី​ថ​ល​ដែល​ជា​កន្លែង​ដ៏​សំខាន់​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួក​គេ​ ព្រមទាំង​ផ្តាច់ខ្លួន​ពី​បណ្តាញ​ទំនាក់ទំនង​វិជ្ជាជីវៈ​ ឬ​ចាក​ចេញពី​ការងារ​។​ ការ​ជំរិត​ទារប្រាក់​ដោយ​ប្រើប្រាស់​រូបភាព​ ឬ​វី​ដេ​អូ​អាសអាភាស​ និង​ការ​គំរាមកំហែង​ ដែល​ត្រូវ​បាន​កត់ត្រា​ថា​ជា​ទម្រង់​នៃ​ករណី​ TFGBV​ បាន​បង្ក​ឱ្យ​មានការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ ខណៈ​ពេល​វដ្ត​នៃ​អំពើ​ហិង្សា​ដែល​កំពុង​កើត​មាន​យ៉ាង​ទូលំទូលាយ​នេះ​ ក៏​បាន​ធ្វើ​ឱ្យ​ស្ត្រី​ជា​ជន​រង​គ្រោះ​កាន់តែ​ត្រូវ​ពឹងផ្អែក​លើ​អ្នក​ដទៃ​ផ្នែក​សេដ្ឋកិច្ច​ និង​បាន​រឹតត្បិត​យ៉ាង​ខ្លាំង​ដល់​ឱកាស​ចូលរួម​របស់​ពួក​គេ​នៅ​ក្នុង​កម្លាំង​ពលកម្ម​សង្គម​។​

​ក្រប​ខណ្ឌ​ច្បាប់​ និង​ស្ថាប័ន​អន្តរជាតិ​ តំបន់​ និង​ប្រទេស​កម្ពុជា​

​ក្រប​ខណ្ឌ​ច្បាប់​នា​ពេល​បច្ចុប្បន្ន​ ទាំង​នៅ​លើ​ឆាក​អន្តរជាតិ​ និង​ក្នុង​តំបន់​អាស៊ាន​ នៅ​តែ​ស្ថិត​ក្នុង​ដំណើរការ​អភិវឌ្ឍ​នៅឡើយ​ ក្នុង​ការ​ដោះស្រាយ​ទម្រង់​នៃ​ការ​បង្ក​គ្រោះថ្នាក់​ទាំងនេះ​។​ ក្នុង​កម្រិត​អន្តរជាតិ​ អនុសាសន៍​ទូទៅ​លេខ​ ៣៥​ របស់​គណៈកម្មាធិការ​ CEDAW​ បាន​ពង្រីក​វិសាលភាព​នៃ​និយម​ន័យ​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ ដោយ​បាន​រាប់​បញ្ចូល​យ៉ាង​ច្បាស់លាស់​នូវ​អំពើ​ហិង្សា​ដែល​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ ខណៈ​ដែល​របាយការណ៍​ពី​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​អំពើ​ហិង្សា​លើ​ស្ត្រី​ បាន​អំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ដល់​រដ្ឋ​នានា​ឱ្យ​ចាត់​ទុក​ការ​បង្ក​គ្រោះថ្នាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​ឌី​ជី​ថ​ល​ គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​។​ ជា​រួម​ ឯកសារ​ទាំងនេះ​ បាន​ផ្តល់​ជា​មូលដ្ឋាន​បទដ្ឋាន​មួយ​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​លក្ខណៈ​ចង​កាតព្វកិច្ច​តាម​ផ្លូវច្បាប់​ ហើយ​ការ​អនុវត្ត​ក៏​នៅ​មិន​ទាន់​មាន​ភាព​ស្មើគ្នា​នៅឡើយ​។​

​នៅ​ក្នុង​កម្រិត​តំបន់​ ការ​ឆ្លើយ​តប​ផ្នែក​នីតិបញ្ញត្តិ​កំពុង​លេច​ចេញ​ជា​រូបរាង​ជា​បណ្តើរៗ​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ភាព​ស៊ីសង្វាក់​គ្នា​នៅឡើយ​ទេ​។​ ច្បាប់​ស្តី​ពី​លំហ​សុវត្ថិភាព​របស់​ប្រទេស​ហ្វី​លី​ពី​ន​ (២០១៩)​ គឺជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាងគេ​ ដោយ​បាន​កំណត់​ការ​បំពាន​តាម​អន​ឡាញ​ផ្អែក​លើ​យេ​ន​ឌ័​រ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ និង​បាន​ទទួលស្គាល់​ថា​វេទិកា​ឌី​ជី​ថ​ល​ គឺជា​កន្លែង​ដែល​ការ​រំលោភសិទ្ធិ​អាច​កើត​មាន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ប្រទេស​ភាគច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​នៅ​តែ​ខ្វះខាត​ច្បាប់​ដែល​មាន​វិសាលភាព​ស្មើគ្នា​នេះ​។​ ចំពោះ​ប្រទេស​ដែល​មានច្បាប់​ហើយ​នោះ​ គម្លាត​នៃ​ការ​អនុវត្ត​ច្បាប់​ ការ​ខ្វះខាត​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​ក្នុង​ចំណោម​តួអង្គ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ ព្រមទាំង​លក្ខណៈ​ឆ្លង​ដែន​នៃ​ករណី​ TFGBV​ នៅ​តែ​បន្ត​ធ្វើ​ឱ្យ​ប្រសិទ្ធភាព​នៃ​ច្បាប់​ទាំងនោះ​មានការ​ថយ​ចុះ​។​

នៅ​ក្នុង​ថ្នាក់​ជាតិ​ ប្រទេស​កម្ពុជា​បាន​បង្កើត​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​។​ រដ្ឋធម្មនុញ្ញ​បាន​ធានា​នូវ​សិទ្ធិ​ស្មើគ្នា​និង​សេរីភាព​ផុត​ពី​ការ​រើសអើង​ ខណៈ​ដែល​ក្រមព្រហ្មទណ្ឌ​បាន​ហាមឃាត់​អំពើ​ រំលោភ​សេពសន្ថវៈ​ ការ​យាយី​ផ្លូវភេទ​ និង​ការ​បំពាន​ផ្នែក​សីលធម៌​។​ ច្បាប់​ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រង​គ្រោះ​ឆ្នាំ​២០០៥​ បាន​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ តាម​រយៈ​ការ​បង្ការ​ អន្តរាគមន៍​ និង​ការ​កំណត់​កាតព្វកិច្ច​របស់​អ្នក​ទទួលខុសត្រូវ​ ខណៈ​ដែល​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​ឆ្នាំ​២០០៨​ ផ្តោត​លើ​ការ​ជួញដូរ​មនុស្ស​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​។​ ប្រកាស​អន្តរក្រសួង​ដែល​ចេញផ្សាយ​រួម​គ្នា​ក្នុង​ឆ្នាំ​២០១៧​ ដោយ​ក្រសួង​កិច្ចការ​នារី​ និង​ក្រសួង​ព័ត៌មាន​ បាន​បង្កើត​គោលការណ៍​ណែនាំ​សីលធម៌​សម្រាប់​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ ដោយ​ការពារ​សេចក្តី​ថ្លៃថ្នូរ​ និង​សុវត្ថិភាព​របស់​ជន​រង​គ្រោះ​។​

ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រប​ខណ្ឌ​ទាំងនេះ​នៅ​មានការ​ខ្វះខាត​​ក្នុង​ការ​ដោះស្រាយ​ករណី​ TFGBV​។​ ពោល​គឺ​ មិន​ទាន់​មានច្បាប់​ណាមួយ​បាន​កំណត់​និយម​ន័យ​ ឬ​ដាក់ទោស​ជាក់លាក់​ចំពោះ​ការ​បំពាន​តាម​អន​ឡាញ​ទេ​ ហើយ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​សាយ​ប័​រ​ ដែល​ស្ថិត​ក្នុង​ការ​រៀបចំ​តាក់តែង​សេចក្ដីព្រាងច្បាប់​តាំងពី​ឆ្នាំ​២០១៦​ មក​នោះ​ គឺ​ផ្តោត​តែ​លើ​រូបភាព​អាសអាភាស​លើ​កុមារ​ប៉ុណ្ណោះ​ ដោយ​បាន​បន្សល់​ទុក​នូវ​ឱ្យ​អំពើ​ហិង្សា​លើ​អ៊ីនធឺណិត​កាន់តែ​ទូលំទូលាយ​ដែល​កើត​មាន​លើ​ស្ត្រី​ និង​ក្រុម​ជន​ងាយ​រង​គ្រោះ​នៅ​តែ​ខ្វះ​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​។​ ប្រទេស​កម្ពុជា​នៅ​​កំពុង​រៀបចំ​ច្បាប់​ជា​មូលដ្ឋាន​ស្តី​ពី​ការ​ការពារ​ទិន្នន័យ​ ឯកជន​ភាព​ និង​ប្រតិបត្តិការ​អេ​ឡិច​ត្រូ​និក​ ដែល​ច្បាប់​ទាំងនេះ​សុទ្ធតែ​ជា​តម្រូវការ​ចាំបាច់​ក្នុង​ការ​ឆ្លើយ​តប​ប្រកបដោយ​អត្ថន័យ​ទៅ​នឹង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ឌី​ជី​ថ​ល​។​

បន្ថែម​ពី​នេះ​ ក្នុង​ពេល​បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​មិន​ទាន់​មាន​បទ​ប្បញ្ញត្តិ​ច្បាប់​ជាក់លាក់​ណាមួយ​ ដែល​ដោះស្រាយ​ករណី​ TFGBV​ ទៅ​លើ​ក្រុម​បុគ្គល​ LGBTQIA+​ នៅឡើយ​ទេ​ ហើយ​ក្រប​ខណ្ឌ​ច្បាប់​ស្តី​ពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​បច្ចុប្បន្ន​ ក៏​មិន​ទាន់​បាន​រាប់​បញ្ចូល​ទំនោរ​ផ្លូវភេទ​ ឬ​អត្តសញ្ញាណ​យេ​ន​ឌ័​រ​ ជា​មូលដ្ឋាន​នៃ​ការ​ការពារ​ផ្លូវច្បាប់​ឱ្យ​បាន​ច្បាស់លាស់​ដែរ​។​ ជា​លទ្ធផល​ ទម្រង់​នៃ​ការ​រំលោភ​បំពាន​ផ្លូវចិត្ត​ អារម្មណ៍​ និង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ត្រូវ​បាន​គេ​មើល​រំលង​ជា​ញឹកញាប់​ ដែល​ធ្វើ​ឱ្យ​ការ​កំណត់​អត្តសញ្ញាណ​ និង​អន្តរាគមន៍​ទាន់​ពេលវេលា​នៅ​មាន​កម្រិត​ខ្សោយ​។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ សន្ទុះ​នៃ​ការ​ផ្លាស់​ប្តូរ​កំពុង​តែ​មានការ​កើន​ឡើងជា​បណ្តើរៗ​។​ នៅ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​កិច្ចការ​នារី​ និង​អង្គការសហប្រជាជាតិ​ ដោយ​មានការ​គាំទ្រ​ពី​ប្រទេស​អូស្ត្រាលី​ តាម​រយៈ​កម្មវិធី​ ACCESS​ 2​ បាន​រៀបចំ​កិច្ច​សន្ទនា​ជាតិ​មួយ​ ដោយ​បាន​ប្រមូលផ្តុំ​តំណាង​រាជរដ្ឋាភិបាល​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ សង្គម​ស៊ី​វិល​ និង​យុវជន​មក​ជួបជុំ​គ្នា​ ដើម្បី​ដោះស្រាយ​ករណី​ TFGBV​។​ នៅ​ក្នុង​កម្រិត​គោលនយោបាយ​ ក្រសួង​កិច្ចការ​នារី​កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៦​ (២០២៤-២០២៨)​ ក្រោម​ផែនការ​សកម្មភាព​ជាតិ​លើក​ទី​បួន​ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ (NAPVAW​ IV ២០២៤-២០៣០)​ ដែល​រួម​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ក្រប​ខណ្ឌ​ច្បាប់​ដោយ​ផ្តោត​ជា​ពិសេស​លើ​អំពើ​ហិង្សា​លើ​យេ​ន​ឌ័​រ​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​។​

យន្តការ​រាយការណ៍​ និង​ការ​គាំទ្រ​នៅ​ប្រទេស​កម្ពុជា​

ប្រទេស​កម្ពុជា​បាន​បង្កើត​យន្តការ​រាយការណ៍​ និង​ការ​គាំទ្រ​ជា​ច្រើន​សម្រាប់​អ្នក​រស់រាន​មានជីវិត​ពី​អំពើ​ហិង្សា​លើ​យេ​ន​ឌ័​រ​ ដែល​គ្របដណ្តប់​ទាំង​ស្ថាប័ន​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ និង​វិស័យ​ឯកជន​។​ ខណៈ​ពេល​ដែល​យន្តការ​ទាំងនេះ​ដោះស្រាយ​អំពើ​ហិង្សា​លើ​យេ​ន​ឌ័​រយ៉ា​ង​ទូលំទូលាយ​ វិធីសាស្ត្រ​ឆ្លើយ​តប​ជាក់លាក់​ចំពោះ​ករណី​ TFGBV​ ក៏​បាន​ចាប់ផ្តើម​លេច​ចេញ​ជា​រូបរាង​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ គម្លាត​សំខាន់ៗ​នៅ​តែ​មាន​ ជា​ពិសេស​ក្នុង​ការ​ផ្តល់​សេវា​ឯកទេស​ លទ្ធភាព​អាក់​សេស​បាន​យន្តការ​ដែល​មាន​ស្រាប់​ពី​សំណាក់​សាធារណជន​ ព្រមទាំង​សមត្ថភាព​របស់​ស្ថាប័ន​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​លក្ខណៈ​ជាក់លាក់​ និង​កា​រវិ​វត្ត​នៃ​ទម្រង់​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

  • យន្តការ​រដ្ឋាភិបាល​ និង​ស្ថាប័ន៖ ​ក្រសួង​កិច្ចការ​នារី​ដំណើរការ​ខ្សែ​ទូរ​សព្ទ​ជំនួយ​អំពើ​ហិង្សា​លើ​យេ​ន​ឌ័​រ​ថ្នាក់​ជាតិ​ និង​ដឹកនាំ​ការ​សម្របសម្រួល​តាម​រយៈ​ក្រុមការងារ​បច្ចេកទេស​ស្តី​ពី​អំពើ​ហិង្សា​លើ​យេ​ន​ឌ័​រ​ ដែល​ប្រមូលផ្តុំ​រដ្ឋាភិបាល​ ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ និង​សង្គម​ស៊ី​វិល​ ដើម្បី​ណែនាំ​គោលនយោបាយ​ និង​ការ​ផ្តល់​សេវា​។​ នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្រុមការងារ​ថ្នាក់​ស្រុក​ស្តី​ពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ផ្តល់​ការ​សម្របសម្រួល​នៅ​ទូ​ទាំង​ខេត្ត​។​ នៅ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួង​កិច្ចការ​នារី​ និង​ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​សម្រាប់​អង្គភាព​សេវាកម្ម​ច្រក​ចេញចូល​តែ​មួយ​ (OSSUs)​ ដោយ​ផ្តល់​ការ​ថែទាំ​សុខភាព​ ការ​គាំទ្រ​ផ្នែក​ច្បាប់​ ជំនួយ​ផ្លូវចិត្ត​ និង​សេវា​សុវត្ថិភាព​នៅ​កន្លែង​តែ​មួយ​ ជាមួយនឹង​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​អភិបាលខេត្ត​ទាំង​ ២៥​រាជធានី​ខេត្ត​។​ អង្គភាព​ឧក្រិដ្ឋកម្ម​សាយ​ប័​រ​របស់​នគរបាល​ជាតិ​ទទួល​ការ​រាយការណ៍​តាម​ប្រព័ន្ធ​អន​ឡាញ​ ២៤​ម៉ោង​ សម្រាប់​ឧក្រិដ្ឋកម្ម​សាយ​ប័​រ​ រួម​ទាំងករណី TFGBV ​ដែល​អាច​អាក់​សេស​បាន​តាម​រយៈ​តេ​ឡេ​ក្រាម​ អ៊ីមែល​ និង​ខ្សែ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ អវត្តមាន​នៃ​ច្បាប់​ជាក់លាក់​លើ​ TFGBV និង​សមត្ថភាព​ស្ថាប័ន​នៅ​មាន​កម្រិត​ក្នុង​ការ​ដោះស្រាយ​ករណី​រសើប​នៅ​តែ​បន្ត​រារាំង​ប្រសិទ្ធភាព​នៃ​យន្តការ​ទាំងនេះ​។​
  • ឧបករណ៍​ឌី​ជី​ថ​ល​៖ ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ (UNFPA)​ សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ បាន​បង្កើត​វេទិកា​ឌី​ជី​ថ​ល​ចំនួន​ពីរ​សម្រាប់​អ្នក​រស់រាន​មានជីវិត​ពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​៖​ កម្មវិធី​ឆែត​បត់​ ដែល​អាច​អាក់​សេស​បាន​តាម​រយៈ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យ៉ាង​ទូលំទូលាយ​ និង​កម្មវិធី​ស្មា​ត​ហ្វូ​ន​ដែល​ផ្តល់​ព័ត៌មាន​អំពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​ សេវាកម្ម​គាំទ្រ​ លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​ និង​ផែនទី​ព្រមទាំង​បញ្ជីរាយនាម​អ្នក​ផ្តល់​សេវា​។​ ឧបករណ៍​ទាំងនេះ​បង្ហាញ​ពី​ការ​ទទួលស្គាល់​កាន់តែ​ខ្លាំង​ឡើង​អំពី​តម្រូវការ​នៃ​ប្រព័ន្ធ​រាយការណ៍​ និង​ការ​បញ្ជូន​បន្ត​ដែល​អាច​អាក់​សេស​បាន​តាម​វេទិកា​ឌី​ជី​ថ​ល​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ វិសាលភាព​របស់​វេទិកា​ទាំងនេះ​នៅ​តែ​មាន​កម្រិត​ដោយសារ​ភាព​ខុស​គ្នា​នៃ​អក្ខរកម្ម​ឌី​ជី​ថ​ល​ និង​ការ​អាក់​សេស​ប្រើ​ស្មា​ត​ហ្វូ​ន​ ជា​ពិសេស​ក្នុង​ចំណោម​ស្ត្រី​ និង​ក្មេង​ស្រី​នៅ​តំបន់​ជនបទ​ និង​ដាច់​ស្រយាល​។​
  • យន្តការ​សង្គម​ស៊ី​វិល​៖ ​អង្គការ​សង្គម​ស៊ី​វិល​ផ្តល់​នូវ​ការ​គាំទ្រ​យ៉ាង​សម្បូរ​បែប​ និង​ជាក់លាក់​ចំពោះ​ករណី​ TFGBV​។​ អង្គការ​ទាំងនោះ​ផ្តល់​មជ្ឈមណ្ឌល​សម្រាប់​ទទួល​សេវា​ដោយ​ផ្ទាល់​ ខ្សែ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​តាម​ខេត្ត​ ជំនួយ​ផ្នែក​ច្បាប់​ ការ​ប្រឹក្សា​ផ្លូវចិត្ត​ និង​ជម្រក​សង្គ្រោះ​បន្ទាន់​សម្រាប់​ស្ត្រី​ និង​ក្មេង​ស្រី​។​ ខ្សែ​ទូរ​សព្ទ​ជំនួយ​កុមារ​ (១២៨០)​ ផ្តល់​ការ​គាំទ្រ​ដោយ​ឥត​គិតថ្លៃ​ ២៤​ ម៉ោង​សម្រាប់​កុមារ​ និង​យុវវ័យ​រហូត​ដល់​អាយុ​ ២៥​ ឆ្នាំ​។​ ថ្មីៗ​នេះ​ គំនិត​ផ្តួចផ្តើម​ជាក់លាក់​ចំពោះ​ករណី​ TFGBV​ បាន​លេច​ចេញ​ឡើង​ រួម​មាន​ កម្មវិធី​កត់ត្រា​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ ការ​បណ្តុះបណ្តាល​សុវត្ថិភាព​ឌី​ជី​ថ​ល​សម្រាប់​សង្គម​ស៊ី​វិល​ និង​វេទិកា​រាយការណ៍​តាម​ប្រព័ន្ធ​អន​ឡាញ​ជាក់លាក់​។​ គំនិត​ផ្តួចផ្តើម​ Karpeer​ Women​ របស់​អង្គការ​អូ​ឌី​ស៊ី​ បង្កើត​ផ្ទាំង​ទិន្នន័យ​អំពើ​ TFGBV​ កម្មវិធី​កត់ត្រា​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ និង​ខ្សែ​ទូរ​សព្ទ​ជំនួយ​ដែល​អាច​ចូល​ប្រើ​បាន​តាម​រយៈ​តេ​ឡេ​ក្រាម​ និង​ ស៊ី​កណ​ល​។​ ទន្ទឹម​នឹង​នេះ​ កម្មវិធី​ បញ្ឈប់​ការ​បំពាន​លើ​ប្រព័ន្ធ​អន​ឡាញ​ (Stop​ Online​ Harm)​ បាននិង​កំពុង​ដំណើរ​ជា​ការ​ផ្តល់​ជំនួយ​ដោយ​ផ្តោត​លើ​ជន​រង​គ្រោះ​តាម​រយៈ​ទម្រង់​រាយការណ៍​តាម​អ៊ីនធឺណិត​ជា​ពិសេស​សម្រាប់​ករណី​ TFGBV​។​ ទោះបីជា​មាន​សេវាកម្ម​ជា​ច្រើន​ដែល​ផ្តល់​ជូន​ក៏​ដោយ​ យន្តការ​សង្គម​ស៊ី​វិល​ភាគច្រើន​បម្រើ​តែ​ក្រុម​ប្រជាជន​ជាក់លាក់​ប៉ុណ្ណោះ​ ដូច​ជា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ឬ​បុគ្គលិក​សង្គម​ស៊ី​វិល​ ដែល​កត្តា​នេះ​បាន​រឹតត្បិត​ដល់​លទ្ធភាព​ទទួល​បាន​សេវា​ទាំងនេះ​ពី​សំណាក់​សាធារណជន​ទូទៅ​។​
  • ការ​ស្រាវជ្រាវ​ និង​ការ​យល់​ដឹង​៖ ​អង្គការ​ស្រាវជ្រាវ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​មូលដ្ឋាន​ភស្តុ​តាង​ និង​ការ​យល់​ដឹង​ជា​សាធារណៈ​លើ​ TFGBV​ នៅ​ប្រទេស​កម្ពុជា​ រាប់​បញ្ចូល​ទាំង​តាម​រយៈ​ការ​សិក្សា​ជា​មូលដ្ឋាន​លើ​ TFGBV​ ដែល​ផ្តោត​លើ​អ្នកកាសែត​ជា​ស្ត្រី​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។​ ការ​សិក្សា​ទាំងនេះ​បាន​ពិនិត្យ​មើល​លក្ខណៈ​ ភាព​ញឹកញាប់​ និង​ផល​ប៉ះពាល់​នៃ​ការ​បំពាន​តាម​អនឡាញ​ ការ​ចែករំលែក​រូបភាព​ស្និទ្ធស្នាល​ដោយ​គ្មាន​ការ​ព្រមព្រៀង​គ្នា​លើ​ក្រុម​ទាំងនេះ​។​ បន្ថែម​ពី​នេះ​ គំនិត​ផ្តួចផ្តើម​ផ្សេង​ទៀត​ រួម​មាន​ ការ​ផ្សព្វផ្សាយ​សហគមន៍​ កម្មវិធី​អក្ខរកម្ម​ឌី​ជី​ថ​ល​ និង​កម្មវិធី​ផ្តោត​លើ​កន្លែងធ្វើការ​សម្រាប់​កម្មករ​កាត់ដេរ​ និង​ស្ត្រី​ចំណាកស្រុក​។​ ខណៈ​ពេល​ដែល​ការ​ចូលរួម​ចំណែក​ទាំងនេះ​មាន​តម្លៃ​ មូលដ្ឋាន​ភស្តុ​តាង​ទាំងមូល​នៅ​តែ​មាន​វិសាលភាព​ចង្អៀត​នៅឡើយ​ ដោយសារ​ការ​ស្រាវជ្រាវ​ភាគច្រើន​ផ្តោត​លើ​ក្រុម​វិជ្ជាជីវៈ​ជាក់លាក់​ និង​បរិបទ​ទីក្រុង​ ដែល​បន្សល់​ទុក​នូវ​គម្លាត​យ៉ាង​សំខាន់​ក្នុង​ការ​យល់​ដឹង​អំពី​ភាព​រីក​រាលដាល​ និង​ផល​ប៉ះពាល់​កាន់តែ​ទូលំទូលាយ​នៃ​ TFGBV​ នៅ​តាម​សហគមន៍​ចម្រុះ​ផ្សេង​ទៀត​ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​បើ​ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ក៏​ដោយ​ ហេតុការណ៍​ជា​ច្រើន​នៃ​ TFGBV​ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​រាយការណ៍​នៅឡើយ​ ដោយសារ​តែ​ការ​រើសអើង​ ការ​យល់​ដឹង​មាន​កម្រិត​ និង​ការ​ខ្វះខាត​នូវ​វិធីសាស្ត្រ​រាយការណ៍​ ហើយ​ការ​លើកកម្ពស់​អក្ខរកម្ម​ឌី​ជី​ថ​ល​ ការ​កែទម្រង់​ច្បាប់​ និង​ការ​បង្កើត​យន្តការ​រាយការណ៍​ឱ្យ​កាន់តែ​រឹង​មាំ​ ក្លាយជា​វិស័យ​អាទិភាព​ចាំបាច់​សម្រាប់​ពង្រឹង​។​ សេវាកម្ម​ខ្សែ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​បច្ចុប្បន្ន​បាន​កំណត់​វិស័យ​សម្រាប់​ការ​អភិវឌ្ឍ​ រួម​មានការ​កសាង​សមត្ថភាព​បុគ្គលិក​ដើម្បី​ដោះស្រាយ​ករណី​អំពើ​ហិង្សា​លើ​យេ​ន​ឌ័​រ​ និង​ពង្រឹង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​បំពេញតម្រូវការ​របស់​ជន​រង​គ្រោះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ លើស​ពី​នេះ​ យន្តការ​គាំទ្រ​ភាគច្រើន​នៅ​តែ​មាន​ប្រមូលផ្តុំ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​តូច​នៅឡើយ​ ខណៈ​ដែល​ការ​ផ្តល់​សេវា​គ្របដណ្តប់​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​អភិវឌ្ឍ​នៅឡើយ​។​

ជា​ទូទៅ​ វិស័យ​នេះ​នៅ​តែ​បន្ត​ប្រឈម​នឹង​កម្រិត​រិ​ត​ត្បិត​ ដោយសារ​កង្វះ​ការ​ស្រាវជ្រាវ​ទាំង​បែប​បរិមាណ​វិស័យ​ និង​បែប​គុណ​វិស័យ​លើ​ TFGBV​ នៅ​ប្រទេស​កម្ពុជា​។​ អវត្តមាន​នៃ​ទិន្នន័យ​ទ្រង់ទ្រាយ​ធំ​ស្តី​ពី​អត្រា​នៃ​ការ​កើត​មាន​ ធ្វើ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​យល់​ដឹង​ពេញលេញ​អំពី​វិសាលភាព​នៃ​បញ្ហា​នេះ​។​ ទន្ទឹម​នឹង​នេះ​ ការ​ស្រាវជ្រាវ​បែប​គុណ​វិស័យ​​ដែល​មាន​ស្រាប់​នៅ​មាន​កម្រិត​នៅឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បទ​ពិសោធន៍​ដ៏​ស្មុគស្មាញ​របស់​អ្នក​រស់រាន​មានជីវិត​ រួម​ទាំង​វិមាត្រ​ផ្នែក​ផ្លូវចិត្ត​ សង្គម​ និង​សេដ្ឋកិច្ច​នៃ​ផល​ប៉ះពាល់​ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​កត់ត្រា​ និង​ស្វែង​យល់​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​។​

ភាគីពាក់ព័ន្ធ​ដែល​ធ្វើការ​លើ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័​រ​សម្របសម្រួល​ដោយ​បច្ចេកវិទ្យា​ (TFGBV)​ នៅ​ប្រទេស​កម្ពុជា​

ល.រ

ភាគីពាក់ព័ន្ធ

ប្រភេទនៃស្ថាប័ន/អង្គភាព

អ្នកទទួលផលគោលដៅ

របាយការណ៍ និងបណ្តាញគាំទ្រ

គម្រោងពាក់ព័ន្ធ

ជំនួយផ្នែកច្បាប់

អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ)

អង្គការសង្គមស៊ីវិល

ស្ត្រី ក្មេងស្រី បុគ្គល LGBTQ+ អ្នកការពារសិទ្ធិមនុស្ស

អញ្ជើញមកដោយផ្ទាល់

ខ្សែទូរសព្ទទាន់ហេតុការណ៍ (០២៣ ៧២៧ ១០២)

ការិយាល័យតាមខេត្ត

សុវត្ថិភាព និងយុត្តិធម៌

ឯកសារស្តីពីអំពើហិង្សាសិទ្ធិមនុស្ស

អង្គការកម្ពុជាជួយស្ត្រីមានវិបត្តិ

អង្គការសង្គមស៊ីវិល

ស្ត្រី និងក្មេងស្រីដែលជួបប្រទះនឹងអំពើហិង្សាលើយេនឌ័រ រួមទាំងអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាក្នុងគ្រួសារ

មជ្ឈមណ្ឌលវិបត្តិ

ខ្សែទូរសព្ទទាន់ហេតុការណ៍៖

  • ០២៣ ៩៨៧ ១៥៨ (ភ្នំពេញ)
  • ០៨៧ ៩០៩ ០២០ (បន្ទាយមានជ័យ)
  • ០៦៣ ៩៦៣ ២៧៦ (សៀមរាប)
  • ០៦២ ២១០ ៥១៥ (កំពង់ធំ)

ជម្រកសម្រាប់វិបត្តិ

កម្មវិធីជំនួយផ្នែកច្បាប់

សមាគម​ការពារ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៏​នៅ​កម្ពុជា (អាដហុក)

អង្គការសង្គមស៊ីវិល

ស្ត្រី សកម្មជន អ្នកសារព័ត៌មាន ក្រុមងាយរងគ្រោះ

អញ្ជើញមកដោយផ្ទាល់

ការិយាល័យតាមខេត្ត

ឯកសារសិទ្ធិមនុស្ស

ការតាមដានករណីអំពើហិង្សាលើយេនឌ័រ

អង្គការសម្ព័ន្ធចាប់ដៃ

អង្គការសង្គមស៊ីវិល

ជនរងគ្រោះនៃការជួញដូរ ស្ត្រី និងក្មេងស្រីដែលប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ច

ការផ្សព្វផ្សាយសហគមន៍

បណ្តាញបញ្ជូនបន្ត

គម្រោងបង្ការវីរបុរសសហគមន៍ (CHPP)

ការស្តារឡើងវិញសម្រាប់អ្នករស់រានមានជីវិត

មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា

អង្គការសង្គមស៊ីវិល

អ្នកការពារសិទ្ធិមនុស្ស អ្នកស្រឡាញ់ភេទដូចគ្នា សកម្មជន និងសហគមន៍ដែលប្រឈមមុខនឹងការរំលោភសិទ្ធិ រួមទាំងការបំពានតាមអនឡាញ។

ជំនួយផ្នែកច្បាប់

មូលនិធិអ្នកការពារសិទ្ធិមនុស្ស

ការរាយការណ៍តាមអ៊ីនធឺណិតតាមរយៈថ្នាលព័ត៏មានសិទ្ធិមនុស្ស Sithi

អញ្ជើញមកដោយផ្ទាល់ និងតាមវេទិកាឌីជីថល

(cchrcambodia.org)

គម្រោងទំនោរផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ (SOGI)

គម្រោងការពារសេរីភាពជាមូលដ្ឋាន

យន្តការការពារអ្នកការពារសិទ្ធិមនុស្ស

ថ្នាលព័ត៏មានសិទ្ធិមនុស្ស Sithi

ការគាំទ្រផ្នែកចិត្តសាស្ត្រ និងការប្រឹក្សាយោបល់

អំពីបណ្តាញទូរសព្ទជំនួយកុមារ-ទំនាក់ទំនងបន្ទាន់១២៨០

អង្គការសង្គមស៊ីវិល

កុមារ និងយុវវ័យអាយុ ០-២៥ ឆ្នាំ

ហៅទូរសព្ទ ឬផ្ញើសារឥតគិតថ្លៃទៅកាន់ 1280

អនឡាញ (childhelplinecambodia.org)

ខ្សែទូរសព្ទជំនួយកុមារ 24/7

SRHR ដែលគាំទ្រដោយ UNFPA និងការរួមបញ្ចូលសុខភាពផ្លូវចិត្ត

អង្គការកម្ពុជាជួយស្ត្រីមានវិបត្តិ

អង្គការសង្គមស៊ីវិល

ស្ត្រី និងក្មេងស្រីដែលស្ថិតក្នុងវិបត្តិ

មជ្ឈមណ្ឌលវិបត្តិ (cwcc.org.kh)

កម្មវិធីអន្តរាគមន៍វិបត្តិ និងការគាំទ្រផ្លូវចិត្តសង្គម

ក្រសួងកិច្ចការនារី

រដ្ឋាភិបាល

ស្ត្រី និងក្មេងស្រីដែលកំពុងជួបប្រទះនឹងអំពើហិង្សាលើយេនឌ័រគ្រប់ទម្រង់រួមទាំង​ TFGBV

ខ្សែទូរសព្ទជំនួយ៖

  • ០៩៣ ៧៧៧ ៩០០
  • ០៨៥ ៧៧៧ ៩០០

ផែនការសកម្មភាពជាតិបញ្ចប់អំពើហិង្សាលើស្ត្រី ទី៤ (២០២៥-២០៣០)

នារីរតនៈ ទី៦ (២០២៤-២០២៨)

អង្គការសម្ព័ន្ធចាប់ដៃ

អង្គការសង្គមស៊ីវិល

ជនរងគ្រោះនៃការជួញដូរ ស្ត្រី និងក្មេងស្រីដែលប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ច

ការផ្សព្វផ្សាយសហគមន៍

បណ្តាញបញ្ជូនបន្ត

ការស្តារឡើងវិញសម្រាប់អ្នករស់រានមានជីវិត

ការផ្តល់អំណាចដល់សហគមន៍

ការគាំទ្រផ្នែកបច្ចេកទេស

១០

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)

អង្គការសង្គមស៊ីវិល

ស្ត្រី ក្មេងស្រី និងបុគ្គល LGBTQ+ ដែលជួបប្រទះនឹង​ TFGBV

ការចងក្រងឯកសារករណី និងផ្តល់ការគាំទ្របច្ចេកទេសតាមរយៈគំនិតផ្តួចផ្តើម Karpeer Women

  • ខ្សែទូរសព្ទជំនួយ៖ ០១៥ ៤០៤ ៥០០
  • តេឡេក្រាម៖ @KarpeerWomen
  • ស៊ីកណល៖ +៨៨៥ ១៥ ៤០៤ ៥០០
  • អ៊ីមែល៖ karpeer.women@opendevcam.net

ប៉ាណ្ណូបរិធានទិន្នន័យអំពី TFGBV សម្រាប់គំនិតផ្តួចផ្តើម Karpeer Women

ឯកសារសម្រាប់អ្នករស់រានមានជីវិត

ការបណ្តុះបណ្តាលសុវត្ថិភាពឌីជីថលសម្រាប់សង្គមស៊ីវិលកម្ពុជា () ()

យុទ្ធនាការយល់ដឹង; ការគាំទ្របច្ចេកទេសសម្រាប់ការត្រួតពិនិត្យករណី TFGBV និងការផ្តល់សេវាឆ្នាំ ២០២៦

១១

Karpeer

អង្គការសង្គមស៊ីវិល

សមាជិកសង្គមស៊ីវិល អ្នកសារព័ត៌មាន និងសហគមន៍ងាយរងគ្រោះ កំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា

  • តេឡេក្រាម៖ @KarpeerHelpLine
  • ស៊ីកណល៖ KarpeerHelpline.01
  • អ៊ីមែល៖ help@karpeer.me

ឯកសារទិន្នន័យ TFGBV

ប៉ាណ្ណូបរិធានកម្មវិធីគាំទ្រឌីជីថលសម្រាប់អ្នករស់រានមានជីវិត

១២

បញ្ឈប់គ្រោះថ្នាក់តាមអ៊ីនធឺណិត (Stop Online Harm)

អង្គការសង្គមស៊ីវិល

ស្ត្រី និងក្មេងស្រីដែលជួបប្រទះនឹង TFGBV

ការគាំទ្រ និងការបញ្ជូនបន្តដោយផ្ទាល់ដែលផ្តោតលើអ្នករស់រានមានជីវិត

ទម្រង់បែបបទអនឡាញសម្រាប់របាយការណ៍៖ https://www.stoponlineharm.org/

បណ្តាញគាំទ្រ

រថយន្តសង្គ្រោះបន្ទាន់តាមអនឡាញ

១៣

មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)

អង្គការសង្គមស៊ីវិល

អ្នកសារព័ត៌មាន អ្នកសារព័ត៌មានពលរដ្ឋ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកដើរតួសង្គមស៊ីវិលដែលប្រឈមមុខនឹងការគំរាមកំហែងផ្នែកឌីជីថល ភាពពាក់ព័ន្ធដោយប្រយោលចំពោះស្ត្រីដែលជួបប្រទះនឹងអំពើហិង្សាផ្លូវភេទ និងអំពើហិង្សាក្នុងប្រព័ន្ធផ្សព្វផ្សាយ និងតួនាទីសាធារណៈ

ការតស៊ូមតិសិទ្ធិឌីជីថល

ការបណ្តុះបណ្តាលសុវត្ថិភាពប្រព័ន្ធផ្សព្វផ្សាយ

សមាជិកភាពក្រុមការងារសិទ្ធិឌីជីថល (DRWG)

វេទិកាសិទ្ធិឌីជីថលកម្ពុជា (សហការរៀបចំជាមួយ EngageMedia)

ការត្រួតពិនិត្យសុវត្ថិភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

១៤

ស្មាត អាកស៊ីតា

ក្រុមហ៊ុនឯកជន

អ្នកប្រើប្រាស់អ៊ីនធឺណិតចល័តជាទូទៅ ដោយមានជាប់ពាក់ព័ន្ធនឹងជនរងគ្រោះនៃ TFGBV

យន្តការរាយការណ៍កម្រិតទូរគមនាគមន៍ និងសុវត្ថិភាពបណ្តាញ

ការចូលរួមក្នុងកិច្ចសន្ទនាជាតិស្តីពីសុវត្ថិភាពរបស់យើង (ខែធ្នូ ឆ្នាំ២០២៥)

ការឆ្លើយតបពហុវិស័យ / រួមបញ្ចូលគ្នា

១៥

អង្គភាពសេវាកម្មច្រកចេញចូលតែមួយ (OSSUs)

រដ្ឋាភិបាល អង្គការសហប្រជាជាតិ

ជនរងគ្រោះនៃអំពើហិង្សាលើយេនឌ័រគ្រប់ទម្រង់ទាំងអស់ រួមទាំង TFGBV

មណ្ឌលសុខភាពខេត្ត និងការិយាល័យកិច្ចការនារី

គោលការណ៍ណែនាំ OSSU (ដាក់ឱ្យដំណើរការខែធ្នូ ឆ្នាំ២០២៤)

កម្មវិធី ACCESS 2 / UNFPA របស់រដ្ឋាភិបាលអូស្ត្រាលី

១៦

មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)

អង្គការសហប្រជាជាតិ

ស្ត្រី និងក្មេងស្រី ក្រុមជនងាយរងគ្រោះ ជនរងគ្រោះនៃអំពើហិង្សាលើយេនឌ័រ

កម្មវិធីសុវត្ថិភាពលើអំពើរហិង្សាលើយេនឌ័រ

បណ្តាញសេវាកម្មតាមខេត្ត

ការធ្វើឱ្យកន្លែងទាំងអស់មានសុវត្ថិភាព (២០២៤-២០២៧)

កម្មវិធី ACCESS 2

OSSUs

១៧

អង្គការយូនីសេហ្វកម្ពុជា

អង្គការសហប្រជាជាតិ

កុមារ និងក្មេងជំទង់ដែលមានអាយុពី ០-១៨ ឆ្នាំ ជាពិសេសអ្នកដែលជួបប្រទះគ្រោះថ្នាក់តាមអនឡាញ

កម្មវិធីរបស់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល

ការសម្របសម្រួល CNCC

ការសិក្សាអំពីគ្រោះថ្នាក់ដែលរំខាន

ផែនការសកម្មភាពជាតិស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិត (OCSEA)

ឧបករណ៍រាយការណ៍ឌីជីថល និងសុវត្ថិភាព

១៨

កម្មវិធីសុវត្ថិភាព GBV

សុវត្ថិភាពយើង

រដ្ឋាភិបាល (ក្រសួងកិច្ចការនារី និង UNFPA)

ស្ត្រី និងក្មេងស្រីដែលជួបប្រទះនឹងអំពើហិង្សាក្នុងគ្រួសារ ឬ TFGBV នៅប្រទេសកម្ពុជា

កម្មវិធីទូរសព្ទ (ចុចដើម្បីចូលទៅកាន់ Google Play)

គំនិតផ្តួចផ្តើមឆ្លើយតបឌីជីថល GBV របស់ក្រសួងកិច្ចការនារី / UNFPA (ឆ្នាំ២០២៤)

១៩

អង្គភាព​ប្រឆាំង​បទល្មើស​តាម​អ៊ីនធឺណិត​របស់​នគរបាល​ជាតិ

រដ្ឋាភិបាល

ជនរងគ្រោះទាំងអស់នៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងអ្នករស់រានមានជីវិតពី TFGBV

  • ផតថលអនឡាញសម្រាប់រាយការណ៍ ២៤ម៉ោង/៧ថ្ងៃ៖
  • តេឡេក្រាម៖ https://t.me/ACCD_OFFICIAL
  • អ៊ីមែល៖ info@cyber.police.gov.kh
  • ទូរសព្ទ៖ ០២៣ ៧២ ៦៨ ២២ ឬប៉ុស្តិ៍នគរបាល

ការអនុវត្តឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាតិ

ការសម្របសម្រួល INTERPOL

២០

ខ្សែទូរសព្ទទាន់ហេតុការណ៍ INHOPE / ICMEC

អន្តរជាតិ រដ្ឋាភិបាល

កុមារ និងអនីតិជនដែលរងផលប៉ះពាល់ដោយការរំលោភបំពានផ្លូវភេទតាមអនឡាញ

បណ្តាញទូរសព្ទទាន់ហេតុការណ៍អន្តរជាតិ សម្របសម្រួលជាមួយនគរបាលជាតិ

គ្រោងការណ៍ចំណាត់ថ្នាក់ជាសកល

CPORT

អ៊ីនធឺណិតកាន់តែប្រសើរសម្រាប់កុមារ

ការសម្របសម្រួល និងគោលនយោបាយ

២១

ក្រុមការងារបច្ចេកទេសស្តីពីអំពើហិង្សាផ្អែកលើយេនឌ័រ (TWG-GBV)

រដ្ឋាភិបាល អ្នកពាក់ព័ន្ធច្រើន

ប្រយោល៖ បង្កើតសេវាកម្ម និងគោលនយោបាយសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាយេនឌ័រទាំងអស់

កិច្ចប្រជុំសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ការសម្របសម្រួល NAPVAW IV; ការកសាងសមត្ថភាព DWG-GBV ថ្នាក់ក្រោមជាតិ

របាយការណ៍ផែនទីស្ថាប័នស្តីពីអំពើហិង្សាផ្អែកលើយេនឌ័រនៅកម្ពុជា (ភាសាអង់គ្លេស)

២២

ក្រុមការងារថ្នាក់ស្រុកស្តីពីអំពើហិង្សាលើយេនឌ័រ (DWG-GBVs)

រដ្ឋាភិបាល

ជនរងគ្រោះនៃអំពើហិង្សាលើយេនឌ័រ(GBV) នៅកម្រិតសហគមន៍ និងស្រុក

ការិយាល័យកិច្ចការនារី និងសង្គមកិច្ចថ្នាក់ស្រុក

ការសម្របសម្រួល អំពើហិង្សាលើយេនឌ័រនៅថ្នាក់ក្រោមជាតិ

ការគាំទ្រ UNFPA ACCESS 2

២៣

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)

រដ្ឋាភិបាល

កុមារ និងអ្នកប្រើប្រាស់អ៊ីនធឺណិតជាទូទៅ

ការចូលរួមផ្នែកបទប្បញ្ញត្តិ និងគោលនយោបាយជាមួយវេទិកាឌីជីថល

គោលការណ៍ណែនាំស្តីពីការការពារកុមារតាមអ៊ីនធឺណិត

ការអភិវឌ្ឍគោលនយោបាយសុវត្ថិភាពឌីជីថល

២៤

អង្គការសហប្រជាជាតិសម្រាប់ស្ត្រី

អង្គការសហប្រជាជាតិ

អ្នកធ្វើគោលនយោបាយ អ្នកអនុវត្ត ជនរងគ្រោះ និងសាធារណជនទូទៅ

ឃ្លាំងធនធានស្ដីពី TFGBV

កិច្ចសន្ទនាជាតិ

កិច្ចសន្ទនាជាតិស្តីពីសុវត្ថិភាពរបស់យើង (ខែធ្នូ ឆ្នាំ២០២៥)

យុទ្ធនាការ “No Means No. Online Too” របស់ ACWC (ឆ្នាំ២០២៥)

ការស្រាវជ្រាវ និងការយល់ដឹង

២៥

មជ្ឈមណ្ឌលអាស៊ី

អង្គការអន្តរជាតិ

អ្នកអនុវត្ត អ្នកធ្វើគោលនយោបាយ ជនរងគ្រោះ និងសង្គមស៊ីវិល

ការស្រាវជ្រាវ និងរបាយការណ៍ដែលបានបោះពុម្ពផ្សាយ

អំពើហិង្សាផ្អែកលើយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យានៅកម្ពុជា៖ ផលប៉ះពាល់លើសេរីភាពពលរដ្ឋរបស់អ្នកសារព័ត៌មានស្ត្រី និងអ្នកការពារសិទ្ធិមនុស្ស (ឆ្នាំ២០២៥)

២៦

អង្គការក្លាហាន

អង្គការសង្គមស៊ីវិល

ស្ត្រី អ្នករស់រានមានជីវិត សាធារណជនទូទៅ អ្នកអប់រំសហគមន៍

ការផ្សព្វផ្សាយសហគមន៍

ធនធានអប់រំ

នៅពីក្រោយអេក្រង់៖ ការយល់ដឹងអំពីអំពើហិង្សាផ្អែកលើយេនឌ័រតាមអ៊ីនធឺណិតនៅកម្ពុជា

២៧

អង្គការឃែរ កម្ពុជា

អង្គការ​អន្តរជាតិ

កម្មករកាត់ដេរ ស្ត្រីចំណាកស្រុក ស្ត្រីក្នុងការងារក្រៅផ្លូវការ

កម្មវិធីផ្សព្វផ្សាយការងារ និងសហគមន៍

ការស្រាវជ្រាវអំពីអំពើហិង្សាលើយេនដ័រ (GBV) ក្នុងវិស័យកាត់ដេរ

កន្លែងដែលត្រូវរាយការណ៍

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nPUZa
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!